Posted on Leave a comment

តើពាក្យ «អ» មានន័យដូចម្ដេច ?



មានន័យថា សម្រាប់ភាសាសំស្រ្កឹតនិងបាលីប្រើអក្សរនេះជាស្រៈ អានថា អៈ ជាគូគ្នានឹងស្រៈ អា ( អ អា មួយគូនេះហៅ អវណ្ណៈ ) ជាកណ្ឋជៈ មានសំឡេងកើតក្នុងក ។ សម្រាប់ភាសាខ្មែរ ប្រើជាស្រៈក៏មាន ជាព្យញ្ជនៈសំឡេងស្រៈក៏មាន ( ម. ព. ស្រៈ និង ព្យញ្ជនៈ ផង ) ។ តាមរបៀបរៀងព្យញ្ជនៈ ៣៣ តួ, បុរាណផ្សំជាមួយនឹងនិគ្គហិត ( ៰ ) ជា អំ ( ដើម្បីឲ្យឮសំឡេងថា អ័ង ) រៀងខាងចុងបំផុត ជាព្យញ្ជនៈទី ៣៣ ( ជាទី ៨ ក្នុងសេសវគ្គឬអវគ្គ ), បើប្រើ ឝឞ ផង តែមិនប្រើ ឡ ផងទេ អំ ជាព្យញ្ជនៈ ទី ៣៤ ( ជាទី ៩ ក្នុងសេសវគ្គ ), បើប្រើ ឡ ផង ចាត់ជាព្យញ្ជនៈ ទី ៣៥ ( ជាទី ១០ ក្នុងសេសវគ្គ ) ។ សម្រាប់ភាសាខ្មែរ, ( ប្រើដាក់ត្រីសព្ទ ( ៊ ) នេះពីលើឲ្យមានសំឡេងជា អ៊ ក៏បាន, ប៉ុន្តែបើផ្សំជាមួយនឹងស្រៈ ិ ី ឹ ឺ ើ អាចប្រើជា អ៊ិ អ៊ី អ៊ឹ អ៊ឺ អ៊ើ ក៏បានដូច ស៊ និង ហ៊ ដែរ ។ ប្រើផ្សំពីលើ ហ ឲ្យមានសំឡេងជា អ្ហ អ្ហ៊ ក៏បានដូចជា នៃអ្ហឺ, អាអ្ហែង, ទេអ្ហ៊ៃ ជាដើម ។ ប្រើផ្សំលើ ង ជា អ្ង ក៏បាន ចំពោះពាក្យ អ្ងែង ( ហងឯង )។ល។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. អ្ច អ. ថ. អ “បបុស” ) ឈ្មោះប៉ីមួយប្រភេទធ្វើដោយដើមបបុសទាំងតួទាំងអណ្ដាត ឬយកដើមបបុសធ្វើតែអណ្ដាត ឯតួធ្វើដោយដើមពកជាដើម : ផ្លុំប៉ីអ ។ តាមដោយធ្លាប់បានសង្កេតរូបគំនូរនៅជញ្ជាំងឧបោសថាគារ គឺវិហារនៅខែត្រក្រៅក្នុងប្រទេសសៀម ដែលជាងសៀមគូរក្នុងសម័យបុរាណព្រេងនាយ ឃើញមានរូបអ្នកភ្លេងលេងភ្លេងខ្មែរ មានអ្នកផ្លុំ ប៉ីបបុស , ប្រហែលជាសៀមហៅថា ប៉ីអ ខ្មែរក៏ហៅតាមសៀមដែរទៅទេដឹង ? ( គួរហៅ ប៉ីបបុស តាមខ្មែរវិញ )។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( សំ. បា. ) ពាក្យបដិសេធ ( ផ្លាស់មកពី ន គឺ ន > អ ) សម្រាប់ភាសាសំស្រ្កឹតនិងបាលីមានសេចក្ដីថា ” មិន, មិនមែន, ពុំ, ឥត ” សម្រាប់រៀងភ្ជាប់ពីខាងដើមសព្ទដទៃ, ដួចជា អកតញ្ញូ ( < ន > អ + កតញ្ញូ ) ” អ្នកមិនដឹងឧបការគុណដែលគេបានធ្វើហើយ ( ចំពោះខ្លួន ) “; អភ័ព្វ ( < ន > អ + ភព្វ ) “ដែលមិនគួរ ( ដល់ការ )”; អសុភ ( < ន > អ + សុភ ) “ដែលមិនល្អ” ជាដើម ។ បើសព្ទដែលរៀង អ ភ្ជាប់ជាមួយនោះមានស្រៈនៅខាងដើម ត្រូវផ្លាស់ ន ឬ អ ជា អន៑, ដូចជា អនន្ត ( < ន ឬ អ > អន៑ + អន្ត ) ” ដែលឥតទីបំផុត “; អនាគត ( < ន ឬ អ > អន៑ + អាគត ) “ដែលមិនទាន់មកដល់ ( ដែលនៅឯមុខ )”; អនេក ( < ន ឬ អ > អន៑ + ឯក ) “ដែលមិនមែនតែមួយ ( ច្រើន )” ជាដើម ( មើលពាក្យដែលមាន អ ឬ អន៑ នៅខាងដើមតាមលំដាប់អក្សររៀងទៅ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply