សុភ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា; សំ. ឝុក ឬជា សុក ក៏មានខ្លះ ) ល្អ, ប្រពៃ; ស្អាត, ឥតមានហ្មង; សម, សមរម្យ; ដែលគួរស្រឡាញ់, គួរចាប់ចិត្ត; មានសិទ្ធិជោគ; មានសិរី, មានសួស្ដី; មានលាភ; មានសេចក្ដីសុខ; មានសេចក្ដីចម្រើន; ដែលឲ្យគុណ, ឲ្យសម្រេចប្រយោជន៍គ្រប់យ៉ាង ។ ន. លំអ; សេចក្ដីស្អាត; ការសមរម្យ; មង្គល, ជោគល្អ, សិទ្ធិជោគ; សិរី, សួស្ដី; លាភ; សេចក្ដីសុខ; សេចក្ដីចម្រើន; សេចក្ដីសប្បាយ; គុណ; ប្រយោជន៍ ។ សុភកថា សម្ដីដែលនាំឲ្យ មានសេចក្ដីចម្រើន; ពាក្យឲ្យពរ ។ សុភកម្ម អំពើល្អ ។ សុភករ ដែលធ្វើឲ្យមានសេចក្ដីចម្រើន; អ្នកធ្វើឲ្យកើតសេចក្ដីចម្រើន។ សុភកាល ឬ —សម័យ កាលឬសម័យល្អ, វេលាល្អ ។ សុភង្គ ឬ សុភាង្គ ( —ភ័ងឬ —ភាង; បា. ឬ សំ. < សុភ + អង្គ ) រូបល្អ; មានរូបល្អ ។ សុភទិន ថ្ងៃល្អ, ថ្ងៃជា ។ សុភនិច្ឆ័យ ( សុភៈនិច-ឆៃ ) ឬ សុភនិស្ច័យ ( —និស-សៃ្ច ) ការចាប់អារម្មណ៍ល្អ, ការរិះគិតល្អ, គំនិតត្រឹមត្រូវ ។
ឧទាហរណ៍៖ មានសុភនិច្ឆ័យ ។
សុភនិមិត្ត និមិត្តល្អ; សេចក្ដីសម្គាល់ឬសង្កេតឃើញថាល្អ, ថាសមរម្យ ។ សុភផល ផលល្អ ។ សុភមង្គល មង្គលល្អ; គ្រោះល្អ ។ សុភមស្ដុ! ( សុភៈម័ស-ស្ដុ; សំ. < សុភំ “សិទ្ធិជោគ; សួស្ដី”, ំ > ម + អស្ដុ “ចូរមាន” ) សួស្ដី ចូរមាន! ( សូមឲ្យមានសួស្ដី! ឬ សូមឲ្យមានសិទ្ធជោគ! ); ពាក្យផ្ដើមក្នុងការប្រកាសសូមពរស្រីសួស្ដី ប្រើក្នុងពិធីបួងសួងជាដើម
ឧទាហរណ៍៖ សុភមស្ដុ! វរមង្គលជយាតិរេកឯកឧត្តមឫក្ស…; សុភមស្ដុ! ពុទ្ធសករាជព្រះសាសនាកន្លងទៅហើយបាន… ។
សុភល័ក្ខណ៍ ឬ —ល័ក្សណ៍ លក្ខណៈល្អ ។ សុភអក្សរ អក្សរល្អ ។ ខ្មែរបុរាណប្រើជា “សំបុត្ររបស់ស្ដេចប្រទេសរាជប្រើចេញទៅប្រទេសដទៃ” ។ សុភអក្សរសាសន៍ សំបុត្រ ឥស្សរជនអ្នកគ្រងប្រទេសរាជដែលមានអំណាចដូចក្សត្រិយ៍គ្រងរាជ្យ ប្រើចេញទៅប្រទេសដទៃ ។ សុភានុបស្សី ( —បុ័ស-សី; បា. < សុភ + អនុបស្សី “អ្នកឃើញរឿយៗ” ) អ្នកដែលសម្លឹងរំពឹងឃើញរូបកាយថាល្អ; បើស្រ្តីជា សុភានុបស្សិនី ( ព. ផ្ទ. អសុភានុបស្សី, អសុភានុបស្សិនី ) ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖