ថ្នាលគ្រឹះនវានុវត្តន៍ សំដៅដល់ថ្នាលបច្ចេកវិទ្យាជាមូលដ្ឋានគ្រឹះ ឬជាឆ្អឹងខ្នង ដែលជាឃ្នាស់ជួយសម្រួល និងបម្រើដល់ការបង្កើត និងរៀបចំគំនិតច្នៃប្រឌិតថ្មីៗដោយប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍។
Category: Tax Glossary
តំបន់រួចពន្ធ = Tax-Free Zone (សទ្ទានុក្រមពន្ធដារ)
តំបន់រួចពន្ធ សំដៅដល់៖
-តំបន់មួយនៅក្នុងប្រទេសមួយដែលលើកលែងពន្ធគយ និងពន្ធប្រយោលផ្សេងៗទៀត។
-តំបន់បង្កើតឡើងដោយរាជរដ្ឋាភិបាលដែលទំនិញនាំចូលពុំមែនជាកម្មវត្ថុនៃការជាប់ពន្ធ និងអាករក្រោមលក្ខខណ្ឌកំណត់ច្បាស់លាស់។
តំបន់ផលិតកែច្នៃនាំចេញ = Product Invention Zone for Export (សទ្ទានុក្រមពន្ធដារ)
សម្រាប់កម្មវត្ថុនៃការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស តំបន់ផលិតកែច្នៃនាំចេញ សំដៅដល់តំបន់នៃសកម្មភាពឧស្សាហកម្ម និងសកម្មភាពដទៃទៀតដែលពាក់ព័ន្ធនឹងការផលិត និងការកែច្នៃទំនិញសម្រាប់បម្រើតែការនាំចេញប៉ុណ្ណោះ។
តំបន់ឧស្សាហកម្មទូទៅ = General Industrial Zone (សទ្ទានុក្រមពន្ធដារ)
តំបន់ឧស្សាហកម្មទូទៅ សំដៅដល់តំបន់មួយ ដែលបង្កើតឡើងសម្រាប់បម្រើសកម្មភាពឧស្សាហកម្ម និងសកម្មភាពដទៃទៀតដែលពាក់ព័ន្ធទៅនឹងការផលិតទំនិញ ការកែច្នៃទំនិញសម្រាប់បម្រើសេចក្ដីត្រូវការនៃទីផ្សារក្នុងស្រុក ឬ/និងសម្រាប់នាំចេញ។
តំបន់សេដ្ឋកិច្ចពិសេស = Special Economic Zone (សទ្ទានុក្រមពន្ធដារ)
សំដៅដល់មជ្ឈមណ្ឌលពិសេសសម្រាប់អភិវឌ្ឍវិស័យសេដ្ឋកិច្ចដែលប្រមូលផ្តុំនូវសកម្មភាពឧស្សាហកម្ម និងសកម្មភាពពាក់ព័ន្ធដទៃទៀតហើយអាចមានតំបន់ឧស្សាហកម្មទូទៅ ឬ/និងតំបន់ផលិតកែច្នៃសម្រាប់នាំចេញ។ តំបន់សេដ្ឋកិច្ចពិសេសនីមួយៗ មានមជ្ឈមណ្ឌលផលិតកម្ម និងអាចមានមណ្ឌលពាណិជ្ជកម្មសេរីមណ្ឌលសេវាកម្ម មណ្ឌលលំនៅឋាន និងមណ្ឌលទេសចរណ៍។
ថវិកាជាតិ ឬថវិការដ្ឋ = National Budget/State Budget (សទ្ទានុក្រមពន្ធដារ)
សំដៅដល់គម្រោងតុល្យភាពនៃធនធានអចិន្ត្រៃយ៍ និងបន្ទុកអចិន្ត្រៃយ៍ទាំងអស់របស់រដ្ឋ។ ថវិកាជាតិ ឬថវិការដ្ឋ រួមមានថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ។
តំបន់ទទួលអាជ្ញាប័ណ្ណ = Approval License Zone (សទ្ទានុក្រមពន្ធដារ)
សម្រាប់កម្មវត្ថុនៃពន្ធលើប្រតិបត្តិការប្រេងកាត និងធនធានរ៉ែ តំបន់ទទួលអាជ្ញាប័ណ្ណ សំដៅដល់តំបន់ដែលត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការធនធានរ៉ែ និងជាកម្មវត្ថុនៃអាជ្ញាប័ណ្ណ ឬកិច្ចព្រមព្រៀងធនធានរ៉ែ រួមបញ្ចូលទាំងផ្នែកណាមួយនៃតំបន់ដែលត្រូវបានបោះបង់ចោលដោយអនុលោមតាមអាជ្ញាប័ណ្ណ ឬកិច្ចព្រមព្រៀងធនធានរ៉ែនោះ។
តំបន់ចុះកិច្ចសន្យា = Contractual Zone (សទ្ទានុក្រមពន្ធដារ)
សម្រាប់កម្មវត្ថុនៃពន្ធលើប្រតិបត្តិការប្រេងកាត និងធនធានរ៉ែ តំបន់ចុះកិច្ចសន្យាសំដៅដល់តំបន់ដែលជាកម្មវត្ថុនៃកិច្ចព្រមព្រៀងប្រេងកាត ដែលបានអនុញ្ញាតផ្តល់ជូនពីដំបូង រួមបញ្ចូលទាំងផ្នែកណាមួយនៃតំបន់នោះដែលត្រូវបានបោះបង់ចោលដោយអនុលោមទៅតាមកិច្ចព្រមព្រៀងប្រេងកាត។
តំណភ្ជាប់រចនាសម្ព័ន្ធ = Link Structure (សទ្ទានុក្រមពន្ធដារ)
ក្នុងបរិបទពន្ធដារអន្តរជាតិ តំណភ្ជាប់រចនាសម្ព័ន្ធ សំដៅដល់ការប្រព្រឹត្តទៅនៃរចនាសម្ព័ន្ធអាជីវកម្មម្យ៉ាង ដែលធ្វើទ្បើងដោយសារមូលហេតុមានក្រឹត្យក្រមខុសៗគ្នានៅក្នុងប្រទេសនីមួយៗសម្រាប់កំណត់ទីកន្លែងនៃនិវាសនដ្ឋាន។ នេះជាមធ្យោបាយ ដែលប្រើប្រាស់ដោយប្រភេទក្រុមហ៊ុននិវាសនជនទ្វេ ដើម្បីទទួលបាននូវការបន្ធូរបន្ថយពន្ធនៅក្នុងប្រទេសទាំងពីរ។
តំបន់ = Area/Zone (សទ្ទានុក្រមពន្ធដារ)
-សម្រាប់កម្មវត្ថុនៃពន្ធលើអចលនទ្រព្យ ពាក្យនេះសំដៅដល់៖
-ការរួមបញ្ចូលគ្នានូវខណ្ឌច្រើនសម្រាប់រាជធានី ឬក្រុងមួយសម្រាប់ខេត្ត។
-បណ្តុំនៃខណ្ឌពីរ ឬច្រើន នៃរាជធានីភ្នំពេញ ដែលរួមមាន តំបន់ I និងតំបន់ II នៃរាជធានីភ្នំពេញ ដូចមានចែងក្នុងឧបសម្ព័ន្ធ នៃប្រកាស លេខ ៣៤៣ សហវ.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ។
តំណភ្ជាប់ = Link (សទ្ទានុក្រមពន្ធដារ)
-នៅក្នុងបរិបទនៃប្រព័ន្ធព័ត៌មានវិទ្យា តំណភ្ជាប់ សំដៅដល់៖
-មធ្យោបាយ ឬបណ្ដាញតភ្ជាប់រវាងឯកសារនៅលើបណ្ដាញអ៊ីនធឺណិត។
ឧ. : តំណភ្ជាប់សម្រាប់ចូលទៅមើលអ្វីមួយនៅក្នុងប្រព័ន្ធ។
-តំណភ្ជាប់ឧបករណ៍ទៅកាន់កុំព្យូទ័រ ប្រព័ន្ធផ្សព្វផ្សាយ។ល។ ដើម្បីអាចផ្ញើសាររវាងគ្នាទៅវិញទៅមកបាន។
ឧ. : តំណភ្ជាប់រវាងប្រព័ន្ធធនាគារពាណិជ្ជ និងប្រព័ន្ធរបស់ធនាគារជាតិ ឬអគ្គនាយកដ្ឋានពន្ធដារមាន តំណភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាពន្ធដារជាមួយប្រព័ន្ធ បច្ចេកវិទ្យារបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
តែមប្រិ៍អាករ Tax Stamp (សទ្ទានុក្រមពន្ធដារ)
-ជាទូទៅ តែមប្រិ៍អាករ សំដៅដល់សន្លឹកតែមប្រិ៍សម្រាប់បិទលើផលិតផលជាប់អាករពិសេសមួយចំនួន ដើម្បីបញ្ជាក់ពីការបង់អាករពិសេសលើទំនិញនោះ។
-នៅកម្ពុជា តែមប្រិ៍អាករសំដៅដល់សន្លឹកតែមប្រិ៍សម្រាប់បិទលើកញ្ចប់បារី ដើម្បីបញ្ជាក់ពីការបង់អាករពិសេសលើទំនិញ និងសេវាមួយចំនួន។
តេស្តតាមផ្នែក = Unit Testing (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់ការធ្វើតេស្តលើកម្មវិធីនៃផ្នែកទន់ (Software) ឬម៉ូឌុល (Module) នីមួយៗ។
តេស្តទទួលយកដោយអ្នកប្រើប្រាស់ = User Acceptance Testing (សទ្ទានុក្រមពន្ធដារ)
តេស្តទទួលយកដោយអ្នកប្រើប្រាស់ សំដៅដល់ការធ្វើតេស្ត ដើម្បីបញ្ជាក់ថាប្រព័ន្ធបានបំពេញត្រឹមត្រូវតាមតម្រូវការ និងរួចរាល់សម្រាប់ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
តុលាការ = Court (សទ្ទានុក្រមពន្ធដារ)
តុលាការ សំដៅដល់ស្ថាប័នសាធារណៈ ឬស្ថាប័នរដ្ឋ ដែលមានសិទ្ធិអំណាចវិនិច្ឆ័យវិវាទផ្លូវច្បាប់រវាងភាគីពាក់ព័ន្ធ និងអនុវត្តផ្នែករដ្ឋបាលកិច្ចលើភាពយុត្ដិធម៌ក្នុងរឿងក្ដីរដ្ឋប្បវេណី ព្រហ្មទណ្ឌ និងបញ្ហារដ្ឋបាលនានាស្របតាមក្រឹត្យក្រមនីតិរដ្ឋ។
តាវកាលិក = Prestation (សទ្ទានុក្រមពន្ធដារ)
តាវកាលិក សំដៅដល់វត្ថុ ឬសកម្មភាព ដែលជាទីតាំង (ឬ ជាកម្មវត្ថុ) នៃកាតព្វកិច្ច។
ឧ. : តាវកាលិករបស់អ្នកទិញ គឺបង់ថ្លៃទៅឱ្យអ្នកលក់ចំណែកឯតាវកាលិករបស់អ្នកលក់ គឺប្រគល់វត្ថុទៅឱ្យអ្នកទិញវិញ។
តារាងពន្ធគយ = Tariff (Table) (សទ្ទានុក្រមពន្ធដារ)
ជាទូទៅ តារាងពន្ធគយ សំដៅដល់តារាងបញ្ជីពន្ធគយ ដែលមានផ្ទុកព័ត៌មានអត្រាពន្ធ-អាករ ពន្ធគយ កាលវិភាគ និងព័ត៌មានសំខាន់ៗមួយចំនួនទៀត ដែលកំណត់ដោយរដ្ឋាភិបាលលើទំនិញនាំចូល ឬនាំចេញ។
តារាងប្រតិបត្តិការជាមួយបុគ្គលទាក់ទិន = Table of Transactions with Related Parties (សទ្ទានុក្រមពន្ធដារ)
សំដៅដល់របាយការណ៍ដែលបង្ហាញអំពីប្រតិបត្តិការ ចំណូល-ចំណាយ ការផ្តល់ប្រាក់ខ្ចី ការទទួលប្រាក់ខ្ចីរវាង បុគ្គលទាក់ទិន និងព័ត៌មានអំពីការរៀបចំ និងរក្សាទុកនៃឯកសារផ្ទេរថ្លៃនៃប្រតិបត្តិការក្នុងចំណោមបុគ្គលទាក់ទិនតាមគោលការណ៍ជំហោងដៃ ដែលតម្រូវឱ្យភ្ជាប់ជាមួយនឹងលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ។
តារាងបំណុលពន្ធ/តារាងឥណទេយ្យពន្ធ = Tax Arrears Table (សទ្ទានុក្រមពន្ធដារ)
សំដៅដល់តារាងគណនីបំណុលពន្ធ ដែលអ្នកជាប់ពន្ធជំពាក់។
តម្លៃសមស្រប ឬតម្លៃទីផ្សារ = Fair Value/Market Value (សទ្ទានុក្រមពន្ធដារ)
តម្លៃសមស្រប ឬតម្លៃទីផ្សារ សំដៅដល់ការប៉ាន់ស្មាននៃតម្លៃធ្វើអប្បហារបច្ចុប្បន្ននៃរំហូរសាច់ប្រាក់សុទ្ធក្នុងដំណើរការអាជីវកម្មធម្មតា។
តារាងតុល្យការ = Balance Sheet/Statement of Financial Position (សទ្ទានុក្រមពន្ធដារ)
តារាងតុល្យការ សំដៅដល់របាយការណ៍អចិន្ត្រៃយ៍ ដែលបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុទាំងស្រុងរបស់អង្គភាព ក្នុងនោះរួមមានទ្រព្យសកម្ម បំណុល និងមូលធន។
តម្លៃលើស ឬតម្លៃខ្វះនៃទ្រព្យសកម្ម = Gain or Loss of Fixed Assets (សទ្ទានុក្រមពន្ធដារ)
សំដៅដល់តម្លៃលើស ឬតម្លៃខ្វះ ដែលកើតចេញពីលម្អៀងរវាងថ្លៃលក់ និងតម្លៃនៅសល់មិនទាន់រំលស់នៃទ្រព្យសកម្ម ឬកើតចេញពីការវាយតម្លៃឡើងវិញនូវទ្រព្យសកម្ម។
តម្លៃរំលស់បូកយោងនៅចុងការិយបរិចេ្ឆទ = Accumulated Depreciation at the End of the Period (សទ្ទានុក្រមពន្ធដារ)
សំដៅដល់តម្លៃនៃរំលស់បូកយោងសរុបដោយគណនាចាប់ពីពេលទទួលបាន ឬប្រើប្រាស់ទ្រព្យសកម្មរយៈពេលវែងរហូតដល់ចុងការិយបរិច្ឆេទឆ្នាំសារពើពន្ធចរន្ត (ឆ្នាំN) “ចុងឆ្នាំចរន្ដ”។
តម្លៃរំលស់បូកយោងពីការិយបរិចេ្ឆទមុន = Accumulated Depreciation at the Beginning of the Period (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ចំណាយរំលស់បូកយោងសរុប ដែលបានគណនាគិតចាប់ពីពេលទទួលបាន ឬប្រើប្រាស់ទ្រព្យសកម្មរយៈពេលវែងរហូតដល់ចុងគ្រានៃការិយបរិចេ្ឆទឆ្នាំមុន (N-1)។
តម្លៃភាគហ៊ុន = Share Price (សទ្ទានុក្រមពន្ធដារ)
សំដៅដល់តម្លៃនៃការផ្ទេរភាគហ៊ុន ឬតម្លៃភាគហ៊ុនផ្អែកតាមតម្លៃទីផ្សារជាក់ស្តែងក្នុងពេលជាក់លាក់ណាមួយ។
តម្លៃមូលដ្ឋានគិតរំលស់ក្នុងការិយបរិចេ្ឆទ = Depreciation Base Value During the Period (សទ្ទានុក្រមពន្ធដារ)
សំដៅដល់តម្លៃសម្រាប់គណនារំលស់ដែលអនុញ្ញាតឱ្យចាត់ទុកជាចំណាយសម្រាប់ការិយបរិចេ្ឆទ។ តម្លៃនេះត្រូវ គណនាដោយយក “ថ្លៃដើមប្រវត្ដិសាស្ដ្រ “បូក” ថ្លៃដើមនៃទ្រព្យថ្មីដែលបានពីលទ្ធកម្ម បង្វែរចូល ការបង្កើត ឬដាក់បន្ថែម “ដក” ថ្លៃដើមនៃទ្រព្យសកម្ម ទ្រព្យដកចេញ ឬលក់ក្នុងការិយបរិចេ្ឆទ”។
តម្លៃពិតក្រោយការរំលស់ = Written-Down Value (សទ្ទានុក្រមពន្ធដារ)
សំដៅដល់តម្លៃនៃទ្រព្យសកម្មមួយដែលអាចធ្វើការរំលស់បានសម្រាប់កម្មវត្ថុនៃការគិតពន្ធលើប្រាក់ចំណូល តាមរយៈការកាត់បន្ថយពីតម្លៃសរុប រួមបញ្ចូលទាំងថ្លៃដំឡើង ជាដើម ការកាត់បន្ថយតម្លៃសឹករេចរឹល ឬការធ្វើរំលស់ពីឆ្នាំជាប់ពន្ធមុនៗ។
តម្លៃប្រសិទ្ធផល = Cost-Effective (សទ្ទានុក្រមពន្ធដារ)
សំដៅដល់តម្លៃនៃចំណាយមួយដែលស័ក្តិសមទៅនឹងប្រយោជន៍ដែលទទួលបាន។
តម្លៃបង់ពន្ធដករំលស់ = Tax Written-Down Value (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ថ្លៃដើមដំបូងនៃទ្រព្យសម្បត្តិដករំលស់បង្គរ ដែលត្រូវរាយការណ៍សម្រាប់កម្មវត្ថុនៃការបង់ពន្ធ។
តម្លៃបញ្ចុះក្រោមតម្លៃជាក់ស្តែងពីដំបូង = Original Issue Discount (OID) (សទ្ទានុក្រមពន្ធដារ)
សំដៅដល់តម្លៃដែលបានបញ្ចុះក្រោមតម្លៃពិត ឬតម្លៃដើមនៃសញ្ញាប័ណ្ណ នៅពេលបោះផ្សាយលក់ជូនអ្នកទិញសញ្ញាប័ណ្ណ។
តម្លៃនៅសល់មិនទាន់រំលស់នៅចុង ការិយបរិច្ឆេទ = Undepreciated Value at the End of the Period (សទ្ទានុក្រមពន្ធដារ)
តម្លៃនៅសល់មិនទាន់រំលស់នៅចុងការិយបរិច្ឆេទ សំដៅដល់តម្លៃនៅសល់មិនទាន់រំលស់ ដូចមានចែងក្នុងច្បាប់ស្ដីពីសារពើពន្ធនៅចុងការិយបរិចេ្ឆទ។
តម្លៃជាប់អាករសម្រាប់អាករលើតម្លៃ បន្ថែមរបស់ទំនិញនាំចូល = VAT Taxable Value on Imported Goods (សទ្ទានុក្រមពន្ធដារ)
សំដៅដល់តម្លៃគយ រួមបញ្ចូលទាំងតម្លៃធានារ៉ាប់រង និងដឹកជញ្ជូនដោយបូកបន្ថែមនូវពន្ធគយ និងអាករពិសេសលើទំនិញ និងសេវាមួយចំនួន (ប្រសិនបើមាន)។
តម្លៃចុះកិច្ចសន្យា = Contractual Price (សទ្ទានុក្រមពន្ធដារ)
-តម្លៃចុះកិច្ចសន្យា សំដៅដល់តម្លៃលើកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវា។
-សម្រាប់កម្មវត្តុនៃពន្ធប្រថាប់ត្រា តម្លៃចុះកិច្ចសន្យា សំដៅដល់តម្លៃលើកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវា ដែលប្រើប្រាស់ថវិការដ្ឋ។
តម្លៃនិរន្តរភាពនៃការផ្ទេរអាជីវកម្ម = Going Concern Value (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ធាតុនៃតម្លៃភ្ជាប់ទៅនឹងទ្រព្យសម្បត្តិ ដែលកើតឡើងដោយលទ្ធផលនៃការបន្តសកម្មភាពអាជីវកម្ម ដើម្បីរក្សាភាពមានដំណើរការ និងបង្កើតប្រាក់ចំណូលបន្ទាប់ពីការផ្ទេរកម្មសិទ្ធិ។
តម្លៃទំនិញនាំចូល = Cost, Insurance and Freight (CIF) Value (សទ្ទានុក្រមពន្ធដារ)
គឺជាតម្លៃសម្រាប់ការនាំចូលទំនិញ ដែលរួមបញ្ចូលទាំងថ្លៃដើមទំនិញ ថ្លៃធានារ៉ាប់រង និងថ្លៃដឹកជញ្ជូន។
តម្លៃចារឹក = Nominal Value/Par Value/Face Value (សទ្ទានុក្រមពន្ធដារ)
-តម្លៃចារឹកគឺជាវាក្យសព្ទហិរញ្ញវត្ថុ ដែលត្រូវបានប្រើប្រាស់ជាទូទៅនៅក្នុងបរិបទផ្សេងៗនៃផ្នែកហិរញ្ញវត្ថុ។ សម្រាប់មូលបត្រភាគហ៊ុន (Stocks) និងសញ្ញាប័ណ្ណ (Bonds) វាក្យសព្ទតម្លៃចារឹកនេះ គឺសំដៅដល់តម្លៃដើមនៃមូលបត្រ ដែលផ្ទុយពីតម្លៃទីផ្សារ ឬជាតម្លៃដែលត្រូវបានបោះពុម្ព ចារឹកនៅលើប័ណ្ណភាគហ៊ុន។
-ក្នុងបរិបទច្បាប់កម្ពុជា ក្នុងករណីលក្ខន្តិកៈមិនបានចែងនូវតម្លៃនៃប័ណ្ណភាគហ៊ុនទេ នោះភាគហ៊ុនមានតម្លៃចារឹកត្រូវមានចំនួនមិនតិចជាងបួនពាន់រៀលក្នុងមួយភាគហ៊ុន។ ដោយឡែកក្នុងបរិបទពន្ធដារ នៅពេលមានការលក់ ឬផ្ទេរភាគហ៊ុន គឺត្រូវយកតាមតម្លៃទីផ្សារ។
តម្លៃចលនវត្ថុ = Movable Property Value (សទ្ទានុក្រមពន្ធដារ)
សម្រាប់កម្មវត្ថុនៃប្រតិបត្តិការភតិសន្យា តម្លៃចលនវត្ថុ សំដៅដល់តម្លៃសុទ្ធបន្ទាប់ពីការបញ្ចុះតម្លៃដែលអ្នកផ្គត់ផ្គង់លក់ទៅឱ្យភតិបតី ប៉ុន្តែមិនរួមបញ្ចូលថ្លៃដើមហិរញ្ញវត្ថុ និងចំណាយផ្សេងៗរបស់ភតិបតីទេ។
តម្លៃកាកសំណល់ (នៃទ្រព្យសកម្ម) = Salvage Value/Residual Value/Scrap Value (សទ្ទានុក្រមពន្ធដារ)
សំដៅដល់តម្លៃប៉ាន់ស្មានដែលសហគ្រាសគួរទទួលបានក្នុងពេលបច្ចុប្បន្នពីការលក់ទ្រព្យសកម្មចោលបន្ទាប់ពីកាត់កងចំណាយលក់ចោល ប្រសិនបើទ្រព្យសកម្មនោះបានអស់អាយុកាល និងក្នុងលក្ខខណ្ឌដែលបានរំពឹងទុកនៅចុងគ្រាអាយុកាលរបស់វា។
តតិយជន = Third Party (សទ្ទានុក្រមពន្ធដារ)
តតិយជន សំដៅដល់ជនទីបី ឬជនដែលមិនមែនជាភាគីផ្ទាល់នៅក្នុងទំនាក់ទំនងគតិយុត្ត ឬជាជនដែលមិនមែនជាភាគីផ្ទាល់ក្នុងរឿងក្តីរដ្ឋប្បវេណី។
តក្កកម្ម = Invention (សទ្ទានុក្រមពន្ធដារ)
តក្កកម្ម សំដៅដល់៖
-គំនិតរបស់តក្កករ ដែលអាចយកទៅអនុវត្តបាននៅក្នុងដំណោះស្រាយនៃបញ្ហាជាក់លាក់ណាមួយក្នុងវិស័យបច្ចេកវិទ្យា។
-សកម្មភាពនៃការរកឃើញ ឬការបង្កើតអ្វីមួយ ផលិតផល ឬដំណើរការផលិតកម្ម ឬជាការរកឃើញអ្វីមួយ ដែលទាក់ទងទៅនឹងផលិតផល ឬដំណើរការផលិតកម្ម។
-ការបង្កើតអ្វីមួយថ្មីមុនអ្នកដទៃផ្សេងទៀត។
ឌីជីថលូបនីយកម្ម = Digitalization (សទ្ទានុក្រមពន្ធដារ)
ឌីជីថលូបនីយកម្ម សំដៅដល់ដំណើរការនៃការសម្របសម្រួល ឬប្រែក្លាយប្រព័ន្ធ ឬដំណើរបែបបទការងារអភិបាលកិច្ច រដ្ឋបាលកិច្ច ឬធុរកិច្ច ឬដំណើរការសកម្មភាពអ្វីមួយរបស់អង្គភាព ឬស្ថាប័ន ពីប្រព័ន្ធអាណាឡូក (Analog) ទៅជាប្រព័ន្ធឌីជីថល (Digital) តាមរយៈការប្រើប្រាស់កុំព្យូទ័រ ឧបករណ៍អេឡិចត្រូនិក និងបណ្តាញអ៊ីនធឺណិត។
ឌីជីថល= Digital (សទ្ទានុក្រមពន្ធដារ)
-ឌីជីថល គឺជាពាក្យដែលប្រើប្រាស់សម្រាប់សំដៅដល់៖
-គ្រឿងតំណាងឱ្យទិន្នន័យអំព្លីទុតជាលេខ
-សញ្ញាដែលតំណាងដោយលេខ។
ឆន្ទានុសិទ្ធិពិសេស = Hardship Clause/Special Discretion/Discretion Authority (សទ្ទានុក្រមពន្ធដារ)
-ឆន្ទានុសិទ្ធិពិសេស សំដៅដល់អំណាចដែលប្រគល់ដល់ចៅក្រមឱ្យរើសយកតាមចិត្តរបស់ខ្លួននូវមធ្យោបាយណាមួយ ដែលមានចែងក្នុងច្បាប់ដើម្បីដោះស្រាយបញ្ហាណាមួយ។ អំណាចដែលច្បាប់ប្រគល់ដល់ចៅក្រមឱ្យរើសយកមធ្យោបាយណាមួយតាមការវាយតម្លៃរបស់ខ្លួនមកដោះស្រាយបញ្ហាណាមួយ។
-នៅក្នុងបរិបទពន្ធដារ ឆន្ទានុសិទ្ធិពិសេស សំដៅដល់អំណាចរបស់អាជ្ញាធរពន្ធដារ ដែលត្រូវបានប្រគល់ឱ្យអនុវត្ត ដើម្បីកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរណាមួយនៃច្បាប់ពន្ធដារស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីសារពើពន្ធ។
ដើមទុន= Equity (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់តម្លៃ ឬចំនួននៃភាគហ៊ុន ឬជាទ្រព្យរបស់ម្ចាស់ភាគហ៊ុនក្នុងក្រុមហ៊ុនណាមួយ ដែលមានកត់ត្រានៅក្នុងតារាងតុល្យការ។
-ជាតម្លៃរបស់ក្រុមហ៊ុន ឬជាតម្លៃទ្រព្យសរុបរបស់ក្រុមហ៊ុនបន្ទាប់ពីដកចំនួនបំណុលដែលមាន ឬដើមទុនដែលបានបង់ បូកនឹងប្រាក់ចំណូលដែលបានរក្សាទុកនៅក្នុងក្រុមហ៊ុន។
-សំដៅដល់ទ្រព្យរបស់ម្ចាស់ ជាតម្លៃរបស់ក្រុមហ៊ុន ឬជាតម្លៃទ្រព្យសរុបដកនឹងបំណុលដែលមាន ឬដើមទុនដែល បានបង់ បូកនឹងប្រាក់ចំណូលដែលបានរក្សាទុកនៅក្នុងក្រុមហ៊ុន។
ដំណាក់កាលសវនកម្ម = Auditing Process (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ដំណាក់កាលនីមួយៗនៃដំណើរការធ្វើសវនកម្មរួមមាន ការជូនដំណឹងស្តីពីការធ្វើសវនកម្ម ការធ្វើបទសម្ភាសន៍ ការផ្តល់ឯកសារ ការត្រួតពិនិត្យឯកសារ ការពន្យល់ពីការធ្វេសប្រហែសដែលបានរកឃើញ ការជូនដំណឹងស្តីពីការកំណត់ពន្ធឡើងវិញ និងការបង់ប្រាក់ពន្ធ។
ដែន (ថ្នាលក្នុងបណ្ដាញអ៊ីនធឺណិត) = Domain (សទ្ទានុក្រមពន្ធដារ)
ពាក្យនេះ សំដៅដល់៖
-សំណុំមួយនៃគេហទំព័រនៅលើបណ្ដាញអ៊ីនធឺណិត ដែលមានតួអក្សរចុងក្រោយឈ្មោះអាសយដ្ឋានដូចគ្នា (ឧទាហរណ៍ : .com)
-សំណុំរងមួយនៃបណ្ដាញអ៊ីនធឺណិត ដែលមានអាសយដ្ឋានមួយចំនួនជាមួយនឹងបច្ច័យរួមគ្នា ឬក្រោមការគ្រប់គ្រងដោយអង្គភាព ឬបុគ្គលជាក់លាក់ណាមួយ
-ក្រុមអ្នកប្រើប្រាស់ ស្ថានីយការងារ ឧបករណ៍ ម៉ាស៊ីនបោះពុម្ព កុំព្យូទ័រ និងម៉ាស៊ីនមេគ្រប់គ្រងទិន្នន័យ ដែលចែករំលែកប្រភេទទិន្នន័យផេ្សងៗគ្នា តាមរយៈប្រភពបណ្ដាញ។
ដេញថ្លៃតាមប្រព័ន្ធអ៊ីនធឺណិត = Online Auctions (សទ្ទានុក្រមពន្ធដារ)
សំដៅដល់អ្នកផ្តល់សេវាបង្ហោះមុខទំនិញជាច្រើនសម្រាប់ការទិញជាទម្រង់ដេញថ្លៃ។ អ្នកទិញទំនិញអាចទិញដោយផ្ទាល់ពីម្ចាស់ដើមដែលមិនមែនទិញពីអ្នកផ្តល់សេវាកម្មបង្ហោះមុខទំនិញទេ។ អ្នកលក់បង់ថ្លៃសេវាដល់អ្នកផ្ដល់សេវាបង្ហោះមុខទំនិញដោយគិតជាភាគរយនៃតម្លៃទំនិញ ឬតម្លៃថេរណាមួយ។
ដើមទុនវិនិយោគ = Venture Capital (សទ្ទានុក្រមពន្ធដារ)
ជាទម្រង់មួយនៃដើមទុនវិនិយោគសម្រាប់បង្កើតអាជីវកម្មថ្មីមួយ ឬការអភិវឌ្ឍផលិតផលថ្មីមួយនៅក្នុងអាជីវកម្ម ដែលមានស្រាប់ដែលភាគច្រើន គឺដើម្បីទទួលបានមកវិញនូវភាគហ៊ុន។
ដើមទុនបង្វិលសុទ្ធ= Net Working Capital (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់ភាពខុសគ្នារវាងទ្រព្យសកម្មរយៈពេលខ្លី (សាច់ប្រាក់ គណនីត្រូវទទួល និងសន្និធិ) និងបំណុលរយៈពេលខ្លី (គណនីត្រូវបង់ និងបំណុល)។
ដឹកជញ្ជូនទៅគោលដៅចុងក្រោយ = Last-Mile Delivery (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់សេវាដឹកជញ្ជូនពីកន្លែងផ្គត់ផ្គង់ទំនិញទៅកាន់គោលដៅចុងក្រោយរបស់អតិថិជនឱ្យបានឆាប់រហ័ស។
ដីធ្លីមិនបានប្រើប្រាស់ = Unused Land (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់ដីធ្លីទាំងឡាយណាដែលពុំមានលក្ខណៈណាមួយនៃលក្ខណៈទាំង៥ ដូចមានចែងក្នុងប្រការ១ នៃប្រកាសលេខ ២២៤ ប្រក.សហវ.ពដ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ១៩៩៦។ លក្ខណៈទាំង៥ នេះរួមមាន៖
-ដីដែលមានសំណង់ស្ថិតក្នុងតំបន់លំនៅឋាន
-ដីជួលដែលមានសំណង់មានការកាន់កាប់
-ដីដែលមានសកម្មភាពសេដ្ឋកិច្ច
-ដីជាកម្មសិទ្ធិរបស់រដ្ឋដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវន្តបុគ្គល
-ដីស្ថិតក្រោមកិច្ចព្រមព្រៀងវិនិយោគ។
ដីធ្លីដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀង វិនិយោគ = Land under Investment Agreement (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ប្រភេទដីធ្លីស្ថិតនៅក្រោមកិច្ចព្រមព្រៀងវិនិយោគ និងដីសម្បទាន ដែលមានការអនុញ្ញាតដោយស្ថាប័នមានសមត្ថកិច្ចឱ្យធ្វើវិនិយោគលើវិស័យអ្វីមួយ ឬដីសម្បទានរយៈពេលខ្លី មធ្យម ឬវែងដែលបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលឱ្យអនុវត្តនូវគម្រោងអ្វីមួយ។
ដីធ្លីដែលមានសកម្មភាពសេដ្ឋកិច្ច ស្របតាមការកំណត់តំបន់របស់រដ្ឋ = Land with Economic Activities Determined by the State (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ប្រភេទដីធ្លី ដែលកម្មសិទ្ធិករប្រើប្រាស់សម្រាប់ធ្វើសកម្មភាពសេដ្ឋកិច្ច ដូចជាដាំដុះ ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ជាដើម ស្របតាមការកំណត់តំបន់របស់រដ្ឋ។
ធ្លីជួលដែលមានសំណង់ និងមាន ការកាន់កាប់ = Leased Land with Building and Occupancy (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ដីធ្លីដែលស្ថិតនៅក្នុងតំបន់លំនៅឋាន ឬស្ថិតនៅក្នុងតំបន់ដែលមានសកម្មភាពសេដ្ឋកិច្ច ដូចជាតំបន់ ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ជាដើម ហើយដីនោះមានសំណង់ផ្សេងៗដូចជាលំនៅឋាន អគារ ឃ្លាំង។ល។ ដែលបានជួលទាំងដី និងទាំងសំណង់ទៅឱ្យអតិថិជន ដើម្បីយកឈ្នួលប្រចាំខែ ប្រចាំឆ្នាំ ឬក្រោមកិច្ចសន្យាសម្រាប់រយៈពេលវែង។
ដីធ្លីជាកម្មសិទ្ធិរបស់រដ្ឋដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវន្តបុគ្គល ឬរូបវន្តបុគ្គល = State Land Leased to Legal Person or Physical Person (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ដីធ្លីសាធារណៈ ដែលជាកម្មសិទ្ធិរបស់រដ្ឋ ទោះបីមាននៅក្នុងបញ្ជីសារពើភណ្ឌ ឬនៅក្រៅបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋក្តី ដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវន្តបុគ្គលណាមួយ។
ដីធ្លីកសិកម្ម = Agricultural Land (សទ្ទានុក្រមពន្ធដារ)
ដីធ្លីកសិកម្ម ដែលកំពុងបង្កបង្កើនផលកសិកម្ម មានជាអាទិ៍ ដីស្រែ ដីចម្ការ ដីដំណាំកសិ-ឧស្សាហកម្ម ដីកសិដ្ឋានចិញ្ចឹមសត្វ វារីវប្បកម្ម ដីស្រែអំបិល។
ដីកាដំណោះស្រាយ = Closing Order (សទ្ទានុក្រមពន្ធដារ)
ដីកាដំណោះស្រាយ សំដៅដល់ដីកាចេញដោយចៅក្រមស៊ើបសួរដែលអាចជាដីកាបញ្ជូនសំណុំរឿងទៅជំនុំជម្រះ ឬដីកាលើកលែងការចោទប្រកាន់។ ករណីនេះអាចកើតមានឡើងក្នុងស្ថានភាពបទល្មើសពាក់ព័ន្ធនឹងពន្ធដារ។
ដាក់ដើមទុនមិនគ្រប់គ្រាន់ = Under-Capitalization (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់ស្ថានភាពមួយដែលក្រុមហ៊ុន/សហគ្រាសពុំមានទុនគ្រប់គ្រាន់សម្រាប់ធ្វើប្រតិបត្តិការអាជីវកម្ម និងសម្រាប់សងម្ចាស់បំណុល។ ស្ថានភាពនេះ ក៏អាចកើតមានឡើងផងដែរនៅពេលដែលក្រុមហ៊ុន/សហគ្រាសមិនមានលទ្ធភាពបង្កើតរំហូរសាច់ប្រាក់គ្រប់គ្រាន់ ឬមិនមានលទ្ធភាពក្នុងការទទួលបាននូវទម្រង់ហិរញ្ញប្បទាន ដែលមានដូចជាបំណុល ឬមូលធនភាគហ៊ុន។
ឈីបមេម៉ូរី អង្គចងចាំ (មេម៉ូរីឈីប) = Memory Chip (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ឈីប (Chip) ឬមីក្រូឈីប ដែលអាចដោតចូលទៅក្នុងកុំព្យូទ័រដើម្បីផ្តល់លទ្ធភាពដល់ការផ្ទុក ឬរក្សាទុកទិន្នន័យ ឬអាចប្រើសម្រាប់ដំណើរការលេខកូដ ជាដើម។
ជ្រើសរើសសហគ្រាសធ្វើសវនកម្ម = Selection of Audit Case (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់ការជ្រើសរើសសហគ្រាសធ្វើសវនកម្មដោយផ្អែកលើលក្ខណវិនិច្ឆ័យដូចខាងក្រោម៖
-ការវិភាគហានិភ័យ
-លទ្ធផលបានមកពីការផ្ទៀងផ្ទាត់ព័ត៌មាន (Cross Check)
-ព័ត៌មានអំពីប្រភេទពន្ធ ឬវិស័យជាក់លាក់ណាមួយ
-ព័ត៌មានរបស់ក្រុមអ្នកជាប់ពន្ធណាមួយ ដូចជាទីតាំងរបស់សហគ្រាស។ល។
ញាតិ/រង្វង់ញាតិ = Close Relatives (សទ្ទានុក្រមពន្ធដារ)
-ញាតិ/រង្វង់ញាតិ សំដៅដល់ទំនាក់ទំនងជិតស្និទ្ធជាសាច់សាលោហិត និងញាតិពន្ធរវាង៖
-ឳពុកម្ដាយបង្កើត និងកូនបង្កើត
-ប្ដី និងប្រពន្ធ
-បងប្អូនបង្កើត និងបងប្អូនបង្កើត
-យាយ-តា និងចៅបង្កើត
-យាយ-តាក្មេក និងចៅប្រសារ
-ឳពុកម្ដាយក្មេក និងកូនប្រសារ។
ឈ្មោះដែន = Domain Name (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ឈ្មោះសម្រាប់ប្រើប្រាស់ដើម្បីកំណត់អាសយដ្ឋានអ៊ីនធឺណិតនៃសេវូបករណ៍ ដែលផ្សំដោយឈ្មោះអាចជា ព្យញ្ជនៈ ជាស្រៈ ជាលេខ ឬជាសហសញ្ញា ឬជាការផ្គុំរវាង ព្យញ្ជនៈ ស្រៈ លេខ និង/ឬសហសញ្ញា និងអក្សរផ្សេងទៀតហើយបែងចែកដោយសញ្ញា . (dot)។ ឈ្មោះដែនអាចបង្កើតឡើងដោយ៖
ក. ការប្រើប្រាស់ព្យញ្ជនៈ ស្រៈ លេខនិងសហសញ្ញានៅក្នុងតារាង ASCII ដែលហៅកាត់ថាឈ្មោះដែន ASCII។
ខ. ការប្រើប្រាស់ព្យញ្ជនៈ ស្រៈ លេខ និងសហសញ្ញានៃភាសាជាតិរបស់ប្រទេសណាមួយដែលហៅកាត់ថាឈ្មោះដែនអន្តរជាតូបនីយកម្ម (International Domain Name)។
ជំនួយអញ្ញមញ្ញ (ជួយគ្នាទៅវិញទៅមក) = Mutual Assistance (សទ្ទានុក្រមពន្ធដារ)
នៅក្នុងបរិបទនៃសន្ធិសញ្ញាពន្ធ គឺរដ្ឋភាគីនៃកិច្ចព្រមព្រៀងមានកាតព្វកិច្ច ឬមានតួនាទីភារកិច្ចជួយប្រមូលពន្ធពីអ្នកជាប់ពន្ធដែលពាក់ព័ន្ធជូនគ្នាទៅវិញទៅមកដូចមានចែងនៅក្នុងមាត្រា ២៧ នៃគំរូ OECD។
ជំនួញ/ពាណិជ្ជកម្ម ឬធុរកិច្ច/អាជីវកម្ម = Trade or Business (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់សកម្មភាពអាជីវកម្មមួយដែលប្រព្រឹត្តទៅជាប្រចាំ និងបន្តបន្ទាប់ក្នុងគោលដៅទទួលបានប្រាក់ចំណេញតែមិនរាប់បញ្ចូលការជួញដូរមូលបត្ររបស់អ្នកវិនិយោគ។
-ជាសកម្មភាពទិញ លក់ទំនិញ ឬសេវា ដែលត្រូវបានអនុវត្ត ជាប្រចាំក្នុងគោលដៅធ្វើការដោះដូរ និងស្វែងរកផល ចំណេញ។
-ត្រូវបានកំណត់ថាជាអង្គភាព ឬសហគ្រាសអាជីវកម្ម ដែលចូលរួមក្នុងសកម្មភាពពាណិជ្ជកម្ម ឧស្សាហកម្ម ឬវិជ្ជាជីវៈ។ អាជីវកម្មអាចជាអង្គភាពរកប្រាក់ចំណេញ ឬអង្គភាពមិនរកប្រាក់ចំណេញ។ ប្រភេទអាជីវកម្មមានចាប់ពីក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ភាពជាកម្មសិទ្ធិផ្តាច់មុខ សាជីវកម្ម និងសហកម្មសិទ្ធិ ជាដើម។
ជម្រះបញ្ជីបិទក្រុមហ៊ុន = Winding Up (សទ្ទានុក្រមពន្ធដារ)
សំដៅចំពោះការបិទបញ្ចប់កិច្ចការងារអាជីវកម្មដែលរួម បញ្ចូលទាំងការបិទបញ្ចប់ដំណើរការក្រុមហ៊ុនផងដែរ។
ជម្រះបញ្ជីក្រុមហ៊ុន (លក់ទ្រព្យសកម្ម សងបំណុល) = Liquidation (សទ្ទានុក្រមពន្ធដារ)
ជាទូទៅ ជម្រះបញ្ជីក្រុមហ៊ុន សំដៅដល់ដំណើរការនៃការលក់ចេញនូវសារពើភណ្ឌរបស់ក្រុមហ៊ុនជាធម្មតាដោយការបញ្ចុះតម្លៃច្រើន ដើម្បីទទួលបានសាច់ប្រាក់។ ក្នុងករណីភាគច្រើន ការលក់ពីការជម្រះ ឬរំលាយគឺជា បុព្វហេតុនៃការបិទអាជីវកម្ម។ នៅពេលដែលទ្រព្យសម្បត្តិទាំងអស់ត្រូវបានលក់រួចរាល់ហើយ អាជីវកម្មនោះត្រូវបានបិទ។
ជម្រកពន្ធ = Tax Shelter (សទ្ទានុក្រមពន្ធដារ)
-វាក្យសព្ទនេះ សំដៅដល់ឱកាសនៃការរៀបចំ ឬគម្រោងការបែបលក្ខណៈស្របច្បាប់សម្រាប់ទទួលបាននូវការបន្ធូរបន្ថយ ឬការលើកលែងកាតព្វកិច្ចបង់ពន្ធមួយកម្រិតណាមួយឱ្យនៅកម្រិតទាប ឬដើម្បីទទួលបាននូវឱកាសពន្យារពេលបង់ពន្ធ។
-ក្នុងន័យសម្រាយ គេប្រើវាក្យសព្ទនេះសំដៅដល់គម្រោងការបែបលក្ខណៈស្របច្បាប់មួយសម្រាប់ទទួលបាននូវឱកាសចៀសវាង ឬការកាត់បន្ថយបន្ទុកបង់ពន្ធ។
ជនបរទេសជានិវាសនជន = Resident Alien (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់រូបវន្តបុគ្គល ត្រូវបានចាត់ទុកថាជាជនបរទេស ដែលជានិវាសនជននៃប្រទេសមួយ ប្រសិនបើ រូបវន្តបុគ្គលនោះមាននិវាសនដ្ឋាននៅក្នុងប្រទេសនោះ ប៉ុន្តែជាពលរដ្ឋនៃប្រទេសផ្សេងមួយទៀត។
-នៅសហរដ្ឋអាមេរិក ជនបរទេសជានិវាសនជន សំដៅដល់និវាសនជននៅក្នុងសហរដ្ឋអាមេរិកដែលមានកំណើតនៅបរទេស ហើយមិនមែនជាពលរដ្ឋសហរដ្ឋអាមេរិក ឬជានិវាសនជនអចិន្ដ្រៃយ៍ ដែលចាត់ទុកថាជនអន្ដោប្រវេសន៍ស្របច្បាប់នៅក្នុងប្រទេស។
ជញ្ជាំងភ្លើង (ហ្វាយអឺវ៉ល)/ ប្រព័ន្ធការពារ = Firewall (សទ្ទានុក្រមពន្ធដារ)
ក្នុងបរិបទប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន វាក្យសព្ទនេះ សំដៅដល់ប្រព័ន្ធសុវត្ថិភាព ដែលត្រួតពិនិត្យរំហូរទិន្នន័យពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយទៀត ឬពីបណ្តាញកុំព្យូទ័រមួយទៅបណ្តាញកុំព្យូទ័រមួយទៀត ឬពីបណ្តាញអ៊ីនធឺណិតប្រឆាំង នឹងដំណើរការជ្រៀតចូល (Access) ខុសច្បាប់ពីខាងក្រៅ ឬការពារកុំឱ្យមានការខូចខាតដល់ហាដវែរ (Hardware) នៅកន្លែងណាមួយ។
ឆ្លើយតបសារអេឡិចត្រូនិក = Response Email (សទ្ទានុក្រមពន្ធដារ)
នៅក្នុងបរិបទពន្ធដារ សំដៅដល់ការផ្ដល់ចម្លើយ ឬដំណោះស្រាយចំពោះសំណើផ្សេងៗជូនអ្នកជាប់ពន្ធ និងស្ថាប័ននានាពាក់ព័ន្ធនឹងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារតាមរយៈសារអេឡិចត្រូនិក។
ច្រកឡើងអាកាសយាន = Airport Gate (សទ្ទានុក្រមពន្ធដារ)
សម្រាប់កម្មវត្ថុនៃការបង្វិលសងអាករលើតម្លៃបន្ថែម ច្រកឡើងអាកាសយាន សំដៅដល់ច្រកនៃអាកាសយានដ្ឋានអន្តរជាតិ ដែលទេសចរបរទេសត្រូវចាកចេញពីប្រទេសមួយ។
ច្រកផ្លូវ = Alley Road (សទ្ទានុក្រមពន្ធដារ)
-សម្រាប់កម្មវត្ថុនៃការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ច្រកផ្លូវ សំដៅដល់៖
-ផ្លូវទាំងឡាយដែលស្ថិតនៅចន្លោះផ្លូវមេ ឬចន្លោះផ្លូវរណប ដូចជាផ្លូវទាល់ ផ្លូវហ្ស៊ែត (ឌឿងហែម)
-ផ្លូវទាំងឡាយដែលមានលក្ខណៈទ័ល ឬតូចចង្អៀត ស្ថិតនៅចន្លោះផ្លូវមេ ឬចន្លោះផ្លូវរណប។
ច្រកចេញ-ចូលទូទាត់សងប្រាក់ ថ្នាក់ជាតិ = National Payment Gateway (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់ថ្នាលឌីជីថល (Digital) សម្រាប់ បម្រើការទូទាត់សងប្រាក់លើសេវាសាធារណៈ ការប្រមូលចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ ព្រមទាំងធុរកិច្ចឌីជីថលនានា។
ច្បាប់ហិរញ្ញវត្ថុ = Financial Law (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ច្បាប់ដែលមានគ្រោងចំណូល និងចំណាយប្រចាំឆ្នាំរបស់រដ្ឋ បទប្បញ្ញត្តិពាក់ព័ន្ធទៅនឹងវិស័យហិរញ្ញវត្ថុ និងការទូទាត់ផ្សេងៗ ដែលត្រូវបានប្រើប្រាស់សម្រាប់ការអនុវត្តមុខងារ កម្មវិធី និងការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយអនុលោមតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ និងបទប្បញ្ញត្តិស្តីពីវិស័យហិរញ្ញវត្ថុ ដែលច្បាប់កំណត់។
ចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញ = Online Business Registration (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់ការចុះបញ្ជីអាជីវកម្មតាមគេហទំព័រចុះបញ្ជីតាមការកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដើម្បីទទួលបានក្នុងទម្រង់ឌីជីថល (Digital) នូវ៖
-ការចុះបញ្ជីពាណិជ្ជកម្ម ដោយក្រសួងពាណិជ្ជកម្ម
-ការចុះបញ្ជីពន្ធដារ ដោយអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
-ការពិនិត្យ និងទទួលសេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាស ដោយក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ
-ការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ចុះបញ្ជីពន្ធដារជាឯកតោភាគី = Unilateral Tax Registration (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ការចុះបញ្ជីបុគ្គលទាំងឡាយណា ដែលច្បាប់បានកំណត់ឱ្យចុះបញ្ជីហើយពុំបានមកចុះបញ្ជី ឬមិនបានមកចុះបញ្ជីតាមការអញ្ជើញរបស់រដ្ឋបាលសារពើពន្ធ។ ករណីនេះ រដ្ឋបាលសារពើពន្ធមានសិទ្ធិចុះបញ្ជីអ្នកជាប់ពន្ធនោះជាឯកតោភាគី ហើយអាចកំណត់កាលបរិច្ឆេទមាន ប្រសិទ្ធភាពនៃការចុះបញ្ជី និងកំណត់នូវអ្នកតំណាងណាមួយរបស់សហគ្រាសដើម្បីទទួលបន្ទុកកិច្ចការពន្ធដារ។
បញ្ជីពន្ធដារ = Tax Registration (សទ្ទានុក្រមពន្ធដារ)
ចុះបញ្ជីពន្ធដារ សំដៅដល់ការចុះបញ្ជីអ្នកជាប់ពន្ធទាំងឡាយ ដែលប្រកបអាជីវកម្មនៅក្នុងប្រទេស រួមទាំងការប្រកបអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
ចុះឈ្មោះប្រើប្រាស់ ឬទាញយក ផលិតផលឌីជីថលតាមគេហទំព័រ = Subscription to a Website Allowing the Downloading of Digital Products (សទ្ទានុក្រមពន្ធដារ)
គឺជាការផ្គត់ផ្គង់នូវផលិតផលឌីជីថល ដែលផ្តល់នូវសិទ្ធិប្រើប្រាស់ ឬទាញយកផលិតផលឌីជីថល ដែលរក្សាសិទ្ធិជូនអតិថិជន ដែលបានចុះឈ្មោះតាមគេហទំព័ររបស់ខ្លួន។ អតិថិជនបង់ប្រាក់កម្រៃក្នុងរយៈពេលកំណត់ណាមួយ ដើម្បីចូលប្រើប្រាស់គេហទំព័រ ឬផលិតផលឌីជីថលនោះ។ សារប្រយោជន៍ចម្បងរបស់អ្នកប្រើប្រាស់ គឺមានលទ្ធភាព អាចទាញយក និងប្រើប្រាស់នូវផលិតផលឌីជីថលនោះ។
ចំណេះធ្វើ (បំណិន) = Know-How (សទ្ទានុក្រមពន្ធដារ)
សំដៅដល់រាល់ព័ត៌មានបច្ចេកទេសដែលមិនទាន់ចេញផ្សព្វផ្សាយ ទោះបី ត្រូវបានការពារដោយកម្មសិទ្ធិបញ្ញា ឬ មិនត្រូវបានការពារក៏ដោយ។ ព័ត៌មានបច្ចេកទេសទាំងនេះ គឺមានសារសំខាន់សម្រាប់ការផលិតឡើងវិញក្នុងវិស័យឧស្សាហកម្ម នូវផលិតផលណាមួយ ឬនៅក្នុងដំណើរការ នៃការផលិត។ ជាទូទៅ ការទូទាត់សម្រាប់ចំណេះធ្វើអាច ជាកម្មវត្ថុសម្រាប់ពន្ធលើសួយសារ ពោលគឺមានភាពខុសគ្នាពីកិច្ចសន្យាសម្រាប់ការផ្តល់សេវាកម្ម ដែលត្រូវបានលើកឡើងនៅក្នុងវិចារណកថារបស់ OECD (Commentary) នៅមាត្រា ១២។
ចំនួនទឹកប្រាក់ដើម = Principal Amount (សទ្ទានុក្រមពន្ធដារ)
សំដៅដល់តម្លៃដើមនៃកាតព្វកិច្ចមួយ ដូចជាសញ្ញាប័ណ្ណ ឬប្រាក់ខ្ចី ដែលត្រូវសងត្រឡប់ទៅវិញនៅថ្ងៃដល់កំណត់បង់ដោយត្រូវញែកចេញពីការប្រាក់។
ចំណែកចរន្តនៃបំណុលមានការប្រាក់ = Short-Term Borrowing-Current Portion of Interest-Bearing Borrowing (សទ្ទានុក្រមពន្ធដារ)
ចំណែកចរន្តនៃបំណុលមានការប្រាក់ សំដៅដល់ចំនួនទឹកប្រាក់នៃចំណែកប្រាក់ខ្ចីមានការប្រាក់ ដែលមានរយៈពេលមិនលើសពី១២ខែ។
ចំនួនអនុគ្រោះសរុប = Lump-Sum Exempt Amount (សទ្ទានុក្រមពន្ធដារ)
សំដៅដល់កម្រិតនៃចំនួនប្រាក់ចំណូល ឬទ្រព្យសរុបជាក់លាក់មួយដែលមានចំនួនកំណត់សម្រាប់ជាមូលដ្ឋានដល់ការផ្តល់ការលើកលែងពន្ធ។
ចំណេញមូលធនក្នុងរយៈពេលវែង = Long-Term Capital Gains (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់ចំណេញដែលកើតចេញពីការលក់ទ្រព្យវិនិយោគ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ហើយដែលជាកម្មសិទ្ធិអស់រយៈពេលលើសពី ១២ខែ មុនពេលលក់។
-ជាទូទៅ នៅក្នុងប្រទេសដែលមានការកំណត់ឱ្យជាប់ពន្ធលើចំណេញមូលធនបែបលក្ខណៈពិសេសណាមួយនោះ គេធ្វើការបែងចែករវាងចំណេញមូលធនក្នុងរយៈពេលខ្លី និងចំណេញមូលធនក្នុងរយៈពេលវែង ដោយហេតុថា ចំណេញមូលធនដែលទទួលបានក្នុងរយៈពេលវែងអាចត្រូវគេយកពន្ធក្នុងអត្រាកាត់បន្ថយណាមួយ។
-ប្រកាសលេខ ៣៤៦ សហវ.ប្រក ចុះថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីចំណេញមូលធនបានផ្តល់និយមន័យចំណេញមូលធន គឺជាប្រាក់ ចំណូលជាប់ពន្ធដែលបានពីការយកចំណូលពីការលក់ ឬផ្ទេរមូលធន ដកការកាត់កងចំណាយដែលអនុញ្ញាត។
ចំណេញដុល = Gross Profit (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ចំណេញដែលសម្រេចបានពីចំណូលលើការផ្គត់ផ្គង់ទំនិញ ឬសេវាក្នុងពេលជាក់លាក់មួយរបស់សហគ្រាសបន្ទាប់ពីបានដកថ្លៃដើមនៃទំនិញ ឬសេវាទាំងនោះចេញ។ សម្រាប់កម្មវត្ថុនៃពន្ធ វាក្យសព្ទនេះ សំដៅដល់ផលដករវាងចំណូលដុល និងថ្លៃដើម។
ចំណេញមូលធនក្នុងរយៈពេលខ្លី = Short-Term Capital Gains (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់ចំណេញមូលធនដែលកើតចេញពីការលក់ចេញទ្រព្យសកម្មដែលបានកាន់កាប់ក្នុងរយៈពេលខ្លីណាមួយ។
ចំណេញមូលធន = Capital Gains (សទ្ទានុក្រមពន្ធដារ)
ក្នុងបរិបទពន្ធដារកម្ពុជា វាក្យសព្ទនេះ សំដៅដល់ប្រាក់ចំណូលជាប់ពន្ធ ដែលបានពីការយកចំណូលពីការលក់ ឬផ្ទេរ មូលធន (ដែលជាទ្រព្យ ៦ ប្រភេទរួមមាន អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយប័ណ្ណបរទេស) ដកការកាត់កងចំណាយ ដែល អនុញ្ញាត។
ចំណេញនៅសល់ = Residual Profit (សទ្ទានុក្រមពន្ធដារ)
ចំណេញនៅសល់ សំដៅដល់ចំណេញដែលនៅសល់បន្ទាប់ពីការញែកចេញនូវចំណេញមូលដ្ឋាន ដែលជាចំណេញបានមកពីការផលិត ឬចែកចាយទំនិញ ឬការផ្គត់ផ្គង់សេវា ដោយមិនគិតបញ្ចូលនូវចំណេញដែលទាក់ទិននឹងទ្រព្យអរូបីផ្សេងៗ។
ចំណូលអកម្ម = Passive Income (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ចំណូលដែលអ្នកទទួលបានដោយមិនបានចូលរួមក្នុងសកម្មភាពដោយផ្ទាល់ណាមួយ ដើម្បីបង្កើតចំណូលចម្បងអាជីវកម្ម។ ចំណូលអកម្មនេះមានជាអាទិ៍ ចំណូលពីភាគលាភ ការប្រាក់ ថ្លៃជួល សួយសារ។ល។
ចំណេញ ឬខាតសម្រេចបាន = Realized Gain/Loss (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ចំណេញ ឬខាត ដែលសម្រេចបានបន្ទាប់ពីការបញ្ចេញទ្រព្យសម្បត្តិណាមួយ។
ចំណូលសមមូលពន្ធ = Tax Equivalent Income (សទ្ទានុក្រមពន្ធដារ)
ជាប្រភេទចំណូលលើកលែងមិនបង់ពន្ធសម្រាប់គោលបំណងប្រៀបធៀបត្រូវបានបង្កើនដោយបរិមាណមួយស្មើនឹងចំនួនពន្ធដែលនឹងត្រូវបង់ ប្រសិនបើចំណូលនេះបានគិតពន្ធពេញលេញ។
ចំណូលសុទ្ធក្រៅពីការប្រាក់ = Net Non Interest Income (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ប្រាក់ចំណូលដុលក្រៅពីចំណូលការប្រាក់ដក ខ្ទង់ចំណាយនានា ដែលអនុញ្ញាតឱ្យផាត់ចេញ លើកលែងតែចំណាយការប្រាក់។
ចំណូលសារពើពន្ធ = Tax Revenues (សទ្ទានុក្រមពន្ធដារ)
ចំណូលសារពើពន្ធ សំដៅដល់ចំណូលដែលរដ្ឋាភិបាលទទួលបានពីការបង់ពន្ធ-អាករក្នុងប្រទេស និងពន្ធ-អាករលើពាណិជ្ជកម្មក្រៅប្រទេស និងចំណូលសារពើពន្ធដទៃទៀត។ នៅប្រទេសកម្ពុជា ចំណូលពន្ធ-អាករក្នុងស្រុក និងលើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចំពោះទំនិញឌីជីថល (Digital Goods) និងសេវាឌីជីថល (Digital Services) ប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ និងចំណូលពន្ធ-អាករលើពាណិជ្ជកម្មក្រៅប្រទេសប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ចំណូលសារពើពន្ធទាំងនេះ គឺបង់ចូលថវិកាជាតិសម្រាប់ទ្រទ្រង់ការចំណាយលើប្រតិបត្តិការរបស់ក្រសួង-ស្ថាប័នរដ្ឋ ការដ្ឋានកំណែទម្រង់ទាំងឡាយ ការកសាង ការស្ថាបនា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ចជាតិ។
ចំណូលពីគ្រប់ប្រភព = Worldwide Income (សទ្ទានុក្រមពន្ធដារ)
ជាលក្ខខណ្ឌនៃកាតព្វកិច្ចសារពើពន្ធរបស់អ្នកជាប់ពន្ធនិវាសនជនដែលជានីតិបុគ្គល ឬរូបវន្តបុគ្គលនៅក្នុងប្រទេសជាក់លាក់ណាមួយ។ នៅក្នុងប្រទេសជាច្រើន អ្នកជាប់ពន្ធនិវាសនជនដែលជានីតិបុគ្គល ឬរូបវន្តបុគ្គលត្រូវជាប់ពន្ធលើប្រាក់ចំណូលសាជីវកម្ម ឬប្រាក់ចំណូលរូបវន្ដបុគ្គលពីគ្រប់ប្រភព ប៉ុន្តែត្រូវទទួលបាននូវការអនុគ្រោះពន្ធលើ ពន្ធត្រួតគ្នា។
ចំណូលសន្មត = Imputed Income (សទ្ទានុក្រមពន្ធដារ)
សំដៅដល់អត្ថប្រយោជន៍សេដ្ឋកិច្ច ដែលអ្នកជាប់ពន្ធទទួលបានតាមរយៈការផ្តល់សេវាកម្មដោយខ្លួនឯង ឬតាមរយៈការប្រើប្រាស់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
ចំណូលពីការជួល = Rental Income (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ចំណូលដែលបានទទួល ឬត្រូវទទួលពីការជួល ឬភតិសន្យានៃទ្រព្យសកម្មរយៈពេលវែង។
ចំណូលមិនមែនសារពើពន្ធ = Non-Tax Revenue (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់៖
-ចំណូលបានមកពីការចាត់ចែង ការធ្វើអាជីវកម្ម និងការលក់ទ្រព្យសម្បត្តិរដ្ឋ ផលបានមកពីសម្បទាន កម្រៃបានមកពី សេវាសាធារណៈ ផលពីការពិន័យ និងការដាក់ទណ្ឌកម្ម ការឧបត្ថម្ភអំណោយ ផលហិរញ្ញវត្ថុ ផលផ្សេងៗ និងផលពិសេស និងចំណូលមិនមែនសារពើពន្ធដទៃទៀត
-ចំណូលពីផលទុននៃទ្រព្យសម្បត្តិក្រុង-ស្រុក គឺជាចំណូលទទួលបានពីការជួល និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលក្រុង-ស្រុក ផលនៃសម្បទាន ផលទុនពីសហគ្រាសរបស់រដ្ឋបាលក្រុង-ស្រុក និងផលទុនពីទ្រព្យសម្បត្តិផ្សេងៗទៀត
-ផលទុនពីសេវា គឺជាចំណូលទទួលបានពីសេវារដ្ឋបាល សេវាសុរិយោដី សេវាផ្ដល់អាជ្ញាប័ណ្ណធុរកិច្ច សេវាសំណង់ និងសេវាផ្សេងទៀត
-ចំណូលពីការផាកពិន័យ និងការដាក់ទណ្ឌកម្ម គឺជាចំណូលទទួលបានពីការផាកពិន័យ ការដាក់ទណ្ឌកម្ម និងចំណូល ដែលរដ្ឋបាលក្រុង-ស្រុកបានចូលរួមក្នុងការបង្រ្កាបបទល្មើសផ្សេងៗទៀត
-ចំណូលពីឧបត្ថម្ភកធន ឬអំណោយ គឺជាចំណូលទទួលបានពីឧបត្ថម្ភកធនពីរដ្ឋគ្មានភ្ជាប់លក្ខខណ្ឌ (ការផ្ទេរពីមូលនិធិ ក្រុង-ស្រុក) ឧបត្ថម្ភកធនពីរដ្ឋ មានភ្ជាប់លក្ខខណ្ឌឧបត្ថម្ភ កធន ពីក្រសួងនានា (មុខងារប្រតិភូកម្ម) ឧបត្ថម្ភកធនពីខេត្ត ចំណូលពីការអនុវត្តមុខងារជាភ្នាក់ងារបដិភាគពីប្រជាពលរដ្ឋ សប្បុរសជន ចំណូលឧបត្ថម្ភពីប្រភពផ្សេងៗ
-ចំណូលផ្សេងទៀត៖ ចំណូលទទួលបានពីការលក់ឡាយឡុង (ប្រភេទដេញថ្លៃ) ចលនវត្ថុ និងអចលនវត្ថុ ដែលលែងត្រូវការប្រើប្រាស់ និងចំណូលផ្សេងៗទៀត។
ចំណូលពីសកម្មភាពអាជីវកម្ម = Revenues from Business Activities (សទ្ទានុក្រមពន្ធដារ)
ជាចំណូលដែលបានមកពីការផ្គត់ផ្គង់ទំនិញ ឬសេវា ដែលជាសកម្មភាពអាជីវកម្ម ដែលមានបញ្ជាក់នៅលើប័ណ្ណបង់ពន្ធប៉ាតង់របស់សហគ្រាស។ ចំណូលនេះ រួមបញ្ចូលទាំងការទទួលស្គាល់ចំណូលដែលកើតអំពីការយកទំនិញ ឬសេវាសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់ផងដែរ។
ចំណូលពីភាគលាភ = Dividends Income (សទ្ទានុក្រមពន្ធដារ)
គឺជាចំណូលភាគលាភដែលបានទទួល ឬត្រូវទទួលពីការវិនិយោគនៅក្នុងសហគ្រាសដទៃ។
ចំណូលពីការវិនិយោគ = Investment Income (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ប្រាក់ចំណូលដែលទទួលបានពីការដាក់ទុនវិនិយោគក្នុងរូបភាពជាសាច់ប្រាក់ក្តី ឬជាទ្រព្យសម្បត្តិផ្សេងៗក្តីទៅលើទ្រព្យសកម្មសម្រាប់បង្កើតប្រាក់ចំណូល ឬក្នុងការបណ្តាក់ទុនដើម្បីរកប្រាក់ចំណេញដោយគ្មានការចូលរួមក្នុងសកម្មភាពអាជីវកម្ម ឬសកម្មភាពគ្រប់គ្រង ដើម្បីបង្កើត ប្រាក់ចំណូលនៃការបណ្តាក់ទុននោះទេ។
ចំណូលបន្ទាប់បន្សំដទៃទៀត = Other Subsidiary Revenues (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ចំណូលបន្ទាប់បន្សំ ដែលមិនត្រូវបានចាត់ទុកថាជាគម្រោងដោយឡែករបស់សហគ្រាស មានជាអាទិ៍ ចំណូលពីអចលនទ្រព្យ ចំណូលពីមូលបត្រ និងភាគហ៊ុន ចំណូលពីឥណទេយ្យ ប្រាក់ធានា គណនីសន្សំ គណនីចរន្ត សួយសារ ចំណូលពីភាគលាភ អំណោយ និងឧបត្ថម្ភកធន និងចំណូលបន្ទាប់បន្សំប្រហាក់ប្រហែលដទៃទៀត។