វាក្យសព្ទនេះ សំដៅដល់ស្ថានភាពប្រកួតប្រជែងដែលមានភាពយុត្តិធម៌ និងមានឱកាសស្មើគ្នាក្នុងការទទួលបាននូវភាពជោគជ័យ។
Category: Tax Glossary
ស្តុកវត្ថុធាតុដើម និងសម្ភារផ្គត់ផ្គង់ = Stock of Raw Materials and Supplies (សទ្ទានុក្រមពន្ធដារ)
សំដៅដល់តម្លៃនៃស្តុកវត្ថុធាតុដើម និងសម្ភារផ្គត់ផ្គង់ផ្សេងៗ ដែលប្រើប្រាស់នៅក្នុងការផលិត និងស្តុកដែលសហគ្រាសនៅសល់នៅចុងការិយបរិច្ឆេទ។
ស្តុកផលិតផលសម្រេច = Stock of Finished Products (សទ្ទានុក្រមពន្ធដារ)
សំដៅដល់តម្លៃនៃស្តុកផលិតផលសម្រេច ដែលផលិតបាននៅសល់នៅចុងការិយបរិច្ឆេទ។
ស្តុកទំនិញ = Stock of Goods (សទ្ទានុក្រមពន្ធដារ)
ស្តុកទំនិញ គឺជាតម្លៃនៃស្តុកទំនិញ ឬទំនិញទិញទុកសម្រាប់លក់ចេញវិញក្នុងលក្ខណៈជាការធ្វើសកម្មភាពផ្នែកពាណិជ្ជកម្ម ដែលសហគ្រាសនៅសល់នៅចុងការិយបរិច្ឆេទ។
ស្តុក = Stock (សទ្ទានុក្រមពន្ធដារ)
-ស្តុក សំដៅដល់ទំនិញ ឬសន្និធិដែលរក្សាទុកក្នុងហាង ឬ ឃ្លាំង សម្រាប់លក់ ឬចែកចាយដល់អតិថិជន។
-សំដៅដល់ភាគហ៊ុន (ត្រូវបានគេស្គាល់ថាជាទ្រព្យម្ចាស់) គឺជាមូលបត្រដែលតំណាងឱ្យកម្មសិទ្ធិនៃចំណែកក្នុងសាជីវកម្ម។ ភាគហ៊ុនផ្តល់សិទ្ធិឱ្យម្ចាស់ភាគហ៊ុននូវសមាមាត្រនៃទ្រព្យសម្បត្តិ និងប្រាក់ចំណេញរបស់សាជីវកម្មស្មើនឹងភាគហ៊ុនដែលម្ចាស់ភាគហ៊ុនកាន់កាប់។
ស្តង់ដារអន្តរជាតិ = International Standard (សទ្ទានុក្រមពន្ធដារ)
គឺជាឯកសារ ដែលត្រូវបានបង្កើតឡើងតាមរយៈការឯកភាពពីអ្នកជំនាញមកពីប្រទេសជាច្រើន ហើយត្រូវបានអនុម័ត និងបោះពុម្ពដោយស្ថាប័នដែលទទួលស្គាល់ជាសកល។ ស្តង់ដារអន្តរជាតិ រួមបញ្ចូលទាំងច្បាប់គោលការណ៍ណែនាំដំណើរការ ឬលក្ខណៈដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់យកទៅអនុវត្តទទួលបានលទ្ធផលដូចគ្នា ឬស្រដៀងគ្នា។
សំណួរនីតិវិធី = Procedure Questions (សទ្ទានុក្រមពន្ធដារ)
សំណួរនីតិវិធីសំដៅដល់សំណួរទាំងឡាយណា ដែលពាក់ព័ន្ធនឹងរំហូរនីតិវិធីក្នុងការបំពេញកាតព្វកិច្ចណាមួយច្បាស់លាស់។
ឧ. : សំណួរនីតិវិធីពាក់ព័ន្ធនឹងសារពើពន្ធ ដូចជាការដាក់លិខិតរដ្ឋបាល ការដាក់លិខិតប្រកាសពន្ធ ការធ្វើបច្ចុប្បន្នភាព ការចុះបញ្ជីពន្ធដារ។ល។
សំណង់អគារលើដីធ្លីក្រោមភតិសន្យា = Freehold Buildings on Leasehold Land (សទ្ទានុក្រមពន្ធដារ)
សំដៅដល់សំណង់ និងឧបសម្ព័ន្ធនៃសំណង់ ដែលជាកម្មសិទ្ធិរបស់សហគ្រាស ហើយដែលបានសាងសង់ឡើងនៅលើដីធ្លីក្រោមភតិសន្យា។
សំណួរបច្ចេកទេស = Technical Questions (សទ្ទានុក្រមពន្ធដារ)
សំដៅដល់សំណួរទាំងឡាយណាដែលពាក់ព័ន្ធនឹងជំនាញបច្ចេកទេសតាមវិស័យ ហើយទាមទារឱ្យអ្នកឆ្លើយត្រូវមានជំនាញបចេ្ចកទេសទើបអាចបកស្រាយ និងពន្យល់បានត្រឹមត្រូវច្បាស់លាស់។
សំវិធានធន = Provision (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់ចំនួនប៉ាន់ស្មានសម្រាប់ការចំណាយ ឬការខាតបង់ដែលអាចកើតមានឡើងនាពេលអនាគត ឬទឹកប្រាក់សម្រាប់រ៉ាប់រងបន្ទុកចំណាយ ឬការខាតបង់នានា ដែលមិនទាន់កើតឡើងជាក់ស្តែង។
-ក្នុងបរិបទពន្ធដារកម្ពុជា ក្រៅពីធនាគារក្នុងស្រុក សំវិធានធន ដែលបានធ្វើឡើងដោយសហគ្រាសផ្សេងទៀតសម្រាប់រ៉ាប់រងបន្ទុកចំណាយ ឬការខាតបង់នានាដែលមិនទាន់កើតមានឡើងជាក់ស្តែង មិនត្រូវបានអនុញ្ញាតឱ្យកាត់កងជាចំណាយឡើយ ទោះបីលទ្ធផលនៃការកើតមានបន្ទុកចំណាយ ឬការខាតបង់មានកម្រិតខ្ពស់ ឬជាក់លាក់យ៉ាងណាក៏ដោយ។
ស្តង់ដារគណនេយ្យ = Accounting Standard (សទ្ទានុក្រមពន្ធដារ)
-គឺជាស្តង់ដារអនុញ្ញាតសម្រាប់ការរាយការណ៍ហិរញ្ញវត្ថុ និងជាប្រភពចម្បងនៃគោលការណ៍គណនេយ្យដែលត្រូវបានទទួលស្គាល់ជាទូទៅ។ ស្តង់ដារគណនេយ្យ បញ្ជាក់ពីរបៀបដែលប្រតិបត្តិការ និងព្រឹត្តិការណ៍ផ្សេងទៀតត្រូវបានទទួលស្គាល់ វាស់វែង បង្ហាញ និងលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
-សម្រាប់កម្មវត្ថុនៃច្បាប់ស្ដីពីគណនេយ្យ និងសវនកម្ម ស្តង់ដារគណនេយ្យ សំដៅដល់សំណុំនៃសេចក្តីណែនាំសម្រាប់អ្នករៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រើប្រាស់ក្នុងការរៀបចំ និងលាតត្រដាងពីចំណូល-ចំណាយ ទ្រព្យសកម្ម បំណុល និងមូលធនរបស់អង្គភាពព្រមទាំងព័ត៌មានចាំបាច់ផ្សេងៗ។
សំណើសុំចុះបញ្ជីគម្រោងវិនិយោគ = Investment Project Application (សទ្ទានុក្រមពន្ធដារ)
ក្នុងបរិបទកម្ពុជា សំណើសុំចុះបញ្ជីគម្រោងវិនិយោគ សំដៅដល់សំណើ ដែលបានដាក់ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬដាក់ជូនអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្តដោយ បុគ្គលណាមួយក្នុងគោលបំណងបង្កើតគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ និងគម្រោងវិនិយោគ ដែលទទួលបានត្រឹមតែការធានាលើការវិនិយោគ។ សំណើនេះអាចរាប់បញ្ចូលដំណាក់កាលមួយ ឬច្រើន ដោយរួមបញ្ចូលទាំងសំណើសុំពង្រីកគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់។
ស្តង់ដារសវនកម្ម = Auditing Standard (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់ស្តង់ដារផ្តល់នូវការណែនាំជាអប្បបរមាសម្រាប់សវនករដែលជួយកំណត់ទំហំជាជំហាននៃសវនកម្ម និងនីតិវិធីដែលគួរត្រូវបានអនុវត្តដើម្បីបំពេញគោលបំណងនៃកិច្ចការសវនកម្ម។
-សម្រាប់កម្មវត្ថុនៃច្បាប់ស្ដីពីគណនេយ្យ និងសវនកម្ម ស្តង់ដារសវនកម្ម សំដៅដល់សំណុំនៃសេចក្តីណែនាំ ឬបទដ្ឋាននានាដែលប្រើដោយសវនករនៅក្នុងការអនុវត្តការងារសវនកម្ម។
សេវាហិរញ្ញវត្ថុឌីជីថល = Digital Financial Service (សទ្ទានុក្រមពន្ធដារ)
សំដៅដល់បណ្តាសេវាកម្មហិរញ្ញវត្ថុ ដែលអាចទទួលបាន និងផ្តល់ឱ្យតាមរយៈបច្ចេកវិទ្យាឌីជីថល (Digital) ដែលរួមមានការទូទាត់ឥណទាន ការសន្សំ ការផ្ទេរប្រាក់ និង ធានារ៉ាប់រង ជាដើម។
សេវាលំហែកម្សាន្ត = Entertainment Service (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់ការផ្តល់សេវាបដិសណ្ឋារកិច្ចគ្រប់ប្រភេទ រួមទាំងការផ្តល់កន្លែងស្នាក់នៅ អាហារ និងភេសជ្ជៈ ដែលមិនត្រូវបានផ្តល់ជូនក្នុងដំណើរធម្មតានៃការប្រជុំ ការចូលមើល កម្មវិធី ឬព្រឹត្តិការណ៍ផ្សេងៗ ឬការធ្វើដំណើរដែលផ្តល់ជូនក្នុងគោលបំណងរីករាយ ឬការកម្សាន្ត។
-សម្រាប់កម្មវត្ថុនៃពន្ធដារ អាករលើធាតុចូលលើសេវាលំហែកម្សាន្តមិនត្រូវបានអនុញ្ញាតជាឥណទាន ហើយចំណាយលំហែកម្សាន្តមិនត្រូវបានអនុញ្ញាតឱ្យកាត់កងសម្រាប់ពន្ធ លើប្រាក់ចំណូល លើកលែងតែអ្នកជាប់ពន្ធប្រកបអាជីវកម្មផ្តល់សេវាលំហែកម្សាន្ត។
សេវាពិគ្រោះយោបល់តាមប្រព័ន្ធអេទ្បិចត្រូនិក = Electronic Access to Professional Advice (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ការប្រឹក្សាយោបល់តាមប្រព័ន្ធអេឡិចត្រូនិកជាអាទិ៍ មេធាវី វេជ្ជបណ្ឌិត និងជំនាញអាជីពផ្សេងៗទៀតដែលអាចផ្តល់សេវាពិគ្រោះយោបល់ជូនអតិថិជនតាមរយៈ អ៊ីមែល ការពិភាក្សាតាមរយៈវីដេអូ (Video Conferencing) ឬតាមរយៈការទាក់ទងពីចម្ងាយផ្សេងទៀត។
សេវាសាធារណៈ = Public Service (សទ្ទានុក្រមពន្ធដារ)
សេវាសាធារណៈ សំដៅដល់សកម្មភាពទាំងឡាយ ដែលធ្វើឡើងដោយស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នទទួលសមត្ថកិច្ចក្នុងគោលដៅបម្រើប្រយោជន៍សាធារណៈ។
សំណង/ការទូទាត់សង = Reimbursement (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ការទូទាត់ឱ្យនិយោជិត ឬភាគីផ្សេងទៀតសម្រាប់ចំណាយ ឬការខាតបង់នានាដែលបានកើតឡើង។ ការផ្ទេរធានារ៉ាប់រងបន្តដោយក្រុមហ៊ុនធានារ៉ាប់រងដំបូងទៅឱ្យ ក្រុមហ៊ុនធានារ៉ាប់រងផ្សេងទៀតនូវហានិភ័យទាំងអស់ ឬផ្នែកណាមួយ ដែលបានទទួលនៅក្នុងកិច្ចសន្យាធានារ៉ាប់រង។ ប្រទេសមួយចំនួនអនុម័តឱ្យមានប្រព័ន្ធគ្រប់គ្រងពិសេស ដើម្បីដោះស្រាយការធានារ៉ាប់រងបន្តឆ្លងដែន។
សេវាសិក្សាអប់រំ = Education Service (សទ្ទានុក្រមពន្ធដារ)
សម្រាប់កម្មវត្ថុនៃការអនុវត្តការលើកទឹកចិត្តពន្ធដារ ចំពោះគ្រឹះស្ថានអប់រំ វាក្យសព្ទនេះ សំដៅដល់ការផ្គត់ផ្គង់សេវា អប់រំ និងការផ្គត់ផ្គង់ទំនិញ និងសេវាផ្សេងៗទៀតដែល បម្រើឱ្យការអប់រំ រួមទាំងការផ្គត់ផ្គង់ម្ហូបអាហារ និងការស្នាក់នៅរបស់សិស្ស ឬនិស្សិត។ ការផ្គត់ផ្គង់សេវាអប់រំទាំងនេះ ត្រូវចាត់ទុកថាជាការផ្គត់ផ្គង់មិនជាប់អាករ។
សំណង់អគារកម្មសិទ្ធិរបស់សហគ្រាស = Freehold Buildings (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់សំណង់ និងឧបសម្ព័ន្ធនៃសំណង់ដែលជាកម្មសិទ្ធិរបស់សហគ្រាស ហើយដែលបានសាងសង់ឡើងនៅលើដីជាកម្មសិទ្ធិរបស់សហគ្រាស។
សេវាបច្ចេកទេស = Technical Service (សទ្ទានុក្រមពន្ធដារ)
សេវាបច្ចេកទេស សំដៅដល់សេវាទាំងឡាយណា ដែលមានចរិតជាបច្ចេកទេស ហើយដែលតម្រូវឱ្យមានជំនាញ ឬចំណេះដឹងបច្ចេកទេសក្នុងការអភិវឌ្ឍ ឬបង្កើតធាតុចូលនានានៅក្នុងអាជីវកម្ម ជាអាទិ៍មានសេវាវិទ្យាសាស្រ្ត រូបសាស្រ្ត គីមីសាស្រ្ត វេជ្ជសាស្រ្ត ទន្តសាស្រ្ត ឱសថសាស្រ្ត នីតិសាស្រ្ត ធារាសាស្រ្ត បសុសាស្រ្ត សិល្បៈ អប់រំសិក្សាធិការ វិស្វកម្ម ស្ថាបត្យកម្ម ការសិក្សាស្រាវជ្រាវ គណនេយ្យ សេដ្ឋកិច្ច សុខុមាលភាព ថាមពលបរមាណូ រួមទាំងសេវាពិគ្រោះយោបល់។ល។
សេវាបង្ហោះគេហទំព័រ = Website Hosting (សទ្ទានុក្រមពន្ធដារ)
គឺជាអ្នកផ្តល់សេវាបង្ហោះគេហទំព័រ ផ្តល់ទំហំផ្ទុកទិន្នន័យ នៅលើម៉ាស៊ីនមេរបស់ខ្លួនសម្រាប់បង្ហោះគេហទំព័រ។ អ្នកផ្តល់សេវាបង្ហោះគេហទំព័រ មិនមានសិទ្ធិនៅក្នុងកម្មសិទ្ធិ បញ្ញានៃមាតិកាគេហទំព័រ ដែលអ្នកអភិវឌ្ឍកម្មវិធីបានបង្កើតនោះទេ។ ម្ចាស់គេហទំព័រមានសិទ្ធិផ្លាស់ប្តូរ កែប្រែគេហទំព័រ រួមទាំងការកែប្រែមាតិកានៃគេហទំព័រ។ អ្នកផ្តល់សេវាបង្ហោះគេហទំព័រទទួលបាននូវកម្រៃតាមរយៈការចូលប្រើប្រាស់របស់អតិថិជន។
សេវាថែទាំលើកម្មវិធីសូហ្វវែរ = Software Maintenance (សទ្ទានុក្រមពន្ធដារ)
សំដៅដល់កិច្ចសន្យាថែទាំកម្មវិធីសូហ្វវែរ (Software) ជាកញ្ចប់រួមមាន ការធ្វើបច្ចុប្បន្នភាព និងការគាំទ្របច្ចេកទេស។ កម្រៃប្រចាំឆ្នាំសម្រាប់កិច្ចសន្យានេះមានរួមបញ្ចូលទាំងការធ្វើបច្ចុប្បន្នភាពនិងការគាំទ្របច្ចេកទេស។ ករណីភាគច្រើន កម្មវត្ថុចម្បងនៃកិច្ចសន្យា គឺផ្តោតលើការផ្តល់សេវាធ្វើបច្ចុប្បន្នភាពកម្មវិធីសូហ្វវែរ។
សេវាឌីជីថល = Digital Services (សទ្ទានុក្រមពន្ធដារ)
សំដៅដល់សេវាដែលធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិកដែលក្នុងនោះមានការបញ្ជាទិញ ការទូទាត់ប្រាក់ និងការផ្គត់ផ្គង់សេវាធ្វើតាមប្រព័ន្ធអេឡិចត្រូនិក។
សេវាផ្ទុកទិន្នន័យ = Data Warehousing (សទ្ទានុក្រមពន្ធដារ)
សំដៅដល់សេវាដែលផ្តល់ឱ្យអតិថិជនក្នុងការបញ្ចូល ផ្ទុក និងរក្សាទិន្នន័យកុំព្យូទ័ររបស់ខ្លួននៅក្នុងម៉ាស៊ីនមេ ដែលគ្រប់គ្រង និងបញ្ជាដោយអ្នកផ្តល់សេវាផ្ទុកទិន្នន័យ។ អតិថិជនអាចចូលប្រើប្រាស់ ផ្ទុក ទាញយក និងរៀបចំទិន្នន័យពីចម្ងាយដោយចាំបាច់ត្រូវមានអាជ្ញាប័ណ្ណផ្ដល់ជូនពីអ្នកផ្តល់សេវា ប៉ុន្តែអតិថិជនក៏ត្រូវមានកិច្ចសន្យាអំពីការប្រើប្រាស់នេះជាមួយអ្នកផ្តល់សេវាផងដែរ។
សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ = Primary Financial Services (សទ្ទានុក្រមពន្ធដារ)
សំដៅដល់សេវាខាងហិរញ្ញវត្ថុដែលទាញយកកម្រិតប្រាក់លម្អៀងជាប្រាក់ចំណេញ ជាអាទិ៍មាន ប្រតិបត្តិការទទួលប្រាក់បញ្ញើ ផ្តល់ឥណទាន ឬឱ្យខ្ចីបុល (ប៉ុន្តែមិនរួមបញ្ចូល កម្រៃសេវាដែលទាក់ទិននឹងការផ្តល់ឥណទាន ឬខ្ចីបុល) ការបោះផ្សាយលក់មូលបត្រក្នុងទីផ្សារដំបូង ការជួញដូរមូលបត្រ ឬឧបករណ៍ហិរញ្ញវត្ថុដទៃទៀត និងសេវាផាត់ទាត់ និងទូទាត់ក្នុងទីផ្សារមូលបត្រ សេវាប្តូរប្រាក់ សេវាប្រាតិភោគ ការជួញដូរមាសដែលមិនទាន់កែច្នៃជាគ្រឿងអលង្ការ។ល។
សេវាពិគ្រោះ/ប្រឹក្សាយោបល់ = Consulting Service (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ការផ្តល់សេវាឱ្យអតិថិជននូវការគាំទ្រខាងបច្ចេកទេសតាមបណ្តាញអ៊ីនធឺណិត រួមទាំងការប្រឹក្សាយោបល់ដើម្បីដំឡើងកម្មវិធីសូហ្វវែរ (Software) និងការផ្តល់ព័ត៌មានដើម្បីដោះស្រាយបញ្ហាបច្ចេកទេស។ សេវាគាំទ្រនេះអាចផ្តល់ជូនតាមរយៈឯកសារបច្ចេកទេសអនឡាញ (Online) និងទំនាក់ទំនងជាមួយអ្នកបច្ចេកទេស តាមរយៈអ៊ីមែល (Email) ឬទូរស័ព្ទ។
សេវាគ្រប់គ្រង = Management Service (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់សេវាប្រឹក្សាពាណិជ្ជកម្ម សេវារដ្ឋបាល និងការគ្រប់គ្រងដែលត្រូវផ្តល់ជូនសម្រាប់ការអនុវត្ត រួមបញ្ចូលទាំងសេវាកម្មគាំទ្រ បុគ្គលិក ការិយាល័យ ការគ្រប់គ្រង ការរក្សាទុក និងការរាយការណ៍ហិរញ្ញវត្ថុ និងសេវាកម្មការិយាល័យអាជីវកម្មផ្សេងទៀតទាំងអស់ជាចាំបាច់សម្រាប់ដំណើរការអាជីវកម្ម។
-សម្រាប់កម្មវត្ថុនៃពន្ធសំដៅដល់សេវាមានចរិតគ្រប់គ្រងទាំងឡាយ ដែលធ្វើឡើងដើម្បីបំពេញមុខងារគ្រប់គ្រងក្នុងការប្រកប អាជីវកម្ម ជាអាទិ៍មាន ការជ្រើសរើសបុគ្គលិក ការបណ្តុះបណ្តាល ការគ្រប់គ្រងភ្នាក់ងារលក់។ល។
សេវាក្នុងចំណោមសហគ្រាសសម្ព័ន្ធញាតិ = Intra Group Services (សទ្ទានុក្រមពន្ធដារ)
សំដៅលើសេវាដែលផ្គត់ផ្គង់គ្នាទៅវិញទៅមកដោយផ្ទាល់ក្នុងចំណោមសហគ្រាសសម្ព័ន្ធញាតិ ជាពិសេសសេវារដ្ឋបាល សេវាបច្ចេកទេស សេវាហិរញ្ញវត្ថុ និងសេវាពាណិជ្ជកម្ម ដែលអាចរួមបញ្ចូលទាំងការគ្រប់គ្រង ការសម្របសម្រួល និងមុខងារត្រួតពិនិត្យសម្រាប់សម្ព័ន្ធញាតិទាំងមូល។
សេវាកម្មផ្ទាល់ខ្លួនឯករាជ្យ = Independent Personal Services (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ ត្រូវបានប្រើប្រាស់ជាញឹកញាប់នៅក្នុងបរិបទនៃសន្ធិសញ្ញាពន្ធ ដែលសំដៅដល់សេវាកម្មដែលបំពេញដោយអ្នកម៉ៅការឯករាជ្យ។ អ្នកម៉ៅការឯករាជ្យត្រូវបាន ជួលឱ្យធ្វើការតាមវិធីផ្ទាល់ខ្លួន ហើយមិនស្ថិតនៅក្រោមការគ្រប់គ្រងណាមួយរបស់និយោជក ក្រៅពីលទ្ធផលនៃការងារដែលអ្នកម៉ៅការឯករាជ្យត្រូវទទួលខុសត្រូវចំពោះអ្នកទទួលសេវា។
សេវាកម្មវិជ្ជាជីវៈ = Professional Service (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់មុខរបរនៅក្នុងវិស័យសេវាកម្មដែលត្រូវការការបណ្តុះបណ្តាលពិសេសផ្នែកគំនិតទស្សនៈ និងវិទ្យាសាស្ត្រ។ សេវាកម្មវិជ្ជាជីវៈមួយចំនួនដូចជា ស្ថាបត្យករ គណនេយ្យករ វិស្វករ វេជ្ជបណ្ឌិត មេធាវី និងគ្រូបង្រៀនតម្រូវឱ្យអ្នកប្រកបអាជីវកម្មត្រូវមានសញ្ញាបត្រ ឬអាជ្ញាប័ណ្ណវិជ្ជាជីវៈ និងមានជំនាញជាក់លាក់។
-ក្នុងបរិបទកម្ពុជា សំដៅដល់សេវាទាំងឡាយ ដែលមានជាអាទិ៍ សេវាកម្មច្បាប់ ហិរញ្ញវត្ថុ គណនេយ្យ សវនកម្ម ទីប្រឹក្សាសារពើពន្ធ ស្ថាបត្យកម្ម វិស្វកម្ម សេវាកម្មបច្ចេកវិទ្យាព័ត៌មាន ផ្សព្វផ្សាយពាណិជ្ជកម្ម សេវាកម្មគ្រប់គ្រង។
សេវាកម្មទទួលការហៅចូល = “On Call” Services (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់សេវាកម្មទទួលការហៅចូល ដែលផ្តល់ជូនដោយក្រុមហ៊ុនមេ ឬក្រុមមជ្ឈមណ្ឌលសេវាកម្មដែលអាចប្រើប្រាស់បានគ្រប់ពេលវេលាសម្រាប់សមាជិកនៃសហគ្រាសពហុជាតិ (Multinational Enterprise – MNE)។
សេវាគាំទ្របច្ចេកទេសតាម បណ្ដាញកុំព្យូទ័រ = Customer Support Over A Computer Network (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ការផ្តល់សេវាឱ្យអតិថិជននូវការគាំទ្រខាងបច្ចេកទេសតាមបណ្តាញអ៊ីនធឺណិត រួមទាំងការប្រឹក្សាយោបល់ដើម្បីដំឡើងកម្មវិធីសូហ្វវែរ (Software) និងការផ្តល់ព័ត៌មានដើម្បីដោះស្រាយបញ្ហាបច្ចេកទេស។ សេវាគាំទ្រនេះអាចផ្តល់ជូនតាមរយៈឯកសារបច្ចេកទេសអនឡាញ (Online) និងទំនាក់ទំនងជាមួយអ្នកបច្ចេកទេស តាមរយៈអ៊ីមែល (Email) ឬទូរស័ព្ទ។
សេវាកម្មក្លោដ (មូលដ្ឋានផ្ដល់សេវា តាមបណ្ដាញលំហអាកាស-ពពក) = Cloud-Based Service (សទ្ទានុក្រមពន្ធដារ)
សេវាកម្មក្លោដ គឺជាវាក្យសព្ទបច្ចេកទេសម្យ៉ាង ដែលសំដៅដល់មូលដ្ឋាននៃការប្រើប្រាស់សេវាកម្ម ឬធនធាន ដែលផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់ស្របតាមតម្រូវការតាមរយៈបណ្តាញអ៊ីនធឺណិតដែលផ្តល់ចេញពីបណ្តាញប្រព័ន្ធព័ត៌មាន និងទិន្នន័យរបស់អ្នកផ្តល់សេវានេះ។
សេដ្ឋកិច្ចផ្លូវការ = Formal Economy (សទ្ទានុក្រមពន្ធដារ)
សេដ្ឋកិច្ចផ្លូវការ សំដៅដល់រាល់សកម្មភាពសេដ្ឋកិច្ចណាដែលប្រព្រឹត្តទៅនៅក្នុងក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិជាធរមាន និងបង់សេវាសាធារណៈ និងបង់ពន្ធត្រឹមត្រូវ។
សេដ្ឋកិច្ចស្រមោល/សេដ្ឋកិច្ចក្រៅផ្លូវការ = Shadow Economy/Grey Economy/Underground Economy/Informal Economy/Black Economy/Hidden Economy/Parallel Economy (សទ្ទានុក្រមពន្ធដារ)
-វាក្យសព្ទនេះ សំដៅដល់រាល់សកម្មភាពសេដ្ឋកិច្ចណាដែលប្រព្រឹត្តទៅមិនស្ថិតក្រោមក្របខ័ណ្ឌច្បាប់ មិនអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ មិនបង់សេវាសាធារណៈ និងមិនបង់ពន្ធតាមច្បាប់ជាធរមាន។
-ជាទូទៅ សេដ្ឋកិច្ចស្រមោល គឺជាសកម្មភាពប្រតិបត្តិការជួញដូរទំនិញ និងសេវាកម្មដែលអាចខុសច្បាប់ ឬស្របច្បាប់អាស្រ័យលើប្រភេទទំនិញ និងសេវាកម្មដែលប្រព្រឹត្តទៅដោយពុំមានសុំអាជ្ញាប័ណ្ណត្រឹមត្រូវ និងពុំមានការបង់ពន្ធជាដើម។
ឧ. : សកម្មភាពអាជីវកម្មមួយចំនួនស្របច្បាប់ ប៉ុន្តែមានកម្រិតផលរបរមិនតម្រូវឱ្យអនុលោមភាពតាមច្បាប់ និងប្រកាសបង់ពន្ធ មានដូចជា សកម្មភាព ដែលមានចំណូលមិនរាយការណ៍ ឬដែលបានមកពីការបម្រើការងារផ្ទាល់ខ្លួន ការងារក្នុងសួនច្បារ ការងារសាងសង់ ការងារលក់ដូរផលិតផល ឬសេវាដែលជាទម្រង់រូបិយវត្ថុនៅតាមដងផ្លូវសាធារណៈ ឬតាមផ្ទះ និងសកម្មភាពធ្វើស្រែចំការសម្រាប់ចិញ្ចឹមជីវិត។ ចំណែកឯសកម្មភាពខុសច្បាប់មានដូចជាការជួញដូរ គ្រឿងញៀន ការជួញដូរទំនិញលួចប្លន់ពីអ្នកដទៃ ទំនិញរត់ពន្ធ ការលេងល្បែងស៊ីសងខុសច្បាប់ និងសកម្មភាពលួចបន្លំផ្សេងៗ។
-វាក្យសព្ទនេះ មានអត្ថន័យស្រដៀងគ្នាទៅនឹងវាក្យសព្ទមួយចំនួនទៀត ដូចជា សេដ្ឋកិច្ចមិនផ្លូវការ ឬក្រៅផ្លូវការ សេដ្ឋកិច្ចខ្មៅ សេដ្ឋកិច្ចក្រោមដី សេដ្ឋកិច្ចប្រផេះ សេដ្ឋកិច្ចសម្ងាត់ សេដ្ឋកិច្ចលាក់បាំង សេដ្ឋកិច្ចរណប សេដ្ឋកិច្ចមិនមានគណនី សេដ្ឋកិច្ចខុសច្បាប់ ឬសេដ្ឋកិច្ចមិនអនុញ្ញាត។
សេដ្ឋកិច្ចឌីជីថល = Digital Economy (សទ្ទានុក្រមពន្ធដារ)
សំដៅដល់បណ្តាញសកម្មភាពសេដ្ឋកិច្ច ប្រតិបត្តិការពាណិជ្ជកម្ម និងអន្តរកម្មប្រកបដោយវិជ្ជាជីវៈ ដែលអាចដំណើរការទៅបានទូទាំងពិភពលោកតាមរយៈបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (Information and Communications Technology – ICT)។
សេវា = Services (សទ្ទានុក្រមពន្ធដារ)
សំដៅដល់សកម្មភាពជួយ ឬធ្វើអ្វីមួយឱ្យបុគ្គលដទៃ។ សម្រាប់កម្មវត្ថុនៃអាករលើតម្លៃបន្ថែម សេវា គឺសំដៅដល់ការផ្តល់អ្វីមួយដែលមានតម្លៃក្រៅពីទំនិញ ដីធ្លី និងប្រាក់កាស។
សេចក្តីព្រាងច្បាប់ពន្ធ = Draft Tax Legislation (សទ្ទានុក្រមពន្ធដារ)
សេចក្តីព្រាងច្បាប់ពន្ធ សំដៅដល់សេចក្តីព្រាងច្បាប់ពន្ធដែលបានរៀបចំស្នើឡើងដោយរដ្ឋាភិបាលនៃប្រទេសមួយហើយត្រូវបានបញ្ជូនទៅសភាជាតិដើម្បីស្នើសុំការអនុម័ត។
សេចក្តីជូនដំណឹងស្តីពីចំណុចខ្វះខាត = Notice of Deficiency (សទ្ទានុក្រមពន្ធដារ)
គឺសំដៅដល់សេចក្តីសម្រេចស្របតាមច្បាប់របស់អាជ្ញាធរពន្ធដារស្តីពីភាពចន្លោះប្រហោង ឬភាពមិនគ្រប់គ្រាន់នៃការបំពេញកាតព្វកិច្ចពន្ធរបស់អ្នកជាប់ពន្ធ។
សេចក្តីជូនដំណឹងស្តីពីការកំណត់ពន្ធ = Notice of Tax Assessment (សទ្ទានុក្រមពន្ធដារ)
សំដៅដល់សេចក្តីសម្រេចជាលាយលក្ខណ៍អក្សររបស់អាជ្ញាធរពន្ធដារ បន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់លើការប្រកាសបង់ពន្ធរបស់អ្នកជាប់ពន្ធ ដោយយោងលើការកំណត់ចំនួន ប្រាក់ចំណូលជាប់ពន្ធ និងការគណនាចំនួនប្រាក់ពន្ធដែលត្រូវបង់។
សួយសារ = Royalties (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់ការទូទាត់លើសិទ្ធិប្រើប្រាស់ជាប្រចាំ ឬតាមការព្រមព្រៀងទៅឱ្យម្ចាស់កម្មសិទ្ធិអរូបី។ ជាទូទៅទ្រព្យអរូបីត្រូវបានការពារដោយច្បាប់។
-ក្នុងបរិបទពន្ធដារកម្ពុជា សួយសារសំដៅដល់ចំណាយ ទាក់ទិននឹងការប្រើប្រាស់ទ្រព្យសកម្មអរូបីផ្សេងៗ ដូចជាប្រកាសនីយបត្រតក្កកម្ម សិទ្ធិចម្លង គំនូរ គំរូប្លង់ សិទ្ធិអាជីវកម្ម សញ្ញាផលិត វិធីធ្វើ។
ស៊ើបអង្កេតបទល្មើសពន្ធដារ = Tax Crime Investigation (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ទម្រង់នៃការស៊ើបអង្កេត និងស្រាវជ្រាវ ដែលមានឯកទេសស៊ីជម្រៅ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ការបំពេញកាតព្វកិច្ចពន្ធដារ និងរកឱ្យឃើញនូវការគេចវេះពន្ធ និងអំពើរាំងស្ទះការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ ដើម្បីទាមទារមកវិញនូវប្រាក់ពន្ធដែលបាត់បង់ ពន្ធបន្ថែម និងការប្រាក់ និងប្តឹងចោទប្រកាន់ ព្រមទាំងទាមទារឱ្យមានការដាក់ទោសចំពោះបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ។
ស៊ើបអង្កេតបឋម = Preliminary Enquiry (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ការស៊ើបអង្កេតដែលធ្វើឡើងដោយព្រះរាជអាជ្ញាចំពោះបទល្មើសឧក្រិដ្ឋ ឬបទល្មើសមជ្ឈឹមជាក់ស្តែង ដើម្បីធ្វើការចោទប្រកាន់រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបអង្កេត ដើម្បីធ្វើការអង្កេតល្អិតល្អន់តទៅទៀត។
សួយសារធនធានរ៉ែ = Mineral Royalties (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់ការទូទាត់កម្រៃដោយអ្នករុករករ៉ែដើម្បីជាការតបស្នងជូនទៅម្ចាស់ធនធានរ៉ែដែលបានផ្តល់សិទ្ធិឱ្យអ្នករុករករ៉ែក្នុងការទាញយក និងអភិវឌ្ឍន៍ធនធានរ៉ែ សម្រាប់ផលប្រយោជន៍របស់អ្នករុករករ៉ែផ្ទាល់។
សៀវភៅស = White Paper (សទ្ទានុក្រមពន្ធដារ)
សៀវភៅស ជាទូទៅគឺសំដៅដល់ឯកសាររបស់រដ្ឋាភិបាលដែលប្រកាសអំពីគោលនយោបាយ និងការអនុវត្តជាក់ស្ដែងរបស់រដ្ឋាភិបាលចំពោះបញ្ហាជាក់លាក់ណាមួយ។
សួយសារលើទ្រព្យសកម្មអរូបី = Royalty on Intangible Asset (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់ការទូទាត់លើសិទ្ធិប្រើប្រាស់ជាប្រចាំ ឬតាមការព្រមព្រៀងទៅឱ្យម្ចាស់កម្មសិទ្ធិអរូបី។ ជាទូទៅទ្រព្យអរូបីត្រូវបានការពារដោយច្បាប់។
-ក្នុងបរិបទពន្ធដារកម្ពុជា សួយសារលើទ្រព្យសកម្មអរូបី សំដៅដល់ចំណាយទាក់ទិននឹងការប្រើប្រាស់ទ្រព្យសកម្មអរូបីផ្សេងៗ ដូចជាប្រកាសនីយបត្រតក្កកម្ម សិទ្ធិចម្លង គំនូរ គំរូប្លង់ សិទ្ធិអាជីវកម្ម សញ្ញាផលិត វិធីធ្វើ។
សុរាមេរ័យ = Alcoholic Drink (សទ្ទានុក្រមពន្ធដារ)
សុរាមេរ័យ សំដៅដល់ផលិតផលគ្រប់ប្រភេទ ដែលមានជាតិសុរាមេរ័យ ដូចជាស្រា ស្រាបៀរ ស្រាទំពាំងបាយជូរស្រស់ រួមទាំងស្រាទំពាំងបាយជូរដែលមានបន្ថែមជាតិសុរា ស្រាវែមុត និងស្រាទំពាំងបាយជូរស្រស់ផ្សេងទៀត ដែលផ្សំពីរុក្ខជាតិ និងសារជាតិក្រអូប ភេសជ្ជៈមេរ័យផ្សេងទៀតលើកលែងតែទឹកត្នោតជូរ និងស្រាស ដែលផលិតក្នុងស្រុកជាលក្ខណៈគ្រួសារ។
សិទ្ធិប្រាតិភោគប្រត្យក្ស = Real Security Right (សទ្ទានុក្រមពន្ធដារ)
សិទ្ធិប្រាតិភោគប្រត្យក្ស គឺជាសិទិ្ធប្រត្យក្សមួយប្រភេទ ដែលប្រគល់ទៅឱ្យម្ចាស់បំណុល (ចំពោះតែករណីមានកិច្ចសន្យា បង្កើតប្រាតិភោគ) ដែលម្ចាស់បំណុលមានសិទ្ធិពិសេសជាអាទិ៍ ការឃាត់ទុក ឯកសិទ្ធិ (សិទ្ធិទទួលបានការសង ជាអាទិភាព) លើកូនបំណុលដោយមានសុវត្ថិភាពគតិយុត្តនៅក្នុងប្រតិបត្តិការគតិយុត្តនានា ដូចជាការទិញលក់ ការខ្ចីបរិភោគ មានភ្ជាប់ការប្រាក់ ជាដើម។ ប្រាតិភោគប្រត្យក្ស មាន២ប្រភេទ៖ ប្រាតិភោគបង្កើតដោយកិច្ចសន្យា (ហ៊ីប៉ូតែក ការបញ្ចាំ និងប្រតិភោគដោយអនុប្បទាន) និងប្រតិភោគបង្កើតដោយច្បាប់ (សិទ្ធិឃាត់ទុក និងឯកសិទ្ធិ)។
សឹករេចរឹលធម្មតា = Wear And Tear (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់ការថយចុះតម្លៃនៃទ្រព្យ ដែលកើតចេញពីការប្រើប្រាស់ជាប្រចាំ។ ប្រព័ន្ធពន្ធលើប្រាក់ចំណូលតែងតែអនុញ្ញាតឱ្យមានការកាត់កងនានានៅពេល គណនាប្រាក់ចំណេញរបស់អាជីវកម្មមួយដែលប្រើប្រាស់អគារ រោងចក្រ និងគ្រឿងម៉ាស៊ីនដែលមានការសឹករេចរឹលជាធម្មតានៅក្នុងអំឡុងពេលដំណើរការអាជីវកម្ម។
សិទ្ធិវន្ត = Assignee (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់បុគ្គលណាមួយដែលត្រូវបានប្រគល់សិទ្ធិ ឬការទទួលខុសត្រូវតាមផ្លូវច្បាប់ពីបុគ្គលផ្សេងទៀត ដើម្បីទៅអនុវត្តអ្វីមួយ។
-ក្នុងបរិបទពន្ធដារ សំដៅដល់អ្នកមានសិទ្ធិលើទ្រព្យតាមរយៈការផ្តល់ឱ្យដោយម្ចាស់កម្មសិទ្ធិនៃទ្រព្យ។
-ក្នុងបរិបទច្បាប់ការងារ សំដៅដល់អ្នកមានសិទ្ធិលើវត្ថុណាមួយ ឬលើអ្វីមួយ ឬអ្នកមានសិទ្ធិធ្វើអ្វីមួយ។
ឧ. : ជនរងគ្រោះដែលមានគ្រោះថ្នាក់ពីការអនុវត្ដសកម្មភាពការងារដល់កម្រិតស្លាប់ សិទ្ធិវន្ត (ប្ដី ឬប្រពន្ធ កូន មាតាបិតា ជាដើម) ត្រូវជូនដំណឹងដល់និយោជក ឬម្ចាស់សហគ្រាស ឬក្រុមហ៊ុនឱ្យបានដឹង ហើយសិទ្ធិវន្តមានសិទ្ធិទទួលបាននូវប្រាក់បំណាច់ពីអង្គភាពពាក់ព័ន្ធនោះផងដែរ។
សុចរិតភាព = Good Faith (សទ្ទានុក្រមពន្ធដារ)
សុចរិតភាព សំដៅដល់ភាពស្មោះត្រង់ ឬភាពស្មោះស្ម័គ្រដោយចេតនា។
សិទ្ធិលក់មូលបត្រ ឬទំនិញ = Put Option (សទ្ទានុក្រមពន្ធដារ)
សំដៅដល់កិច្ចសន្យាដែលផ្តល់ជម្រើសដល់ភាគីចុះកិច្ចសន្យាមានសិទិ្ធ ប៉ុន្តែមិនមែនជាកាតព្វកិច្ចក្នុងការលក់មូលបត្រ ឬទំនិញជួញដូរផ្សេងៗ រួមមានរូបិយវត្ថុបរទេសសម្រាប់តម្លៃជាក់លាក់ណាមួយក្នុងអំឡុងពេលជាក់លាក់ណាមួយ។
សិទ្ធិប្រើប្រាស់តែមួយដងនូវសូហ្វវែរ ឬផលិតផលឌីជីថលផ្សេងៗ = Single-Use Software or Other Digital Products (សទ្ទានុក្រមពន្ធដារ)
សំដៅដល់អតិថិជនទទួលបាននូវសិទ្ធិតែមួយដងក្នុងការប្រើប្រាស់សូហ្វវែរ (Software) ឬផលិតផលឌីជីថល (Digital Products) ផ្សេងទៀត ដែលផលិតផលទាំងនោះអាចទាញយក ឬប្រើប្រាស់ពីចម្ងាយ (ឧទាហរណ៍ : ការប្រើសូហ្វវែរដែលត្រូវបានរក្សាទុកដោយម៉ាស៊ីនមេពីចម្ងាយ)។ អតិថិជនមិនទទួលបានសិទ្ធិចម្លងបន្តលើផលិតផលឌីជីថលទាំងនោះលើសពីលក្ខខណ្ឌប្រើប្រាស់ដែលបានកំណត់។
សុខដុមនីយកម្មប្រព័ន្ធពន្ធដារ និងសេចក្តីណែនាំរបស់សហភាពអឺរ៉ុប =Harmonization of Tax, EEC Directive (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ដំណើរការនៃការលុបបំបាត់ឧបសគ្គ (របាំង) សារពើពន្ធ និងភាពខុសគ្នារវាងប្រព័ន្ធពន្ធដាររបស់ប្រទេសផ្សេងៗដែលជាសមាជិកនៃសហភាពអឺរ៉ុប។ ជាដំណោះស្រាយសហភាពអឺរ៉ុបបានចេញសេចក្តីណែនាំសម្រាប់ការយកពន្ធប្រយោល និងការយកពន្ធដោយផ្ទាល់។
សិទ្ធិតំណាង = Agent Authority (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់សិទ្ធិ ដែលអ្នកតំណាងអាចធ្វើកិច្ចការជំនួសឱ្យម្ចាស់សិទ្ធិ ហើយបង្កើតអានុភាពចំពោះម្ចាស់សិទ្ធិ។
សិទ្ធិទិញ = Call Option (សទ្ទានុក្រមពន្ធដារ)
ជាប្រភេទសិទ្ធិអនុវត្តកិច្ចសន្យាទិញដែលផ្តល់ជម្រើសដល់ភាគីចុះកិច្ចសន្យាមានសិទិ្ធ ប៉ុន្តែមិនមែនជាកាតព្វកិច្ចក្នុងការអនុវត្តសិទ្ធិទិញមូលបត្រ/សញ្ញាប័ណ្ណ ឬទំនិញក្នុងទីផ្សារហិរញ្ញវត្ថុ នៅពេល ឬមុនពេលជាក់លាក់ណាមួយតាមតម្លៃដែលបានកំណត់ជាមុននោះទេ។
សិទ្ធិកាន់កាប់ដីធ្លី = Freehold Land (សទ្ទានុក្រមពន្ធដារ)
សំដៅដល់សិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែង និងអគារ។
សាលក្រមកំបាំងមុខ = Default Judgement (សទ្ទានុក្រមពន្ធដារ)
សាលក្រមកំបាំងមុខ សំដៅដល់សាលក្រមដែលតុលាការសម្រេចដោយគ្មានវត្តមានរបស់ភាគីដើមចោទ ឬភាគីចុងចម្លើយ ឬអ្នកតំណាងស្របច្បាប់របស់ដើមចោទ ឬចុងចម្លើយ។
សាលក្រម/សាលដីកា = Court Judgement (សទ្ទានុក្រមពន្ធដារ)
-សាលក្រម សំដៅដល់សេចក្តីសម្រេចរបស់តុលាការជាន់ទាប (សាលាដំបូង) ដែលមានលក្ខណៈគ្រប់គ្រាន់ទៅតាមទម្រង់បែបបទនៃច្បាប់កំណត់ ដោយផ្អែកតាមការទាញហេតុផលផ្ទាល់។
-ចំណែកឯ សាលដីកា សំដៅដល់សេចក្តីសម្រេចរបស់សាលាជម្រះក្តីជាន់ខ្ពស់ (សាលាឧទ្ធរណ៍ ឬតុលាការកំពូល) ដែលមានលក្ខណៈគ្រប់គ្រាន់ទៅតាមទម្រង់បែបបទ ដែល ច្បាប់បានកំណត់ ដោយផ្អែកតាមការទាញយកហេតុផលដោយផ្ទាល់មាត់។
សិទ្ធិឃាត់ទុក = Right Of Retention (សទ្ទានុក្រមពន្ធដារ)
សំដៅដល់សិទ្ធិប្រាតិភោគប្រត្យក្សមួយប្រភេទរបស់អ្នកកាន់កាប់វត្ថុរបស់អ្នកដទៃ ដែលមានសិទ្ធិលើបំណុលក្នុងការឃាត់ទុកវត្ថុនោះរហូតដល់ពេលដែលខ្លួនបានទទួលសំណងលើបំណុល។
សាជីវកម្មមានទុនតិចតួច = Thin Corporation (សទ្ទានុក្រមពន្ធដារ)
សំដៅដល់សាជីវកម្មមួយ ដែលមានដើមទុនចម្បងមកពីប្រាក់ខ្ចីពីម្ចាស់ភាគហ៊ុន ជាជាងការវិនិយោគភាគហ៊ុន។
សាធនភាព (ឬសារធនភាព) = Solvency (សទ្ទានុក្រមពន្ធដារ)
ពាក្យនេះ សំដៅដល់ស្ថានភាពនៃការមានទ្រព្យសកម្មគ្រប់គ្រាន់លើសចំនួនបំណុល ហើយដែលមានលទ្ធភាពអាចសងបំណុលទាំងអស់តាមការកំណត់ត្រូវសង។
សារការីសាធារណៈ = Notary Public (សទ្ទានុក្រមពន្ធដារ)
-ជាប្រភេទបុគ្គលដែលត្រូវបានផ្តល់សិទ្ធិឱ្យបំពេញបែបបទផ្លូវច្បាប់មួយចំនួន ដូចជាការធ្វើសេចក្តីបញ្ជាក់ជាផ្លូវការលើកិច្ចសន្យា និងលើឯកសារផ្សេងៗ ទៀតសម្រាប់ប្រើប្រាស់ក្នុងយុត្តាធិការជាក់លាក់ណាមួយ។
-សម្រាប់នីតិវិធីរដ្ឋប្បវេណី សារការីសាធារណៈ សំដៅដល់មន្រ្តីសាធារណៈ ដែលមានមុខងារធ្វើលិខិតយថាភូតបញ្ជាក់អំពីលក្ខណៈពិតប្រាកដត្រឹមត្រូវ ធានារ៉ាប់រងអំពីកាលបរិច្ឆេទតម្កល់ រក្សាទុក និងចេញសេចក្តីចម្លងយថាភូតនៃលិខិតទាំងទ្បាយដែលត្រូវតែឱ្យមានការបញ្ជាក់។
សាជីវកម្មបងប្អូនសម្ព័ន្ធ = Brother-Sister Corporation (សទ្ទានុក្រមពន្ធដារ)
ជាវាក្យសព្ទ ឬប្រភេទឈ្មោះសាជីវកម្មម្យ៉ាងដែលមិនសូវមានការប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាទេ។ សាជីវកម្មបងប្អូនសម្ព័ន្ធនេះ គឺសំដៅដល់ប្រភេទក្រុមហ៊ុនពីរ ឬ ច្រើនដែលជាកម្មសិទ្ធិ ឬកាន់កាប់ដោយភាគទុនិកតែមួយ ឬក្រុមតែមួយ។ ដូច្នេះក្នុងន័យនេះ សាជីវកម្មបងប្អូនសម្ព័ន្ធនេះ មិនមែនជាប្រភេទក្រុមហ៊ុន ឬសាជីវកម្មបុត្រសម្ព័ន្ធនោះទេ។
សាច់ប្រាក់នៅធនាគារ = Cash In Banks (សទ្ទានុក្រមពន្ធដារ)
គឺជាចំនួនសាច់ប្រាក់សរុបដែលសហគ្រាសមាននៅក្នុងធនាគារ។ សាច់ប្រាក់នេះ ក៏រួមបញ្ចូលផងដែរនូវសាច់ប្រាក់រូបិយប័ណ្ណផ្សេងៗ។
សាច់ប្រាក់នៅក្នុងបេឡា = Cash on Hand (សទ្ទានុក្រមពន្ធដារ)
គឺជាចំនួនសាច់ប្រាក់សរុបដែលសហគ្រាសមាននៅក្នុងបេឡាសហគ្រាស។ សាច់ប្រាក់នេះ ក៏រួមបញ្ចូលផងដែរនូវសាច់ប្រាក់រូបិយប័ណ្ណផ្សេងៗ។
សាខាក្រុមហ៊ុនបរទេស = Branch of Foreign Company (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់ទីតាំងមួយផ្សេងទៀតរបស់ក្រុមហ៊ុន ដែលដំណើរការទាំងស្រុងនៅក្នុងប្រទេសមួយផ្សេងទៀតដែលមិនបង្កើតជានីតិបុគ្គលដាច់ដោយឡែក។
-នៅក្នុងបរិបទពន្ធដារ សាខាក្រុមហ៊ុនបរទេស សំដៅដល់ទីកន្លែងប្រកបអាជីវកម្មជាប់លាប់នៅក្នុងប្រទេសរបស់ក្រុមហ៊ុនបរទេស ដែលក្នុងនោះទ្រព្យសកម្មផ្សេងៗ គឺជាកម្មសិទិ្ធរបស់ក្រុមហ៊ុនដើមនៅបរទេស ហើយសាខាក្រុមហ៊ុនបរទេសត្រូវជាប់ពន្ធលើប្រាក់ចំណូល ចំពោះតែប្រាក់ចំណូលប្រភពក្នុងប្រទេសតែប៉ុណ្ណោះ។
សាខាក្រុមហ៊ុន = Branch Office (សទ្ទានុក្រមពន្ធដារ)
សាខាក្រុមហ៊ុន សំដៅដល់កន្លែងធ្វើអាជីវកម្មមួយក្រៅពីការិយាល័យជាគោលដើម។ សាខាភាគច្រើនមានផ្នែកតូចៗនៃផ្នែកផ្សេងៗគ្នារបស់ក្រុមហ៊ុន ដូចជាផ្នែកធនធានមនុស្សទីផ្សារ និងផ្នែកគណនេយ្យ។ នៅក្នុងបរិបទពន្ធដារ សំដៅដល់កន្លែងផ្គត់ផ្គង់ទំនិញ ឬសេវា ដែលមិនមែនជាទីកន្លែងប្រកបអាជីវកម្មជាគោលដើមរបស់សហគ្រាស។ សម្រាប់កម្មវត្ថុនៃកថាខណ្ឌពាក់ព័ន្ធជាមួយនឹងចំណុចនេះ ទីកន្លែង ណាមួយដែលត្រូវបានចាត់ទុកជាសាខារបស់សហគ្រាស គឺក្នុងករណីដែលទីកន្លែងនោះធ្វើអាជីវកម្មលើសពី៦ខែជាប់ៗគ្នានៃឆ្នាំប្រតិទិនឡើងទៅ។
សហព័ទ្ធ = Spouse (សទ្ទានុក្រមពន្ធដារ)
ជាទូទៅ ពាក្យនេះសំដៅដល់ប្រពន្ធ ឬប្តី ដែលនៅមានចំណងអាពាហ៍ពិពាហ៍ស្របច្បាប់។
សហជីពអាជីវកម្ម = Syndicate (សទ្ទានុក្រមពន្ធដារ)
សំដៅដល់សម្ព័ន្ធភាពបណ្តោះអាសន្ននៃអាជីវកម្ម ដែលរួមគ្នាដើម្បីគ្រប់គ្រងប្រតិបត្តិការធំ ដែលមានការលំបាក ឬមិនអាចទៅរួច ដោយជោគជ័យតែម្នាក់ឯងបាន។ សម្ព័ន្ធភាព នេះធ្វើឱ្យបុគ្គល ឬក្រុមហ៊ុនមានភាពងាយស្រួលក្នុងការប្រមូលផ្តុំធនធាន និងចែករំលែកហានិភ័យ ដូចជានៅពេលដែលក្រុមធនាគារវិនិយោគធ្វើការរួមគ្នា ដើម្បីបោះផ្សាយមូលបត្រថ្មីទៅលក់លើទីផ្សារ។ មានប្រភេទផ្សេងៗគ្នានៃក្រុមហ៊ុនដូចជាសម្ព័ន្ធអ្នកធានា សម្ព័ន្ធធនាគារ និងក្រុមហ៊ុនធានារ៉ាប់រង។
សហគ្រាសឯកបុគ្គល = Sole Proprietorship (សទ្ទានុក្រមពន្ធដារ)
-គឺជាប្រភេទនៃអង្គភាពអាជីវកម្មដែលត្រូវបានគ្រប់គ្រងដោយបុគ្គលម្នាក់ ហើយក្នុងនោះមិនមានការបែងចែកក្នុងផ្លូវច្បាប់ រវាងម្ចាស់ និងអាជីវកម្មនោះទេ ព្រមទាំងទទួលខុសត្រូវគ្មានដែនកំណត់ចំពោះបំណុល។
-សហគ្រាសឯកបុគ្គល សំដៅដល់សហគ្រាសមិនមែនជានីតិបុគ្គលតែជាកម្មសិទ្ធិរបស់រូបវន្តបុគ្គលតែម្នាក់គត់។ ម្ចាស់កម្មសិទ្ធិនីមួយៗ មានសិទ្ធិទទួលបាននូវប្រាក់ចំណេញទាំងអស់ពីអាជីវកម្ម ព្រមទាំងទទួលខុសត្រូវចំពោះបំណុលទាំងអស់របស់អាជីវកម្មនោះផងដែរ។
-ក្នុងបរិបទពន្ធដារកម្ពុជា សហគ្រាសឯកបុគ្គល សំដៅដល់សហគ្រាសដែលបង្កើតឡើងដោយរូបវន្តបុគ្គលតែម្នាក់ហើយទ្រព្យសម្បត្តិរបស់សហគ្រាសឯកបុគ្គលជាដើមទុនរបស់សហគ្រាសឯកបុគ្គល។ ក្នុងនិយមន័យនេះ ប្ដី ប្រពន្ធ និងកូនក្នុងបន្ទុកត្រូវចាត់ទុកថាជារូបវន្តបុគ្គលតែម្នាក់។
សហគ្រាសឯករាជ្យ = Independent Enterprises (សទ្ទានុក្រមពន្ធដារ)
សហគ្រាសឯករាជ្យ គឺជាសហគ្រាសទាំងឡាយណា ដែលមិនជាប់ទាក់ទិនគ្នា។
សហគ្រាសសាធារណៈ = Public Enterprise (សទ្ទានុក្រមពន្ធដារ)
សំដៅដល់សហគ្រាសដែលមានដើមទុនទាំងអស់ ឬភាគច្រើនជារបស់រដ្ឋ។ សហគ្រាសសាធារណៈ មានបេសកកម្មបង្កលក្ខណៈដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចជាអាទិ៍ក្នុងការបង្កើនតម្លៃធនធានធម្មជាតិ និងការបង្កើតអាជីពការងារ។ សហគ្រាសសាធារណៈ គឺជានីតិបុគ្គលដែលមានស្វ័យភាពហិរញ្ញវត្ថុ។
សហគ្រាសពហុជាតិ = Multinational Enterprises (MNE) (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ក្រុមហ៊ុន ឬសម្ព័ន្ធក្រុមហ៊ុនដែលមានគ្រឹះស្ថាន អាជីវកម្ម នៅក្នុងប្រទេសពីរ ឬច្រើន។
សហគ្រាសសម្ព័ន្ធញាតិ = Affiliate Enterprise (សទ្ទានុក្រមពន្ធដារ)
គឺជាសហគ្រាសដែលមានទ្រង់ទ្រាយគតិយុត្តដាច់ដោយឡែកពីគ្នា ដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក រួមមានក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនមេ សហគ្រាសដែលគ្រប់គ្រង ឬត្រូវបានគ្រប់គ្រង សមាជិកនៃក្រុមហ៊ុនសម្ព័ន្ធសហគ្រាសដែលមានការកាន់កាប់ភាគហ៊ុនគ្នាទៅវិញទៅមក ឬភាគីនៃកិច្ចព្រមព្រៀងរបស់សហគ្រាស។
សហគ្រាសដែលគ្រប់គ្រងដោយសហគ្រាសបរទេស = Controllled Foreign Companies (CFC) (សទ្ទានុក្រមពន្ធដារ)
នេះគឺជាប្រភេទសហគ្រាស ដែលស្ថិតនៅក្នុងយុត្តាធិការពន្ធទាប ដែលត្រូវបានគ្រប់គ្រងដោយម្ចាស់ភាគហ៊ុននិវាសនជនដែលស្ថិតក្នុងយុត្តាធិការពន្ធផ្សេងមួយទៀត។ ច្បាប់សម្រាប់គ្រប់គ្រងសហគ្រាសដែលគ្រប់គ្រងដោយសហគ្រាសបរទេស ជាធម្មតាត្រូវបានរៀបចំឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងការរក្សាប្រាក់ចំណេញនៅក្នុងសហគ្រាសដែលស្ថិតនៅក្នុងយុត្តាធិការមានកម្រិតពន្ធទាប ឬមិនជាប់ពន្ធ។ លក្ខណៈសំខាន់នៃរបបពន្ធបែបនេះ គឺករណីដែលអាចកំណត់សមាមាត្រនៃប្រាក់ចំណូល ដែលបានរក្សាទុកនៅក្នុងសហគ្រាសទាំងនោះដល់ម្ចាស់ភាគហ៊ុននៅក្នុងប្រទេសដែលពាក់ព័ន្ធ។ ជាទូទៅ មានតែប្រភេទចំណូលខ្លះប៉ុណ្ណោះ ដែលស្ថិតនៅក្នុងវិសាលភាពនៃច្បាប់នេះ។
សហគ្រាសដើម = Principal Enterprise (សទ្ទានុក្រមពន្ធដារ)
សំដៅដល់សហគ្រាសជាអ្នកជាប់ពន្ធនិវាសនជន ដែលប្រកបអាជីវកម្មនៅក្នុងប្រទេសដែលផ្ដល់សិទ្ធិដល់សហគ្រាសដទៃ (អ្នកជាប់ពន្ធមធ្យម ឬអ្នកជាប់ពន្ធធំ) ធ្វើជាភ្នាក់ងាររបស់ខ្លួនក្នុងការផ្គត់ផ្គង់ទំនិញ ឬសេវា។
សវនករឯករាជ្យ = Independent Auditor (សទ្ទានុក្រមពន្ធដារ)
សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលអនុវត្តការងារសវនកម្ម និងជាសមាជិកសកម្មរបស់ស្ថាប័នវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម។
សហគ្រាស = Enterprise (សទ្ទានុក្រមពន្ធដារ)
-សហគ្រាស គឺជាអង្គភាព ឬគ្រឹះស្ថាន ដែលមានគោលដៅស្វែងរកប្រាក់ចំណេញ រួមមានសហគ្រាសសាធារណៈសហគ្រាសឯកជន រួមទាំងធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងសហគ្រាសធុនតូច និងមធ្យម ព្រមទាំងមីក្រូសហគ្រាសផងដែរ។
-សម្រាប់កម្មវត្ថុនៃពន្ធ សំដៅដល់គ្រឹះស្ថាន ឬអង្គភាព ដែលរូបវន្តបុគ្គល ឬនីតិបុគ្គលប្រកបអាជីវកម្ម។
សវនកម្មដល់ទីកន្លែង = On-Site/Field Audit (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ការចុះធ្វើសវនកម្មដល់ទីតាំងប្រកបអាជីវកម្មរបស់សហគ្រាសដែលជាកម្មវត្ថុនៃការធ្វើសវនកម្ម ដើម្បីពិនិត្យស្ថានភាពអាជីវកម្មជាក់ស្តែង បញ្ជីគណនេយ្យ លិខិត យុត្តិការ និងឯកសារផ្សេងៗ។
សវនកម្មពន្ធដារ = Tax Audit (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់ការពិនិត្យបញ្ជាក់លើបញ្ជីគណនេយ្យរបាយការណ៍ហិរញ្ញវត្ថុ និងឯកសារផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងអាជីវកម្មរបស់អ្នកជាប់ពន្ធ ដើម្បីបញ្ជាក់ថាការគណនាការប្រកាស និងការបង់ប្រាក់ពន្ធបានត្រឹមត្រូវស្របតាម ច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ។
-សវនកម្មពន្ធដារ មានពីរប្រភេទ សវនកម្មលើលិខិតស្នាម និងសវនកម្មដល់ទីកន្លែង (សវនកម្មដល់ទីកន្លែងរួមមាន៖ សវនកម្មមានកម្រិត និងសវនកម្មពេញលេញ)។
សវនកម្មពេញលេញ = Comprehensive Audit (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ការធ្វើសវនកម្មលើពន្ធ-អាករគ្រប់ប្រភេទ និងវាយតម្លៃលើការកាន់កាប់បញ្ជីគណនេយ្យរបស់សហគ្រាស ដោយត្រូវធ្វើការត្រួតពិនិត្យជាក់ស្តែងលើប្រតិបត្តិការអាជីវកម្ម ផ្ទៀងផ្ទាត់ទៅនឹងបញ្ជីគណនេយ្យ របាយការណ៍ហិរញ្ញវត្ថុ ឯកសារផ្សេងៗដែលពាក់ព័ន្ធនឹងអាជីវកម្ម ដើម្បីធានាថាសហគ្រាសបានរៀបចំរបាយការណ៍គណនេយ្យត្រឹមត្រូវស្របតាមច្បាប់ជាធរមាន និងបានបំពេញកាតព្វកិច្ចបង់ពន្ធត្រឹមត្រូវស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ។
សវនកម្មមានកម្រិត = Limited Audit (សទ្ទានុក្រមពន្ធដារ)
សវនកម្មមានកម្រិត គឺជាការធ្វើសវនកម្មរយៈពេលខ្លី និងភ្លាមៗទៅលើប្រភេទពន្ធ-អាករមួយចំនួន ជាអាទិ៍មានអាករពិសេសលើទំនិញ និងសេវាមួយចំនួន អាករសម្រាប់បំភ្លឺសាធារណៈ អាករលើតម្លៃបន្ថែម រួមទាំងការបង្វិលសង និងពន្ធ-អាករផ្សេងទៀត ដោយពិនិត្យទៅលើចំណុច ដែលជាហានិភ័យទាំងឡាយក្នុងបញ្ជីគណនេយ្យ និងឯកសារពាក់ព័ន្ធ។
សវនកម្មលើលិខិតស្នាម = Desk Audit (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ការធ្វើសវនកម្មនៅទីកន្លែងរដ្ឋបាលសារពើពន្ធដោយពិនិត្យវិនិច្ឆ័យលើលិខិតប្រកាសសារពើពន្ធ ដែលមានភាពមិនប្រក្រតី ឬភាពមិនស៊ីចង្វាក់គ្នារវាងលិខិតប្រកាសសារពើពន្ធ និងរបាយកាណ៍ហិរញ្ញវត្ថុនៃអាជីវកម្មជាក់ស្តែង ដើម្បីធានាបាននូវភាពត្រឹមត្រូវក្នុងការប្រកាសបង់ពន្ធរបស់អ្នកជាប់ពន្ធ។ ជាទូទៅ សវនកម្មនេះ ត្រូវផ្តោតសំខាន់ទៅលើចំណុចមិនប្រក្រតីច្បាស់លាស់ និងងាយស្រួលដោះស្រាយដែលបានរកឃើញលើលិខិតប្រកាសសារពើពន្ធ ដូចជាការផ្ទៀងផ្ទាត់លិខិតប្រកាសពន្ធជាមួយនឹងព័ត៌មានដែលរដ្ឋបាលសារពើពន្ធទទួលបានពីប្រភពផ្សេងៗ ជាដើម។
សវនករ = Auditor (សទ្ទានុក្រមពន្ធដារ)
-សវនករ សំដៅដល់បុគ្គលដែលមានសិទ្ធិត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃកំណត់ត្រាហិរញ្ញវត្ថុ ក្នុងគោលបំណងបញ្ជាក់ថាក្រុមហ៊ុនគោរពតាមគោលការណ៍ស្តង់ដារ គណនេយ្យ ច្បាប់ស្តីពីសារពើពន្ធ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។ សវនករធ្វើការក្នុងសមត្ថភាពផ្សេងៗគ្នានៅក្នុងឧស្សាហកម្មផ្សេងៗគ្នា។
-សម្រាប់គោលដៅច្បាប់ស្ដីពីគណនេយ្យ និងសវនកម្ម សវនករ សំដៅដល់ រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលអនុវត្តការងារសវនកម្ម និងជាសមាជិកសកម្មរបស់ស្ថាប័នវិជ្ជាជីវៈ គណនេយ្យ និងសវនកម្ម។
សវនកម្ម = Audit (សទ្ទានុក្រមពន្ធដារ)
សវនកម្ម សំដៅដល់ការត្រួតពិនិត្យ និងការវាយតម្លៃដោយឯករាជ្យ និងជាប្រព័ន្ធលើទិន្នន័យរបាយការណ៍កំណត់ត្រាកិច្ចប្រតិបត្តិការ និងលទ្ធផលជាហិរញ្ញវត្ថុ ឬមិនមែនហិរញ្ញវត្ថុរបស់សហគ្រាសដើម្បីបញ្ជាក់អំពីភាពត្រឹមត្រូវ ឬមិនត្រឹមត្រូវនៃឯកសារទាំងនោះ ឬសម្រាប់គោលបំណងជាក់លាក់ណាមួយ។
សលាកបត្រកំណត់ពន្ធ = Tax Re-assessment Record (សទ្ទានុក្រមពន្ធដារ)
សំដៅដល់លិខិតដែលរដ្ឋបាលសារពើពន្ធ ឬអង្គភាពកំណត់ពន្ធបញ្ជូនទៅអង្គភាពប្រមូលបំណុលពន្ធ ក្នុងករណីអ្នកជាប់ពន្ធមិនធ្វើការតវ៉ា ឬមិនបានទូទាត់ប្រាក់ពន្ធ ពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវក្នុងរយៈពេល៣០ថ្ងៃ ក្រោយថ្ងៃទទួលលិខិតបញ្ជាក់ការទទួលលិខិតប្រកាសពន្ធ ឬលិខិតជូនដំណឹងស្ដីពីការកំណត់ពន្ធឡើងវិញ។
សម្អាតប្រាក់ = Money Laundering (សទ្ទានុក្រមពន្ធដារ)
គឺជាការយកទ្រព្យសម្បត្តិដែលបានពីការប្រព្រឹត្តបទល្មើសទៅបំប្លែងប្រើប្រាស់ជារូបភាពផ្សេងៗ ដើម្បីធ្វើឱ្យគេមើលឃើញថាទ្រព្យរបស់ខ្លួនកើតចេញពីរបរសុចរិត ឬមិនពាក់ព័ន្ធបទល្មើសនោះទេ។
សម្របឌីជីថល = Digital Adaptation (សទ្ទានុក្រមពន្ធដារ)
សំដៅដល់សមត្ថភាពរបស់មនុស្សក្នុងការយល់ដឹង និងការសម្របខ្លួនទៅតាមការវិវឌ្ឍឥតឈប់ឈររបស់បច្ចេកវិទ្យាឌីជីថល (Digital) ដែលកំពុងមានការប្រើប្រាស់ទូលំទូលាយនៅក្នុងវិស័យធុរកិច្ច សេដ្ឋកិច្ច និងសង្គម។
សម្ភារសាងសង់ = Construction Materials (សទ្ទានុក្រមពន្ធដារ)
សំដៅដល់វត្ថុធាតុដើមសម្រាប់ការលាយ ផ្សំ ផ្គុំ ឬប្រើប្រាស់ជាគ្រឿងផ្គុំសំណង់ បរិក្ខារសំណង់ ឬផលិតផលសំណង់មានជាអាទិ៍ ខ្សាច់ ថ្ម ក្រួស ស៊ីម៉ងត៍ ដែក កញ្ចក់ ដីឥដ្ឋ សេរ៉ាមិក ឈើ។ល។
សមាសភាគ = Component (សទ្ទានុក្រមពន្ធដារ)
-ជាទូទៅ ពាក្យនេះគឺសំដៅដល់ផ្នែក ឬសមាសធាតុមួយ នៃវត្ថុ ឧបករណ៍ ទ្រង់ទ្រាយ ឬរូបរាងអ្វីមួយ។
-សម្រាប់កម្មវត្ថុនៃបច្ចេកវិទ្យាព័ត៌មាន សំដៅដល់ផ្នែកមួយនៃប្រព័ន្ធ ឬកម្មវិធី ដែលបង្កើតមុខងារពិសេសមួយ ហើយត្រូវបានរៀបចំតាមមធ្យោបាយមួយដើម្បីងាយស្រួលដំណើរការជាមួយផ្នែកដទៃទៀត។
សមភាពពន្ធ = Tax Equality (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់គោលការណ៍ជាសកលស្ដីពីការកំណត់ពន្ធលើអ្នកជាប់ពន្ធតាមបែបលក្ខណៈសមភាពដែលមានន័យជាសាមញ្ញថា អ្នកជាប់ពន្ធដែលមានស្ថានភាពប្រតិបត្តិការអាជីវកម្ម និងចំណូលស្រដៀងគ្នា គឺត្រូវមានកាតព្វកិច្ច និងបន្ទុកបង់ពន្ធដូចគ្នា។ ចំណែកឯអ្នកជាប់ពន្ធដែលមានចំណូលខ្ពស់ត្រូវបង់ពន្ធកម្រិតខ្ពស់ ហើយអ្នកជាប់ពន្ធដែលមានចំណូលទាបត្រូវបង់ពន្ធកម្រិតទាប។
សម្គាល់អតិថិជនឌីជីថល = Electronic Know Your Customer (eKYC) (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ដំណើរការនៃការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីធើ្វការបញ្ជាក់អត្តសញ្ញាណរបស់អតិថិជន និងអាសយដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក ដោយពឹងផ្អែកលើឯកសារសម្គាល់អត្តសញ្ញាណដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល។
សម្ព័ន្ធភាពអាជីវកម្ម = Business Alliance (សទ្ទានុក្រមពន្ធដារ)
សម្ព័ន្ធភាពអាជីវកម្ម សំដៅដល់ការចងសម្ព័ន្ធភាពរវាងអាជីវកម្មពីរ ឬច្រើនដែលអនុញ្ញាតឱ្យអាជីវកម្មនីមួយៗ សម្រេចបាននូវគោលបំណងជាក់លាក់ហើយដែលគោលបំណងនេះមិនអាចសម្រេចបានដោយខ្លួនឯង។ ការចងសម្ព័ន្ធភាព មិនមានភាពសាំញ៉ាំខ្លាំងដូចអាជីវកម្មបណ្តាក់ទុនរួមគ្នាទេ ដែលក្នុងនោះអាជីវកម្មនីមួយៗប្រមូលផ្តុំធនធានដើម្បីបង្កើតអាជីវកម្មដាច់ដោយឡែក។ ភាគីនីមួយៗ អាចរក្សាអាជីវកម្ម និងនីតិបុគ្គលដាច់ពីគ្នា អាចចែករំលែកអត្ថប្រយោជន៍ និងការគ្រប់គ្រងលើភាពជាដៃគូ និងអាចបន្តរួមចំណែករហូតដល់ទំនាក់ទំនងនេះត្រូវបានបញ្ចប់។
សម្ភារបរិក្ខារផលិតកម្ម = Production Equipment (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់គ្រឿងម៉ាស៊ីន ឧបករណ៍ ដែលបានប្រើប្រាស់ជាមូលដ្ឋានសំខាន់ក្នុងការបំប្លែងធាតុចូលផលិតកម្មរបស់សហគ្រាសផលិតកម្ម។
-សម្រាប់ច្បាប់ស្តីពីការវិនិយោគ សំដៅដល់គ្រឿងចក្រ គ្រឿងម៉ាស៊ីន និងឧបករណ៍ផ្សេងៗដែលបានប្រើប្រាស់ជាមូលដ្ឋានសំខាន់ក្នុងខ្សែច្រវាក់ផលិតកម្ម លើកលែងតែយានយន្ត។
សមធម៌បញ្ឈរ = Vertical Equity (សទ្ទានុក្រមពន្ធដារ)
សមធម៌បញ្ឈរ គឺជាវិធីសាស្រ្តប្រមូលពន្ធតាមអត្រាកំណើនតាមថ្នាក់ ឬតាមសមាមាត្រទៅតាមចំណូល ដែលទទួលបាន មានន័យថាអ្នកទទួលបានចំណូលច្រើនត្រូវបង់ពន្ធច្រើន និងអ្នកទទួលចំណូលតិចត្រូវបង់ពន្ធតិច។
សមកាលកម្ម = Synchronization (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ការបន្ស៊ីសកម្មភាព ឬកាលវេលាឱ្យស្មើគ្នារវាងកុំព្យូទ័រ ឬឧបករណ៍ពីរ។
សមធម៌ផេ្ដក = Horizontal Equity (សទ្ទានុក្រមពន្ធដារ)
សំដៅដល់វិធីសាស្រ្តប្រមូលពន្ធដែលកំណត់ថា អ្នកជាប់ពន្ធដែលមានស្ថានភាពប្រហាក់ប្រហែលគ្នា គួរទទួលបាននូវការអនុវត្តឱ្យបង់ពន្ធប្រហាក់ប្រហែលគ្នា។
សមកាល = Synchronous (សទ្ទានុក្រមពន្ធដារ)
ពាក្យនេះ សំដៅដល់ស្ថានភាពនៃការធ្វើសកម្មភាពមួយចំនួនស្របគ្នា និងទន្ទឹមគ្នាក្នុងកម្រិតអត្រា ឬល្បឿនដូចគ្នា។