Posted on Leave a comment

តើពាក្យ «អង្គការសហប្រជាជាតិ» មានន័យដូចម្ដេច ?


អង្គការសហប្រជាជាតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គការសហប្រជាជាតិ អង្គការរបស់ប្រជាជាតិរួមគ្នា, អង្គការអន្តរជាតិ ឬជាតិនានាដែលស្ម័គ្រចិត្តប្រតិបត្តិតាមច្បាប់រដ្ឋធម្មនុញ្ញសហប្រជាជាតិ ដើម្បីរក្សាការពារនូវសន្តិភាពនៃពិភពលោក ។
អង្គការអន្តរជាតិ របស់រដ្ឋទាំងឡាយដែលសុខចិត្តប្រតិបត្តិតាមកាតព្វកិច្ច ដូចមានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញនៃសហប្រជាជាតិ ដើម្បីឃុំគ្រងរក្សាទុកនូវសន្តិភាព និងសន្តិសុខរបស់ពិភពលោក ទាំងតាំងបង្កើតឱ្យមានសហប្រតិបត្តិការរវាគ្នានឹងគ្នា ខាងសេដ្ឋកិច្ចនឹងសង្គម និងខាងវប្បធម៌។ នៅពេលដែលសង្គ្រាមលោកលើកទីពីរ ពុំទាន់ដុតផងនៅឡើយនោះ ប្រមុខនៃមហាអំណាចខាងសម្ព័ន្ធមិត្ត បានបញ្ចប់យ៉ាងច្បាស់ពីបំណងរបស់ខ្លួនថា ចង់ចៀសពីការភ្លាំងភ្លាត់ ដែលកើតមានក្នុងផ្ទៃនៃសមាគមប្រជាជាតិ ហើយបានប្រកាសយ៉ាងឱឡារិកពីឆន្ទៈដ៏មោះមុតរបស់ខ្លួននេះ ថានឹងបង្កើតជាប្រព័ន្ធខាងសន្តិសុខទូទៅមួយដោយ ផ្អែកលើមូលដ្ឋានយ៉ាងទូលំទូលាយ។ លំដាប់ក្រោយមក ក្នុងឆ្នាំ ១៩៤២ ពាក្យថា “សហប្រជាជាតិ” ដែលលោក រូស្វែល ប្រធានាធិបតីសហរដ្ឋអាមេរិក ជាអ្នកផ្តើមបង្កើតនេះ ទៅជាពាក្យប្រើគ្រប់មាត់នៃប្រមុខរដ្ឋទាំង ២៦ ប្រទេស ហើយបានចុះហត្ថលេខា នាក្រុងវ៉ាស៊ីនតុន។ សហការអន្តរជាតិនេះ ត្រូវបានលើកយកមកត្រិះរិះ ក្នុងសន្និសីទនាក្រុងម៉ូស្គូ នាក្រុងតេហេរ៉ង់ ដោយមានវត្ថុបំណង និងជួយទំនុកបម្រុងគ្រប់វិស័យដល់ប្រទេសទាំងឡាយ ដែលបានរួចរំដោះដោយសារកម្លាំងសម្ព័ន្ធមិត្ត។ តែទោះបីមានធ្វើសន្និសីទច្រើន កន្លែងប៉ុណ្ណោះ ក៏អង្គការនេះពុំទាន់កើតមានជារូបរាងដែរ ទាល់តែដល់មកសន្និសីទនាក្រុងយ័ណ្ត (កុម្ភៈ ១៩៥៤) ទើបមានសេចក្តីសម្រេច ថាត្រូវអញ្ជើញតំណាងប្រទេសទាំងឡាយ ឱ្យមកជួបជុំនៅថ្ងៃទី២៥-៤-១៩៤៥ នាក្រុងសានហ្វ្រងស៊ីស្កូ ដើម្បីធ្វើសនិ្នសីទ រហូតដល់ថ្ងៃទី២៦-៦-៤៥ ទើប ចប់សព្វគ្រប់ ហើយដាក់ជូនអ្នកតំណាងប្រទេសទាំងហាសិប ចុះហត្ថលេខាទើបមានឈ្មោះថា ធម្មនុញ្ញសហប្រជាជាតិ តាំងពីកាលនោះមក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply