អត្ត
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អាត្មន៑ ) ខ្លួន; ចិត្ត ( អាត្ម័ន, អាត្មា ) ។ អត្តកិលមថានុយោគ ( —កិ-ល៉ៈម៉ៈ—) ការប្រកបព្យាយាមតឹងហួសពេកឲ្យនឿយលំបាកខ្លួនឥតផលប្រយោជន៍ ( ជាវត្តប្រតិបត្តិរបស់និគ្រន្ថតិរ្ថិយពួកខ្លះ ) ។ អត្តឃាត ការសម្លាប់ខ្លួនឯង ( ហៅ អត្តឃាតកម្ម ឬ អត្តវិនិបាតកម្ម អ. ថ. —ប៉ាតៈ— “ការធ្វើខ្លួនឲ្យឃ្លាតចាកជីវិត” ក៏បាន ) ។ អត្តទត្ថ ( —ទ័ត ) ប្រយោជន៍ចំពោះខ្លួន, ប្រយោជន៍ផ្ទាល់ខ្លួន ។ អត្តទត្ថបុគ្គល ( —ទ័ត-ថៈ— ) បុគ្គលដែលខ្វល់ខ្វាយឬដែលគិតប្រយោជន៍ផ្ទាល់ខ្លួន ។ អត្តទត្ថភាព ភាពនៃប្រយោជន៍ចំពោះខ្លួន, ការដែលគិតតែប្រយោជន៍ខ្លួនឯង ។ អត្តទន្ត ( —ទ័ន-តៈ ឬ —ទ័ន ) អ្នកទូន្មានខ្លួន, អ្នកបង្វឹកចិត្ត បើស្ត្រីជា អត្តទន្តី ) ។ អត្តបរិហារ ឬ —ព្យាបាល ការរក្សាឬថែទាំខ្លួន ។ អត្តពលកម្ម ឬ —កិច្ច ( —ពៈលៈ—) អំពើឬកិច្ចការដែលកើតអំពីកម្លាំងខ្លួន ។ អត្តភាព ភាវៈរបស់ខ្លួន; ខ្លួនទាំងមូល; ធម្មតារបស់ខ្លួន; និស្ស័យនៃខ្លួន; អាត្មាភាព ។ អត្តលេខ លេខប្រចំាខ្លួន, លេខសម្គាល់ខ្លួននៃទាហានជាដើម ។ អត្តសន្និយាតន៍ ( —សន់-ន៉ិយ៉ាត ) ការប្រគល់ខ្លួនឲ្យនៅក្នុងអំណាចគេ ។ អត្តសញ្ញាណ ( —ស័ញ-ញ៉ាន ) គ្រឿងសម្គាល់ខ្លួន; សញ្ញាដែលអាចសម្គាល់បានថាព័ត៌មាននោះៗពិតជាមាន ឬត្រូវចំលើរូបបុគ្គល ឬក៏វត្ថុណាមួយ : មនុស្សនិងសត្វ តែងមានអត្តសញ្ញាណផ្ទាល់ខ្លួនជាដរាប ។ ( បារ. Identité )។ អត្តសញ្ញាណប័ណ្ណ ឬ —បត្រ លិខិតផ្លូវការនៃអត្តសញ្ញាណ, សំបុត្រជាគ្រឿងសម្គាល់ខ្លួនមនុស្សសត្វនិងវត្ថុផ្សេងៗ ។ អត្តសម្មាបណិធិ ( —ស័ម-ម៉ា-ប៉ៈណិ-ធិ ) ការតាំងខ្លួនឲ្យល្អ គឺការតាំងចិត្តប្រតិបត្តិតាមធម៌ តាមច្បាប់ ។ អត្តហេតុ ព្រោះហេតុខ្លួន; ការឃើញប្រយោជន៍ផ្ទាល់ខ្លួន ។ អត្តាធីន (បា. < អត្ត + អធីន “ការឋិតនៅក្នុងអំណាចខ្លួន; ការពឹងផ្អែកខ្លួន; . . . ” ) អ្នកដែលមានអំណាចលើខ្លួនឯង ( សេរីឬស្វៃរិន, ស្វៃរី ) ។ អត្តាធីនភាព ( —នៈ— ) សេរីភាពឬស្វៃរីភាព ។ អត្តានុវាទភ័យ ( —ទៈ—; បា. < អត្ត + អនុវាទ “ការពោលទោស; ការតិះដៀល” + ភយ ) ភ័យអំពីការតិះដៀលខ្លួនឯង គឺការខ្លាចក្រែងខ្លួនធ្វើអំពើអាក្រក់ហើយ នឹងកើតក្ដៅក្រហាយនឹកស្ដាយក្រោយស្រឡេតចិត្ត ។ អត្តាភិបាល ( បា. < អត្ត + អភិបាល “ការរក្សា, ថែទាំ” ) ដូចគ្នានឹង អត្តបរិហារ, អត្តព្យាបាល ដែរ ។ អត្តុក្កង្សនកថា ( អ័ត-តុក-ក័ង-សៈន៉ៈកៈថា; បា. < អត្ត + ឧក្កំសន “ការលើកសរសើរ” + កថា ) សម្ដីលើកខ្លួន ។ អត្តុក្កង្សនភាព ភាវៈឬការលើកតម្កើងខ្លួន។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត