Posted on Leave a comment

តើពាក្យ «អត់» មានន័យដូចម្ដេច ?


អត់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទ្រាំ, ធន់, ធន់ទ្រាំ; ខំទប់ : អត់កំហឹង, ខំអត់មិនស្ដីតតប ។ អត់ងងុយ ទ្រាំងងុយ ។ អត់ធន់ អត់ទ្រាំ, ប៉ិនធន់, ប៉ិនទ្រាំ ។ អត់ធ្មត់ ( ម. ព. ធ្មត់ ) ។ អត់សង្កត់ ខំទប់ចិត្តមិនឲ្យកម្រើក ។ អត់អាស្រ័យ មិនប្រកាន់ដោយដាច់ខាត; ប្រថុយយក, ប្រថុយប្រើ (ក្លាយមកពី អត់អធ្យាស្រ័យ ) ។ អត់ឱន បន្ទន់ចិត្តអត់ទ្រាំ; ខំទ្រាំអត់មិនប្រកាន់ទោស ។ ព. កា. ថា : អត់ឱនឥតទោស ធ្វើចិត្តសន្ដោស បង្កើតជាទ្រព្យ មេត្រីជាញាតិ រក្សាដល់ស្លាប់ ចៀសក្ដីពុំគាប់ ជាគន្ធពិដោរ ។ ( សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។ អត់ឲ្យ ទ្រាំឲ្យ, បណ្ដោយឲ្យ : អត់ឲ្យគេថាសិនចុះ ! ។ ល ។ ( ព. កា. ) : អត់ឲ្យបណ្ដោយឲ្យឡើងចាង តែក្នុងរវាងកាលដ៏ខ្លី អត់ឲ្យយូរពេកច្រើនអប្រីយ៍ ស្ដីថាហួសពេកច្រើនបានទោស ។ អត់ឲ្យយ៉ាងច្រើនត្រឹមបីដង កុំឲ្យកន្លងព្រោះសន្ដោស ក្រែងនឹងប្រែក្លាយជារឿងថ្លោស នាំឲ្យរឱស្ឋកែលែងកើត។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យបដិសេធ ប្រាប់សេចក្ដីថា “ឥត, មិន, គ្មាន, មិនមាន”; ប្រើជា កិ. ក៏បាន : អត់ទេ គ្មានទេ; អត់អ្វីឲ្យ គ្មានអ្វីឲ្យ ។ អត់ឃ្លាន ឃ្លានព្រោះគ្មានអ្វីបរិភោគ ។ ស្រុកអត់ឃ្លាន ស្រុកអត់បាយ ។ អត់ឃ្លានមានបើស៊ី គ្មានអ្វីបរិភោគក៏ទ្រាំអត់ មានក៏បរិភោគ : អត់ឃ្លានមានបើស៊ី សុខទុក្ខជាមួយគ្នា ។ អត់បាយ គ្មានបាយ; មិនបានបរិភោគបាយ ។ ស្រុកអត់បាយ ស្រុកកើតទុរ្ភិក្ស ។ អត់បើ និ. ពុំសមបើ : អត់បើនាំឲ្យរវល់ ។ អត់បើអត់ និ. ម្នៅៗ : អត់បើអត់ ទៅស្ដីថាឲ្យគេ ទាល់តែមានរឿងឈ្លោះប្រកែក ! ។ អត់បើអ្វីទេ មិនមានរឿងហេតុអ្វីទេ, ឥតទាស់អ្វីទេ ( ព. សា. អត់បើអីទេ )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply