ហោ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ហ្ច់ អ. ថ. ហ “ខ្ចប់” ) ខ្ចប់ដោយក្រដាសជាកញ្ចប់ខ្ពស់ច្រឡោឬជារាងបួនជ្រុង
ឧទាហរណ៍៖ ហោស្ករ-ស ។
រុំសពឥស្សរជនមានក្សត្រិយ៍ទ្រង់រាជ្យជាដើម
ឧទាហរណ៍៖ ហោព្រះបរមសព ហោព្រះសព ហោសព(ប្រើតាមថ្នាក់ឥស្សរជន) ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ហ្ច់ អ.ថ. ហ “កញ្ចប់” ) កញ្ចប់ដែលខ្ចប់ជារាងច្រឡោឬជារាងបួនជ្រុង ។
ឧទាហរណ៍៖ ឈើគូសមួយហោ, បារីថ្នាំខ្មែរមួយហោ ។
ចំនួនអំបោះ ២០ ដុំ ( ក្នុងមួយដុំ១០ប៉ោយ ក្នុងមួយប៉ោយ ៧ កម្រង ក្នុងមួយកម្រង ៨០ សរសៃ ។
ឧទាហរណ៍៖ អំបោះមួយហោ ។
( ស. ហ្ច អ. ថ. ហ៎ ) មន្ទីរ ។ ហោគ្រឿង មន្ទីរទុកគ្រឿងទ្រង់សម្រាប់ព្រះរាជា ឬមន្ទីរសម្រាប់ព្រះរាជាទ្រង់សោយព្រះក្រយាស្ងោយ ( ធ្វើក្នុងព្រះបរមរាជវាំង ) ។ ហោណ័ង ឬហោណាំង ( ស. ហ្ចន័់ង អ. ថ. ហ៎ណ័ង “ផ្ទះសម្រាប់អង្គុយលេងឬសម្រាប់ទទួលភ្ញៀវ” ) ផ្ទះតូចទទឹងពីខាងមុខតភ្ជាប់ពីផ្ទះធំមក បណ្ដោយប្រវែងគ្នានឹងទទឹងផ្ទះធំសម្រាប់អង្គុយឬដេករំហើយសម្រាកកាយឬសម្រាប់ទទួលភ្ញៀវ ។ ហោត្រ័យ ឬ ហោត្រៃ ( ស. ហ្ច “មន្ទីរ” +សំ. ត្រយឬត្រៃ “៣” ) មន្ទីរតម្កល់គម្ពីរព្រះត្រៃបិដកឬតម្កល់គម្ពីរផ្សេងៗផងក៏បាន, ធម្មមន្ទីរ( ធ្វើតែក្នុងទីវត្ត ) ។ ហោព្រះ មន្ទីរតម្កល់សុទ្ធតែព្រះពុទ្ធរូបច្រើនព្រះអង្គ ( ធ្វើតែក្នុងទីវត្តនិងក្នុងព្រះបរមរាជវាំង ) ។ ហោព្រះអដិ្ឋ មន្ទីរតម្កល់ព្រះអដ្ឋិនៃក្សត្រិយ៍ទ្រង់រាជ្យនិងព្រះអដ្ឋិនៃក្សត្រាក្សត្រីទាំងឡាយ ( ធ្វើក្នុងព្រះបរមរាជវាំង ) ។ល។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសាច់ប៉ោងឬជ្រួញខ្លះដោយអន្លើមិនរាបស្មើ ( ចំពោះតែវត្ថុមានសាច់ទន់ យ៉ាងដូចសំពត់ឬក្រដាសជាដើមដែលដេរឬបត់, ខ្ចប់ជាជាន់ )
ឧទាហរណ៍៖ សង្ឃាដីឡើងសាច់ហោមួយផ្ទាំង; ដេរប្រយ័ត្នកុំឲ្យហោ !
( ចិ. ) ល្អ; ត្រូវ
ឧទាហរណ៍៖ ធ្វើយ៉ាងហ្នឹងមិនហោទេ ! ( ព. សា. ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖