-ជាទូទៅ ពាក្យនេះ សំដៅដល់មគ្គុទ្ទេសក៍ ស្តង់ដារ សូចនាករ និមិត្តសញ្ញា ឬលេខដែលបង្ហាញពីទំនាក់ទំនងនៃផ្នែកមួយ ឬវត្ថុមួយទៀតទាក់ទងនឹងទំហំ សមត្ថភាព ឬមុខងារ។
-សម្រាប់កម្មវត្ថុនៃបច្ចេកវិទ្យាព័ត៌មាន សំដៅដល់ការកំណត់សម្គាល់ ឬលេខសម្គាល់ធាតុនៅក្នុងបណ្តុំលំដាប់ធាតុក្រោមឈ្មោះ និងប្រភេទទិន្នន័យតែមួយតាមទំហំវិមាត្រនៅក្នុងភាសាសរសេរកម្មវិធី។
Category: Tax Glossary
សន្ធានកម្ម = System Interface (សទ្ទានុក្រមពន្ធដារ)
គឺជាកម្មវិធី ឬវិធីសាស្ត្រដែលផ្ទេរទិន្នន័យពីប្រព័ន្ធបច្ចេកវិទ្យាមួយទៅប្រព័ន្ធមួយទៀត ឬរវាងចំណែកពីរនៃប្រព័ន្ធតែមួយ។
សន្តិសុខសាយប័រ = Cybersecurity (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់ស្ថានភាព ឬវិធានការនៃការថែរក្សាការពារទប់ទល់នឹងឧក្រិដ្ឋកម្ម ឬការប្រើប្រាស់ទិន្នន័យអេឡិចត្រូនិកដោយគ្មានការអនុញ្ញាត។
សន្ធានកម្មនៃកម្មវិធីកុំព្យូទ័រ (អេភីអាយ) = Application Programming Interface (APIs) (សទ្ទានុក្រមពន្ធដារ)
សន្ធានកម្មនៃកម្មវិធីកុំព្យូទ័រ សំដៅដល់ច្រកចេញ-ចូលនៃទំនាក់ទំនងក្នុងការផ្លាស់ប្តូរទិន្នន័យរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពីរ ឬច្រើន។
សន្ធិសញ្ញាពន្ធ = Tax Treaty (សទ្ទានុក្រមពន្ធដារ)
សន្ធិសញ្ញាពន្ធ អាចត្រូវបានហៅថាអនុសញ្ញា ឬកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នាដែលសំដៅដល់កិច្ចព្រមព្រៀងរវាងប្រទេសពីរ ដើម្បីចៀសវាងការយកពន្ធត្រួតគ្នា ដោយកំណត់ពីសិទ្ធិយកពន្ធរបស់ប្រទេសនីមួយៗ ទាក់ទិននឹងរំហូរប្រាក់ចំណូលឆ្លងដែន ការផ្តល់ឥណទានពន្ធ ឬការលើកលែងពន្ធ ដើម្បីលុបបំបាត់ការយកពន្ធត្រួតគ្នា។ សន្ធិសញ្ញាពន្ធ មិនអាចកើតមានក្នុងករណីភាគីណាមួយចាត់ទុកភាគីមួយទៀតជាប្រទេសយកពន្ធទាប។ កិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា ត្រូវបានរៀបចំឡើងដើម្បីទាក់ទាញវិនិយោគទុនបរទេស កាត់បន្ថយការយកពន្ធត្រួតគ្នា និងកាត់បន្ថយអំពើគេចវេះពន្ធឆ្លងដែន។
សន្តតិកម្ម = Succession (សទ្ទានុក្រមពន្ធដារ)
-សន្តតិកម្ម សំដៅដល់ការផ្ទេរនូវសិទ្ធិ និងករណីយកិច្ចរបស់មតកជនបានស្លាប់ទៅឱ្យសន្តតិជនម្នាក់ ឬច្រើននាក់តាមឆន្ទៈ ឬតាមច្បាប់។
-សម្រាប់កម្មវត្ថុនៃពន្ធប្រថាប់ត្រា សន្តតិកម្ម សំដៅដល់ការផ្ទេរអចលនទ្រព្យពីមនុស្សស្លាប់ទៅឱ្យញាតិតាមរយៈ
+បណ្តាំជាលាយលក្ខណ៍អក្សរ ករណីគ្មានទំនាស់ ឬ
+បញ្ជាក់លើលិខិតយថាភូត ករណីគ្មានទំនាស់ ឬ
+សាលក្រម ឬសាលដីកាតុលាការ ករណីមានទំនាស់។
សណ្ឋាគារ = Hotel (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់ទីកន្លែងជាមូលដ្ឋានផ្គត់ផ្គង់សេវាស្នាក់នៅមានលក្ខណៈជាបន្ទប់ គ្រែ និងមានផ្តល់នូវសម្បទា និងសេវាផ្សេងៗ។
-សម្រាប់គោលដៅអាករលើការស្នាក់នៅសណ្ឋាគារសំដៅដល់៖ សណ្ឋាគារ សណ្ឋាគារអផាតមែន សណ្ឋាគារស្វ៊ីត សណ្ឋាគាររីសត ម៉ូតែល ឡូដ បឹងកាឡូ ផ្ទះសំណាក់ ឬផ្ទះភ្ញៀវ កន្លែងបោះជំរុំទេសចរណ៍ ទីកន្លែងផ្តល់សេវាស្នាក់នៅដទៃទៀត ដែលមានលក្ខណៈប្រហាក់ប្រហែល ទោះជាឱ្យ ឬដាក់ឈ្មោះថាជាអ្វីក៏ដោយ លើកលែងតែផ្ទះជួល ឬ ផ្ទះល្វែងជួល។
សញ្ញាប័ណ្ណអាចបំបែកបាន = Stripped Bond (សទ្ទានុក្រមពន្ធដារ)
សំដៅដល់សញ្ញាប័ណ្ណដែលបំបែកសមាសធាតុពីរដាច់ដោយឡែកពីគ្នារវាងការទូទាត់គូប៉ុង (ការប្រាក់) និងការសងប្រាក់ដើម និងបន្ទាប់មកត្រូវបានលក់ជាលក្ខណៈដាច់ដោយឡែក។ ភាគីម្ខាងនឹងទទួលបានប្រាក់ដើមនៅពេលឥណប្រតិទាន (សញ្ញាប័ណ្ណគ្មានការប្រាក់) ហើយភាគីម្ខាងទៀតនឹងទទួលបានការទូទាត់ការប្រាក់ថេរពេញមួយជីវិតនៃសញ្ញាប័ណ្ណក្នុងទម្រង់ជារំហូរនៃប័ណ្ណ។
សញ្ញាប័ណ្ណមានចំណាត់ថ្នាក់ទាប = Junk Bond (សទ្ទានុក្រមពន្ធដារ)
សំដៅដល់មូលបត្របំណុល ឬប័ណ្ណបំណុល (Debentures) ដែលបោះផ្សាយដោយក្រុមហ៊ុនមានកម្រិតវាយតម្លៃឥណទានទាប (ពោលគឺ ទាបជាង “Investment Grade”)។ សញ្ញាប័ណ្ណប្រភេទនេះជាទូទៅមានហានិភ័យខ្ពស់ ប៉ុន្តែក៏ផ្តល់អត្រាការប្រាក់ខ្ពស់ផងដែរ។
សញ្ញាប័ណ្ណមានការប្រាក់សូន្យ = Zero Coupon Bond (សទ្ទានុក្រមពន្ធដារ)
ជាមូលបត្របំណុលរយៈពេលវែង ដែលមិនបង់ការប្រាក់ជាប្រចាំនោះទេ តែទុករហូតដល់កាលកំណត់នៃមូលបត្រ បំណុលទើបបង់ការប្រាក់សរុប។ សញ្ញាប័ណ្ណមានការប្រាក់សូន្យនេះ ត្រូវបានលក់បញ្ចុះតម្លៃធៀបនឹងតម្លៃចារឹករបស់វា។
សង្គហធន = Mutual Fund (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់ប្រភេទក្រុមហ៊ុនវិនិយោគ ដែលស្ថិតក្រោមបទប្បញ្ញត្តិជាក់លាក់ដែលប្រមូលប្រាក់ពីម្ចាស់ភាគហ៊ុនដើម្បីយកទៅវិនិយោគនៅក្នុងផ្សារភាគហ៊ុនសញ្ញាប័ណ្ណ ជម្រើសវិនិយោគ ឬទីផ្សារមូលបត្រ ឬផលបត្រ នៃមូលបត្រ ដែលកាន់កាប់ដោយក្រុមហ៊ុនវិនិយោគក្នុងនាមវិនិយោគិន។
សញ្ញាប័ណ្ណ = Bond (សទ្ទានុក្រមពន្ធដារ)
សញ្ញាប័ណ្ណ សំដៅដល់ប្រភេទមូលបត្របំណុល ដែលតំណាងឱ្យកិច្ចសន្យាខ្ចីប្រាក់រវាងបុគ្គលបោះផ្សាយមូលបត្របំណុល(រួមមានសាជីវកម្ម សហគ្រាសរដ្ឋ ឬរាជរដ្ឋាភិបាល) និងវិនិយោគិន (ម្ចាស់មូលបត្របំណុល)។ តាមរយៈកិច្ចសន្យានេះ បុគ្គលបោះផ្សាយមូលបត្របំណុលមានកាតព្វកិច្ចបង់ឱ្យវិនិយោគិននូវចំនួនទឹកប្រាក់ជាក់លាក់មួយជាទៀងទាត់ ដែលហៅថា “គូប៉ុង (Coupon) ” ឬ “ការប្រាក់” (លើកលែងសម្រាប់សញ្ញាប័ណ្ណគ្មានការប្រាក់) ព្រមទាំងបង់ប្រាក់ដើមនៅពេលដែលសញ្ញាប័ណ្ណនោះឈានដល់កាលកំណត់សង ដែលហៅថា “ឥណប្រតិទាន”។ គឺជាប័ណ្ណបំណុលដែលមានចារឹកប្រាក់ដើម និងការប្រាក់របស់រដ្ឋាភិបាល ឬសហគ្រាស។ ជាទូទៅ អត្រាការ ប្រាក់ត្រូវ បានកំណត់តាមអត្រាថេរ និងមានឥណប្រតិទាន១ឆ្នាំ ឬច្រើនជាង។
សកម្មភាពអាជីវកម្ម = Business Activity (សទ្ទានុក្រមពន្ធដារ)
-គឺជាសកម្មភាពប្រតិបត្ដិការទាំងឡាយណា ដែលធ្វើឡើងក្នុងគោលបំណងរកប្រាក់ចំណេញ។ សកម្មភាពអាជីវកម្មជាញឹកញាប់ត្រូវបានបែងចែកជាពីរប្រភេទ គឺសកម្មភាពវិនិយោគ (Investing activities) និងសកម្មភាពផ្ដល់ហិរញ្ញប្បទាន (Financing activities)។
-សម្រាប់កម្មវត្ថុនៃបទប្បញ្ញត្តិស្តីពីពន្ធដារ សកម្មភាពអាជីវកម្ម សំដៅដល់សកម្មភាពសេដ្ឋកិច្ចរបស់បុគ្គលក្នុងគោលដៅផលិត និងលក់ទំនិញ ផ្គត់ផ្គង់សេវា ភតិសន្យា ជួល ឬ លក់ទ្រព្យសម្បត្តិ ឬសកម្មភាពផ្សេងទៀតរួមទាំងសកម្មភាពរបស់ស្ថាប័ន ឬអង្គការនានា។
សច្ចាប័ន = Ratification (សទ្ទានុក្រមពន្ធដារ)
សច្ចាប័ន សំដៅដល់ដំណើរសកម្មភាពនៃការចុះហត្ថលេខា ឬការផ្ដល់ការយល់ព្រមក្នុងគោលបំណងធ្វើឱ្យមានសុពលភាពជាផ្លូវការចំពោះសន្ធិសញ្ញា កិច្ចសន្យា ឬកិច្ចព្រមព្រៀង ដើម្បីចូលជាធរមាន។
សកម្មភាពសេដ្ឋកិច្ច = Economic Activity (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់សកម្មភាពនៃការផ្គត់ផ្គង់ ការផលិត ការទិញ ឬលក់ទំនិញ ឬសេវាដោយមនុស្ស ដើម្បីបម្រើសេចក្ដីត្រូវការនៃជីវភាពរស់នៅប្រចាំថ្ងៃ។ ជារួម សកម្មភាពសេដ្ឋកិច្ច គឺជាប្រភេទសកម្មភាពដែលពាក់ព័ន្ធជាមួយនឹងលុយកាក់ ឬការដោះដូរផលិតផល ឬសេវា។
-សម្រាប់គោលដៅពន្ធ សកម្មភាពសេដ្ឋកិច្ច សំដៅដល់សកម្មភាពរបស់បុគ្គលដែលធ្វើជានិច្ចកាលជាប់បន្ត ឬមួយដង មួយគ្រា ដើម្បីរក ឬមិនរកផលចំណេញ ក្នុងការផ្គត់ផ្គង់ ឬមានបំណងផ្គត់ផ្គង់ទំនិញ ឬសេវាឱ្យដល់បុគ្គលដទៃក្នុងគោលដៅដើម្បីបានអត្ថប្រយោជន៍អ្វីមួយ។
សកម្មភាពគាំទ្រ = Auxiliary Activities (សទ្ទានុក្រមពន្ធដារ)
ជាកន្លែងអាជីវកម្មជាក់លាក់មួយដែលសហគ្រាសធ្វើសកម្មភាពតែមួយគត់ដើម្បីចាប់ផ្តើមរៀបចំ ឬជាលក្ខណៈជំនួយសម្រាប់សហគ្រាស ដែលតាមសន្ធិសញ្ញាពន្ធជាទូទៅមិនត្រូវបានចាត់ទុកជាគ្រឹះស្ថានអចិន្ត្រៃយ៍ទេ។ លក្ខណវិនិច្ឆ័យសម្រាប់ពិចារណាថាតើសកម្មភាពរបស់កន្លែងអាជីវកម្មជាក់លាក់នោះបង្កើតបានជាផ្នែកសំខាន់ និងចម្បងសម្រាប់សកម្មភាពរបស់សហគ្រាសទាំងមូលដែរឬទេ។
សកម្មភាពប្រព័ន្ធត្រួតពិនិត្យ = Control Activity (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់ប្រភេទគោលនយោបាយ និងនីតិវិធីបែបបទ ដែលតម្រូវឱ្យអង្គភាពទាំងមូលអនុវត្តទាំងស្រុងស្របតាមសេចក្តីណែនាំរបស់ក្រុមថ្នាក់ដឹកនាំ។
ឧ.: ការផ្តល់សិទ្ធិ ការត្រួតពិនិត្យលើការអនុវត្តដំណើរការព័ត៌មាន ការត្រួតពិនិត្យរូបវន្ត ការបែងចែកភារកិច្ច ជាដើម។
វិភាជន៍វិនិយោគ/អនុគ្រោះទ្រព្យវិនិយោគ = Investment Allowance/Investment Deduction (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ការលើកទឹកចិត្តចំពោះទ្រព្យដែលអាចរំលស់បាន និងបំពេញបានគ្រប់លក្ខខណ្ឌកំណត់។ ការអនុគ្រោះនេះអនុញ្ញាតឱ្យបូកបន្ថែម (ជាភាគរយ) លើថ្លៃដើមទ្រព្យដំបូង សម្រាប់ធ្វើរំលស់ទាំងស្រុង ហើយជាទូទៅត្រូវបានអនុវត្តនៅក្នុងឆ្នាំដែលបានទិញចូល ឬភ្លាមៗក្រោយពេលទិញចូល។
សកម្មភាពវិនិយោគ = Investment Activity (សទ្ទានុក្រមពន្ធដារ)
សំដៅដល់សកម្មភាពទាក់ទងនឹងការទិញ ឬបង្កើតទ្រព្យ សកម្មរយៈពេលវែង រួមទាំងការវិនិយោគ (សញ្ញាប័ណ្ណ និង ភាគហ៊ុន) ពីសាជីវកម្មដទៃទៀត ដែលមានដូចជាសាច់ប្រាក់ចំណាយទៅលើការទិញ-លក់ដី អគារ និងសម្ភារបរិក្ខារ ភាគហ៊ុន និងសញ្ញាប័ណ្ណ និងពីសាជីវកម្មដទៃ ការផ្តល់ប្រាក់ឱ្យខ្ចី និងសាច់ប្រាក់ទទួលត្រឡប់មកវិញនៃប្រាក់ឱ្យខ្ចី។
សកម្មភាពគាំទ្រជាមូលដ្ឋាន = Preparatory Activities (សទ្ទានុក្រមពន្ធដារ)
ជាទូទៅ វាក្យសព្ទនេះសំដៅដល់សកម្មភាព ដែលត្រូវបានអនុវត្ត និងត្រៀមលក្ខណៈសម្រាប់គោលបំណងបម្រើឱ្យការអនុវត្តសកម្មភាពចម្បងរបស់សហគ្រាសទាំងមូល។
វិភាគលើភាពដែលអាចប្រៀបធៀបបាន = Comparability Analysis (សទ្ទានុក្រមពន្ធដារ)
គឺជាវិធីសាស្ត្រប្រៀបធៀបលក្ខខណ្ឌប្រតិបត្តិការមានការរៀបចំ ជាមួយលក្ខខណ្ឌប្រតិបត្តិការគ្មានការរៀបចំរវាងសហគ្រាសឯករាជ្យ។ ប្រតិបត្តិការមានការរៀបចំ និងគ្មានការរៀបចំអាចប្រៀបធៀបគ្នាបាន ប្រសិនបើមិនមានភាពខុសគ្នារវាងប្រតិបត្តិការដែលអាចប៉ះពាល់ជាសារវន្តដល់កត្តាដែលត្រូវយកមកពិនិត្យក្នុងវិធីសាស្រ្តនេះ (ឧទាហរណ៍ : តម្លៃ ឬកម្រិតចំណេញ) ឬប្រសិនបើការកែតម្រូវដែលមានភាពត្រឹមត្រូវសមហេតុផលអាចធ្វើទៅបាន ដើម្បីលុបបំបាត់ ផលប៉ះពាល់ជាសារវន្តនូវភាពខុសគ្នានោះ។
វិភាគទានសប្បុរសធម៌ = Charitable Contribution (សទ្ទានុក្រមពន្ធដារ)
-វិភាគទានសប្បុរសធម៌ គឺជាការបរិច្ចាគ ឬអំណោយសម្រាប់ប្រើប្រាស់នៅក្នុងអង្គការមិនស្វែងរកប្រាក់ចំណេញ។ វិភាគទាននេះ គឺជាការបរិច្ចាគដោយស្ម័គ្រចិត្ត ដោយមិនរំពឹងថានឹងទទួលបានប្រយោជន៍អ្វីមួយមកវិញទេ។
-សម្រាប់គោលដៅពន្ធ សំដៅដល់វិភាគទានជាសាច់ប្រាក់ ឬជាវត្ថុផ្តល់ជូនដល់សកម្មភាពមិនស្វែងរកប្រាក់ចំណេញ។
វិភាគមុខងារ = Functional Analysis (សទ្ទានុក្រមពន្ធដារ)
នៅក្នុងបរិបទពន្ធដារ វិភាគមុខងារ សំដៅដល់ការវិភាគទៅលើមុខងារដែលបានធ្វើដោយសហគ្រាសជាប់ទាក់ទិនក្នុងប្រតិបត្តិការមានការរៀបចំ និងមុខងារដែលបានធ្វើដោយសហគ្រាសឯករាជ្យក្នុងប្រតិបត្តិការគ្មានការរៀបចំដោយពិនិត្យពិចារណាលើទ្រព្យសកម្មដែលបានប្រើប្រាស់ និងហានិភ័យប្រឈម។
វិភាគទានសន្តិសុខសង្គម = Social Security Contributions (សទ្ទានុក្រមពន្ធដារ)
គឺជាកាតព្វកិច្ច ដែលត្រូវទូទាត់វិភាគទានជូនរដ្ឋាភិបាល ហើយរំពឹងថាទទួលបានផលប្រយោជន៍សង្គមជាយថាហេតុត្រឡប់មកវិញនាពេលអនាគត។ នៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារនៃព្រះរាជាណាចក្រកម្ពុជា វាក្យសព្ទនេះប្រើសម្រាប់ពន្ធលើប្រាក់បៀវត្សគឺជាចំនួនប្រាក់បង់ចូលមូលនិធិសុខុមាលភាពសង្គម ដែលមិនលើសពីកម្រិតដែលច្បាប់បានអនុញ្ញាត ត្រូវបានលើកលែងពន្ធលើអត្ថប្រយោជន៍បន្ថែម។
វិភាគហានិភ័យ = Risk Analysis (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ដំណើរការនៃការកំណត់ហានិភ័យ និងភាពងាយរងគ្រោះ ដែលសវនករប្រើជាមូលដ្ឋានក្នុងការកំណត់ប្រព័ន្ធត្រួតពិនិត្យចាំបាច់ដើម្បីកាត់បន្ថយហានិភ័យ។
វិនិយោគ = Investment (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ការទិញភាគហ៊ុន មូលបត្របំណុល ភាគហ៊ុន មូលនិធិ ទ្រព្យសម្បត្តិ ប្រាក់ប្រចាំឆ្នាំ ឬទ្រព្យសម្បត្តិផ្សេងទៀត ដោយរំពឹងថានឹងទទួលបានប្រាក់ចំណូល ឬចំណេញដើមទុន ឬទាំងពីរមុខនៅពេលអនាគត។
វិនិយោគក្នុងសហគ្រាសដទៃ = Investment in Other Enterprises (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ការដាក់ទុនវិនិយោគរបស់សហគ្រាសមួយទៅកាន់សហគ្រាសដទៃ ហើយដែលជាទូទៅបង្ហាញជាចំនួនភាគហ៊ុនកាន់កាប់នៅក្នុងសហគ្រាសដទៃនោះ។
វិនិយោគផលបត្រ = Portfolio Investment (សទ្ទានុក្រមពន្ធដារ)
-វិនិយោគផលបត្រ គឺជាការវិនិយោគក្នុងទម្រង់ជាក្រុម (ផលបត្រ) នៃទ្រព្យសម្បត្តិ ដែលមានរួមបញ្ចូលទាំងទម្រង់មូលធនភាគហ៊ុន (Equity) មូលបត្រ (Securities) ដូចជាភាគហ៊ុនទូទៅ (Common Stocks) និងមូលបត្របំណុល (Debt Securities) ដែលមានដូចជាក្រដាសប្រាក់ និងប័ណ្ណបំណុល (Bond)។
-ការវិនិយោគលើផលបត្រនៅក្នុងក្រុមហ៊ុនមួយ គឺជាការកាន់កាប់ភាគហ៊ុន ដែលគិតជាបរិមាណ គឺមានចំនួនតិច បើធៀបនឹងចំនួនភាគហ៊ុនសរុបរបស់ក្រុមហ៊ុន ដូចជាតិចជាង ១០% ជាដើម។ អ្នកវិនិយោគលើផលបត្រអាចនឹងទទួល បាននូវការបន្ធូរបន្ថយពន្ធផ្សេងៗគ្នា ឬការអនុគ្រោះផ្សេងៗ ចំពោះភាគលាភស្ថិតក្រោមសន្ធិសញ្ញាពន្ធច្រើនជាងអ្នកវិនិយោគផ្ទាល់ដទៃទៀត។
វិភាគតាមការរួមចំណែក = Contribution Analysis (សទ្ទានុក្រមពន្ធដារ)
នៅក្នុងករណីអនុវត្តវិធីសាស្ត្របែងចែកប្រាក់ចំណេញក្នុងការផ្ទេរថ្លៃ ការវិភាគតាមការចូលរួមចំណែកតម្រូវឱ្យបែងចែកប្រាក់ចំណេញរួមគ្នារវាងសហគ្រាសទាក់ទិនដោយផ្អែកលើតម្លៃទាក់ទងនៃមុខងារអនុវត្តរបស់សហគ្រាសទាក់ទិននីមួយៗ ដែលចូលរួមក្នុងប្រតិបត្តិការមានការរៀបចំទុក។
វិធីសាស្រ្តឯកសហគ្រាស = Single Entity Approach (សទ្ទានុក្រមពន្ធដារ)
សំដៅដល់វិធីសាស្រ្តក្នុងការយកពន្ធនីតិបុគ្គល ដែលបានប្រកបអាជីវកម្មតាមរយៈគ្រឹះស្ថានអចិន្រៃ្តយ៍ ជាជាងតាមរយៈសហគ្រាសបុត្រសម័្ពន្ធ។ ក្រោមវិធីសាស្រ្តឯកសហគ្រាស ការិយាល័យកណ្តាល និងគ្រឹះស្ថានអចិន្រៃ្តយ៍ត្រូវបានចាត់ទុកជាអ្នកជាប់ពន្ធតែមួយសម្រាប់គោលដៅពន្ធដារ បើទោះបីអង្គភាពទាំងពីរអាចត្រូវបានចាត់ទុកជាសហគ្រាសផ្សេងគ្នាសម្រាប់កម្មវត្ថុនៃបទប្បញ្ញត្តិគណនេយ្យ ឬពាណិជ្ជកម្មក៏ដោយ។
វីធីសាស្ត្រផ្ទាល់នៃការបែងចែកថ្លៃដើម = Direct Method of Cost Allocation (សទ្ទានុក្រមពន្ធដារ)
សំដៅដល់វិធីសាស្រ្តនៃការបែងចែកចំណាយ ដែលសហគ្រាសមេ ឬកន្លែងដែលផ្តល់សេវាកម្មជារួមនៃសហគ្រាសពហុជាតិ ផ្តល់សេវាគ្រប់គ្រង និងសេវាកម្មផ្សេងៗ ដោយធ្វើការបែងចែកចំណាយទាំងនោះទៅសមាជិកម្នាក់ៗនៅក្នុងសហគ្រាសពហុជាតិដោយផ្ទាល់។
វិធីសាស្ត្រព័ទ្ធរបង = Ring Fence (សទ្ទានុក្រមពន្ធដារ)
វិធីសាស្ត្រព័ទ្ធរបងសំដៅវិធីសាស្ត្រកំហិតប្រាក់ចំណូល ចំណាយ ចំណេញ ការខាតបង់ ប្រតិបត្តិការ ឬបណ្តុំប្រតិបត្តិការជាក់លាក់ ដើម្បីឱ្យនៅដោយឡែកពីគ្នាសម្រាប់គោលបំណងនៃការគិតពន្ធ។
វិធីសាស្ត្រសមាមាត្រ = Apportionment Method (សទ្ទានុក្រមពន្ធដារ)
គឺជាវិធីសាស្រ្តមួយដែលប្រើប្រាស់ដើម្បីបែងចែកចំណូលនិងចំណាយរវាងសហគ្រាសទាក់ទិនដោយប្រើប្រាស់កត្តាមួយចំនួនជាមូលដ្ឋានសម្រាប់គណនាដូចជាការលក់ទ្រព្យសម្បត្តិ ឬប្រាក់បៀវត្ស។
វិធីសាស្ដ្ររំលស់ថយចុះជាលំដាប់ = Declining Depreciation Method (សទ្ទានុក្រមពន្ធដារ)
សំដៅដល់វិធីសាស្រ្តរំលស់សន្ទុះ ដែលធ្វើឱ្យចំនួនទឹកប្រាក់រំលស់នៅឆ្នាំដំបូងមានចំនួនច្រើន និងកាន់តែថយចុះជាលំដាប់នៅឆ្នាំបន្ទាប់ៗមកទៀត។ ការគណនារំលស់នេះដោយគុណអត្រារំលស់ថេរជាមួយនឹងតម្លៃពិតនៃគណនេយ្យ។
ឧ. : រថយន្តមានតម្លៃ ១០០ លានរៀល និងមានអត្រារំលស់តាមច្បាប់ពន្ធដារ ២៥% ក្នុងមួយឆ្នាំ។ ដូចនេះ នៅឆ្នាំទី១ រំលស់ក្នុងពេលមួយឆ្នាំស្មើនឹង ១០០ x ២៥% = ២៥ លានរៀល។ នៅឆ្នាំទី២ រំលស់ក្នុងពេលមួយឆ្នាំស្មើនឹង (១០០ – ២៥) x ២៥% = ១៨,៧៥ លានរៀល។
វិធីសាស្ដ្ររំលស់ស្មើភាគ = Straight-line Depreciation Method (សទ្ទានុក្រមពន្ធដារ)
-គឺជាវិធីសាស្រ្តនៃការគណនារំលស់ថេរទ្រព្យរូបីរយៈពេលវែង ដែលបានទិញ ឬបង្កើតដោយសហគ្រាស និងត្រូវគណនាដោយយកថ្លៃដើមនៃទ្រព្យសកម្ម ដកតម្លៃប៉ាន់ស្មាននៃកាកសំណល់ ចែកនឹងអាយុកាលប៉ាន់ស្មាននៃការប្រើប្រាស់។
-ក្នុងបរិបទពន្ធដារកម្ពុជា វិធីសាស្ដ្ររំលស់ស្មើភាគ សំដៅដល់វិធីសាស្ត្រដែលតម្រូវឱ្យមានការបែងចែកដោយស្មើភាគនូវការសឹករេចទៅលើរយៈពេលនៃអាយុកាលនៃការប្រើប្រាស់ទ្រព្យសកម្មរយៈពេលវែង។ រំលស់តាមវិធីសាស្ដ្រស្មើភាគ ត្រូវកាត់បន្ថយដាក់ជាចំណាយនូវតម្លៃនៃទ្រព្យសកម្មរយៈពេលវែងក្នុងចំនួនស្មើនឹងអាយុកាលប្រើប្រាស់នៃទ្រព្យសកម្មរយៈពេលវែងនោះ។
ឧ. : អគារការិយាល័យមានតម្លៃ ១០០ លានរៀល និងមានអត្រារំលស់តាមអត្រាស្មើភាគ ៥% ក្នុងមួយឆ្នាំ ដូចនេះរំលស់ក្នុងពេលមួយឆ្នាំស្មើនឹង ១០០ x ៥% = ៥ លានរៀល។
វិធីសាស្រ្តវិនិយោគ = Investment Method (សទ្ទានុក្រមពន្ធដារ)
ក្នុងបរិបទអាករលើតម្លៃបន្ថែម (VAT) សំដៅដល់វិធីសាស្រ្តមួយដែលផ្តល់ឥណទានភ្លាមៗដល់សហគ្រាស ដើម្បីកាត់កងអាករចំពោះការចំណាយដែលបានកើតឡើង ក្នុងឆ្នាំសម្រាប់ទទួលបានទ្រព្យសកម្មអាជីវកម្មដូចជា (រោងចក្រ និងគ្រឿងម៉ាស៊ីន ដែលពាក់ព័ន្ធនឹងសមាសភាគពន្ធនៃថ្លៃទ្រព្យសកម្មទាំងនោះ)។
វិធីសាស្ត្របញ្ជាក់ពីចេតនាចំពោះទង្វើ = Motive Test (សទ្ទានុក្រមពន្ធដារ)
វិធីសាស្រ្តតេស្តនេះ ត្រូវបានប្រើប្រាស់ជាញឹកញាប់នៅក្នុងច្បាប់ពន្ធ ដែលត្រូវបានបង្កើតឡើងដើម្បីការពារការចៀសវាងពន្ធ។ វិធីសាស្រ្តនេះ អាចផ្តល់នូវផលលំបាកជាក់លាក់ ដែលនឹងកើតឡើងប្រសិនបើគោលបំណងចម្បង ឬសំខាន់នៃប្រតិបត្តិការជាក់លាក់ គឺការកាត់បន្ថយពន្ធ។
វិធីសាស្រ្តបែងចែកពន្ធ = Tax Allocation Method (សទ្ទានុក្រមពន្ធដារ)
វិធីសាស្រ្តបែងចែកពន្ធ គឺជាវិធីសាស្រ្តដាក់បន្ទុកពន្ធមួយផ្នែក ឬទាំងអស់នៃក្រុមទៅឱ្យបុគ្គលម្នាក់ៗនៅក្នុងក្រុមនោះ។
វិធីសាស្ត្រប្រតិបត្តិតាមទម្លាប់ = Traditional Transaction Methods (សទ្ទានុក្រមពន្ធដារ)
សំដៅដល់វិធីសាស្ត្របែងចែកចំណូល-ចំណាយដោយផ្អែកលើទិន្នន័យអាចប្រៀបធៀបបានពីអង្គភាពឯករាជ្យ (ឧទាហរណ៍ : ទិន្នន័យពីទីផ្សារខាងក្រៅ)។ វិធីសាស្ត្រប្រតិបត្តិតាមទម្លាប់មានចំនួន ០៣ ក្នុងចំណោមគោលការណ៍ជំហោងដៃចំនួន ០៥ ដែលវិធីសាស្ត្រទាំង ០៣ នេះរួមមាន៖ វិធីសាស្ត្រថ្លៃគ្មានការរៀបចំអាចធៀបបាន វិធីសាស្ត្រថ្លៃផ្គត់ផ្គង់បន្ត និងវិធីសាស្ត្របន្ថែមលើថ្លៃដើម។
វិធីសាស្ត្របន្ថែមប្រាក់ចំណេញ = Profit Mark-Up (សទ្ទានុក្រមពន្ធដារ)
សំដៅដល់វិធីសាស្រ្តម្យ៉ាងសម្រាប់រកតម្លៃជំហោងដៃ ដោយយកថ្លៃដើមរបស់អ្នកលក់បូកបន្ថែមជាមួយប្រាក់ចំណេញសមរម្យ។
វិធីសាស្រ្តប្រាក់ចំណេញ = Profit Method (សទ្ទានុក្រមពន្ធដារ)
វិធីសាស្រ្តប្រាក់ចំណេញ សំដៅដល់វិធីសាស្រ្តដែលត្រូវបានប្រើនៅក្នុងករណីផ្ទេរថ្លៃ ដោយពិនិត្យមើលទៅលើប្រាក់ចំណេញដែលកើតចេញពីប្រតិបត្តិការគ្រប់គ្រងរបស់សហគ្រាសពាក់ព័ន្ធមួយ ឬច្រើនដែលចូលរួមក្នុងប្រតិបត្តិការបែបនេះ។
វិធីសាស្ត្រប្រតិបត្តិការគ្មានការរៀបចំអាចធៀបបាន = Comparable Uncontrolled Transaction (CUT) Method (សទ្ទានុក្រមពន្ធដារ)
គឺជាវិធីសាស្ត្រផ្ទេរថ្លៃមួយដែលត្រូវបានប្រើប្រាស់ ដើម្បីកំណត់កម្រិតសួយសារតាមវិធីសាស្ត្រជំហោងដៃសម្រាប់ទ្រព្យអរូបី ដោយយោងតាមការផ្ទេរនៃទ្រព្យអរូបី ដែលអាចធៀបបាននៅក្នុងប្រតិបត្តិការគ្មានការរៀបចំនៅក្នុងកាលៈទេសៈប្រហាក់ប្រហែលគ្នា។
វិធីសាស្ត្រថ្លៃគ្មានការរៀបចំអាចធៀបបាន = Comparable Uncontrolled Price (CUP) Method (សទ្ទានុក្រមពន្ធដារ)
គឺជាវិធីសាស្រ្តម្យ៉ាងសម្រាប់ការប្រៀបធៀបរវាងថ្លៃ ដែលត្រូវបានកំណត់លើការផ្ទេរទំនិញ សេវា ឬទ្រព្យនៅក្នុងប្រតិបត្តិការមានការរៀបចំ ទៅនឹងថ្លៃដែលត្រូវបានកំណត់លើការផ្ទេរទំនិញ សេវា ឬទ្រព្យនៅក្នុងប្រតិបត្តិការគ្មានការរៀបចំនៅក្នុងកាលៈទេសៈប្រហាក់ប្រហែលគ្នា។ វិធីសាស្រ្តនេះសមស្របនៅក្នុងស្ថានភាពដែលទំនិញ សេវា ឬទ្រព្យអាចប្រៀបធៀបគ្នាបាន ឬក្នុងស្ថានភាពដែលការធ្វើនិយតកម្មសមហេតុផលអាចត្រូវបានធ្វើឡើង ដើម្បីបញ្ជាក់ថាថ្លៃទំនិញ សេវា ឬទ្រព្យទាំងនោះមាន ឬគ្មានភាពសមស្រប។
វិធីសាស្រ្តជាសកល = Global Method (សទ្ទានុក្រមពន្ធដារ)
យោងតាមវិធីសាស្រ្តជាសកល ប្រាក់ចំណេញរបស់សមាជិកម្នាក់ៗនៃសហគ្រាសពហុជាតិ (MNE) មិនត្រូវបានគណនាតាមគោលការណ៍ជំហោងដៃនោះទេ ផ្ទុយទៅវិញប្រាក់ចំណេញសរុបរបស់សហគ្រាសនឹងត្រូវបានបែងចែកទៅឱ្យសមាជិកនៃសហគ្រាសពហុជាតិ ដោយផ្អែកលើលក្ខខណ្ឌដូចជាចំណូលរបស់សមាជិកម្នាក់ៗ និងចំណាយដែលកើតឡើងដោយសមាជិកម្នាក់ៗ ឬថ្លៃពលកម្មរបស់សមាជិកម្នាក់ៗ។
វិធីសាស្ត្រចំណាយផ្ទាល់ = Direct Charge Method (សទ្ទានុក្រមពន្ធដារ)
សំដៅដល់វិធីសាស្រ្តនៃការគិតថ្លៃផ្ទាល់សម្រាប់សេវាក្នុងសហគ្រាសសម្ព័ន្ធញាតិ ដោយផ្អែកលើមូលដ្ឋានដែលបានកំណត់យ៉ាងច្បាស់លាស់។
វិធីសាស្រ្តគិតចំណាយដោយប្រយោល = Indirect-Charge Method (សទ្ទានុក្រមពន្ធដារ)
សំដៅដល់វិធីសាស្រ្តមួយដែលគិតលើសេវាក្នុងចំណោមសហគ្រាសសម្ព័ន្ធញាតិ តាមរយៈការបែងចែកទៅតាមចំណែក ឬសមាមាត្ររបស់សហគ្រាសនីមួយៗ។
វិធីសាស្ត្រចំណេញអាចធៀបបាន (វចធ) = Comparable Profit Method (CPM) (សទ្ទានុក្រមពន្ធដារ)
-នេះគឺជាវិធីសាស្ត្រម្យ៉ាងសម្រាប់កំណត់តម្លៃជំហោងដៃលើការផ្ទេរទ្រព្យអរូបី។ ក្នុងករណីចំណូលប្រតិបត្តិការ ដែលបានប្រកាសពន្ធរបស់ភាគី ដែលត្រូវបានជ្រើសរើស យកមកវិភាគ មិនស្ថិតនៅក្នុងរង្វង់ជំហោងដៃ ចំណូលប្រតិបត្តិការនោះក្លាយទៅជាកម្មវត្ថុនៃការកែតម្រូវឡើងវិញ។
-វិធីសាស្ត្រនេះតម្រូវឱ្យមានការប្រៀបធៀបរវាងចំណូលប្រតិបត្តិការដែលកើតឡើងជាក់ស្តែងពីប្រតិបត្តិការ ដែលមានការរៀបចំជាមួយនឹងចំណូលប្រតិបត្តិការរបស់អ្នក ជាប់ពន្ធប្រហាក់ប្រហែលដែលគ្មានការរៀបចំ។
វិធីសាស្ត្រកេងចំណេញលើកិច្ចព្រមព្រៀងអន្តរជាតិ = Treaty Shopping (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់វិធីសាស្រ្ដនៃការវិភាគលើបទប្បញ្ញត្តិនានានៅក្នុងសន្ធិសញ្ញាពន្ធ ឬកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា សម្រាប់រៀបចំប្រតិបត្តិការអាជីវកម្ម អន្ដរជាតិឱ្យទៅជាទ្រង់ទ្រាយសមស្របមួយ ដើម្បីកេងយកផលប្រយោជន៍ពីសន្ធិសញ្ញាពន្ធ ឬកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា។
-ជាធម្មតា វិធីសាស្រ្ដនេះត្រូវបានប្រើប្រាស់ក្នុងករណីបុគ្គលមួយដែលមិនមែនជានិវាសនជននៃរដ្ឋភាគីទាំងពីរនៃសន្ធិសញ្ញាពន្ធ បានបង្កើតនីតិបុគ្គលមួយនៅក្នុងរដ្ឋភាគី មួយនៃសន្ធិសញ្ញាពន្ធ ដើម្បីទទួលបាននូវផលប្រយោជន៍នានាដែលមានផ្ដល់ជូននៅក្នុងសន្ធិសញ្ញាពន្ធនោះ។
វិធីសាស្រ្ដកែតម្រូវនិយតកម្មនៃការផ្ទេរថ្លៃ = Transfer Pricing Adjustment (សទ្ទានុក្រមពន្ធដារ)
វិធីសាស្រ្ដកែតម្រូវនិយតកម្មនៃការផ្ទេរថ្លៃនេះ សំដៅដល់ការកែតម្រូវ ឬធ្វើនិយតកម្មដែលធ្វើឡើងដោយរដ្ឋបាលសារពើពន្ធបន្ទាប់ពីបានកំណត់ថាតម្លៃផ្ទេរនៅក្នុងប្រតិបត្តិការស្ថិតក្រោមស្ថានភាពនៃការគ្រប់គ្រងរវាងសហគ្រាសពាក់ព័ន្ធ មានភាពមិនត្រឹមត្រូវ ឬក្នុងករណីដែលការបែងចែកប្រាក់ចំណេញមានសភាពមិនគោរពតាមគោលការណ៍ជំហោងដៃ។
វិធីសាស្ត្រកាត់កងចំណាយតាមការកំណត់ = Limited Deduction Method (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់វិធីសាស្រ្តដែលអនុញ្ញាតឱ្យកាត់កងចំណាយ ដែលបានកំណត់ដោយគោលការណ៍ ឬច្បាប់។
-សម្រាប់កម្មវត្ថុនៃការគិតពន្ធលើចំណេញមូលធន វាក្យសព្ទនេះ អនុញ្ញាតឱ្យអ្នកជាប់ពន្ធជ្រើសរើសវិធីណាមួយក្នុងចំណោមវិធីសាស្ត្រពីរគឺ (១) កាត់កងចំណាយតាមអត្រា ៨០% នៃប្រាក់ចំណូលដែលទទួលបានពីការលក់ ឬផ្ទេរទ្រព្យ និង (២) កាត់កងតាមចំណាយជាក់ស្តែង។
វិធីសាស្ត្រ/អាល់ហ្គោរីត = Algorithm (សទ្ទានុក្រមពន្ធដារ)
សំដៅដល់បណ្តាកម្មវិធី និងគោលការណ៍ដែលប្រើ ដើម្បីអនុវត្ត ឬដោះស្រាយសកម្មភាព ឬបញ្ហាណាមួយ។
វិធីបន្ថែមលើថ្លៃដើម = Cost Plus Method-CPM (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់វិធីមួយក្នុងចំណោមវិធីដែលយកមកប្រើប្រាស់ដើម្បីបែងចែកចំណូល-ចំណាយក្នុងចំណោមបុគ្គលទាក់ទិនក្រោមគោលការណ៍ជំហោងដៃ ដោយធ្វើការប្រៀបធៀបកម្រិតចំណេញលើថ្លៃដើម ដែលកើនឡើងដោយផ្ទាល់ និងដោយប្រយោលចំពោះការផ្គត់ផ្គង់ទំនិញ សេវា ឬទ្រព្យនៅក្នុងប្រតិបត្តិការមានការរៀបចំ និងប្រតិបត្តិការគ្មានការរៀបចំ។
-គឺជាការបៀបធៀបកម្រិតចំណេញថ្លៃដើម ដែលកើតឡើងដោយផ្ទាល់ និងដោយប្រយោលចំពោះការផ្គត់ផ្គង់ទំនិញ សេវា ឬទ្រព្យនៅក្នុងប្រតិបត្តិការមានការរៀបចំ និង ប្រតិបត្តិការគ្មានការរៀបចំ។
វិធីថ្លៃផ្គត់ផ្គង់បន្ដ = Resale Price Method-RPM (សទ្ទានុក្រមពន្ធដារ)
វិធីថ្លៃផ្គត់ផ្គង់បន្ដ សំដៅដល់វិធីមួយក្នុងចំណោមវិធី ដែលយកមកប្រើប្រាស់ ដើម្បីបែងចែកចំណូល-ចំណាយក្នុងចំណោមបុគ្គលទាក់ទិនក្រោមគោលការណ៍ជំហោងដៃដោយធ្វើការប្រៀបធៀបរវាងកម្រិតចំណេញដុលនៃការផ្គត់ផ្គង់បន្តនូវទំនិញក្នុងប្រតិបត្តិការមានការរៀបចំជាមួយនឹងកម្រិតចំណេញដុលក្នុងប្រតិបត្តិការគ្មានការរៀបចំអាចធៀបបាន។
វិធីសាស្ត្រកាត់កងតាមចំណាយជាក់ស្តែង = Actual Deduction Method (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់វិធីអនុញ្ញាតឱ្យកាត់កងចំណាយដែលទាក់ទងនឹងអាជីវកម្ម ដែលបានកើតឡើងជាក់ស្តែង ឬចំណាយពាក់ព័ន្ធនឹងទ្រព្យសកម្ម។
-សម្រាប់កម្មវត្ថុនៃការគិតពន្ធលើចំណេញមូលធន វិធីអនុញ្ញាតឱ្យអ្នកជាប់ពន្ធកាត់កងចំណាយដែលបានកើតឡើងជាក់ស្តែង រួមមានការទិញ ឬទទួល កាន់កាប់ លក់ ឬផ្ទេរទ្រព្យ មានជាអាទិ៍ ចំណាយលើសេវាពិគ្រោះយោបល់ ប្រាក់ពន្ធប្រថាប់ត្រាដែលបានបង់នៅពេលទិញ ឬទទួលទ្រព្យ ប្រាក់ពន្ធលើអចលនទ្រព្យ ឬប្រាក់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ដែលបានបង់ ជាដើម។
វិធីគិតអាករជំនួស = Reverse Charge (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់ការទទួលខុសត្រូវរបស់អ្នកទទួលការផ្គត់ផ្គង់ទំនិញ ឬសេវា ក្នុងការគិតអាករលើតម្លៃបន្ថែមជំនួសមុខឱ្យអ្នកផ្គត់ផ្គង់ទំនិញ ឬសេវា។
-សម្រាប់កម្មវត្ថុនៃអាករលើតម្លៃបន្ថែមលើទំនិញឌីជីថល (Digital Goods) និងសេវាឌីជីថល (Digital Services) ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក វិធីគិតអាករជំនួស សំដៅដល់វិធីសាស្រ្តដែលបុគ្គលទទួលការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល តាមប្រព័ន្ធអេឡិចត្រូនិក ដែលជាអ្នកជាប់ពន្ធនិវាសនជនតាមរបបស្វ័យប្រកាសត្រូវគិតអាករលើតម្លៃបន្ថែមជំនួសបុគ្គលផ្គត់ផ្គង់ដែលជាបុគ្គលអនិវាសនជន។
វិធានប្រូរ៉ាតា = Pro Rata Rule (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់វិធានដែលត្រូវបានប្រើប្រាស់ក្នុងការបែងចែកចំណូលចំណាយជាសមាមាត្រ។
-សម្រាប់គោលដៅអាករលើតម្លៃបន្ថែម (អតប) វិធានប្រូរ៉ាតាត្រូវបានប្រើប្រាស់ ដើម្បីបែងចែកតាមគោលការណ៍សមាមាត្រចំពោះឥណទានអាករលើធាតុចូលអនុញ្ញាតសម្រាប់ការផ្គត់ផ្គង់ជាប់អាករផង និងមិនជាប់អាករផង។
ឧ. : ក្នុងករណីការផ្គត់ផ្គង់លាយឡំគ្នា ដោយមានការផ្គត់ផ្គង់ជាប់អាករផងនិងមិនជាប់អាករផង អាករធាតុចូលត្រូវបានប្រើប្រាស់មួយចំណែកសម្រាប់ការផ្គត់ផ្គង់ជាប់អាករ និងមួយចំណែកទៀតជាការផ្គត់ផ្គង់មិនជាប់អាករ នោះឥណទានអាករលើធាតុចូលអនុញ្ញាតត្រូវគណនាតាមរូបមន្ត (ប្រូរ៉ាតា) ក x ខ / គ ដែលក្នុងនោះ៖
ក- ទឹកប្រាក់សរុបនៃ អតប លើធាតុចូលក្នុងរយៈពេលជាប់ អតប
ខ- តម្លៃសរុបមិនទាន់គិត អតប នៃការផ្គត់ផ្គង់ជាប់ អតប ដែលធ្វើឡើងដោយបុគ្គលជាប់ អតប ក្នុងរយៈពេលជាប់ អតប
គ- តម្លៃសរុបមិនទាន់គិត អតប នៃការផ្គត់ផ្គង់ជាប់ អតប និងការផ្គត់ផ្គង់មិនជាប់ អតប ដែលធ្វើឡើងដោយបុគ្គលជាប់ អតប ក្នុងរយៈពេលជាប់ អតប លើកលែងតែតម្លៃនៃការផ្គត់ផ្គង់មិនជាប់ អតប នៃការផ្ទេរអាជីវកម្ម។
វិធានបញ្ជាក់ឯកជន = Private Ruling (សទ្ទានុក្រមពន្ធដារ)
សំដៅដល់វិធានបញ្ជាក់ម្យ៉ាងដែលផ្តល់ដោយអាជ្ញាធរពន្ធដារចំពោះអ្នកជាប់ពន្ធតែម្នាក់គត់ ដែលជាធម្មតាពាក់ព័ន្ធទៅនឹងប្រតិបត្តិការតែមួយ ឬប្រតិបត្តិការច្រើនបន្តបន្ទាប់ជាស៊េរី។ ជាទូទៅ វិធានបញ្ជាក់នេះ អាចប្រើប្រាស់បានតែអ្នកជាប់ពន្ធដែលបានផ្តល់ជូនតែប៉ុណ្ណោះ និងនៅពេលព័ត៌មានពិតទាំងអស់ត្រូវបានបង្ហាញជូនដល់អាជ្ញាធរពន្ធដារ។
វិធីថ្លៃគ្មានការរៀបចំអាចធៀបបាន = Comparable Uncontrolled Price Method (សទ្ទានុក្រមពន្ធដារ)
គឺជាការប្រៀបធៀបរវាងថ្លៃដែលត្រូវបានកំណត់លើការផ្ទេរទំនិញ សេវា ឬទ្រព្យនៅក្នុងប្រតិបត្តិការមានការរៀបចំទៅនឹងថ្លៃដែលត្រូវបានកំណត់លើការផ្ទេរទំនិញ សេវា ឬ ទ្រព្យនៅក្នុងប្រតិបត្តិការគ្មានការរៀបចំ នៅក្នុងកាលៈទេសៈប្រហាក់ប្រហែលគ្នា។ វិធីនេះ គឺសមស្របនៅក្នុងស្ថានភាព ដែលទំនិញ សេវា ឬទ្រព្យ អាចប្រៀបធៀបគ្នាបាន ឬក្នុងស្ថានភាពដែលការធ្វើនិយតកម្មសមហេតុផល អាចត្រូវបានធ្វើឡើងដើម្បីបញ្ជាក់ថាថ្លៃទំនិញ សេវា ឬទ្រព្យទាំងនោះមាន ឬគ្មានភាពសមស្រប។
វិធានគណនេយ្យ = Accounting Principles (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់វិធាន និងគោលការណ៍ណែនាំសម្រាប់ក្រុមហ៊ុនរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។ នៅក្នុងបរិបទប្រទេសកម្ពុជា ក្រុមហ៊ុនត្រូវអនុវត្តតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS)។
-សម្រាប់គោលដៅពន្ធលើប្រាក់ចំណូល វិធានគណនេយ្យសម្រាប់អ្នកជាប់ពន្ធមធ្យម ឬធំ ត្រូវអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) ដោយប្រាក់ចំណូលត្រូវគិតបញ្ចូលនៅក្នុងឆ្នាំដែលចំណូលនោះបានកើតឡើង ទោះបីប្រាក់ចំណូលនោះត្រូវបានទូទាត់ ឬមិនទាន់ទូទាត់ក្ដី។ ការកាត់កងចំណាយណា មួយអាចធ្វើទៅបាន លុះណាតែហេតុការណ៍បញ្ជាក់នូវចំណាយរបស់អ្នកជាប់ពន្ធបានកើតឡើង ហើយលទ្ធផលនៃសកម្មភាពសេដ្ឋកិច្ចដែលជាប់ទាក់ទិនដល់ខ្ទង់ចំណាយ នោះបានកើតឡើង និងចំនួនទឹកប្រាក់ដែលជាបន្ទុករបស់អ្នកជាប់ពន្ធអាចបង្ហាញច្បាស់លាស់។
វិធានកំហិតមូលធន = Thin Capitalisation Rule
សំដៅដល់វិធីសាស្ត្រដែលក្រុមហ៊ុនប្រើប្រាស់បំណុលខ្ពស់ប្រៀបធៀបជាមួយនឹងដើមទុន។ ជាទូទៅ រដ្ឋបាលសារពើពន្ធកំណត់នូវដើមទុនធៀបទៅនឹងបំណុលអនុញ្ញាតឱ្យការទូទាត់ការប្រាក់ដែលអាចកាត់កងបាន។
វិធានកំណត់ទីតាំង = Situs Rule (សទ្ទានុក្រមពន្ធដារ)
ជាវិធីសាស្រ្ត ឬជាវិធានដែលគេកំណត់នៅក្នុងបទប្បញ្ញត្តិនៃច្បាប់ស្តីពីសារពើពន្ធ ដែលមានចែងអំពីកត្តាផ្សេងៗ ដើម្បីកំណត់ (លក្ខខណ្ឌនានា) ថាតើទីតាំងរបស់ទ្រព្យសកម្មជាក់លាក់ណាមួយស្ថិតនៅក្នុងព្រំដែនកំណត់មួយណាពិតប្រាកដសម្រាប់ជាកម្មវត្ថុនៃការប្រមូលពន្ធ។
វិចារណកម្មគោលនយោបាយពន្ធ = Tax Policy Rationalization (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ការរៀបចំឱ្យប្រសើរឡើងវិញនូវគោលនយោបាយពន្ធ ដោយឈរលើគោលការណ៍សាមញ្ញភាព តម្លាភាព ភាពប្រាកដប្រជា សមធម៌ យុត្តិធម៌ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។
វាស់វែងតាមថ្លៃទីផ្សារ = Mark to Market (MTM) (សទ្ទានុក្រមពន្ធដារ)
វិធីសាស្ត្រនេះ គឺសំដៅដល់របៀបនៃការវាស់វែងតម្លៃទីផ្សារនៃគណនី ដែលអាចប្រែប្រួលចុះទ្បើងតាមពេលវេលានៃស្ថានភាពរបស់ទ្រព្យសម្បត្តិ ឬបំណុលនានា។ នៅក្នុងគោលការណ៍គណនេយ្យចែងថា តម្លៃនៃទ្រព្យសម្បត្តិ និងបំណុលត្រូវវាយតម្លៃឡើងវិញ ដើម្បីឱ្យត្រូវតាមតម្លៃសមស្របនៃតម្លៃទីផ្សារក្នុងពេលជាក់លាក់មួយ។
វិធានកំណត់ភាពជាម្ចាស់ = Attribution Rules (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់វិធានក្នុងការគ្រប់គ្រងស្ថានភាព ដែលរូបវន្តបុគ្គល ឬនីតិបុគ្គលត្រូវបានចាត់ទុកថាជាម្ចាស់ភាគហ៊ុនដដែល ទោះបីភាគហ៊ុនទាំងនោះត្រូវបានផ្ទេរឱ្យម្ចាស់ភាគហ៊ុនផ្សេងទៀតកាន់កាប់ក៏ដោយ។ ការធ្វើបែបនេះ គឺក្នុងគោលបំណងទប់ស្កាត់ការគេចវេះពន្ធ។
ឧ. : លោក សុខ ទទួលបានចំណូលសុទ្ធ $១០០ ០០០ ពីអាជីវកម្មចំនួន ០៣ កន្លែង ដែលត្រូវជាប់ពន្ធតាមអត្រាកំណើនតាមថ្នាក់ខ្ពស់។ ក្នុងគោលដៅគេចវេះពន្ធ លោក សុខ បានប្តូររូបភាពអាជីវកម្មដោយបំបែកអាជីវកម្ម ០៣ កន្លែងនេះទៅឱ្យកូនរបស់គាត់ ០២ នាក់ ដូចនេះប្រាក់ចំណូលជាប់ពន្ធត្រូវបានបែងចែកជា ០៣ ដែលជាហេតុត្រូវជាប់ពន្ធតាមអត្រាកំណើនតាមថ្នាក់ទាបវិញ។ វិធានកំណត់ភាពជាម្ចាស់នេះ តម្រូវឱ្យលោក សុខ បង់ពន្ធផ្អែកលើចំណូលសុទ្ធ $១០០ ០០០ ដដែល។
វិធានកំណត់និវាសនដ្ឋាន = Tie-breaker Rule (DTA) (សទ្ទានុក្រមពន្ធដារ)
វិធាននេះ សំដៅដល់បទប្បញ្ញតិ្តនៃសន្ធិសញ្ញាពន្ធ ឬកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ដែលត្រូវបានបង្កើតឡើងដើម្បីបង្ការកុំឱ្យមានការចាត់ទុកបុគ្គលម្នាក់ជានិវាសនជននៅក្នុងរដ្ឋភាគីទាំងពីរនៃសន្ធិសញ្ញា។ ជាទូទៅ គេមាននីតិវិធីច្រើនដំណាក់កាលសម្រាប់ដោះស្រាយបញ្ហានៃនិវាសនដ្ឋានទ្វេ ហើយជាធម្មតា ទីកន្លែងនៃលំនៅឋានអចិន្រ្តៃយ៍គឺជាលក្ខណវិនិច្ឆ័យទីមួយ។
វិទ្យាសាស្ត្រកុំព្យូទ័រ = Computer Science (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ការសិក្សាអំពីកុំព្យូទ័រ រួមមានការរៀបចំកុំព្យូទ័រ ដំណើរការ និងការប្រើប្រាស់ ដែលក្នុងនោះមាន ហាដវែរ (Hardware) សូហ្វវែរ (Software) និងការសរសេរកម្មវិធីដើម។
លំនៅឋានអចិន្ត្រៃយ៍ = Habitual Abode (សទ្ទានុក្រមពន្ធដារ)
-ក្នុងបរិបទនៃវិធានផ្តាច់ចំណង (Tie-breaker Rule) នៃគំរូសន្ធិសញ្ញាស្តីពីពន្ធដាររបស់ OECD លំនៅឋានអចិន្ត្រៃយ៍ គឺជាលក្ខខណ្ឌវិនិច្ឆ័យមួយដែលត្រូវបានប្រើ ដើម្បីដោះស្រាយបញ្ហាដែលពាក់ព័ន្ធជាមួយនឹងលំនៅឋានពីររបស់អ្នកជាប់ពន្ធ។ លក្ខខណ្ឌវិនិច្ឆ័យនោះ សំដៅលើរយៈពេល ដែលអ្នកជាប់ពន្ធស្នាក់នៅក្នុងប្រទេសនីមួយៗ។
-ក្នុងបរិបទពន្ធដារកម្ពុជា លំនៅឋានអចិន្ត្រៃយ៍សំដៅដល់លំនៅដ្ឋានដែលតែងតែស្នាក់នៅជាអចិន្ត្រៃយ៍របស់បុគ្គលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
វាយតម្លៃបណ្តោះអាសន្ន = Provisional Assessment (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ការវាយតម្លៃពន្ធ ដែលធ្វើឡើងមុនពេលដែលការវាយតម្លៃចុងក្រោយអាចធ្វើទៅបាន។ ជាទូទៅ ការវាយតម្លៃបណ្តោះអាសន្ននេះ អាចឈរលើមូលដ្ឋាននៃតួលេខប៉ាន់ស្មាន ឬតួលេខនៃឆ្នាំមុនៗ។
វាយតម្លៃហានិភ័យសវនកម្ម = Audit Risk Assessment (សទ្ទានុក្រមពន្ធដារ)
គឺជាដំណើរការនៃការវាយតម្លៃហានិភ័យសម្រាប់ជ្រើសរើសសហគ្រាសធ្វើសវនកម្ម។ ការវាយតម្លៃហានិភ័យអ្នកជាប់ពន្ធដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចដំណើរការសវនកម្ម ដែលជាផ្នែកមួយនៃការចូលរួមចំណែកពង្រឹងសមត្ថភាពនៃការគ្រប់គ្រងរបស់រដ្ឋបាលសារពើពន្ធ ដើម្បីឱ្យប្រាកដថាការក្លែងបន្លំ និងការគេចវេះពន្ធ ត្រូវបានតាមដាន និងដាក់ទោសទណ្ឌតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន ដែលជាប្រយោជន៍ដល់ការធានាបាននូវសមធម៌ក្នុងការបង់ពន្ធជូនរដ្ឋ។
វារីវប្បកម្ម = Aquaculture (សទ្ទានុក្រមពន្ធដារ)
សំដៅដល់សកម្មភាពចិញ្ចឹមសត្វ និងការដាំដុះរុក្ខជាតិក្នុងទឹកសម្រាប់ធ្វើជាអាហារ (ឧទាហរណ៍ : ការចិញ្ចឹមត្រី ការបំប៉នពងត្រី កូនត្រី ការបណ្តុះពូជវារីរុក្ខជាតិ។ល។)
វិញ្ញាបនបត្រ = Certificate (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់លិខិតបញ្ជាក់ដែលចេញដោយស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបញ្ជាក់ពីហេតុការណ៍ គុណភាព សមត្ថភាព ឬអត្តសញ្ញាណអ្វីមួយ។
-ក្នុងបរិបទពន្ធដារកម្ពុជា វិញ្ញាបនបត្រ រួមមាន វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម វិញ្ញាបនបត្របញ្ជាក់អនុលោមភាពសារពើពន្ធ វិញ្ញាបនបត្របញ្ជាក់និវាសនជន និងវិញ្ញាបនបត្របញ្ជាក់ការលើកលែងពន្ធលើប្រាក់ចំណូល ជាដើម។
លេខអត្តសញ្ញាណសហគ្រាស = Enterprise Identification Number (សទ្ទានុក្រមពន្ធដារ)
លេខអត្តសញ្ញាណសហគ្រាស សំដៅដល់លេខបញ្ជាក់អត្តសញ្ញាណសហគ្រាសនីមួយៗ ដែលផ្តល់ជូនឱ្យដោយអាជ្ញាធរ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។
លើកលែងពន្ធ = Tax Exemption (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ការកាត់បន្ថយ ឬដកចេញទាំងស្រុងនូវបន្ទុកពន្ធរបស់អ្នកជាប់ពន្ធក្នុងពេលវេលា និងចំនួនជាក់លាក់ណាមួយ ក្នុងគោលដៅលើកទឹកចិត្តអ្នកជាប់ពន្ធស្របតាមគោលនយោបាយសារពើពន្ធ។
ឧ. : គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ត្រូវបានទទួលការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូលរយៈពេលពី ៣ឆ្នាំ ទៅ ៩ឆ្នាំ ផ្អែកតាមសកម្មភាពអាជីវកម្ម ឬទំហំនៃទុនវិនិយោគ។
លែន = LAN (Local Area Network) (សទ្ទានុក្រមពន្ធដារ)
ជាបណ្ដាញកុំព្យូទ័រក្នុងតំបន់ភូមិសាស្រ្តជិតៗ (ដូចជា ក្នុងបន្ទប់តែមួយ ការិយាល័យតែមួយ អគារតែមួយ។ល។) ដែលអនុញ្ញាតឱ្យកុំព្យូទ័រអាចចែករំលែកគ្នាប្រើនូវឯកសារ កម្មវិធី និងឧបករណ៍ផ្សេងៗ។
លេខអត្តសញ្ញាណកម្មសារពើពន្ធ = Tax Identification Number (សទ្ទានុក្រមពន្ធដារ)
សំដៅដល់លេខសម្គាល់អ្នកជាប់ពន្ធនៅពេលចុះបញ្ជីដំបូងនៅរដ្ឋបាលសារពើពន្ធ។ លេខនេះសម្រាប់ប្រើប្រាស់ក្នុងការដាក់លិខិតប្រកាស និងលើលិខិតឆ្លើយឆ្លងអាជីវកម្មផ្សេងទៀតរវាងអ្នកជាប់ពន្ធ និងរដ្ឋបាលសារពើពន្ធ។
លិខិតយថាភូត = Authentic Deed (សទ្ទានុក្រមពន្ធដារ)
លិខិតយថាភូត គឺជាលិខិតផ្លូវការមួយប្រភេទដែលធ្វើទ្បើងតាមរូបមន្តច្បាប់ដោយមន្រ្តីសាធារណៈ ដែលត្រូវបានអនុញ្ញាតឱ្យប្រតិបត្តិមុខងារនោះ។ តាមន័យចង្អៀត គឺជាលិខិតទាំងទ្បាយដែលរៀបចំទ្បើងដោយសារការី។
លិខិតមានលក្ខណៈគតិយុត្ត = Legal Letters (សទ្ទានុក្រមពន្ធដារ)
សំដៅដល់លិខិត ឬឯកសារផ្លូវការដែលផ្ញើទៅបុគ្គល អង្គភាព ឬអាជ្ញាធរ បង្កើតបានជាទំនាក់ទំនងកិច្ចសន្យា ឬមានអនុភាពគតិយុត្តចាប់បង្ខំឱ្យអនុវត្តសម្រាប់ភាគីពាក់ព័ន្ធក្នុងការគ្រប់គ្រងសង្គម ឬគ្រប់គ្រងរដ្ឋលើគ្រប់វិស័យ។
លើកទឹកចិត្តសម្រាប់ការវិនិយោគ = Investment Incentives (សទ្ទានុក្រមពន្ធដារ)
សំដៅដល់គោលនយោបាយលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងពន្ធ ដែលអនុវត្តដោយរដ្ឋាភិបាល ដើម្បីទាក់ទាញអ្នកវិនិយោគឱ្យបង្កើតអាជីវកម្មថ្មី ឬលើកទឹកចិត្តអាជីវកម្មដែលមានស្រាប់ឱ្យពង្រីក ឬមិនផ្លាស់ប្តូរអាជីវកម្មទៅប្រទេសផ្សេង។ កម្រិតនៃការលើកទឹកចិត្តអាចប្រែប្រួលទៅតាមសកម្មភាពអាជីវកម្ម ឬទំហំនៃការវិនិយោគ។
លិខិតឯកជន = Private Deed (សទ្ទានុក្រមពន្ធដារ)
សំដៅដល់លិខិតទាំងទ្បាយណា ដែលបង្កើតទ្បើងដោយបុគ្គលឯកជនដោយមានចុះហត្ថលេខា ឬស្នាមមេដៃ។
លិខិតផ្ទេរសិទ្ធិ = Power Of Attorney (សទ្ទានុក្រមពន្ធដារ)
សំដៅដល់លិខិតស្នាមដែលបុគ្គលម្នាក់ជាម្ចាស់សិទ្ធិ ចាត់តាំងបុគ្គលផ្សេងទៀតធ្វើជាភ្នាក់ងារ ឬជាតំណាងរបស់ខ្លួន ហើយផ្តល់សិទ្ធិអំណាចជូនអ្នកតំណាងឱ្យបំពេញកិច្ចការជាក់លាក់ណាមួយ ឬសកម្មភាពផ្សេងៗក្នុងនាមម្ចាស់សិទ្ធិ។
លិខិតប្រកាសសារពើពន្ធ = Tax Return (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ទម្រង់លិខិតប្រកាសពន្ធកំណត់ដោយរដ្ឋបាលសារពើពន្ធ ដែលអ្នកជាប់ពន្ធត្រូវបំពេញ និងដាក់ជូនរដ្ឋបាលសារពើពន្ធក្នុងការិយបរិច្ឆេទកំណត់ជាក់លាក់ណាមួយ។ លិខិតប្រកាសសារពើពន្ធត្រូវភ្ជាប់មកជាមួយព័ត៌មានចាំបាច់មួយចំនួនដែលតម្រូវតាមច្បាប់ និងបទប្បញ្តត្តិស្តីពីពន្ធដាររួមមាន ទិនានុប្បវត្តិទិញ-លក់ បញ្ជីទ្រព្យសកម្មរយៈពេលវែង និងព័ត៌មានផ្សេងៗទៀតពាក់ព័ន្ធនឹងពន្ធដារ។
លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ = Annual Income Tax Return (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ទម្រង់ ឬបែបបទរាយការណ៍ស្ថានភាពហិរញ្ញវត្ថុចំណូល-ចំណាយ និងព័ត៌មានផ្សេងៗទៀតដែលទាក់ទិននឹងពន្ធដារ និងប្រាក់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំរបស់អ្នកជាប់ពន្ធដែលដាក់ជូនរដ្ឋបាលសារពើពន្ធ។
លិខិតប្រកាសពន្ធរួមគ្នា = Joint Tax Return (សទ្ទានុក្រមពន្ធដារ)
សំដៅដល់លិខិតប្រកាសពន្ធរួមគ្នារវាងស្វាមី និងភរិយា (សហព័ទ្ធ)។
លិខិតប្រកាសពន្ធប្រចាំខែ = Monthly Tax Return (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ទម្រង់ ឬបែបបទរាយការណ៍ស្ថានភាពចំណូល-ចំណាយ និងចំនួនប្រាក់ពន្ធប្រចាំខែរបស់អ្នកជាប់ពន្ធ ដែលដាក់ជូនរដ្ឋបាលសារពើពន្ធ។
ឧ. : លិខិតប្រកាសពន្ធលើអាករលើតម្លៃបន្ថែម អាករលើការស្នាក់នៅ អាករសម្រាប់បំភ្លឺសាធារណៈ ប្រាក់រំដោះពន្ធលើប្រាក់ចំណូល អាករពិសេសលើទំនិញ និងសេវាមួយចំនួន ពន្ធលើប្រាក់បៀវត្ស និងពន្ធកាត់ទុកជាដើម។
លិខិតបញ្ជាក់ស្ថានភាពសារពើពន្ធ = Certificate of Tax Situation (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់ឯកសារដែលចេញដោយរដ្ឋបាលសារពើពន្ធ ដើម្បីបញ្ជាក់ថាអ្នកជាប់ពន្ធបានទូទាត់ប្រាក់ពន្ធរួចរាល់ស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ដើម្បីបញ្ជាក់ថាអ្នកជាប់ពន្ធមិនមានជំពាក់បំណុលពន្ធណាមួយទៀតទេ។
-សំដៅដល់ឯកសារដែលចេញជូនអ្នកជាប់ពន្ធ ដោយរដ្ឋបាលសារពើពន្ធដើម្បីបញ្ជាក់ថា អ្នកជាប់ពន្ធបានបង់ពន្ធ ឬមិនមានបំណុលពន្ធណាមួយទេ។ នៅក្នុងប្រទេសមួយចំនួនបុគ្គលខ្លះត្រូវតែមានលិខិតបញ្ជាក់ស្ថានភាពសារពើពន្ធនេះជាមុនសិនទើបអាចចាកចេញពីប្រទេសរបស់ខ្លួនបាន។
លិខិតបញ្ជាក់ស្តីពីការបំពេញកាតព្វកិច្ចសារពើពន្ធ = Certificate of Tax Compliance (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ឯកសារដែលចេញដោយរដ្ឋបាលសារពើពន្ធ ដើម្បីបញ្ជាក់ថាអ្នកជាប់ពន្ធបានដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ ស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ។
លិខិតបញ្ជាក់ពន្ធលើប្រាក់បៀវត្ស = Salary Tax Certificate (សទ្ទានុក្រមពន្ធដារ)
លិខិតបញ្ជាក់ពន្ធលើប្រាក់បៀវត្ស សំដៅដល់លិខិតបញ្ជាក់ប្រាក់ពន្ធលើប្រាក់បៀវត្សដែលបានបង់ជូនរដ្ឋបាលសារពើពន្ធរបស់អ្នកជាប់ពន្ធអនិវាសនជន ដើម្បីយកទៅប្រើប្រាស់សម្រាប់កាត់កងជាឥណទានពន្ធនៅប្រទេសរបស់អនិវាសនជននោះ។
លិខិតូបករណ៍ = Instrument (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ឯកសារស្របច្បាប់ ដែលមានដូចជាកិច្ចព្រមព្រៀង កំណត់ហេតុ និងភតិសន្យា ជាដើម ដែលត្រូវបានប្រើប្រាស់ធ្វើជាភស្តុតាងលើការព្រមព្រៀងរវាងគូភាគី (ឧទាហរណ៍ : លិខិតូបករណ៍ស្តីពីបំណុល កតិកាសញ្ញា សន្ធិសញ្ញា កិច្ចព្រមព្រៀង ជាដើម)។
លិខិតជូនដំណឹងស្តីពីសេចក្តីសម្រេចដោះស្រាយបណ្តឹងតវ៉ា = Notification Letter of Tax Appeal Resolution (សទ្ទានុក្រមពន្ធដារ)
សំដៅដល់លិខិតជូនដំណឹងដល់អ្នកជាប់ពន្ធស្តីពីសេចក្ដីសម្រេចពាក់ព័ន្ធនឹងបណ្តឹងតវ៉ាលើការកំណត់ពន្ធឡើងវិញត្រឹមកម្រិតអគ្គនាយកដ្ឋានពន្ធដារ។
លិខិតបញ្ជាក់ពន្ធកាត់ទុក = Withholding Tax Certificate (សទ្ទានុក្រមពន្ធដារ)
សំដៅដល់លិខិតបញ្ជាក់ប្រាក់ពន្ធកាត់ទុកដែលបានបង់ជូនរដ្ឋបាលសារពើពន្ធរបស់អ្នកជាប់ពន្ធអនិវាសនជន ដើម្បីយកទៅប្រើប្រាស់សម្រាប់កាត់កងជាឥណទានពន្ធនៅប្រទេសរបស់អនិវាសនជននោះ។
លិខិតតវ៉ា = Appeal Letter (សទ្ទានុក្រមពន្ធដារ)
សំដៅដល់លិខិតរបស់អ្នកជាប់ពន្ធដាក់ជូនអគ្គនាយកដ្ឋានពន្ធដារដើម្បីតវ៉ាចំពោះការមិនយល់ស្របចំពោះសេចក្តីសម្រេច ឬតវ៉ាចំពោះការកំណត់ពន្ធឡើងវិញរបស់រដ្ឋបាលសារពើពន្ធ។
លិខិតបញ្ជាក់ = Confirmation Letter (សទ្ទានុក្រមពន្ធដារ)
លិខិតបញ្ជាក់ សំដៅដល់លិខិតជាលាយលក្ខណ៍អក្សរជាផ្លូវការសម្រាប់បញ្ជាក់ស្ថានភាពអ្វីមួយ។
លិខិតជូនដំណឹងស្តីពីការរំលឹកទារបំណុលពន្ធ = Reminding Notification Letter of Tax Arrears Collection (សទ្ទានុក្រមពន្ធដារ)
សំដៅដល់លិខិតដែលអង្គភាពប្រមូលពន្ធត្រូវចេញទៅឱ្យអ្នកជាប់ពន្ធ ដើម្បីធ្វើការរំលឹកអ្នកជាប់ពន្ធឱ្យមកទូទាត់បំណុលពន្ធក្នុងរយៈពេល១៥ថ្ងៃ ក្រោយទទួលបានលិខិតមុននឹងរដ្ឋបាលសារពើពន្ធអនុវត្តវិធានការតឹងទារបំណុលពន្ធ។
លាភការ = Allowance (សទ្ទានុក្រមពន្ធដារ)
សំដៅដល់រង្វាន់នៃការអនុវត្តការងារ ដែលបន្ថែមលើប្រាក់ឈ្នួល ក្នុងន័យជាសគុណនៃការបំពេញកិច្ចការអ្វីមួយដល់និយោជក។
ឧ. : កញ្ញា ខ ជាគណនេយ្យករ នៅក្រុមហ៊ុន ក ដែលមានសកម្មភាពអាជីវកម្មជាគោលដើម គឺផ្គត់ផ្គង់ផលិតផលកសិកម្ម។ កញ្ញា ខ ត្រូវបានក្រុមហ៊ុនអញ្ជើញឱ្យជួយថតផ្សាយពាណិជ្ជកម្មដែលក្រុមហ៊ុននឹងផ្តល់កម្រៃពីការថតផ្សព្វផ្សាយពាណិជ្ជកម្ម។ ដូចនេះ ប្រាក់កម្រៃពីការថតផ្សាយពាណិជ្ជកម្មរបស់កញ្ញា ខ ត្រូវបានចាត់ទុកជាលាភការ។
លិខិតជូនដំណឹងស្តីពីការធ្វើសវនកម្ម = Notification of Tax Audit (សទ្ទានុក្រមពន្ធដារ)
សំដៅដល់លិខិតជូនដំណឹងរបស់រដ្ឋបាលសារពើពន្ធជូនអ្នកជាប់ពន្ធ ឬតំណាងអ្នកជាប់ពន្ធដើម្បីជម្រាបជូនអំពីការចុះធ្វើសវនកម្ម ដែលលិខិតជូនដំណឹងនេះបញ្ជាក់អំពីព័ត៌មានរួមមាន ឈ្មោះ អាសយដ្ឋាន លេខអត្តសញ្ញាណកម្មសារពើពន្ធរបស់សហគ្រាស កាលបរិច្ឆេទចុះធ្វើសវនកម្ម ការិយបរិច្ឆេទ (រយៈពេលជាប់ពន្ធ ឬឆ្នាំជាប់ពន្ធ) ដែលត្រូវធ្វើសវនកម្ម ប្រភេទសវនកម្ម (សវនកម្មលើលិខិតស្នាម សវនកម្មមានកម្រិត ឬសវនកម្មពេញលេញ) ឈ្មោះមន្រ្តីដែលទទួលភារកិច្ចធ្វើសវនកម្ម។
លិខិតឆ្លើយតបជាលាយលក្ខណ៍អក្សរ = Response Letter (សទ្ទានុក្រមពន្ធដារ)
នៅក្នុងបរិបទពន្ធដារ លិខិតឆ្លើយតបជាលាយ លក្ខណ៍អក្សរ សំដៅដល់ការផ្ដល់ចម្លើយ ឬដំណោះស្រាយចំពោះសំណើ ផ្សេងៗជូនអ្នកជាប់ពន្ធ និងស្ថាប័ននានាពាក់ព័ន្ធនឹងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារតាមរយៈលិខិតជាលាយលក្ខណ៍អក្សរ។
លិខិតជូនដំណឹងស្តីពីការកំណត់ពន្ធឡើងវិញ = Notification of Tax Reassessment (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ការជូនដំណឹងអំពីលទ្ធផលសវនកម្មដែលក្នុងនោះអាចមាន ឬគ្មានទឹកប្រាក់កំណត់ពន្ធឡើងវិញ ហើយលិខិតនេះត្រូវប្រគល់ជូនអ្នកជាប់ពន្ធ ឬតំណាងអ្នកជាប់ពន្ធ។
លិខិតជូនដំណឹងស្តីពីការទារបំណុលពន្ធ = Notification Letter of Tax Arrears Collection (សទ្ទានុក្រមពន្ធដារ)
លិខិតជូនដំណឹងស្តីពីការទារបំណុលពន្ធ
Notification Letter of Tax Arrears Collection
សំដៅដល់លិខិតជូនដំណឹងទារបំណុលពន្ធ ដែលប្រគល់ជូនអ្នកជាប់ពន្ធ ដែលមានបញ្ជាក់នូវចំនួនប្រាក់ពន្ធ ពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវ។ អ្នកជាប់ពន្ធមានរយៈពេល៣០ថ្ងៃដើម្បីធ្វើការតវ៉ាទៅអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ឬទូទាត់បំណុលពន្ធដូចមានបញ្ជាក់ក្នុងលិខិតជូនដំណឹងទារបំណុលពន្ធ។
លទ្ធផលសវនកម្មពន្ធ = Tax Audit Finding (សទ្ទានុក្រមពន្ធដារ)
សំដៅដល់លទ្ធផលពីការវាយតម្លៃភស្តុតាង ដែលទទួលបានពីការធ្វើសវនកម្ម ហើយប្រៀបធៀបទៅនឹងលក្ខណវិនិច្ឆ័យតាមបទប្បញ្ញត្តិស្តីពីពន្ធដារ។ លទ្ធផលសវនកម្ម បង្ហាញពីកម្រិតអនុលោម ឬមិនអនុលោមភាពរបស់អ្នកជាប់ពន្ធតាមបទប្បញ្ញត្តិស្តីពីពន្ធដារ។ ក្នុងករណីលទ្ធផលសវនកម្មបង្ហាញមិនអនុលោមភាព អ្នកជាប់ពន្ធត្រូវទទួលរងការកំណត់ពន្ធឡើងវិញ។
លទ្ធកម្ម = Procurement (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ការទិញ ឬការរកបាននូវទំនិញ សំណង់ សេវាកម្ម ឬសេវាទីប្រឹក្សា តាមរយៈវិធីសាស្រ្តដែលមានចែងក្នុងច្បាប់លទ្ធកម្មសាធារណៈ។