Posted on Leave a comment

និយោជិតនិវាសនជន = Resident Employee (សទ្ទានុក្រមពន្ធដារ)

សំដៅដល់រូបវន្តបុគ្គលដែលមាននិវាសនដ្ឋាន ឬមានកន្លែងស្នាក់នៅជាគោលដើមនៅក្នុងប្រទេសជាក់លាក់ណាមួយ ឬដែលមានវត្តមាននៅក្នុងប្រទេសជាក់លាក់ណាមួយលើសពីកាលកំណត់ជាធរមាន។ សម្រាប់បរិបទកម្ពុជា គឺលើសពី១៨២ថ្ងៃនៅក្នុងរយៈពេល១២ខែណាមួយ ដែលបានបញ្ចប់ក្នុងឆ្នាំជាប់ពន្ធចរន្ត។

Posted on Leave a comment

និយ័តកម្មបំពេញបន្ថែម = Compensating Adjustment (សទ្ទានុក្រមពន្ធដារ)

វាក្យសព្ទនេះ សំដៅដល់ការកែតម្រូវជាក់លាក់ណាមួយ ដែលនៅក្នុងនោះអ្នកជាប់ពន្ធបានរាយការណ៍អំពីវិធីសាស្ត្រផ្ទេរថ្លៃសម្រាប់កម្មវត្ថុនៃសារពើពន្ធ ហើយនៅក្នុងគំនិតរបស់អ្នកជាប់ពន្ធ គឺជាថ្លៃជំហោងដៃសម្រាប់ប្រតិបត្តិការដែលមានការរៀបចំទុកនេះ បើទោះបីជាថ្លៃនេះខុសពីថ្លៃជាក់ស្តែងដែលបានគិតរវាងសហគ្រាសទាក់ទិនក៏ដោយ។ ការកែតម្រូវនេះ ត្រូវធ្វើឡើងមុនការដាក់លិខិតប្រកាស។

Posted on Leave a comment

នាឡិកាវិភាគសារធាតុរាវ = Conductivity Meter (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ឧបករណ៍ដើរដោយចរន្តអគ្គិសនីដែលអាច ញែកឱ្យដឹងពីភាពខុសគ្នារវាងស្រាបៀរ ភេសជ្ជៈគ្មានជាតិ សុរា និងសារធាតុរាវដទៃទៀតដែលហូរកាត់បំពង់ទុយោដូចជាទឹក ទឹកសាប៊ូលាងធុង ជាដើម។

Posted on Leave a comment

នាឡិកាវាស់ចំណុះ = Flowmeter (សទ្ទានុក្រមពន្ធដារ)

នាឡិកាវាស់ ចំណុះ សំដៅដល់ឧបករណ៍ដើរដោយចរន្ត អគ្គិសនីសម្រាប់វាស់រំហូរនៃបរិមាណរបស់សារធាតុរាវសរុបដែលហូរកាត់តាមបំពង់ទុយោពីធុងស្តុកស្រាបៀរ ឬភេសជ្ជៈគ្មានជាតិសុរាច្រោះរួចទៅកាន់ខ្សែច្រវាក់ផលិតកម្មវេចខ្ចប់។

Posted on Leave a comment

និយោជក = Employer (សទ្ទានុក្រមពន្ធដារ)

និយោជក សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានជួលបុគ្គលិក/មន្រ្តីសម្រាប់បម្រើការងារ។ នៅក្នុងច្បាប់ស្តីពី សារពើពន្ធពាក្យនិយោជក សំដៅដល់ស្ថាប័នរដ្ឋ នីតិបុគ្គល និវាសនជន ក្រុមហ៊ុនសហកម្មសិទ្ធិនិវាសនជន គ្រឹះស្ថានអចិន្រ្តៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា អង្គការមិនស្វែងរកប្រាក់ចំណេញ ឬរូបវន្តបុគ្គលនិវាសនជនដែលប្រកប អាជីវកម្ម ជាដើម។

Posted on Leave a comment

ធ្វេសប្រហែលធ្ងន់ធ្ងរ (កាតព្វកិច្ចបង់ពន្ធ) = Serious Negligence (សទ្ទានុក្រមពន្ធដារ)

នៅក្នុងបរិបទពន្ធដារ ធ្វេសប្រហែសធ្ងន់ធ្ងរ (កាតព្វកិច្ច បង់ពន្ធ) សំដៅដល់ការធ្វេសប្រហែសដែលធ្វើឱ្យប្រាក់ពន្ធ ដែលបានបង់មានចំនួនតិចជាងប្រាក់ពន្ធដែលបានកំណត់ដោយបទប្បញ្ញត្តិស្តីពីពន្ធដារលើសពី១០%។

Posted on Leave a comment

ធ្វើបច្ចុប្បន្នភាព និងបន្ថែមមុខងារថ្មីៗទៅលើកម្មវិធីកុំព្យូទ័រ (សូហ្វវែរ) = Updates and Add-On Software Simultaneous Tax Audit (សទ្ទានុក្រមពន្ធដារ)

សំដៅដល់អ្នកផ្គត់ផ្គង់កម្មវិធីកុំព្យូទ័រ (សូហ្វវែរ-Software) ឬទំនិញឌីជីថល (Digital) ផ្សេងទៀតយល់ព្រមផ្តល់ជូនអតិថិជននូវការធ្វើបច្ចុប្បន្នភាព (Updates) និងបន្ថែមមុខងារថ្មីៗ (Add-ons) ទៅលើកម្មវិធីកុំព្យូទ័រ (សូហ្វវែរ- Software) ដោយពុំមានកិច្ចព្រមព្រៀងដើម្បីផលិតកម្មវិធី ធ្វើបច្ចុប្បន្នភាព ឬបន្ថែមមុខងារជាក់លាក់ណាមួយសម្រាប់ឱ្យអតិថិជននោះទេ។ អតិថិជនពុំមានសិទ្ធិប្រើប្រាស់ ឬធ្វើអាជីវកម្មនូវកម្មសិទ្ធិបញ្ញាលើផលិតផលឌីជីថល ឬបន្ថែមមុខងារថ្មីៗក្នុងគោលបំណងនៃការធ្វើពាណិជ្ជកម្មនោះទេ។

Posted on Leave a comment

ធ្វើតេស្តអនុលោមភាព = Compliance Testing/Conformance Testing/Regulation Testing/ Standard Testing (សទ្ទានុក្រមពន្ធដារ)

នេះជាប្រភេទវិធីសាស្រ្តនៃការធ្វើតេស្តប្រព័ន្ធអ្វីមួយ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឱ្យបានដឹងច្បាស់ថាប្រព័ន្ធនោះពិតជាមាន អនុលោមភាពស្របតាមស្តង់ដារផ្ទៃក្នុង និងស្តង់ដារខាងក្រៅជាក់លាក់ពិតប្រាកដមែន។

Posted on Leave a comment

ធ្វើសវនកម្មព្រមគ្នា = Simultaneous Tax Audit Simultaneous Tax Audit

ការធ្វើសវនកម្មព្រមគ្នា សំដៅដល់ការរៀបចំរវាងភាគីពីរ ឬច្រើនក្នុងការធ្វើសវនកម្មក្នុងពេលតែមួយជាមួយគ្នា និងឯករាជ្យពីគ្នានៅក្នុងដែនយុត្តាធិការរៀងៗខ្លួនទៅលើកិច្ចការពន្ធដាររបស់អ្នកជាប់ពន្ធតែមួយ ឬទាក់ទិនគ្នាក្នុងគោលបំណងផ្តោះប្តូរគ្នានូវរាល់ព័ត៌មានពាក់ព័ន្ធដែលទទួលបាន។

Posted on Leave a comment

ធ្វើតេស្តលម្អិត = Substantive Testing (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃការធ្វើសវនកម្មការធ្វើតេស្តលម្អិត សំដៅ ដល់ដំណើរបែបបទនៃការត្រួតពិនិត្យឱ្យបានលម្អិត និងគ្រប់ជ្រុងជ្រោយលើប្រតិបត្តិការ របាយការណ៍ហិរញ្ញវត្ថុ និងឯកសារពាក់ព័ន្ធនានា ដើម្បីស្វែងយល់ថាតើមានចំណុចមិនប្រក្រតីពិតមែន ឬយ៉ាងណា។ ការធ្វើតេស្តលម្អិតនេះ គឺជាការចាំបាច់សម្រាប់បង្កើតបានជាភស្តុតាងពិតប្រាកដថារបាយការណ៍ហិរញ្ញវត្ថុ និងឯកសារពាក់ព័ន្ធនានារបស់ នីតិបុគ្គលពិតជាមានលក្ខណៈពេញលេញមានសុពលភាព និងជាក់លាក់ត្រឹមត្រូវពិតប្រាកដមែន។

Posted on Leave a comment

ធុរកិច្ចឌីជីថល = Digital Business (សទ្ទានុក្រមពន្ធដារ)

ធុរកិច្ចឌីជីថល សំដៅដល់ធុរកិច្ចដែលមានអាជីវកម្មចម្បង ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ឬផ្តល់សេវាឌីជីថល ឬបង្កើតផលិតផលជាបច្ចេកវិទ្យាឌីជីថល។

Posted on Leave a comment

ធានារ៉ាប់រងទូទៅ = General insurance (សទ្ទានុក្រមពន្ធដារ)

ជាប្រភេទកិច្ចសន្យាធានារ៉ាប់រងដែលធ្វើឡើងរវាងអ្នកត្រូវបានធានារ៉ាប់រង និងសហគ្រាសធានារ៉ាប់រងដែលក្នុងនោះការបង់បុព្វលាភធានារ៉ាប់រងត្រូវធ្វើឡើង ដើម្បីធានាហានិភ័យលើទ្រព្យសម្បត្តិ និងសុខភាព។

Posted on Leave a comment

ធានារ៉ាប់រងបន្ត = Reinsurance (សទ្ទានុក្រមពន្ធដារ)

សំដៅដល់កិច្ចប្រតិបត្តិការធានារ៉ាប់រងដែលសហគ្រាសធានារ៉ាប់រងដើមត្រូវបានធានារ៉ាប់រងដោយសហគ្រាស ធានារ៉ាប់រងផ្សេងទៀតដើម្បីធានារ៉ាប់រងបន្តមួយផ្នែក ឬទាំងស្រុងនូវហានិភ័យដែលសហគ្រាសធានារ៉ាប់រងដើមបានចុះកិច្ចសន្យាធានារ៉ាប់រង។

Posted on Leave a comment

ធានារ៉ាប់រងជីវិត = Life insurance (សទ្ទានុក្រមពន្ធដារ)

សំដៅដល់កិច្ចសន្យាធានារ៉ាប់រងលើជីវិតដែលធ្វើឡើងរវាង អ្នកត្រូវបានធានារ៉ាប់រង និងសហគ្រាសធានារ៉ាប់រងដែល ក្នុងនោះ ការបង់បុព្វលាភធានារ៉ាប់រងត្រូវធ្វើឡើង ដើម្បីធានាទៅលើការ ស្លាប់ ឬលើការរស់នៅមានជីវិតដោយអាច រួមបញ្ចូលទាំងការ ធានារ៉ាប់រងលើគ្រោះថ្នាក់របស់បុគ្គល ជំងឺធ្ងន់ធ្ងរ ឬជំងឺទូទៅ។ ប្រភេទផលិតផលធានារ៉ាប់រងលើជីវិតមានដូចជាការធានារ៉ាប់រងដែលមានកាលកំណត់ ការធានារ៉ាប់រងមួយជីវិតកាលការធានារ៉ាប់រងទាយជ្ជទាន និងការធានារ៉ាប់រងធនលាភ ជាដើម។

Posted on Leave a comment

ធានារ៉ាប់រង = Insurance (សទ្ទានុក្រមពន្ធដារ)

សំដៅដល់កិច្ចសន្យាធានារ៉ាប់រងដែលធ្វើឡើងរវាងសហគ្រាសធានារ៉ាប់រង និងអ្នកត្រូវបានធានារ៉ាប់រងដោយតម្រូវ ឱ្យអ្នកត្រូវបានធានារ៉ាប់រង បង់បុព្វលាភធានារ៉ាប់រងទៅឱ្យសហគ្រាសធានារ៉ាប់រង ហើយសហគ្រាសធានារ៉ាប់រងត្រូវផ្ដល់សំណងដល់ការខូចខាត ឬការបាត់បង់ទ្រព្យសម្បត្តិដែលបង្កឡើងដោយហេតុការណ៍គ្រោះថ្នាក់ ឬក៏ផ្ដល់សំណង នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងស្លាប់ របួស ពិការ មានជំងឺ ឬនៅពេលដែលបុគ្គលនោះឈានដល់កាលកំណត់ ណាមួយដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ដូចមានចែងក្នុងកិច្ចសន្យាធានារ៉ាប់រង។

Posted on Leave a comment

ធាតុពិតលើទម្រង់ច្បាប់គោលលទ្ធិ = Substance Over Form Doctrine(សទ្ទានុក្រមពន្ធដារ)

សំដៅដល់លទ្ធិដែលអាចអនុញ្ញាតឱ្យអាជ្ញាធរពន្ធដារមិនអើពើទៅលើទម្រង់ឯកសារផ្លូវច្បាប់ដោយធ្វើការពិនិត្យមើលទៅលើធាតុពិតជាក់ស្តែងវិញ ដើម្បីការពារកុំឱ្យមានទម្រង់រៀបចំឡើងណាមួយដោយចេតនាក្នុងគោលបំណងគេចវេះពន្ធ។

Posted on Leave a comment

ធាតុចូលផលិតកម្ម = Production Input (សទ្ទានុក្រមពន្ធដារ)

វាក្យសព្ទនេះ សំដៅដល់វត្ថុធាតុដើម និងវត្ថុធាតុបន្ទាប់បន្សំសម្រាប់បម្រើផលិតកម្ម ដែលត្រូវបានបំប្លែង ឬត្រូវបានប្រើប្រាស់យ៉ាងពេញលេញនៅក្នុងកិច្ចដំណើរការផលិតកម្ម។

Posted on Leave a comment

ធនាគារនៅក្រៅប្រទេស = Offshore Bank (សទ្ទានុក្រមពន្ធដារ)

-ធនាគារនៅក្រៅប្រទេស គឺជាប្រភេទធនាគារដែលស្ថិត ក្រោមបទប្បញ្ញត្ដិនៃអាជ្ញាប័ណ្ណធនាគារអន្ដរជាតិ ដែលជាធម្មតាមានការហាមឃាត់ធនាគារមិនឱ្យបង្កើតសកម្មភាព អាជីវកម្មណាមួយនៅក្នុងយុត្តាធិការនៃការបង្កើតធនាគារនោះ។
-អាជីវកម្មចម្បងនៃធនាគារនៅក្រៅប្រទេស អាចមានដូចជា ការខ្ចីរូបិយប័ណ្ណបរទេសសម្រាប់ដាក់ប្រាក់បញ្ញើ ដោយអនិវាសនជននៅក្រៅប្រទេស និងផ្តល់ប្រាក់ខ្ចីមកវិញជា រូបិយប័ណ្ណបរទេសទៅឱ្យអ្នកជាប់ពន្ធអនិវាសនជនផ្សេងទៀត។ ប្រទេសមួយចំនួនមានរបបពន្ធដារពិសេសសម្រាប់ប្រភេទធនាគារនៅក្រៅប្រទេស។

Posted on Leave a comment

ធាតុចូល = Input (សទ្ទានុក្រមពន្ធដារ)

-សំដៅចំពោះអ្វីៗដែលត្រូវបានដាក់បញ្ចូលទៅក្នុងដំណើរការអ្វីមួយ ឬក្នុងប្រព័ន្ធអ្វីមួយ។
-សម្រាប់កម្មវត្ថុនៃមូលដ្ឋានគិតពន្ធ-អាករធាតុចូលសំដៅដល់តម្លៃទំនិញ ឬសេវាដែលបានទិញចូល។

Posted on Leave a comment

ធនធានរ៉ែ = Mineral (សទ្ទានុក្រមពន្ធដារ)

ធនធានរ៉ែ សំដៅដល់សារធាតុទាំងឡាយទោះជាក្នុងទម្រង់ សារធាតុរឹង រាវ និងឧស្ម័ន ដែលកកើតឡើងដោយធម្មជាតិតាមដំណើរវិវត្តន៍ភូកព្ភសាស្ត្រ ឬជាលទ្ធផលនៃការជីកយកពីក្នុងដី លើដី ក្នុងសមុទ្រ ក្រោមបាតសមុទ្រ មានជាអាទិ៍ ត្បូងថ្ម ធ្យូងថ្ម រ៉ែអលោហៈ រ៉ែលោហៈ ទឹកខនិជ ថ្ម ក្រួស ខ្សាច់ និងដីឥដ្ឋ។

Posted on Leave a comment

ធនាគារសម្រាប់សម្ព័ន្ធក្រុមហ៊ុន = Captive Bank (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ស្ថាប័នហិរញ្ញវត្ថុជាបុត្រសម្ព័ន្ធ ដែលគ្រប់គ្រងទាំងស្រុង ឬមួយផ្នែកដោយសម្ព័ន្ធក្រុមហ៊ុនពហុជាតិ ដែលមានគោលបំណងផ្តល់សេវាធនាគារ និងសេវាហិរញ្ញវត្ថុ ដល់សហគ្រាសស្ថិតនៅក្នុងសម្ព័ន្ធ ឬសហគ្រាសដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយសម្ព័ន្ធនោះ។ ជាទូទៅស្ថាប័នហិរញ្ញវត្ថុប្រភេទនេះមានទីតាំងនៅក្នុងប្រទេស ដែលមានអត្រាពន្ធទាប ដើម្បីទទួលផលពីការតម្រូវដើមទុនទាប និងរួចផុតពីការគ្រប់គ្រងលើព័ត៌មានអំពីការផ្ទេរហិរញ្ញវត្ថុពីសំណាក់អាជ្ញាធរ។

Posted on Leave a comment

ទ្រព្យសម្បត្តិ = Property (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ទ្រព្យគ្រប់ប្រភេទ ដែលមានដូចជា ចលនទ្រព្យ ឬអចលនទ្រព្យ ទ្រព្យរូបី ឬទ្រព្យអរូបី និងឯកសារ ឬឧបករណ៍គតិយុត្ត ដែលជាភស្តុតាងនៃកម្មសិទ្ធិ ឬអត្ថប្រយោជន៍លើទ្រព្យទាំងនេះ។ ទ្រព្យសម្បត្តិមានរួមបញ្ចូល ទ្រព្យសម្បត្តិជំនួសរបស់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលមាន តម្លៃស្មើនឹងទ្រព្យសម្បត្តិ ដែលជាកម្មវត្ថុនៃការបង្កក ការឃាត់ទុក និងការរឹបអូស។

Posted on Leave a comment

ធនធានឌីជីថល = Digital Assets (សទ្ទានុក្រមពន្ធដារ)

សំដៅដល់រាល់សម្ភារឌីជីថល មានជាអាទិ៍ អត្ថបទ ក្រាហ្វិក អូឌីយ៉ូ និងវីដេអូចលនាស្ថិតក្នុងទម្រង់ឌីជីថល ដែលគ្រប់គ្រងដោយបុគ្គល ឬសហគ្រាស។

Posted on Leave a comment

ទ្រព្យអរូបីទីផ្សារ = Marketing Intangible Assets (សទ្ទានុក្រមពន្ធដារ)

ទ្រព្យអរូបីទីផ្សារ សំដៅដល់តម្លៃបន្ថែមលើទ្រព្យ ដោយគិតពីកិត្តិនាម ទីតាំងភូមិសាស្ត្រ ចំណែកទីផ្សារ ទំហំនៃការផ្គត់ផ្គង់។ល។

Posted on Leave a comment

ទ្រព្យសកម្មសុទ្ធ= Net Assets (សទ្ទានុក្រមពន្ធដារ)

សំដៅដល់តម្លៃពិតនៃទ្រព្យសកម្មសរុប ដកផលបូកនៃខ្ទង់នានាខាងគណនីបំណុលដែលក្នុងនោះមានឥណទេយ្យតតិយជន (បំណុលរយៈពេលវែង ឬខ្លី) និងសំវិធានធនដែលបានបង្កើតឡើងដោយស្របច្បាប់។

Posted on Leave a comment

ទ្រព្យសកម្មរូបីដែលអាចរំលស់បាន = Depreciable Tangible Assets (សទ្ទានុក្រមពន្ធដារ)

ទ្រព្យសកម្មរូបីដែលអាចរំលស់បាន សំដៅដល់ទ្រព្យសកម្ម រូបីប្រើប្រាស់ក្នុងអាជីវកម្ម ដែលតែងតែបាត់បង់តម្លៃដោយការប្រើប្រាស់ ឬភាពហួសសម័យ។ ក្នុងន័យនេះ ដីធ្លីមិនមែនជាទ្រព្យសកម្មអាចរំលស់បានទេ។

Posted on Leave a comment

ទ្រព្យសកម្មអរូបី = Intangible Assets (សទ្ទានុក្រមពន្ធដារ)

ទ្រព្យសកម្មអរូបី សំដៅដល់ទ្រព្យទាំងឡាយណា ដែលមិនមែនជាទ្រព្យរូបវន្ត ឬទ្រព្យហិរញ្ញវត្ថុ។ ទ្រព្យអរូបីអាចត្រូវបានកាន់កាប់ ឬគ្រប់គ្រងសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពអាជីវកម្ម។ បុគ្គលដែលមានលទ្ធភាពជាម្ចាស់ ឬអ្នកគ្រប់គ្រង ឬអ្នកប្រើប្រាស់ ឬទទួលសិទ្ធិប្រើប្រាស់នូវទ្រព្យអរូបីនោះនឹងត្រូវទទួលបានមកវិញនូវផលប្រយោជន៍សេដ្ឋកិច្ច ក្នុងលក្ខខណ្ឌដែលប្រតិបត្តិការត្រូវបានធ្វើឡើងរវាងសហគ្រាសឯករាជ្យ ក្នុងកាលៈទេសៈដែលអាចប្រៀបធៀបបាន។ ទ្រព្យអរូបី ជាអាទិ៍មាន ប្រកាសនីយបត្រតក្កកម្ម ចំណេះដឹង ឬចំណេះធ្វើពាណិជ្ជសញ្ញា ពាណិជ្ជនាម សិទ្ធិចម្លង រចនាបថដែលបានចុះបញ្ជី សិទ្ធិប្រើប្រាស់អាជ្ញាប័ណ្ណ ស្នាដៃអក្សរសាស្រ្ត និងសិល្បៈ និងទ្រព្យប្រហាក់ប្រហែលផ្សេងទៀត ដែលមានតម្លៃជាកម្មសិទ្ធិបញ្ញា ឬអរូបីផ្សេងៗមាន ដូចជា ពាណិជ្ជសញ្ញា និងពាណិជ្ជនាម ជាដើម ដែលត្រូវបានកំណត់ថាជាទ្រព្យអរូបីទីផ្សារ។ ដោយឡែក ប្រកាសនីយបត្រតក្កកម្មដែលជានិច្ចកាលកើតឡើងតាមរយៈការស្រាវជ្រាវ និងអភិវឌ្ឍន៍ដែលមានហានិភ័យ និងចំណាយខ្ពស់ត្រូវបានកំណត់ថាជាទ្រព្យអរូបីពាណិជ្ជកម្ម។

Posted on Leave a comment

ទ្រព្យសកម្មអាជីវកម្ម = Business Assets (សទ្ទានុក្រមពន្ធដារ)

ទ្រព្យសកម្មអាជីវកម្ម សំដៅដល់ទ្រព្យសកម្មរបស់សហគ្រាស ដែលបានប្រើប្រាស់សម្រាប់បង្កើតជាចំណូលរបស់សហគ្រាស។ សម្រាប់គោលដៅពន្ធដារទ្រព្យសកម្មអាជីវកម្ម របស់សហគ្រាសត្រូវញែកឱ្យដាច់ពីទ្រព្យរបស់ម្ចាស់សហគ្រាស ហើយទ្រព្យអាជីវកម្មរបស់សហគ្រាសនីតិបុគ្គលមានលក្ខណៈគតិយុត្តដាច់ដោយឡែកពីទ្រព្យរបស់អ្នកចូលហ៊ុន ឬម្ចាស់ភាគហ៊ុន។

Posted on Leave a comment

ទ្រព្យសកម្មរូបី = Tangible Assets (សទ្ទានុក្រមពន្ធដារ)

ទ្រព្យសកម្មរូបី សំដៅដល់ទ្រព្យសកម្មរូបីដែលត្រូវបានបែងចែកជា៤ ថ្នាក់ដូចតទៅ៖
-ទ្រព្យថ្នាក់១: រួមមាន សំណង់នានា រួមបញ្ចូលទំាង អគារ រចនាសម្ព័ន្ធរបស់អគារ សំណង់ដែលជាសមាសភាគនៃអគារ ផ្លូវថ្នល់ ផ្លូវដែក នាវាដឹកជញ្ជូន។ ទ្រព្យថ្នាក់១ ត្រូវធ្វើរំលស់តាមវិធីរំលស់ស្នើភាគតាមអត្រា៥% ឬ១០% ចំពោះអគារមិនមែនបេតុង
-ទ្រព្យថ្នាក់២: រួមមាន កុំព្យូទ័រ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ឧបករណ៍អេឡិចត្រូនិក និងបរិក្ខារទុកដាក់ទិន្នន័យ។ ទ្រព្យថ្នាក់២ ត្រូវធ្វើរំលស់តាមវិធីរំលស់ ថយចុះជាលំដាប់តាមអត្រា៥០% នៃមូលដ្ឋានរំលស់ក្នុងមួយឆ្នាំ
-ទ្រព្យថ្នាក់៣: រួមមាន រថយន្ត រថយន្តដឹកទំនិញ គ្រឿង សង្ហារិម និងបរិក្ខារការិយាល័យ។ ទ្រព្យថ្នាក់៣ ត្រូវធ្វើរំលស់តាមវិធីរំលស់ថយចុះជាលំដាប់តាមអត្រា ២៥% នៃមូលដ្ឋានរំលស់ក្នុងមួយឆ្នាំ
-ទ្រព្យថ្នាក់៤: រួមមាន រាល់គ្រប់ប្រភេទនៃទ្រព្យសកម្ម រូបីដទៃផ្សេងៗទៀតក្រៅពីទ្រព្យក្នុងថ្នាក់១ ថ្នាក់២ និងថ្នាក់៣។ ទ្រព្យថ្នាក់៤ ត្រូវធ្វើរំលស់តាមវិធីរំលស់ ថយចុះជាលំដាប់តាមអត្រា២០% នៃមូលដ្ឋានរំលស់ក្នុងមួយឆ្នាំ។

Posted on Leave a comment

ទ្រព្យសកម្មរយៈពេលវែងផ្សេងៗទៀត = Other Non-Current Assets (សទ្ទានុក្រមពន្ធដារ)

សំដៅដល់តម្លៃនៃទ្រព្យសកម្មរយៈពេលវែងដទៃទៀតទាំងអស់ដែលមិនមានបញ្ជាក់លម្អិតក្នុងតារាងតុល្យការ សម្រាប់ទ្រព្យសកម្មរយៈពេលវែងនៃលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ។

Posted on Leave a comment

ទ្រព្យសកម្មរយៈពេលវែងកំពុងដំណើរការ = Non-Current Assets in Progress (សទ្ទានុក្រមពន្ធដារ)

ទ្រព្យសកម្មរយៈពេលវែងកំពុងដំណើរការ សំដៅដល់ទ្រព្យសកម្មកំពុងប្រព្រឹត្ដទៅ ឬកំពុងដំណើរការ និងមិនទាន់ត្រូវបានបញ្ចប់នាពេលបពា្ចប់ការិយបរិចេ្ឆទ។

Posted on Leave a comment

ទ្រព្យសកម្មរយៈពេលវែង = Non-Current Assets (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ចំណែក (ឬសមាសភាគ) នៃទ្រព្យសកម្មសម្រាប់ប្រើប្រាស់យូរអង្វែងនៅក្នុងសកម្មភាពអាជីវកម្ម និងរក្សាបាននូវរូបរាងដើមដដែលចាប់ពីពេលប្រើប្រាស់រហូតដល់ពេលឈប់ប្រើការ។ ទ្រព្យសកម្មដែលមានលក្ខណៈស្របតាមលក្ខណវិនិច្ឆ័យទាំងពីរខាងក្រោមនេះ ត្រូវចាត់ថ្នាក់ជាទ្រព្យសកម្មរយៈពេលវែង៖
១. ទ្រព្យសកម្មរូបី ឬទ្រព្យសកម្មអរូបីដែលសហគ្រាសបានទិញ ឬបានផលិតមិនមែនសម្រាប់បំប្លែងភាពដើមដើម្បីលក់ ឬមិនមែនទិញសម្រាប់លក់វិញ ប៉ុន្តែសម្រាប់ប្រើប្រាស់យូរអង្វែង។
២. អាយុកាលប្រើប្រាស់ត្រូវលើសពី១ ឆ្នាំឡើងទៅដោយគិតចាប់ពីពេលដាក់ឱ្យប្រើប្រាស់ពីដំបូង។

Posted on Leave a comment

ទ្រព្យសកម្មបញ្ចេញចោល = Assets Disposal (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រតិបត្ដិការ ឬព្រឹត្ដិការណ៍ណាមួយដែលនាំដល់ការបពោ្ចញចំណែកណាមួយនៃទ្រព្យសកម្មរបស់សហគ្រាស ដូចជា ការលក់ ការដកហូតទ្រព្យសម្បត្ដិតាមផ្លូវច្បាប់ ឧបហារិត (ការដាក់បញ្ចូលជាដើមទុន) ការដោះដូរ ការផ្តល់ជាអំណោយ ការដកចេញនូវទ្រព្យសកម្ម ជាដើម។

Posted on Leave a comment

ទ្រព្យសកម្មរយៈពេលខ្លីផ្សេងៗ = Other Current Assets (សទ្ទានុក្រមពន្ធដារ)

សំដៅដល់តម្លៃនៃទ្រព្យសកម្មរយៈពេលខ្លីដទៃផ្សេងៗ ទៀតដែលមិនមានបញ្ជាក់លម្អិតក្នុងតារាងតុល្យការសម្រាប់ទ្រព្យសកម្មរយៈពេលខ្លីនៃលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ។

Posted on Leave a comment

ទ្រព្យសកម្មជីវសាស្ត្រ = Biological Assets (សទ្ទានុក្រមពន្ធដារ)

គឺជាបណ្តុំនៃសត្វមានជីវិត ឬដំណាំដែលប្រហាក់ប្រហែលគ្នា។ សម្រាប់កម្មវត្ថុនៃពន្ធលើប្រាក់ចំណូល ទ្រព្យសកម្ម ជីវសាស្ត្រ គឺជាទ្រព្យសកម្មដែលមានជីវិត មានជាអាទិ៍ ដំណាំ កសិកម្ម (ដើមឈើ ឬរុក្ខជាតិ) សត្វចិញ្ចឹម ដែលរួមបញ្ចូលទាំងចំណាយក្នុងការអភិវឌ្ឍចំណាយពាក់ព័ន្ធផ្ទាល់ជាមួយការដាំដុះ ឬចិញ្ចឹមសត្វ ចំណាយការប្រាក់ទាក់ទិននឹង ការអភិវឌ្ឍ និងហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឱ្យការដាំដុះ ឬចិញ្ចឹមសត្វ។

Posted on Leave a comment

ទ្រព្យសកម្មពន្ធពន្យារ = Deferred Tax Assets (សទ្ទានុក្រមពន្ធដារ)

ជាទូទៅ ទ្រព្យសកម្មពន្ធពន្យារ សំដៅដល់ប្រភេទទ្រព្យសកម្មកត់ត្រានៅក្នុងតារាងតុល្យការរបស់សហគ្រាស ហើយអាចប្រើប្រាស់សម្រាប់កាត់បន្ថយពន្ធលើប្រាក់ចំណូលជាប់ពន្ធនៅគ្រាអនាគត។ ជាធម្មតា សហគ្រាសបានបង់ពន្ធលើសចំនួនប្រាក់ពន្ធត្រូវបង់តាមគោលការណ៍គណនេយ្យ ឬបានបង់ពន្ធមុនពេលកំណត់ ហើយអាចសុំកាត់កងវិញបាននៅពេលក្រោយ ដោយសារភាពខុសគ្នាបណ្តោះអាសន្នរវាងគោលការណ៍ពន្ធដារ និងគោលការណ៍គណនេយ្យ។ ក្នុងករណីក្រុមហ៊ុនខាតបង់តាមគោលការណ៍ ពន្ធអាចអនុញ្ញាតឱ្យយកចំនួនខាតបង់នេះទៅកាត់កង ជាមួយនឹងមូលដ្ឋានគិតពន្ធលើប្រាក់ចំណូលនៅគ្រា អនាគត។

Posted on Leave a comment

ទ្រព្យសកម្មក្រោមភតិសន្យា និង បុព្វលាភនៃការប្រើប្រាស់ = Leasehold Assets and Lease Premiums

ទ្រព្យសកម្មក្រោមភតិសន្យា និងបុព្វលាភនៃការប្រើប្រាស់ សំដៅដល់តម្លៃនៃទ្រព្យសកម្មរយៈពេលវែងដែលសហគ្រាសទទួលបានក្រោមភតិសន្យា។

Posted on Leave a comment

ទ្រព្យសកម្ម = Assets (សទ្ទានុក្រមពន្ធដារ)

គឺជាទ្រព្យសម្បត្តិនានា ដែលត្រូវបានយកទៅប្រើប្រាស់ក្នុងអាជីវកម្មដែលរួមមានទ្រព្យសកម្មរយៈពេលខ្លី និងទ្រព្យសកម្មរយៈពេលវែង។

Posted on Leave a comment

ទ្រព្យរូបី = Tangible Property (សទ្ទានុក្រមពន្ធដារ)

ជាទូទៅ សម្រាប់កម្មវត្ថុនៃច្បាប់ វាក្យសព្ទនេះ គឺសំដៅដល់ទ្រព្យទាំងឡាយណាដែលមានទម្រង់ជារូបវន្ត ហើយអាចប៉ះពាល់ ឬចាប់កាន់បាន ដែលក្នុងនោះមានរួមបញ្ចូលទាំង អចលនទ្រព្យ និងទ្រព្យផ្ទាល់ខ្លួន (ឬទ្រព្យដែលអាចធ្វើ ចលនាបាន ឬអាចផ្លាស់ទីតាំងបាន) ដែលផ្ទុយពីទ្រព្យអរូបី។
ឧ.: រថយន្ដ គ្រឿងសង្ហារិម គ្រឿងអលង្ការ សម្ភារសម្រាប់ ប្រើប្រាស់ក្នុងផ្ទះ និងឧបករណ៍សម្រាប់ធ្វើអាជីវកម្ម។ល។

Posted on Leave a comment

ទ្រព្យផ្ទាល់ខ្លួន = Personal Property (Personalty) (សទ្ទានុក្រមពន្ធដារ)

ទ្រព្យផ្ទាល់ខ្លួន សំដៅដល់ទ្រព្យទាំងទ្បាយណាដែលអាចផ្លាស់ទីតាំងបានលើកលែងតែអចលនទ្រព្យ ឬវត្ថុដែលភ្ជាប់នឹងអចលនទ្រព្យនោះ។

Posted on Leave a comment

ទោសទណ្ឌ = Penalties (សទ្ទានុក្រមពន្ធដារ)

នៅក្នុងបរិបទពន្ធដារ សំដៅដល់ទោសទណ្ឌផ្នែករដ្ឋបាល និងទោសទណ្ឌផ្នែកព្រហ្មទណ្ឌ។ ទោសទណ្ឌផ្នែករដ្ឋបាលត្រូវបានកំណត់ចំពោះបទល្មើសពន្ធដារ ដូចជាការយឺតយ៉ាវក្នុងការដាក់លិខិតប្រកាសពន្ធ ឬការបង់ពន្ធ ការធ្វេសប្រហែស និងការកសាងនូវលិខិតប្រកាសពន្ធ ឬព័ត៌មានក្លែងបន្លំផ្សេងៗ។ បទល្មើសទាំងនេះបង្កើតឱ្យមានទោសទណ្ឌ បន្ថែមចំពោះប្រាក់ពន្ធដែលត្រូវបង់។ ដោយទ្បែក ទោសទណ្ឌផ្នែកព្រហ្មទណ្ឌអាចរងការប្តឹងចោទប្រកាន់តាមផ្លូវតុលាការ។ ការផ្តន្ទាទោសដាក់ពន្ធធនាគារ អាចត្រូវអនុវត្តចំពោះអ្នកជាប់ពន្ធដែលប្រព្រឹត្ដបទល្មើសពន្ធដារកម្រិតធ្ងន់ធ្ងរ។ នៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារនៃព្រះរាជាណាចក្រកម្ពុជាមានចែងច្បាស់ស្ដីអំពីអត្ថន័យខ្លឹមសារ និងការអនុវត្តជាក់ស្ដែងនៃពាក្យ “ទោសទណ្ឌ” នេះ។

Posted on Leave a comment

ទ្រព្យ រោងចក្រ និងបរិក្ខារ = Property Plant and Equipment (សទ្ទានុក្រមពន្ធដារ)

ទ្រព្យ រោងចក្រ និងបរិក្ខារ សំដៅដល់ទ្រព្យសកម្មរូបីសម្រាប់ ប្រើប្រាស់រយៈពេលវែងដែលជាទូទៅមានអាយុកាលប្រើប្រាស់លើសពីមួយឆ្នាំឡើងទៅ ដែលមានដូចជា អគារ គ្រឿងម៉ាស៊ីន ដី សម្ភារបរិក្ខារការិយាល័យ គ្រឿងសង្ហារិម និងរថយន្ត ជាដើម។ ទ្រព្យទាំងនោះត្រូវបានរក្សាទុកសម្រាប់ប្រើប្រាស់ក្នុងផលិតកម្ម ឬការផ្គត់ផ្គង់សេវា ឬ សម្រាប់គោលបំណងរដ្ឋបាល។

Posted on Leave a comment

ទំព័រគេហទំព័រ = Web Page (សទ្ទានុក្រមពន្ធដារ)

ទំព័រគេហទំព័រ សំដៅដល់ប្រភព ឬទំព័រព័ត៌មាន (ដូចជា អក្សរ រូបភាព សំឡេង វីដេអូ) នៅលើកុំព្យូទ័រ បណ្តាញកុំព្យូទ័រ ឬបណ្តាញអ៊ីនធឺណិតស្តីពីប្រធានបទពិសេសណាមួយ និងអាចមើល ឬទិញទំនិញផ្សេងៗតាមរយៈគេហទំព័រនេះ។

Posted on Leave a comment

ទំនើបភាវូបនីយកម្មរដ្ឋបាលសារពើពន្ធ = Tax Administration Modernization (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ការធ្វើកំណែទម្រង់ ឬការធ្វើទំនើបកម្មនៃប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសារពើពន្ធទាំងមូល ស្របតាមការផ្លាស់ប្ដូរឥតឈប់ឈរនៃបរិយាកាសនយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យា បរិយាកាសធុរកិច្ច និងឥរិយាបថអ្នកជាប់ពន្ធ ក្នុងគោលបំណងដើម្បីជំរុញបង្កើនកិច្ចខិតខំប្រឹងប្រែង និងសមត្ថភាពរបស់រដ្ឋបាលសារពើពន្ធក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ ដាក់ចូលថវិកាជាតិប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និងគណនេយ្យភាពជានិរន្ដរ៍។

Posted on Leave a comment

ទំនាក់ទំនងគតិយុត្ត = Legal Relationship (សទ្ទានុក្រមពន្ធដារ)

ទំនាក់ទំនងគតិយុត្ត សំដៅដល់ចំណងទំនាក់ទំនងរវាងបុគ្គលពីរនាក់ ឬច្រើននាក់តាមរយៈកិច្ចគតិយុត្ត ឬបញ្ញត្តិច្បាប់។

Posted on Leave a comment

ទូរគមនាគមន៍ = Telecommunication (សទ្ទានុក្រមពន្ធដារ)

-សំដៅដល់ការបញ្ជូនព័ត៌មានតាមប្រភេទ ឬមធ្យោបាយផេ្សងៗនៃបចេ្ចកវិទ្យា តាមរយៈបណ្ដាញខ្សែកាបវិទ្យុសកម្ម អុបទិក ឬប្រព័ន្ធអេឡិចត្រូម៉ាញេទិកផេ្សងៗទៀត។
-សំដៅដល់ការបញ្ជូនពីចំណុចមួយទៅចំណុចមួយទៀតនូវទិន្នន័យ សំឡេង វីដេអូ និងព័ត៌មានផ្សេងៗទាំងអាណាឡូក និងឌីជីថល។

Posted on Leave a comment

ទុនវិនិយោគ = Investment Capital (សទ្ទានុក្រមពន្ធដារ)

ទុនវិនិយោគ គឺសំដៅដល់ចំនួនទឹកប្រាក់ដែលចំណាយលើការបង្កើតរោងចក្រការទិញសម្ភារបរិក្ខារ និងរបស់របរផេ្សងៗទៀត ដែលចាំបាច់សម្រាប់ផ្គត់ផ្គង់ការផលិត ឬការផ្ដល់សេវា។ ទុនវិនិយោគ ក៏មានន័យថាជាមូលធនហិរញ្ញវត្ថុផងដែរ។ នៅក្នុងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាទុនវិនិយោគ សំដៅដល់តម្លៃវិនិយោគ ដែលបង្ហាញជារូបិយប័ណ្ណដុល្លារអាមេរិកដោយមិនរាប់បញ្ចូលតម្លៃដីធ្លី និងទុនបង្វិលទេ។

Posted on Leave a comment

ទុនបម្រុង វិនិយោគ = Investment Reserve (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ដើមទុនមួយចំនួនដែលត្រូវបានរៀបចំបម្រុងទុក ដោយសហគ្រាសសម្រាប់វិនិយោគលើគម្រោងណាមួយនៅពេលអនាគត។ ជាទូទៅ អ្នកជាប់ពន្ធមានសិទ្ធិកំណត់ប្រាក់ចំណេញមួយផ្នែកជាប្រាក់បម្រុងសម្រាប់ការវិនិយោគនាពេលអនាគត និងដកចេញពីចំណូលប្រចាំឆ្នាំបាន បន្ទាប់ពីបានបំពេញគ្រប់លក្ខខណ្ឌពាក់ព័ន្ធនានាដែលមានជាធរមាន។

Posted on Leave a comment

ទូទាត់បំណុលពន្ធជាដំណាក់កាល = Tax Arrears Payment by Installments (សទ្ទានុក្រមពន្ធដារ)

នេះជាវិធីសាស្រ្តម្យ៉ាងសម្រាប់ការទូទាត់បំណុលពន្ធទៅតាមដំណាក់កាលនីមួយៗ ក្រោមកិច្ចព្រមព្រៀងជាក់លាក់រវាងអ្នកជំពាក់បំណុលពន្ធជាមួយរដ្ឋបាលសារពើពន្ធ។

Posted on Leave a comment

ទុនបង្វិល = Working Capital (សទ្ទានុក្រមពន្ធដារ)

ទុនបង្វិល សំដៅដល់ទុនដែលដាក់បញ្ចូលក្នុងសាច់ប្រាក់ គណនីត្រូវទទួលសារពើភណ្ឌ និងទ្រព្យសកម្មចរន្តផ្សេងទៀត (ទុនបង្វិលដុល)។ ជាទូទៅ វាក្យសព្ទនេះសំដៅដល់ទុនបង្វិលសុទ្ធ ដែលស្មើនឹងទ្រព្យសកម្មចរន្តដកនឹងទ្រព្យអកម្មចរន្ត។

Posted on Leave a comment

ទុនបម្រុងបង្កប់ = Hidden Reserves (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ទុនបម្រុងដែលមិនត្រូវបានបង្ហាញក្នុងតារាងតុល្យការនៃសហគ្រាសមួយ ដោយសារការជំពាក់បំណុលច្រើន ឬទ្រព្យសកម្មមានតម្លៃទាប។

Posted on Leave a comment

ទុនបម្រុង = Reserves (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ទុនដែលត្រូវបានបង្កើតឡើងដើម្បីបំពេញការចំណាយថ្លៃដើម ឬចំណាយផ្សេងៗនាពេលអនាគត។ ទុនបម្រុងនេះអាចជាទុនបម្រុងតាមច្បាប់ដែលតម្រូវដោយ ច្បាប់ក្រុមហ៊ុនហើយអាចរក្សាទុកតាមការចាំបាច់មុនការបែងចែកភាគលាភ។

Posted on Leave a comment

ទុនបម្រុងតាមច្បាប់ = Legal Reserve (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ចំនួនទឹកប្រាក់តម្កល់នៅធនាគារ ឬទ្រព្យធនរបស់ក្រុមហ៊ុនធានារ៉ាប់រងជីវិត ដែលច្បាប់តម្រូវឱ្យរក្សាទុកជាទុនបម្រុង។
◊ ជាទូទៅ ក្រោមច្បាប់ស៊ីវិល ការគ្រប់គ្រងសាជីវកម្មនៅក្នុងប្រទេសមួយចំនួនតម្រូវឱ្យរក្សាទុកនូវទុនបម្រុងតាមច្បាប់ សម្រាប់បំពេញតម្រូវការដែលនឹងអាចកើតឡើងក្នុងអំទ្បុងពេលនៃការធ្វើអាជីវកម្ម។ ក៏ប៉ុន្តែក្រោមច្បាប់ពន្ធគឺមិនអនុញ្ញាតឱ្យមានការកាត់កងសម្រាប់ការដាក់ទុនបម្រុងឡើយ។

Posted on Leave a comment

ទឹកប្រាក់រំលស់សម្រាប់ការិយបរិចេ្ឆទ = Depreciation Allowance of the Period (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ចំណាយរំលស់ ដែលអនុញ្ញាតឱ្យកាត់កងក្នុងការិយបរិចេ្ឆទ ហើយមានកត់ត្រាក្នុងតារាងគណនារំលស់ក្នុងលិខិតប្រកាសពន្ធលើប្រាក់ចំណូលនៃឆ្នាំជាប់ពន្ធនីមួយៗ។

Posted on Leave a comment

ទឹកដមផ្លែឈើ ឬទឹកដមបន្លែ = Fruit Juice or Vegetable Juice (សទ្ទានុក្រមពន្ធដារ)

-គឺជាផលិតផលដែលផលិតចេញពីផ្លែឈើ ឬបន្លែសុទ្ធសាធពីធម្មជាតិ ដែលគ្មានការកែច្នៃដើម្បីរក្សាគុណភាព និងវេចខ្ចប់តាមរូបភាពសិប្បកម្ម ឬឧស្សាហកម្ម និងគ្មានសារធាតុបន្ថែមរសជាតិ ក្លិន ឬពណ៌។

Posted on Leave a comment

ទីចាត់ការកណ្តាលសហគ្រាស = Head Office/Headquarters (សទ្ទានុក្រមពន្ធដារ)

ទីចាត់ការកណ្តាលសហគ្រាស សំដៅដល់ទីកន្លែងសំខាន់ នៃការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់សហគ្រាស។

Posted on Leave a comment

ទីផ្សារផ្ទៃក្នុង = Internal Market (សទ្ទានុក្រមពន្ធដារ)

-សំដៅដល់ប្រព័ន្ធទីផ្សារម្យ៉ាងសម្រាប់អ្នកផ្គត់ផ្គង់ធ្វើការ លក់ទំនិញ ឬសេវាជូនអតិថិជនជាច្រើនក្រុមនៅក្នុងអង្គភាពតែមួយ។
-នៅក្នុងបរិបទនៃសហគមន៍អឺរ៉ុប សំដៅដល់តំបន់គ្មានដែនកំណត់ផ្ទៃក្នុង ដែលធានាឱ្យមានរំហូរដោយសេរីនូវទំនិញ ធនធានមនុស្ស សេវាកម្មផ្សេងៗ និងមូលធន។

Posted on Leave a comment

ទីក្រុងឆ្លាត = Smart City (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ទីក្រុងដែលបំពាក់ និងប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល (Digital) ដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការទូទាំងទីក្រុង តាមរយៈការចែករំលែកព័ត៌មានជាមួយនឹងសាធារណជន និងកែលម្អគុណភាពសេវាសាធារណៈព្រមទាំងសុខុមាលភាពសង្គម។

Posted on Leave a comment

ទីកន្លែងនៃការគ្រប់គ្រង = Place of Management (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃការអនុវត្តសន្ធិសញ្ញាពន្ធ ទីកន្លែងនៃការគ្រប់គ្រងរបស់សហគ្រាស គឺជាធម្មតាបង្កើតបានទម្រង់គ្រឹះស្ថានអចិន្រ្តៃយ៍។ វាក្យសព្ទ “ទីកន្លែងនៃការគ្រប់គ្រង” មិនត្រូវបានកំណត់ និងផ្ដល់និយមន័យនៅក្នុងគំរូសន្ធិសញ្ញាពន្ធ OECD ប៉ុន្តែអាចមានការផ្ដល់និយមន័យជាក់លាក់ នៅក្នុងច្បាប់នៃប្រទេសមួយចំនួន។

Posted on Leave a comment

ទីកន្លែងផ្គត់ផ្គង់នៃការនាំចូល = Supply Location of Imported Goods (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ទីកន្លែង ដែលទំនិញត្រូវបាននាំចូលមកក្នុងតំបន់ត្រួតពិនិត្យរបស់អាជ្ញាធរគយ និងជាទីកន្លែងត្រូវបង់ពន្ធគយ និងបន្ទុកសារពើពន្ធផ្សេងទៀតលើការនាំចូល។

Posted on Leave a comment

ទីកន្លែងនៃទ្រព្យសកម្ម = Location of Assets (សទ្ទានុក្រមពន្ធដារ)

ទីកន្លែងនៃទ្រព្យសកម្ម
Location of Assets
សំដៅដល់ទីកន្លែងដែលទ្រព្យសកម្មស្ថិតនៅ ដែលទាក់ទងទៅដល់ការកំណត់សិទ្ធិអំណាចរបស់រដ្ឋបាលសារពើពន្ធក្នុងដែនយុត្តាធិការណាមួយ។ សម្រាប់ការអនុវត្តក្នុងប្រទេស ជាច្រើនទីកន្លែងរបស់អចលនទ្រព្យស្ថិតនៅក្នុងប្រទេសមួយអាចផ្តល់អំណាចឱ្យប្រទេសនោះយកពន្ធលើប្រាក់ចំណូលដែលបានពីអចលនទ្រព្យនោះ ដែលអាចទទួលបានពីប្រាក់ចំណេញមូលធនដែលកើតចេញពីការផ្ទេរសិទ្ធិ បើទោះបីជាម្ចាស់ទ្រព្យនោះមិនមែនជានិវាសនជននៃប្រទេសនោះក្តី។

Posted on Leave a comment

កន្លែងនៃការអនុវត្តសិទ្ធិអំណាចគ្រប់គ្រងប្រតិបត្តិការជាក់ស្ដែងរបស់ អង្គភាពទាំងមូល = Place of Effective Management (សទ្ទានុក្រមពន្ធដារ)

-វាក្យសព្ទនេះ សំដៅដល់ទីកន្លែងនៃការធ្វើសេចក្ដីសម្រេចសំខាន់ៗរបស់ក្រុមហ៊ុនលើការងារគ្រប់គ្រង និងការងារអាជីវកម្ម ដែលជាផ្នែកដ៏សំខាន់ៗ និងចាំបាច់សម្រាប់ដំណើរប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនទាំងមូល។
-គេប្រើវាក្យសព្ទនេះសម្រាប់ធ្វើតេស្តកាត់សេចក្តីស្របតាមវិធានកំណត់និវាសនដ្ឋានរបស់សន្ធិសញ្ញាពន្ធក្នុងក្របខ័ណ្ឌ OECD ដើម្បីកំណត់និវាសនដ្ឋានជាក់លាក់របស់សហគ្រាសមួយ ដែលសហគ្រាសនោះអាចត្រូវបានច្បាប់របស់ប្រទេស នីមួយៗកំណត់ថាសុទ្ធតែមាននិវាសនដ្ឋាននៅប្រទេសរបស់ខ្លួន។ ការធ្វើតេស្តនេះ គឺដើម្បីកំណត់នូវលក្ខណវិនិច្ឆ័យមួយចំនួនដែលបញ្ជាក់ថាសហគ្រាសនោះមាន និវាសនដ្ឋាននៅក្នុងប្រទេសណាមួយដែលជាទីកន្លែង នៃការអនុវត្តសិទ្ធិអំណាចគ្រប់គ្រងប្រតិបត្តិការជាក់ស្ដែងរបស់អង្គភាពទាំងមូល។

Posted on Leave a comment

ទិនានុប្បវត្តិលក់ (កំណត់ត្រាលក់) = Sale Records

-សំដៅដល់បញ្ជី ឬកំណត់ត្រានៃការលក់ទំនិញ និងសេវាគ្រប់ប្រភេទនៃអាជីវកម្ម។
-សម្រាប់គោលដៅពន្ធ ទិនានុប្បវត្តិលក់សំដៅដល់បញ្ជីប្រតិបត្តិការលក់ប្រចាំខែទាំងអស់ រួមមាន ការលក់ទំនិញ សេវាក្នុងស្រុកជាប់អាករ ការលក់មិនជាប់អាករ ការលក់ជាបន្ទុករដ្ឋ ការនាំចេញ។ល។ ដោយអ្នកជាប់ពន្ធរបបស្វ័យប្រកាសត្រូវប្រកាសមករដ្ឋបាលសារពើពន្ធ។

Posted on Leave a comment

ទិនានុប្បវត្តិទិញ (កំណត់ត្រាទិញ) = Purchase Records (សទ្ទានុក្រមពន្ធដារ)

-សំដៅដល់បញ្ជី ឬកំណត់ត្រានៃការទិញទំនិញ និងសេវាគ្រប់ប្រភេទសម្រាប់បម្រើអាជីវកម្ម។
-សម្រាប់គោលដៅពន្ធ ទិនានុប្បវត្តិទិញសំដៅដល់បញ្ជីនៃប្រតិបត្តិការទិញប្រចាំខែទាំងអស់ រួមមាន ការទិញក្នុងស្រុកជាប់អាករ ទិញក្នុងស្រុកមិនជាប់អាករ ទិញជាបន្ទុករដ្ឋ នាំចូលបន្ទុករដ្ឋ នាំចូលបន្ទុកក្រុមហ៊ុន។ល។ ដោយអ្នកជាប់ពន្ធរបបស្វ័យប្រកាសត្រូវប្រកាសមករដ្ឋបាលសារពើពន្ធ។

Posted on Leave a comment

ទាយជ្ជទាន (សម្រាប់សហព័ទ្ធ និង កូនក្នុងបន្ទុក) = Deductible Allowance (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ការបង្ហាញភស្តុតាងនៃស្ថានភាពគ្រួសារ មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងនិយោជិតដែលមានបន្ទុកចិញ្ចឹមកូន ប្តីឬប្រពន្ធ ត្រូវបានអនុញ្ញាតឱ្យកាត់បន្ថយពីមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សចំពោះកូនក្នុងបន្ទុក និងសហព័ទ្ធជាមេផ្ទះក្នុងម្នាក់ ១៥០ ០០០ រៀល ក្នុងមួយខែ។ ការកាត់បន្ថយនេះ ធ្វើឱ្យមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សកាន់តែទាប ដែលនាំឱ្យមន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្មករនិយោជិតដែលមានបន្ទុកចិញ្ចឹមកូន ប្តីឬប្រពន្ធ និងដែលមានប្រាក់បៀវត្សក្នុងវង្វង់ពី ១ ៣០០ ០០១ រៀល ដល់ ២ ០០០ ០០០ រៀល (ប្រមាណពី ៣២៥ ទៅ ៥០០ ដុល្លារអាមេរិក) អាចនឹងរួចផុតពីការបង់ពន្ធលើប្រាក់បៀវត្ស។

Posted on Leave a comment

ទាយជ្ជទានសាមីជន = Personal Allowances (សទ្ទានុក្រមពន្ធដារ)

-សំដៅដល់ចំនួនទឹកប្រាក់ដែលត្រូវបានអនុញ្ញាតឱ្យដកចេញពីប្រាក់ចំណូលរបស់បុគ្គលណាមួយសម្រាប់គណនាប្រាក់ចំណូលជាប់ពន្ធរបស់បុគ្គលនោះ។ ជាធម្មតា ចំនួនទឹកប្រាក់ដែលត្រូវបានអនុញ្ញាតឱ្យដកចេញនោះ រួមមានបុគ្គលនោះផ្ទាល់ សហព័ទ្ធ កូនក្នុងបន្ទុក ឬអ្នកស្ថិតក្នុងបន្ទុកដទៃទៀត។
-នៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធលើប្រាក់បៀវត្សនៃព្រះរាជាណាចក្រកម្ពុជា “ទាយជ្ជទាន” ដែលត្រូវបានអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សរបស់និយោជិត និវាសនជន គឺមានតែទាយជ្ជទានសហព័ទ្ធ ដែលធ្វើតែជាមេផ្ទះ និងកូនក្នុងបន្ទុកប៉ុណ្ណោះ។

Posted on Leave a comment

ទិន្នន័យ = Data (សទ្ទានុក្រមពន្ធដារ)

ទិន្នន័យ សំដៅដល់៖
-ព័ត៌មានដែលប្រមូលបានសម្រាប់ធ្វើការពិនិត្យ ពិចារណា និងធ្វើជាមូលដ្ឋានសម្រាប់ធ្វើការសម្រេចចិត្តលើការងារអ្វីមួយ។
-បណ្តុំអក្សរ លេខ និមិត្តសញ្ញា រូបភាពសំឡេងដែលប្រើដោយកុំព្យូទ័រ។

Posted on Leave a comment

ទិន្នន័យដែលអាចធៀបបានសម្ងាត់ = Secret Comparables (សទ្ទានុក្រមពន្ធដារ)

ទិន្នន័យដែលអាចធៀបបានសម្ងាត់ សំដៅដល់វាក្យសព្ទ ដែលប្រើនៅក្នុងបរិបទផ្ទេរថ្លៃ ហើយសំដៅដល់ទិន្នន័យដែលអាចធៀបបានដែលមិនអាចបង្ហាញជាសាធារណៈ ឬទៅកាន់អ្នកជាប់ពន្ធបានលើកលែងតែរដ្ឋបាលសារពើពន្ធ ដែលធ្វើនិយតកម្មទាក់ទិន នឹងការផ្ទេរថ្លៃ។

Posted on Leave a comment

ទិន្នន័យធំ = Big Data (សទ្ទានុក្រមពន្ធដារ)

សំដៅដល់បណ្តុំទិន្នន័យដែលមានទំហំធំ មានច្រើនសណ្ឋាន និងជាទូទៅគ្មានរចនាសម្ព័ន្ធច្បាស់លាស់ ហើយត្រូវបានប្រើប្រាស់ដើម្បីវិភាគរកលំនាំ និន្នាការ និងការជាប់ទាក់ទងគ្នារវាងថ្នាលមួយទៅថ្នាលមួយទៀត។

Posted on Leave a comment

ទទួលខុសត្រូវមានកម្រិត = Limited Liability (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ការទទួលខុសត្រូវរបស់អ្នកវិនិយោគ ឬនីតិបុគ្គលលើបំណុលត្រឹមតែដើមទុនដែលបានដាក់វិនិយោគប៉ុណ្ណោះ។

Posted on Leave a comment

ទម្រង់អេឡិចត្រូនិក = Electronic Form (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ព័ត៌មាន ឬទិន្នន័យដែលអាចយកមកដំណើរការដោយកុំព្យូទ័រ ធ្វើការកែប្រែ និងចែករំលែករវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។

Posted on Leave a comment

ទម្រង់ពន្ធដារ = Tax Form (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ទម្រង់បំពេញដោយដៃ ឬអេឡិចត្រូនិក ដែលកំណត់ដោយរដ្ឋបាលសារពើពន្ធសម្រាប់អ្នកជាប់ពន្ធធ្វើការប្រកាសជូនរដ្ឋបាលសារពើពន្ធដើម្បីជួយសម្រួលដល់កិច្ចការរបស់រដ្ឋបាលសារពើពន្ធក្នុងការកំណត់ពន្ធ និងប្រមូលពន្ធដែលជំរុញឱ្យអ្នកជាប់ពន្ធបំពេញកាតព្វកិច្ចត្រឹមត្រូវតាមច្បាប់។

Posted on Leave a comment

ទម្លាយកំបាំងសាជីវកម្ម = Piercing the Corporate Veil (សទ្ទានុក្រមពន្ធដារ)

-សំដៅដល់វិធីសាស្រ្ដ ឬវិធាននៃការពិនិត្យមើលស្ថានភាពក្រុមហ៊ុនកម្រិតស៊ីជម្រៅលើសពីទិដ្ឋភាពស្របច្បាប់ជានីតិបុគ្គលទៅទៀត ឬជាវិធីសាស្រ្ដ ឬវិធាននៃការមិនពិនិត្យ អត្តសញ្ញាណនៃសាជីវកម្មទេ គឺគេផ្ដោតទៅលើស្ថានភាពរូបវន្ដបុគ្គលដែលនៅក្នុងនីតិបុគ្គលនោះទៅវិញ។ នៅក្នុងករណីខ្លះតុលាការមិនចាប់អារម្មណ៍លើក្រុមហ៊ុនទេ គឺគេផ្ដោតការយកចិត្តទុកដាក់ពិនិត្យទៅលើសមាជិក ឬអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនទៅវិញ។
-សំដៅដល់ដំណើរការនៃការដាក់បន្ទុក ការទទួលខុសត្រូវចំពោះការប្រព្រឹត្តបទល្មើសរបស់សហគ្រាសទៅលើរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ជាជាងទៅលើសហគ្រាស ដែលប្រព្រឹត្តបទល្មើសនោះ។
-នៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារនៃព្រះរាជាណាចក្រកម្ពុជា ប្រសិនបើអភិបាល ឬបណ្ណាធិការ ឬកម្មសិទ្ធិកររបស់សហគ្រាសណាមួយដឹងឮ ឬមានចេតនាធ្វើឱ្យសហគ្រាសមិនរាយការណ៍ ឬរាយការណ៍បន្ថយនូវប្រាក់ពន្ធ ដោយរំលោភទៅលើបទប្បញ្ញត្ដិស្ដីពីពន្ធដារ ឬមិនឱ្យបង់ពន្ធកាត់ទុកជូនរដ្ឋបាលសារពើពន្ធ អភិបាល ឬបណ្ណាធិការ ឬកម្មសិទ្ធិករទាំងនោះត្រូវទទួលខុសត្រូវដោយផ្ទាល់ចំពោះប្រាក់ពន្ធដែលត្រូវបង់។

Posted on Leave a comment

ទាញយកទិន្នន័យ = Data Retrieval (សទ្ទានុក្រមពន្ធដារ)

សំដៅដល់សេវាកម្មដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការស្វែងរក និងទាញយកនូវព័ត៌មានផ្សេងៗ។ សារប្រយោជន៍ ចម្បងសម្រាប់អ្នកប្រើប្រាស់ គឺលទ្ធភាពក្នុងការស្វែងរក និងស្រង់យកទិន្នន័យជាក់លាក់ណាមួយក្នុងចំណោមទិន្នន័យជាច្រើនទៀតដែលអាចទាញយកបាន។

Posted on Leave a comment

ថ្លៃលក់ចេញពីរោងចក្រកត់ត្រាក្នុង វិក្កយបត្រ = Factory Invoice Price (សទ្ទានុក្រមពន្ធដារ)

សំដៅដល់មូលដ្ឋានសម្រាប់គិតអាករពិសេសលើទំនិញមួយចំនួនដែលផលិតក្នុងស្រុក (ស្រាបៀរ ស្រា បារី និង បារីស៊ីហ្គាគ្រប់ប្រភេទ ភេសជ្ជៈគ្មានជាតិសុរា និងមុខទំនិញ ជាប់អាករពិសេសដទៃទៀត) ត្រូវបានកំណត់ស្មើនឹង ៩០% នៃថ្លៃផ្គត់ផ្គង់មិនរួមបញ្ចូលអាករលើតម្លៃបន្ថែម អាករសម្រាប់បំភ្លឺសាធារណៈ និងអាករពិសេសខ្លួនឯងដែលបានកត់ត្រាក្នុងវិក្កយបត្រឱ្យទៅអតិថិជនដោយមិនគិតអំពីការបញ្ចុះថ្លៃផ្សេងៗឡើយ។

Posted on Leave a comment

ទណ្ឌកម្មហិរញ្ញវត្ថុតាមគោលដៅ = Targeted Financial Sanctions (សទ្ទានុក្រមពន្ធដារ)

ទណ្ឌកម្មហិរញ្ញវត្ថុតាមគោលដៅ សំដៅដល់ច្បាប់ ឬបទប្បញ្ញត្តិណាមួយសម្រាប់អនុវត្តសេចក្តីសម្រេច ដែលចេញដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមបញ្ញត្តិនៃជំពូកទី៧នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

Posted on Leave a comment

ទទួលខុសត្រូវគ្មានកម្រិត = Unlimited Liability (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ការទទួលខុសត្រូវដែលមានវិសាលភាពលើ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងស្រុងរបស់អ្នកវិនិយោគដូចក្នុងករណីសហគ្រាសឯកបុគ្គល ឬសហកម្មសិទ្ធិករទូទៅ។

Posted on Leave a comment

ទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល = Criminal Responsibility of Legal Entities (សទ្ទានុក្រមពន្ធដារ)

សំដៅដល់នីតិបុគ្គល លើកលែងតែរដ្ឋចេញអាចត្រូវបានប្រកាសថាទទួលខុសត្រូវកម្រិតព្រហ្មទណ្ឌពីបទល្មើសដែលប្រព្រឹត្តដោយអង្គភាព ឬអ្នកតំណាងរបស់ខ្លួនដើម្បីជាប្រយោជន៍របស់នីតិបុគ្គលនោះ។ ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលមិនលើកលែងនូវការទទួលខុសត្រូវព្រហ្មទណ្ឌរបស់រូបវន្តបុគ្គលក្នុងអំពើដដែលនោះទេ។

Posted on Leave a comment

ថ្លៃលក់នៃទ្រព្យ = The Selling Price/Assets Selling Price (សទ្ទានុក្រមពន្ធដារ)

សំដៅដល់តម្លៃលក់ ឬផ្ទេរទ្រព្យដោយភ្ជាប់មកជាមួយនូវកិច្ចសន្យាទិញ-លក់ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត។ ក្នុងករណីដែលរដ្ឋបាលសារពើពន្ធរកឃើញថាថ្លៃលក់ដែលបានកំណត់នៅក្នុងកិច្ចសន្យាទិញ-លក់ មានតម្លៃទាបជាងទីផ្សាររដ្ឋបាលសារពើពន្ធមានសិទ្ធិកំណត់ឡើងវិញនូវថ្លៃលក់នៃទ្រព្យដោយផ្អែកលើតម្លៃទីផ្សារ ឬតម្លៃដែលកំណត់នៅក្នុងឧបសម្ព័ន្ធនៃប្រកាសស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ អចលនទ្រព្យ ឬតម្លៃដែលកំណត់ដោយគណៈកម្មការវាយតម្លៃទ្រព្យនៃពន្ធលើចំណេញមូលធន។

Posted on Leave a comment

ថ្លៃទំនិញដល់កំពង់ផែ = Landed Cost (សទ្ទានុក្រមពន្ធដារ)

វាក្យសព្ទនេះ សំដៅដល់ចំណាយសរុបនៃការដឹកជញ្ជូន ទំនិញ ដែលបូកបញ្ចូលទាំងថ្លៃដើម ថ្លៃដឹកជញ្ជូន ធានារ៉ាប់រង និងចំណាយផេ្សងៗទៀតដែលត្រូវបង់រហូតដល់ កំពង់ផែ ឬគោលដៅ។ ក្នុងករណីខ្លះថ្លៃដើមនាំចូលសរុប អាចបូកបញ្ចូលទាំងពន្ធគយ អាករលើតម្លៃបន្ថែម ថ្លៃជើងសា និងចំណាយផេ្សងៗទៀតក្នុងការបញ្ចេញទំនិញទាំងនោះ។

Posted on Leave a comment

ថ្លៃដើមផលិតផលបានលក់ = Cost of Products Sold (សទ្ទានុក្រមពន្ធដារ)

ថ្លៃដើមផលិតផលបានលក់ សំដៅដល់តម្លៃនៃថ្លៃដើម ផលិតផលដែលបានទិញ ឬផលិតបានហើយដែលផលិតផលទាំងនោះត្រូវបានលក់វិញ។

Posted on Leave a comment

ថ្លៃដើមប្រវត្តិសាស្រ្ត = Historical Cost (សទ្ទានុក្រមពន្ធដារ)

-សំដៅដល់ចំនួនទឹកប្រាក់ ដែលបានចំណាយក្នុងការទទួលបានទ្រព្យសកម្ម ពោលគឺថ្លៃទិញទ្រព្យសកម្ម និងចំណាយបន្ទាប់បន្សំដែលពាក់ព័ន្ធនឹងទ្រព្យនោះ។
-ក្នុងបរិបទពន្ធដារកម្ពុជា សំដៅដល់ថ្លៃទ្រព្យសកម្មដែលបានចំណាយជាមូលដ្ឋានដើម្បីធ្វើរំលស់។
ឧ . : ទិញម៉ាស៊ីនមួយគ្រឿង មានថ្លៃសរុប ២២លានរៀល ក្នុងនោះរួមទាំងសេវាដំឡើង ១,៥លានរៀល និងសេវាដឹកជញ្ជូន ៥០ម៉ឺនរៀល និងអាករលើតម្លៃបន្ថែម ២លានរៀល។ ថ្លៃដើមប្រវត្តិសាស្រ្តស្មើនឹង ២០លានរៀល (ដោយមិនរាប់បញ្ចូលអាករលើ តម្លៃបន្ថែម)។

Posted on Leave a comment

ថ្លៃដើមប្រយោល = Indirect Cost (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ចំណាយដែលកើតឡើងដោយមិនអាចកំណត់ពីទំនាក់ទំនងជាក់លាក់ជាមួយសកម្មភាពណាមួយឡើយប៉ុន្តែមានទំនាក់ទំនងជាមួយថ្លៃដើមផ្ទាល់។
ឧ. : ចំណាយអាជីវកម្មទូទៅ ចំណាយពីផ្នែក ឬនាយកដ្ឋានគាំទ្រ និងការបែងចែកចំណាយស្រាវជ្រាវ និងអភិវឌ្ឍន៍ដែលសមស្រប។

Posted on Leave a comment

ថ្លៃដើមនៃទ្រព្យ = The Cost Price/Assets Cost (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃពន្ធលើចំណេញមូលធន ថ្លៃដើមនៃទ្រព្យ សំដៅដល់ថ្លៃដើមពេលទិញទ្រព្យ និងចំណាយដែលបានកើតឡើងក្នុងពេលទិញ ឬទទួលកាន់កាប់លក់ ឬផ្ទេរទ្រព្យដែលមានដូចជា៖
១ . ចំណាយលើសេវាពិគ្រោះយោបល់
២. ប្រាក់ពន្ធប្រថាប់ត្រាដែលបានបង់នៅពេលទិញ ឬទទួលទ្រព្យ
៣. ប្រាក់ពន្ធលើអចលនទ្រព្យ ឬប្រាក់ពន្ធលើដីធ្លីមិនបាន ប្រើប្រាស់ដែលបានបង់
៤. ចំណាយលើសេវារដ្ឋបាលសុរិយោដី ឬភូមិបាល
៥. ចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្ម
៦. ចំណាយកម្រៃជើងសា
៧. ចំណាយលើការវាយតម្លៃទ្រព្យ
៨. ចំណាយលើសេវារដ្ឋបាលចំពោះការខ្ចីប្រាក់ ដើម្បីទិញ ឬទទួលទ្រព្យ
៩. ចំណាយការប្រាក់ចំពោះការខ្ចីប្រាក់ដើម្បីទិញទ្រព្យដែលបានបង់ក្នុងអំឡុងពេលកាន់កាប់ទ្រព្យ
១០. ចំណាយថែទាំនិងកែលម្អទ្រព្យ
១១. ចំណាយក្នុងការបង្កើត ឬរក្សាការពារនូវសិទ្ធិកាន់កាប់ទ្រព្យ។

Posted on Leave a comment

ថ្លៃដើមនៃការរៀបចំតុបតែងលម្អដីធ្លី របស់សហគ្រាស = Cost of Improvements and Preparation of Enterprise’s Land (សទ្ទានុក្រមពន្ធដារ)

វាក្យសព្ទនេះ សំដៅដល់ការចំណាយដើម្បីអភិវឌ្ឍដីធ្លីដែលជាកម្មសិទ្ធិរបស់សហគ្រាស ដូចជាការចាក់ដីបន្ថែម ការឈូសឆាយដីធ្វើសួន ឬតុបតែងលម្អ ជាដើម។

Posted on Leave a comment

ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា = Cambodia Data Exchange – CamDX (សទ្ទានុក្រមពន្ធដារ)

ថ្នាលផ្លាស់ប្ដូរ (ផ្តោះប្តូរ)ទិន្នន័យកម្ពុជា សំដៅដល់៖
-ថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ផ្លាស់ប្ដូរទិន្នន័យរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័ននានាដោយសុវត្ថិភាព និងដោយយន្តការច្បាស់លាស់តាមរយៈប្រព័ន្ធអ៊ីនធឺណិត ឬបណ្ដាញតភ្ជាប់ឌីជីថលផ្សេងៗក្នុងគោលដៅតភ្ជាប់ជាប្រព័ន្ធរដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថល។
-ថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាលសម្រាប់ផ្លាស់ប្តូរទិន្នន័យដោយប្រើប្រាស់សន្ធានកម្មនៃកម្មវិធីកំព្យូទ័ររវាងបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័ននានា និងរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់វិស័យឯកជនដោយសុវត្ថិភាព និងដោយយន្តការច្បាស់លាស់តាមរយៈប្រព័ន្ធអ៊ីនធឺណិត ឬបណ្តាញតភ្ជាប់ឌីជីថលផ្សេងៗ។

Posted on Leave a comment

ថ្លៃដើមទ្រព្យសកម្មបញ្ចេញចោល = Cost of Asset Disposal (សទ្ទានុក្រមពន្ធដារ)

សំដៅដល់តម្លៃនៅសល់ (Book Value) របស់ទ្រព្យសកម្មដែលបានដកចេញនូវរំលស់ដែលតម្លៃនេះស្មើនឹងថ្លៃដើមប្រវត្ដិសាស្ដ្រនៅពេលទិញដករំលស់បូកយោង (រំលស់ បង្គរយោង)។

Posted on Leave a comment

ថ្លៃឈ្នួលនៃអចលនទ្រព្យ = Immovable Property Rental Fee (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រាក់ឈ្នួលដុល ដែលបានចុះកិច្ចសន្យា ឬបានព្រមព្រៀងជាមួយអ្នកជួលដោយផ្អែកលើតម្លៃទីផ្សារ។

Posted on Leave a comment

ថ្នាលឌីជីថល = Digital Platform (សទ្ទានុក្រមពន្ធដារ)

វាក្យសព្ទនេះ សំដៅដល់កម្មវិធីបច្ចេកវិទ្យាព័ត៌មានដែលបង្កើតបានជាពិភពឌីជីថលសម្រាប់បម្រើក្នុងគោលបំណងជាក់លាក់ណាមួយ និងសម្រាប់សម្របសម្រួលអ្នកប្រើប្រាស់ធ្វើអន្តរសកម្ម និងអន្តរប្រតិបត្តិការជាមួយនឹងអ្នកពាក់ព័ន្ធ។

Posted on Leave a comment

ថវិកាថ្នាក់ក្រោមជាតិ = Sub-national Budget (សទ្ទានុក្រមពន្ធដារ)

ថវិកាថ្នាក់ក្រោមជាតិ សំដៅដល់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់រាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក ឃុំ សង្កាត់ ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សានីមួយៗ។

Posted on Leave a comment

ថវិកាបុរេប្រទាន = Advance Budget (សទ្ទានុក្រមពន្ធដារ)

ថវិកាបុរេប្រទាន សំដៅដល់ការផ្តល់ថវិកាមួយចំនួនជាមុនសម្រាប់ចំណាយលើដំណើរការចាំបាច់ និងបន្ទាន់ដែលអង្គភាពចំណាយមិនអាចរកសក្ខីបត្រមកស្នើសុំធានាចំណាយជាមុនបាន ដែលមានន័យថា អង្គភាពចំណាយត្រូវការចាំបាច់នូវសាច់ប្រាក់ក្នុងដៃសម្រាប់ចំណាយភ្លាមៗដើម្បីផ្ដល់លទ្ធភាពឱ្យសកម្មភាពមួយអាចដំណើរការទៅបានទាន់ពេលវេលា។