Posted on Leave a comment

តើពាក្យ «ហត្ថិលិង្គ» មានន័យដូចម្ដេច ?


ហត្ថិលិង្គ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.<ហត្ថី”ដំរី”+លិង្គ”ភេទ,បែបភាព”,សំ. ហស្ដិន៑>ហស្ដី+លិង្គ) សត្វបក្សីមួយប្រភេទ មាឌធំសម្បើម មានរូបសណ្ឋានស្រដៀងនឹងដំរី មានចំពុះ មានក្រញាំជើងធំមាំ មានចំអេងស្លាបធំវែង អាចឆាបឆក់សត្វធំៗ មានម្រឹគជាដើម យកធ្វើជាចំណីរបស់វាបាន មានកំណើតនិងលំនៅនាទ្រូងព្រៃហិមពាន្ត វាតែងហើរចេញមករកឆាបឆក់ចំណីឯប្រទេសជិតៗ ព្រៃហិមពាន្តមួយដងមួយកាល; មានរឿងតំណាលថា សត្វហត្ថិលិង្គនេះឯងវាបានឆាបឆក់ព្រះនាងទេវីជាព្រះអគ្គមហេសីនៃព្រះបាទ បរន្តបៈ វានាំយកព្រះនាងទៅដាក់លើប្រគាបឈើ ព្រះនាងទេវីក៏ប្រសូតព្រះរាជបុត្រ គឺឧទេនកុមារ ដែលតមកបានសោយរាជ្យតសន្តតិវង្សពីព្រះវរបិតា មានព្រះកិត្តិនាមថា ព្រះបាទឧទេន ទ្រង់ជ្រាបមន្តវិជ្ជាខាងការហៅដំរីព្រៃ មានល្បីក្នុងផ្ទៃរឿងនិទានជាប់ មានជាប្រពៃណីឲ្យព្រះមហាក្សត្រិយ៍ពុទ្ធសាសនិក យកព្រះបរមនាមនោះមកតាំងជាឋានន្តរគឺងារនៃពួកមន្ត្រីដែលមានមុខងារនាទីជាអ្នករក្សាដំរីព្រះរាជទ្រព្យ ក្នុងរជ្ជកាលសម័យបុរាណ មានពាក្យថា ឧទេនៗ មានភក្តីឧទេន, ជំនិតឧទេន, ឧទេនស្នេហាជាដើម។ ឃើញថា ក្នុងសម័យព្រេងនាយនោះមានមហាបក្សីហត្ថិលិង្គនេះពិតមែន( ប្រើជា ហត្ថីលិង្គ ឲ្យមានសំឡេងវែងតាមការស្រួលមាត់ហៅក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply