អប
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យមានរណប, ដាក់រណបទប់ឲ្យមាំ ឲ្យរឹងប៉ឹងឬឲ្យត្រង់ : យកបន្ទះឫស្សីអបប្រែករទេះចាស់; គ្រូពេទ្យយកព្រួលអបដៃមនុស្សម្នាក់ ដែលបាក់ព្រោះរទេះឬអ្វីកិន ។ ព. ប្រ. អបចិត្ត សម្រួលចិត្តឲ្យអនុលោមតាម, យកចិត្ត; បណ្ដោយតាមចិត្តមិនទទឹងទាស់ : កុំទទឹង, ត្រូវអបចិត្តគាត់ឲ្យតែបានស្រួលសិនទៅ ! ។ អបស្ទប ប៉ះប៉ុនឲ្យខាងតែបានស្រួល, សម្រួលឲ្យខាងតែបានកើតការ ។ អបអម ដើរអម; ចាក់បណ្ដោយតាម ។ អបអរ ឬ អបអរសាទរ ទទួលរាប់អានដោយមានអំណរឬទទួលរាប់អានរាក់ទាក់ដោយសេចក្ដីរីករាយស្រស់ស្រាយ ព្រមទាំងមានសេចក្ដីគោរពផង។ល។
👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( សំ. បា. ) និបាតសព្ទឬឧបសគ្គសព្ទជាបុព្វបទសម្រាប់រៀងភ្ជាប់ពីខាងដើមសព្ទដទៃ មានសេចក្ដីថា “ប្រាសចាក, ឃ្លាតចាក, ឃ្វាងចាក; ឆ្ងាយ, ទៅឆ្ងាយ; ត្រឡប់, ត្រឡប់ជា, បែរជា; ផុត, រួចផុត; មិន, ឥត”, ដូចជា អបករណ៍ ដំណើរប្រាសចាកអំពើ គឺការធ្វើមិនល្អ; ការឥតតម្លៃ; អំពើពុំប្រសើរ; ការធ្វើខុស, កំហុស ។ អបការ ឬ អបក្រិយា ទោស; កំហុស; អបករណ៍ ។ អបក្រម ( —ក្រំ ) ដំណើរថយចេញ; ការរត់គេចចេញ, ដំណើរវេះចេញឬគេចវេះ; ការលាឈប់ ។ អបគត ( —គត់ ) ដែលទៅឆ្ងាយហើយ; ដែលទៅបាត់ហើយ; ដែលកន្លងទៅហើយ; ដែលព្រាត់ប្រាសគ្នាហើយ; ដែលស្លាប់ហើយ; អ្នកដែល— ( បើស្ត្រីជា អបគតា អ. ថ. —គៈ— ) ។ អបគមន៍ (— គំ ) សេចក្ដីព្រាត់ប្រាសគ្នា; ការបែកចេញពីគ្នា ។ អបច័យ ការមិនសន្សំទុក, មិនសំច័យទុក; សេចក្ដីគោរព ។ អបច្ឆាយ ដែលមិនមានស្រមោល; ដែលឥតម្លប់ ( ឥត្ថី. ឬ ពហុ. ជា អបច្ឆាយា ) ។ អបច្ឆាយព្រឹក្ស ( —យ៉ៈ— ) ដើមឈើឥតម្លប់ ។ អបទាន ដែលធ្វើរួចស្រេចហើយ; ការដែលសម្រេចហើយ ។ អបទិស កន្លះទិស, ទីឬប៉ែកជាចន្លោះនៃទិស ( ដូចយ៉ាងប៉ែកក្នុងរវាងនៃទិសបូព៌និងទិសអាគ្នេយ៍ជាដើម ); ការធ្វើឲ្យឃ្លាតចេញ; ការបណ្ដេញចេញ ។ អបទេវតា បិសាច ។ អបទេស គ្រឿងអាង, សំអាង; ហេតុ; ការបញ្ចៀសឬបញ្ចេរឲ្យចៀសវាងចេញឆ្ងាយ ឬក៏ឲ្យឃ្លាតចេញទៅ, ការបង្វែងឬពង្វាងមិនឲ្យត្រូវត្រង់ ។ ខ្មែរប្រើជា កិ. ក៏មាន ( អ. ថ. អៈប្ទេស ឬ អប់-ប្ទេស ) “បញ្ចៀស, បញ្ចេរឲ្យឃ្លាតចេញទៅ; បង្វែង; ពង្វាង” : អបទេសអុតមិនឲ្យឆ្លង ។ អបទ្រព្យ ( —ទ្រាប់ ) ដែលវិនាសទ្រព្យឬដែលឥតទ្រព្យ; ទ្រព្យមិនល្អ; របស់ក្លែង ( ដូចយ៉ាងប្រាក់ក្លែងជាដើម ) ។ អបធន ( —ធន់ ) អបទ្រព្យ; អ្នកទ័លក្រ, អ្នកកម្សត់, ទុគ៌ត ។ អបភាគ ឬ —ភាគ្យ ដែលឥតជោគ, ឥតបុណ្យ, ឥតសិរី : មនុស្សអបភាគ ។ គ្រោះកាច : ប្រទះលើអបភាគ្យ ( ម. ព. ភាគ ឬ ភាគ្យ ផង ) ។ អបភាស តិះដៀល; ពាក្យតិះដៀល ។ អបភោគ ដែលឥតភោគ, ដែលខ្សត់ទ្រព្យ ។ អបមង្គល ( —មង់-គល់ ) ដែលប្រាសចាកឬឃ្វាងចាកមង្គល គឺដែលឥតមង្គល, ឥតសេចក្ដីចម្រើន; ដែលមិនសមដល់ភ្នែកអ្នកផង; ដែលត្រូវចង្រៃរួបរឹត : មនុស្សអបមង្គល ។ សេចក្ដីមិនចម្រើន; ហេតុដែលនាំឲ្យវិនាស : ប្រទះលើអបមង្គល ។ វេវ. អពមង្គល ( ពាក្យទាំងពីរនេះប្រើជួសគ្នាបាន ។ ព. ផ្ទ. មង្គល ។ ម. ព. អពមង្គល ទៀតផង ) ។ អបមាន ដែលឥតគេរាប់, អបយស; មនុស្សឥតគេរាប់ ។ អបយស ( —យស់ ឬ ត. ទ. —យ័ស ) ដែលប្រាសចាកយស គឺដែលខូចឈ្មោះ, ដែលឥតគេរាប់, ដែលអាប់មុខ : មនុស្សអបយស ( សរសេរជា អបយ័ស ក៏មាន : មនុស្សអបយ័ស; សម្ដីអបយ័ស សំដៅសេចក្ដីថា “មនុស្សឫកទាប, ឫកថោក; សម្ដីដែលគួរឲ្យគេនឹកអៀនខ្មាសជួស” ) ។ អបលក្ខណ៍ ឬ —លក្សណ៍ ( អៈប៉ៈល៉័ក ឬ អប់-ប៉ៈល៉័ក ) ដែលប្រាសចាកលក្ខណៈល្អ គឺដែលឥតលក្ខណ៍, ហិនលក្ខណ៍, ខាតលក្ខណ៍; ឥតបុណ្យ, សំណាងអាក្រក់; ឥតតម្លៃ; ថោកទាប : មនុស្សអបលក្ខណ៍; របស់អបលក្ខណ៍ ( ដើម្បីឲ្យងាយអាន, សរសេរជា អបល័ក្ខណ៍ ឬ —ល័ក្សណ៍ ក៏បាន ) ។ អបសក្ដិ ឬ —ស័ក្ដិ ដែលឥតស័ក្ដិ (ឥតអំណាច) ។ ម. ព. អប្បសក្តិ ក្នុងពាក្យ អប្ប ផង។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖