ស្រី
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យសម្រាប់ប្រើជាសាធារណៈ ឃ្លាតមកពីពាក្យសំស្ក្រឹតថា ស្ត្រី គឺមនុស្សជាតិដែលមានភេទទីទៃពី ប្រុស ( បុរិសៈ ឬ បុរស ), ទីទៃពី ខ្ទើយ ( បណ្ឌក ); ត្រូវប្រើឲ្យស្របគូគ្នាថា ស្រី-ប្រុស ឬ ប្រុស-ស្រី; កុំប្រើថា ស្ត្រី-ប្រុស ឬ បុរស-ស្រី ឡើយ, ត្រូវប្រើថា បុរស-ស្ត្រី ឬ ស្ត្រី-បុរស ទើបស្របគ្នា : ប្រុសស្រីជាប្ដីប្រពន្ធ, បុរសស្ត្រីជាស្វាមីភរិយា ( ប្រើពាក្យស្របគ្នាយ៉ាងនេះទើបសម ) ។ ព. កា. ថា : ស្រីប្រុសទាំងទ្វី ជាគូមានពី- បុរាណព្រេងនាយ ស្រីជាប្រពន្ធ ប្រុសទោះសម្ទាយ បណ្ឌិតទាំងឡាយ ឲ្យឈ្មោះថាប្ដី ។ ស្ត្រីនិងបុរស ក្នុងលោកទាំងអស់ ភរិយាស្វាមី គឺប្ដីប្រពន្ធ ហ្នឹងឯងលោកស្ដី ជនក្នុងលោកីយ៍ ហៅបានតាមថ្នាក់ ។ ប្ដីជាអ្នករក ទ្រព្យធនបានមក ប្រពន្ធទុកដាក់ ចាស់ទុំបុរាណ បានពោលបញ្ជាក់ ឲ្យនាងឲ្យអ្នក ចងចាំគ្រប់ប្រាណ ។ សំណាបយោងដី រីឯស្រីៗ យោងប្រុសសាមាន្យ ទោះមារយាទខ្សោយ- ក៏ដោយបើបាន ស្រីមានសន្តាន ខ្ជាប់ខ្ជួនមួនមាំ ។ តែងបានចម្រើន ទ្រព្យាកើតកើន ព្រោះស្រីថែទាំ ចាត់ចែងទុកដាក់ ចេះលាក់សន្សំ សង្វាតខិតខំ រក្សាឲ្យគង់ ។ ល ។ (ម. ព. ស្ត្រី ទៀតផង)។ មានកាព្យច្បាប់ស្រីជាព្រះរាជនិពន្ធនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះបរមកោដ្ឋ ( ព្រះអង្គដួង ) ថ្លែងអំពីសុចរិត ៨ ប្រការជាមង្គលរបស់ស្រី, យើងយល់ឃើញថា គួរស្រង់យកមកចុះក្នុងវចនានុក្រមខ្មែរនេះ ដើម្បីរក្សាព្រះកេរ្តិ៍ទុកឲ្យបានឋិតថេរចិរកាលតវែងឆ្ងាយទៅ; ព្រះរាជនិពន្ធនោះដូចតទៅនេះថា ៖ នេះនឹងសម្ដែង បរិយាយចារចែង ដើមបទអដ្ឋា- ហិ ឋានេហិ សុចរិតា ឥត្ថីលក្ខណា មង្គលច្នេះពិត។ ប្រែថាស្រីជា កើតកបលក្ខណា ដោយនូវសុចរិត មង្គលប្រាំបី ឲ្យស្រីពិនិត្យ ចាំយកជាក្រឹត្យ គ្រប់រូបស្រីៗ ។ ដើមបទព័ណ៌នា លោកថាស្រីជា សុចរិតភក្ដី ឫករាបស្រគត់ ផ្គង់ផ្គត់សម្ដី ការកេរ្តិ៍ខ្មាសស្រី បរិសុទ្ធមែនមួន ។ លោកថាស្រីត្រង់ កាន់សុចរិតផ្គង់ គំនិតចេះស្ងួន អស់ទ្រព្យសម្បត្តិ ប្រយ័ត្នថែធួន ទុកដាក់ខ្ជាប់ខ្ជួន មិនមានប្រមាទ ។ លោកថាស្រីគាប់ កាន់សុចរិតខ្ជាប់ ឧស្សាហ៍សង្វាត ធ្វើការសន្សំ តឿនខ្ញុំឲ្យឃ្មាត ឲ្យខ្មីសង្វាត មិនមានស្ងៀមដៃ ។ លោកថាស្រីប្រាជ្ញ សុចរិតអង់អាច ចេះអធ្យាស្រ័យ ញាតិព្រៀងទៅមក រាប់រករួសវៃ ទោះជនដទៃ ក៏រាប់តាមពិត ។ លោកថាស្រីស្អាត សុចរិតគ្មានឃ្លាត មែនមានគំនិត ចេះរៀបអាហារ ភ្នាក់ងារស្រីពិត រណ្ដាប់ផ្គាប់ចិត្ត ប្ដីគ្រប់វេលា ។ លោកថាស្រីស្មោះ កាន់សុចរិតឆ្ពោះ ចាំចិត្តស្នេហា តែនឹងអង្គប្ដី ឥតបីរេរា ស្ម័គ្រស្មោះស្មើជា និត្យនៅរៀបរៀង ។ លោកថាស្រីស្លូត សុចរិតរហូត អបអត់ឥតល្អៀង តាមពាក្យប្ដីផ្ដាំ ចងចាំទុកទៀង ពោលពាក្យមិនឃ្លៀង មិនឃ្លាតសត្យា ។ លោកថាស្រីស្មើ សុចរិតស័រពើ អាចរងធានា ទម្ងន់ចិត្តប្ដី ទោះបីទុក្ខា ខ្សត់ក្រម្ដេចម្ដា អាចទទួលប្រាណ ។ សុចរិតប្រាំបី ជាមង្គលស្រី ប្រសើរក្រមាន អ្វីមកផ្ទឹមផ្ទាល់ ឲ្យដល់នេះបាន ស្រីណាអាចធ្យាន ចិត្តចាំរៀនយក៍ ។ ទាំងប្រាំបីច្បាប់ ហៅស្រីមហាគាប់ លោកីយ៍កម្រ ស្រីកាន់សុចរិត ប្រព្រឹត្តល្អិតល្អ ស្រីណាថាក្រ ធ្វើតាមពុំបាន ។ លោកថាស្រីនោះ ចិត្តអាក្រក់ស្មោះ ស្អប់ដំបូន្មាន ផ្សាដោយសារចិត្ត ទុច្ចរិតសន្តាន បង្ហិនធនធាន ចើកអាសមាយា ។ ក្ដីជួច្រើនកល ក្រដឹងចេះដល់ លែបខាយពុតវា បើចិត្តចង់ស្រាប់ ចង់ស្ដាប់ហាក់ជា ងាយដាយសោះសា ចេះឯងដឹងឯង ។ ឯត្រង់ច្បាប់ល្អ តិចទេយល់ក្រ កម្រក្រៃលែង ក្រព្រោះមិនចង់ ប្រុងអង្គឲ្យស្ដែង ក្រដោយចិត្តល្បែង ចំណង់តណ្ហា ។ អំពើសុចរិត អធ្យាស្រ័យចិត្ត សម្អាតឧស្សាហ៍ ស្មើស្មោះស្លូតត្រង់ ផ្គត់ផ្គង់ក្រឹត្យា ប្រាំបីនេះណា សុចរិតប្រាកដ ។ ឯសុចរិតស្រី ផ្គត់ផ្គង់ស្វាមី លោកឲ្យអបអត់ ឱនអៀនចិត្តទន់ ចេះគន់បែបបទ តាមតែចិត្តពត់ ម្ដេចៗតាមបាន ។ មិនមានប្រកែក មិនមានជជែក ថាធ្វើមិនបាន ទោះអៀនអន់អត់ សង្កត់ចិត្តប្រាណ តាមចិត្តប្ដីធ្យាន ម្ដេចៗមិនថា ។ ច្បាប់នេះគួរស្រី នៅនាលោកីយ៍ ផ្ចង់ចិត្តឧស្សាហ៍ កាន់ក្ដីសុចរិត ជាក្រឹត្យថ្លៃថ្លា ឲ្យខ្ជាប់ជាក់ជា ចរិតសព្វថ្ងៃ ។ កាន់បានដូច្នោះ នឹងឮកេរ្តិ៍ឈ្មោះ ប្រសើរពេកក្រៃ នឹងបានសាន្តសុខ ចៀសទុក្ខចង្រៃ ដល់បរលោកថ្លៃ សោយសុខសួគ៌សិទ្ធ ។ សំដែងសេចក្តី ពីមង្គលស្រី ប្រសើរពេកពិត គ្រប់ទាំងប្រាំបី ក្រឹត្យស្រីសុចរិត ចែងចប់ភាសិត តាមព្រះបាលី ។ I៚មើលក្នុងពាក្យ ប្រុស, ប្ដី, ប្រពន្ធ ទៀតផង ។ (បើពេញចិត្ត, គួរទន្ទេញឲ្យចាំរត់មាត់, ជាការប្រពៃពេក)។
( សំ. ឝ្រី; បា. សិរី ) សិរី ។ ខ្មែរច្រើនប្រើជាពាក្យរួមពីខាងដើមសព្ទដទៃ, ដូចជា ព្រះស្រីសព៌េជ្ញ ព្រះសព៌េជ្ញមានសិរី ( ព្រះសព្វញ្ញុពុទ្ធ ) ។ ស្រីសួស្ដី សិរីសួស្ដី ។ ល ។ ( ម. ព. សិរី ផង ) ។ រ. ស. ព្រះស្រីខណ្ឌស្លាក្រក ។ ព្រះស្រីចុណ្ណ ស្លាបុក ។ ព្រះស្រីជីប ម្លូបៀក ។ ព្រះស្រីតម្ពុល ស្លាតម្ពុល ។ ព្រះស្រីសន្លឹក ម្លូ, ស្លឹកម្លូ ។ ព្រះស្រីសុក្កា ស្លាស្លឹង ។ ព្រះស្រីសួង ថ្នាំចុក ។ ព្រះស្រីហរិត ស្លាខ្ចី។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖