Posted on Leave a comment

តើពាក្យ «អគ្គ» មានន័យដូចម្ដេច ?


អគ្គ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) កំពូល; ចុង, ចុងដែលខ្ពស់; ចំណែកឬប៉ែកខាងដើមឬខាងមុខបំផុត ។ គុ. ខ្ពស់, ខ្ពង់ខ្ពស់, ខ្ពស់បំផុត; លើស, លើសលន់, លើសលុប, ឧត្តម, ប្រសើរ, ប្រសើរបំផុត, ផុតថ្នាក់, ផុតលេខ; ឯក, ជាឯក, យ៉ាងឯក; ធំ, ធំចម្បង, ធំបណ្ដាច់, មុន, មុនបំផុត; មានតម្លៃ; ថ្មោង ។ អគ្គជៈ ឬ អគ្រជៈ បងបង្អស់ ( បើស្ត្រីជា អគ្គជា ឬ អគ្រជា ) ។ អគ្គជាយា ឬ អគ្រ— ( រ. ស. ) ភរិយាធំចម្បង ( អគ្គមហេសី ឬ រាជមហេសី ) ។ អគ្គដ្ឋាន ឬ អគ្រស្ថាន ទីខ្ពស់; តំណែងឬឋានន្តរខ្ពស់បំផុត ។ អគ្គទក្ខិណេយ្យបុគ្គល ទក្ខិណេយ្យបុគ្គលខ្ពង់ខ្ពស់ ( ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត ) ។ អគ្គទាន ឬ អគ្រ— ទានដ៏ប្រសើរ។អគ្គទេវី អគ្គមហេសី ។ អគ្គទេសាភិបាល ឋានន្តរមន្ត្រីជាន់ខ្ពស់ដែលរដ្ឋាភិបាលនៃប្រទេសមហាអំណាចណាមួយ ចាត់តាំងឲ្យទៅត្រួតត្រាស្រុកចំណុះ ដូចយ៉ាងមន្ត្រីបារាំងដែលត្រួតត្រាឥណ្ឌូចិន ក្នុងសម័យមុនឯករាជ្យជាដើម ( បារ. Gouverneur Général ) ។ អគ្គនាយក នាយកធំ, ចាងហ្វាងធំ ។ អគ្គបណ្ឌិត ឬ អគ្រ— បណ្ឌិតខ្ពង់ខ្ពស់, អ្នកប្រាជ្ញថ្នាក់ខ្ពស់ ។ អគ្គបុគ្គល បុគ្គលថ្នាក់ខ្ពស់ ។អគ្គបុរស បុរសឧត្តម ។ អគ្គពាហា ដើមដៃ ។ អគ្គភាព ភាពឬភាវៈជាធំចម្បង ។ អគ្គភូមិ ឬ អគ្រ— ថ្នាក់ខ្ពស់, ជាន់ខ្ពស់ ។អគ្គភោជន ឬ អគ្រ— ភោជនមានតម្លៃ; ភោជនថ្មោង ។ អគ្គមន្ត្រី ឬ អគ្រ— មន្ត្រីផុតលេខ ។ អគ្គមហាបណ្ឌិត មហាបណ្ឌិតថ្នាក់ខ្ពស់ ។អគ្គមហាមាត្យ, អគ្គមហាសេនា ឬ អគ្គមហាសេនាបតី, អគ្គមហាសេនាធិបតី ( —ប៉ៈដី ) អធិបតីនៃសេនាបតី ។ អគ្គមហេសី ឬ អគ្រ— មហេសីធំចម្បង។ អគ្គយាន ឬ អគ្រ— យានប្រសើរបំផុត ។ អគ្គយោធី ឬ អគ្រយោធិន សេនាប្រមុខ, ស្ដេចសឹក ។ អគ្គរាជ ព្រះរាជាជាធំចម្បង, អធិរាជ ។ អគ្គរាជទូត រាជទូតធំ, រាជទូតចម្បង ។ អគ្គលេខាធិការ លេខាធិការធំ ។ អគ្គវាចា ឬ អគ្រសព្ទ ពាក្យខ្ពស់ ។ អគ្គសាវ័ក ឬ អគ្រសាវ័ក ( —វ៉ាក់ ) សាវ័កធំ; បើស្រ្តីជា អគ្គសាវិកា ឬ អគ្រស្រាវិកា ( ម. ព. សាវក ឬ សាវ័ក ផង ) ។ អគ្គសេនាបតី ( —ប៉ៈដី ) សេនាបតីធំបណ្ដាច់ ។ អគ្គាធិការ អធិការធំ ។ អគ្គានុរក្ស អនុរក្សធំ, អ្នកត្រួតមើលការខុសត្រូវទួទៅ, អ្នកឃ្លាំមើលពុតឬកិរិយាមារយាទអ្នកធ្វើការផ្សេងៗកុំឲ្យធ្វេសប្រហែសក្នុងមុខការ ។ អគ្គាសនៈ ( បា. < អគ្គ + អាសន ) អាសនៈខ្ពស់ឬប្រសើរ ។ ល ។ ឯកអគ្គ ឬ —អគ្រ ( អែក-អាក់ ) គុ. ដែលមានតែមួយឬមានតែម្នាក់ប្រសើរជាងគេ ( ម. ព. ឯក ទៀតផង )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply