អង្គ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អវយវៈ, រូប, តួរូប, កាយ, រាងកាយ, ខ្លួន, ខ្លួនប្រាណ; ភាគ; ចំណែកនៃរាងកាយ; ប្រភេទ; សេចក្តីដែលចែកឲ្យឃើញចំនួន; រូបសេចក្ដី; លក្ខណៈ; ហេតុ, ការណ៍, ដើមហេតុ ។ អង្គកាយ រូបកាយ, រូបអង្គ, ខ្លួនប្រាណ, តួខ្លួន ។ អង្គការ បែបផែន, របៀបរៀបចំកិច្ចការដែលរដ្ឋឬក្រុមរាជការណាមួយបង្កើតឡើងដើម្បីប្រព្រឹត្តទៅកាន់សេចក្ដីចម្រើន; ទីកន្លែងចាត់ការធំៗ : អង្គការនយោបាយ, អង្គការរបស់រដ្ឋ ។ អង្គការសហប្រជាជាតិ អង្គការរបស់ប្រជាជាតិរួមគ្នា, អង្គការអន្តរជាតិ ឬជាតិនានាដែលស្ម័គ្រចិត្តប្រតិបត្តិតាមច្បាប់រដ្ឋធម្មនុញ្ញសហប្រជាជាតិ ដើម្បីរក្សាការពារនូវសន្តិភាពនៃពិភពលោក ។ អង្គកំណើត អវយវៈសម្រាប់បង្កើតកូន ( អង្គជាត ) ។ អង្គជៈ ( អង់-គៈជៈ ) បុត្រ ( កូនប្រុស ) ។ អង្គជា ( អង់-គៈ— ) បុត្រី ( កូនស្រី )។ អង្គជាត ( អង់-គៈ— ) លិង្គ, យោនី ( ខ្មាសបុរសឬស្ត្រី ) ។ អង្គណ ឬ អង្គណៈ ( អង់-គន់ ឬ —គៈនៈ ) ទីលាន; ទីទួល; ទីលានឬទីវាលសម្រាប់លេងល្បែង, ទីលានកីឡា ។ ព. ប្រ. កិលេស, មន្ទិលឬគ្រឿងសៅហ្មងចិត្ត ។ អង្គទូត ( អង់-ទូត ) អង្គការផ្នែកខាងទូត, មុខក្រសួងទូតព្រមទាំងបុគ្គលិកនៃស្ថានទូតផង ។ អង្គបញ្ញត្តិ ( អង់-ប័ញ-ញ៉ាត់ ) បញ្ញត្តិដោយមានហេតុជាគ្រឿងកំណត់; ហេតុឬលក្ខណៈដែលលើកឡើងជាគ្រឿងកំណត់បាន ។ អង្គបទ ( អង់-គៈបត់ ) មេរៀនដែលប្រែពីភាសាខ្លួនទៅជាភាសាដទៃ ( ព. វ. ) ។ អង្គបរាមាស ( អង់-គៈប៉ៈរ៉ាម៉ាស ) ការស្ទាបអង្អែលខ្លួនប្រាណ ។ អង្គបរិច្ចាគ ( អង់-គៈប-រ៉ិច-ចាក ) ការលះបង់ខ្លួនឲ្យទានទៅស្មូម ។ អង្គប្បច្ចង្គ ឬ អង្គប្បច្ចង្គា ( អង់-គ័ប-ប៉័ច-ច័ង ឬ —ប៉័ច-ច័ង-គា; បា. < អង្គ + បតិ-អង្គ, បតិ > បច្ច; សំ. អង្គប្រត្យង្គ ឬ អង្គប្រត្យាង្គ < អង្គ + ប្រតិ-អង្គ, ប្រតិ > ប្រត្យ ) អវយវៈតូចនិងធំ, ប៉ែកឬភាគតូចធំនៃរាងកាយ ។ អង្គប្បហារ ឬ —ប្រហារ ( អង់-គ័ប-ប៉ៈហា ឬ —ប្រៈ— ) ការប្រហាររូបកាយ ( មានវាយ, កាប់ជាដើម ) ។ អង្គពិកល ឬ —វិកល ( អង-គៈពិ ឬ —វិ-កល់ ) វិកលអវយវៈ ( មានឆែបមាត់, ខ្វាក់ភ្នែកជាដើម )។ អង្គពិការ ឬ —វិការ ( អង់-គៈ— ) ពិការអវយវៈ ( មានបាក់ដៃ, បាក់ជើងជាដើម ) ។ អង្គភាព ( អង់-គៈភាប ) ភាពរូបកាយ ។ អង្គភេទ ( អង់-គៈភេត ) ដំណើរផ្សេងរូបកាយគ្នា, ដំណើរមានរូបកាយខុសគ្នា, ការបែកឬបាក់អវយវៈ ។ អង្គមង្គានុសារី ( អង់-គៈម័ង-គា-នុសារ៉ី; បា. < អង្គ + ម-អាគម + អង្គ + អនុ-សារី ) ខ្យល់ដែលបក់ទួទៅតាមអវយវៈតូចធំ ឲ្យកម្រើកកាយកម្រើកវាចាបាន ( ហៅ អង្គានុសារី ក៏បាន < អង្គ + អនុសារី ) ។ អង្គមន្ត្រី ( អង់-គៈ ឬ អង់-មន់-ត្រី ) មន្ត្រីថ្នាក់ខ្ពស់ជាអ្នកប្រឹក្សាការផែនដីជាមួយនឹងព្រះរាជា ។ អង្គមន្ត្រី សភា សភានៃពួកអង្គមន្ត្រី ។ អង្គរក្ខ ឬ—រក្ស ( អង់-គៈរ័ក, បុរាណច្រើនថា អង់-គ្រ័ក ) ទាហានរក្សាអង្គព្រះរាជា ( ម. ព. ពល ២ ន. និង រាជង្គរក្ខ ក្នុងពាក្យ រាជ ផង ) ។ អង្គវិក្ខេប ឬ —វិក្ខេបន៍ ( អង់-គៈវិក-ខែប ) ដំណើរឬលំនាំងាកបែរ, កម្រើក, លើកដាក់នៃអវយវៈ ( មានវាសដៃ, លើកជើងជាដើម ) ។ អង្គវិជ្ជា ឬ —វិទ្យា ( អង់-គៈ— ) វិជ្ជាទាយលក្ខណៈរូបកាយ ។ អង្គសន្ធិ ( អង់-គៈសន់-ធិ ) តំណឬសន្លាក់នៃអវយវៈ ។ អង្គសមនិធិ ( អង់-គៈសៈម៉ៈនិ-ធិ ) កំណប់ទ្រព្យស្មើដោយខ្លួនប្រាណ គឺចំណេះវិជ្ជាដែលបានរៀនចេះចាំហើយជាប់នៅនឹងប្រាណជានិច្ច : វិជ្ជាគ្រប់យ៉ាងជាអង្គសមនិធិ ។ អង្គសម្ផស្ស ( អង់-គៈសំ-ផស់ ) ការប៉ះ, ទង្គុក, ទង្គិចត្រូវរាងកាយគ្នា ។ អង្គសីល ( អង់-សិល ) ប្រភេទប្រាប់ដំណើរដាច់ឬជាប់សីល ( ដូចយ៉ាង បាណាតិបាត មានអង្គ ៥ គឺ ១- សត្វមានជីវិត; ២- ដឹងថាសត្វមានជីវិត; ៣- គិតនឹងសម្លាប់; ៤- តាំងព្យាយាមនឹងសម្លាប់; ៥- សត្វស្លាប់ដោយព្យាយាមនោះ ) ។ ល ។ អង្គាវយវៈ ( អង់-គា-វៈយៈវៈ; សំ. បា. អង្គ + អវយវ ) អវយវៈទាំងអស់នៃរាងកាយ ( ប្រើជា អង្គាព្យព ក៏បាន, អ. ថ. អង់-គា-ព្យប់; កា្លយមកពី អង្គ + អវយវ, ផ្លាស់ វ ទាំងពីរតួជា ព, ព ខាងដើមផ្សំនឹង យ ជា ព្យ )។ល។
អង្គជាតព្រះឥសូរឬសិវលិង្គ ។ ខ្មែរសម័យបុរាណហៅថ្មដែលធ្វើជារូបសិវលិង្គថា អង្គ ( ហៅកាត់ខ្លីមកពីពាក្យ អង្គជាត ), ហៅថ្មរូបឧមាយោនី ( និមិត្តនាងឧមា ) ថា បំពង់ខ្ចី; ទឹកដែលស្រោចលើថ្មទាំងពីរប្រភេទនោះ ( សូមពរស្រីសួស្តី . . . ) ហៅថា ទឹកអង្គបំពង់ខ្ចី ។ ក្នុងសម័យដែលខ្មែរកំពុងកាន់សាសនាព្រាហ្មណ៍ពេញទី, ឥស្សរជននិងប្រជាជន ច្រើនជីកស្រះសាងអង្គទុកជាទីគោរពក្នុងទីប្រជុំជនមួយៗ សឹងនៅមានរូបនិងឈ្មោះជាប់មកដល់សព្វថ្ងៃនេះច្រើនអន្លើ ដូចយ៉ាង អង្គតាសោម, អង្គតារាជ, អង្គស្នួល ជាដើម ( ម. ព. អង្គ ន. ផង )។
នាក់; រូប; ខ្លួន; ទ្រង់; លោក ( សម្រាប់ប្រើចំពោះតែព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះពុទ្ធរូប, ព្រះអរហន្ត, ក្សត្រិយ៍, ទេវតាស័ក្ដិធំ, បព្វជិតថ្នាក់ខ្ពស់, . . . )។
ឧទាហរណ៍៖ ព្រះពុទ្ធគ្រប់ព្រះអង្គ, . . . ក្សត្រិយ៍ពីរព្រះអង្គ; មហាថេរច្រើនអង្គ ( ប្រើពាក្យ រូប ក៏បាន ); លុះព្រះអង្គទ្រង់ជ្រាបហេតុនោះហើយ . . . ។ ល ។ ( មើលក្នុងពាក្យ រូប ផង ) ។ សម្រាប់ហៅព្រះរាជបុត្រ, ព្រះរាជនត្តាថា ព្រះអង្គម្ចាស់, អ្នកអង្គម្ចាស់ ។ សម្រាប់ហៅជនដែលជាប់វង្សក្សត្រិយ៍ឆ្ងាយមកហើយថា ព្រះអង្គ, ព្រះវង្ស ។ ព្រះអង្គលោក ខ្លួនលោក ។ ព្រះអង្គឯង ខ្លួនឯង ។ ល្អអស់អង្គ ល្អអស់ទាំងខ្លួន, មានរូបល្អឥតខ្ចោះត្រង់ណា ។ ល ។ ( ម. ព. អង្គ ន. ផង )។
👉ថ្នាក់ពាក្យជា បុសសព្វនាម
មានន័យថា នាក់; រូប; ខ្លួន; ទ្រង់; លោក ( សម្រាប់ប្រើចំពោះតែព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះពុទ្ធរូប, ព្រះអរហន្ត, ក្សត្រិយ៍, ទេវតាស័ក្ដិធំ, បព្វជិតថ្នាក់ខ្ពស់, . . . )។
ឧទាហរណ៍៖ ព្រះពុទ្ធគ្រប់ព្រះអង្គ, . . . ក្សត្រិយ៍ពីរព្រះអង្គ; មហាថេរច្រើនអង្គ ( ប្រើពាក្យ រូប ក៏បាន ); លុះព្រះអង្គទ្រង់ជ្រាបហេតុនោះហើយ . . . ។ ល ។ ( មើលក្នុងពាក្យ រូប ផង ) ។ សម្រាប់ហៅព្រះរាជបុត្រ, ព្រះរាជនត្តាថា ព្រះអង្គម្ចាស់, អ្នកអង្គម្ចាស់ ។ សម្រាប់ហៅជនដែលជាប់វង្សក្សត្រិយ៍ឆ្ងាយមកហើយថា ព្រះអង្គ, ព្រះវង្ស ។ ព្រះអង្គលោក ខ្លួនលោក ។ ព្រះអង្គឯង ខ្លួនឯង ។ ល្អអស់អង្គ ល្អអស់ទាំងខ្លួន, មានរូបល្អឥតខ្ចោះត្រង់ណា ។ ល ។ ( ម. ព. អង្គ ន. ផង )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖