គឺជាប្រភេទក្រុមហ៊ុនដែលមានសិទ្ធិកាន់កាប់អត្ថប្រយោជន៍ភាគច្រើននៅក្នុងក្រុមហ៊ុនដទៃ (បុត្រសម្ព័ន្ធ) និងមានសិទ្ធិលើការគ្រប់គ្រងប្រតិបត្តិការលើក្រុមហ៊ុនបុត្រសម្ព័ន្ធ។ ក្រុមហ៊ុនមេអាចក្លាយជាម្ចាស់ក្រុមហ៊ុនបុត្រសម្ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលអាស្រ័យលើទំហំនៃការគ្រប់គ្រងភាគកម្ម ឬសិទ្ធិបោះឆ្នោតលើក្រុមហ៊ុនបុត្រសម្ព័ន្ធ ប៉ុន្តែនៅតែរក្សាកម្រិតជាក់លាក់នៃការគ្រប់គ្រងដោយសកម្ម។
Category: Tax Glossary
ក្រុមហ៊ុនផ្តល់សេវាកម្មជូនក្រុមហ៊ុនពហុជាតិ = Service Company (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ករណីដែលសហគ្រាសពហុជាតិបង្កើតក្រុមហ៊ុនមួយទៀតក្រោមការគ្រប់គ្រងរបស់ខ្លួន ដែលជាទូទៅដើម្បីផ្តល់សេវាកម្មគាំទ្រមួយចំនួន ដូចជាសេវារដ្ឋបាល ព័ត៌មានលក់ សេវាកម្មក្រោយការលក់ ឬការស្រាវជ្រាវទីផ្សារ សម្រាប់ការបែងចែកប្រតិបត្តិការនៃក្រុមរបស់ខ្លួន។
ក្រុមហ៊ុនភាគហ៊ុនរួម = Joint-Stock Company (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ក្រុមហ៊ុនដែលមានលក្ខណៈជានីតិបុគ្គល និងមានដើមទុនបែងចែកជាភាគហ៊ុន។ ជាទូទៅ ភាគទុនិកទទួលខុសត្រូវត្រឹមតម្លៃនៃភាគហ៊ុនរបស់ខ្លួនប៉ុណ្ណោះ។
ក្រុមហ៊ុនបុត្រសម្ព័ន្ធ = Subsidiary Company (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ក្រុមហ៊ុនដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយផ្សេងទៀត ហើយដែលជាធម្មតាត្រូវបានគេហៅថាជា ក្រុមហ៊ុនមេ ឬក្រុមហ៊ុនកាន់កាប់។ ក្រុមហ៊ុនមេកាន់កាប់និងគ្រប់គ្រងផលប្រយោជន៍នៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ មានន័យថាក្រុមហ៊ុនមេកាន់កាប់ ឬគ្រប់គ្រងច្រើនជាងពាក់កណ្តាលនៃភាគហ៊ុនរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ។
ក្រុមហ៊ុនបុត្រសម្ព័ន្ធលំដាប់ទីពីរ = Second-Tier Subsidiary (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់អង្គភាពអាជីវកម្មជាប់ពន្ធមួយ ដែលគ្រប់គ្រងដោយអង្គភាពជាប់ពន្ធមួយទៀត ហើយដែលអង្គភាពនោះត្រូវបានគ្រប់គ្រងដោយអង្គភាពទីបី។
ក្រុមហ៊ុនប្រកាសពន្ធរួមគ្នា = Mixer Company (សទ្ទានុក្រមពន្ធដារ)
ជាអន្តរការីក្រុមហ៊ុនមេមួយដែលមានគោលបំណង “ប្រកាសពន្ធរួមគ្នា” នូវចំណូលពីប្រភពបរទេសផ្សេងៗគ្នា ដើម្បីបង្កើនអត្ថប្រយោជន៍អតិបរមានៃឥណទានពន្ធបរទេស។ ក្រុមហ៊ុនប្រកាសពន្ធរួមគ្នាទទួលបានប្រាក់ចំណូលពីប្រទេសដែលមានអត្រាពន្ធខ្ពស់ជាង និងពីប្រទេសដែលមានអត្រាពន្ធទាបជាងប្រទេសគោលដៅ ដែលបន្ទាប់មកធ្វើការបង់ភាគលាភ។ រចនាសម្ពន្ធ័នេះផ្តល់លទ្ធភាពឱ្យធ្វើការគិតជាមធ្យមភាគនៃអត្រាពន្ធបរទេសដែលត្រូវបានបង់។
ក្រុមហ៊ុនបង្កើតសម្រាប់ចេញវិក្កយបត្រ = Invoice Company (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ក្រុមហ៊ុនដែលបានបង្កើតឡើងនៅក្នុងប្រទេស មានកម្រិតពន្ធទាប ឬគ្មានពន្ធ ក្នុងគោលបំណងផ្ទេរប្រាក់ចំណេញ។
ក្រុមហ៊ុននៅក្រៅប្រទេស = Offshore Company (សទ្ទានុក្រមពន្ធដារ)
ក្រុមហ៊ុនដែលចុះបញ្ជីនៅក្នុងប្រទេសមួយ (ជាទូទៅ ជម្រក រួចពន្ធ ឬពន្ធទាប) ដែលមិនមែននៅក្នុងប្រទេស ដែលក្រុមហ៊ុនអនុវត្តសកម្មភាពអាជីវកម្មជាប្រចាំ។ ជាធម្មតា ក្រុមហ៊ុននៅក្រៅប្រទេស ឬជាកម្មសិទ្ធិរបស់អនិវាសនជន ប្រើប្រាស់ក្នុងគោលដៅនៃការធានារ៉ាប់រង ដោយខ្លួនឯងត្រូវបានធ្វើទីផ្សារក្រៅប្រទេស ការដឹកជញ្ជូនជាអន្តរជាតិ និងការរៀបចំគម្រោងជម្រករួចពន្ធ ឬពន្ធទាប។
ក្រុមហ៊ុននិម្មិត/ក្រុមហ៊ុនខ្យល់ = Letter-Box Company/Paper Company (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ក្រុមហ៊ុនខ្យល់ ឬក្រុមហ៊ុនមានតែឈ្មោះ។
ឧ. : ក្រុមហ៊ុនមួយបានបំពេញតែតម្រូវការគតិយុត្ត និងចុះបញ្ជីក្នុងប្រទេសមួយ ប៉ុន្តែសកម្មភាពពាណិជ្ជកម្មជាក់ស្តែងប្រព្រឹត្តឡើងក្នុងប្រទេសមួយផ្សេងទៀត។
ក្រុមហ៊ុនធានារ៉ាប់រងសម្រាប់សម្ព័ន្ធក្រុមហ៊ុន = Captive Insurance Company (សទ្ទានុក្រមពន្ធដារ)
ជាប្រភេទក្រុមហ៊ុនបុត្រសម្ព័ន្ធក្រោមការគ្រប់គ្រងទាំងស្រុង របស់សម្ព័ន្ធក្រុមហ៊ុនពហុជាតិ ដែលធ្វើការធានា ឬធានារ៉ាប់រងបន្តនូវហានិភ័យសម្រាប់តែក្រុមហ៊ុននៅក្នុងសម្ព័ន្ធរបស់ក្រុមហ៊ុនប៉ុណ្ណោះ។ ក្រុមហ៊ុនប្រភេទនេះ ជាទូទៅបង្កើតឡើងនៅប្រទេសដែលមានអត្រាពន្ធទាប។ បុព្វលាភ ដែលបង់ទៅឱ្យក្រុមហ៊ុនធានារ៉ាប់រងនេះអាចត្រូវបានទទួលស្គាល់ ឬមិនទទួលស្គាល់ជាចំណាយអាជីវកម្ម គឺអាស្រ័យទៅលើប្រទេសដែលចំណាយនោះបានកើតឡើង។
ក្រុមហ៊ុនធានារ៉ាប់រង = Insurance Company (សទ្ទានុក្រមពន្ធដារ)
-គឺជាក្រុមហ៊ុនដែលទទួលខុសត្រូវលើសំណងហានិភ័យនៃការបាត់បង់ ឬខូចខាតដល់ទ្រព្យសម្បត្តិបុគ្គល និងអាជីវកម្ម (ការធានារ៉ាប់រងទូទៅ) និងអាយុជីវិត និងគ្រោះថ្នាក់ ជាថ្នូរនឹងការបង់ប្រាក់ជាប្រចាំនៃបុព្វលាភ។ ក្រុមហ៊ុនធានារ៉ាប់រង ចេញគោលនយោបាយធានារ៉ាប់រងដើម្បីរ៉ាប់រងនូវហានិភ័យផ្សេងៗ ដូចជា អគ្គិភ័យ ទឹកជំនន់ ការបែកបាក់ ចោរកម្ម ការស្លាប់។ល។
-ក្នុងបរិបទពន្ធដារកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច និងក្រុមហ៊ុនធានារ៉ាប់រងបន្ត ត្រូវជាប់ពន្ធតាមអត្រា៥% នៃបុព្វលាភដុល និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានលក្ខណៈសន្សំត្រូវជាប់ពន្ធលើប្រាក់ចំណូលតាមអត្រា២០% នៃប្រាក់ចំណូលជាប់ពន្ធ។
ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត = Limited Liability Company (សទ្ទានុក្រមពន្ធដារ)
ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត (នៅកម្ពុជា ក្រុមហ៊ុនប្រភេទនេះហៅថាក្រុមហ៊ុនមូលធន) គឺជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត រួមទាំងសហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលការទទួលខុសត្រូវរបស់ម្ចាស់ភាគហ៊ុនទាំងឡាយចំពោះបំណុលនៅក្នុងក្រុមហ៊ុន គឺមានកម្រិតត្រឹមតម្លៃកាន់កាប់ភាគហ៊ុនរបស់ម្ចាស់ហ៊ុនម្នាក់ៗតែប៉ុណ្ណោះ។
ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារភាគហ៊ុន = Listed Company (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ក្រុមហ៊ុន ដែលធ្វើប្រតិបត្ដិការជួញដូរភាគហ៊ុននៅលើទីផ្សារហ៊ុន (Stock Exchange) ហើយដែលមានការទទួលស្គាល់ស្របច្បាប់ជាផ្លូវការ។ ជាក្រឹត្យក្រម ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារភាគហ៊ុន ត្រូវបំពេញកាតព្វកិច្ចផ្លូវច្បាប់ជាក់លាក់ ហើយត្រូវគោរពប្រតិបត្ដិតាមដោយខ្ជាប់ខ្ជួននូវក្បួនខ្នាតនៃទីផ្សារហ៊ុនដែលខ្លួនបានចុះបញ្ជីនោះ។
ដំណើរការនៃការបញ្ជាទិញទំនិញរូបី តាមប្រព័ន្ធអេទ្បិចត្រូនិក = Electronic Order Processing of Tangible Products (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ដំណើរការដែលអតិថិជនជ្រើសរើសទំនិញរូបីក្នុងបញ្ជីមុខទំនិញតាមបណ្តាញអ៊ីនធឺណិត និងបញ្ជាទិញទំនិញទាំងនោះដោយផ្ទាល់តាមប្រព័ន្ធអេទ្បិចត្រូនិកពីអ្នកផ្គត់ផ្គង់ ហើយទំនិញរូបីត្រូវបានបញ្ជូនទៅអតិថិជនតាមមធ្យោបាយផ្សេងៗ។ ជាទូទៅ អតិថិជនមិនត្រូវបានតម្រូវឱ្យមានការគិតថ្លៃដាច់ដោយឡែកទៀតទេសម្រាប់ការប្រើប្រាស់បញ្ជីមុខទំនិញតាមអ៊ីនធឺណិត។
ដំណើរការជាបាច់ = Batch Processing (សទ្ទានុក្រមពន្ធដារ)
ដំណើរការជាបាច់ សំដៅដល់សំណុំទិន្នន័យកុំព្យូទ័រ ឬការងារដែលដំណើរការក្នុងកម្មវិធីតែមួយ។
ក្រុមហ៊ុនចម្រុះរដ្ឋ = State Joint Venture (សទ្ទានុក្រមពន្ធដារ)
គឺជាក្រុមហ៊ុនដែលបានបង្កើតឡើងតាមគោលការណ៍ និងតាមបែបបទទាំងឡាយនៃនីតិក្រុមហ៊ុនពាណិជ្ជកម្មហើយ ដែលដើមទុនត្រូវបានកាន់កាប់រួមគ្នាដោយនីតិបុគ្គល ឬរូបវន្ត បុគ្គល បុគ្គលឯកជន និងនីតិបុគ្គលរដ្ឋ។ កាលណាភាគកម្ម សាធារណៈមានចំនួនលើសពី ៥១% នៃដើមទុន ឬសិទ្ធិបោះឆ្នោតនៃក្រុមហ៊ុនចម្រុះត្រូវចាត់ទុកជាសហគ្រាសសាធារណៈ។
ក្រុមហ៊ុនក្នុងស្រុក = Onshore Company (សទ្ទានុក្រមពន្ធដារ)
សំដៅដល់នីតិបុគ្គល ដែលចុះលក្ខន្ដិកៈបង្កើតក្រុមហ៊ុននៅក្នុងប្រទេសសាមី ដែលមានគោលបំណងធ្វើប្រតិបត្តិការជាក់លាក់នៅតែក្នុងយុត្ដាធិការ ឬក្នុងប្រទេសនោះតែប៉ុណ្ណោះ។
ក្រុមហ៊ុនគណនេយ្យ និងសវនកម្ម = Accounting and Auditing Firm (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ក្រុមហ៊ុនគណនេយ្យ និងសវនកម្មដែលទទួលបានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈគណនេយ្យ និង/ឬសវនកម្ម ពីនិយ័តករគណនេយ្យ និងសវនកម្ម។
ក្រុមហ៊ុនគាំទ្រ = Auxiliary Company (សទ្ទានុក្រមពន្ធដារ)
គឺជាប្រភេទក្រុមហ៊ុនដែលជាផ្នែកមួយនៃសហគ្រាសសម្ព័ន្ធញាតិហើយផ្គត់ផ្គង់សេវាកម្មគាំទ្រដល់សហគ្រាសសម្ព័ន្ធញាតិនោះ។
ក្របខ័ណ្ឌច្បាប់សម្រាប់សាកល្បង បច្ចេកវិទ្យាហិរញ្ញវត្ថុ = FinTech Regulatory Sandbox (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់ក្របខ័ណ្ឌជាក់លាក់មួយ ដែលបង្កើតឡើងដោយនិយ័តករដើម្បីផ្ដល់សិទ្ធិឱ្យគ្រឹះស្ថានបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្ដករនានាទៀតធ្វើការដកពិសោធន៍ផ្ទាល់ជាក់ស្ដែងនៅក្នុងស្ថានភាព ឬបរិយាកាសត្រួតពិនិត្យរបស់និយ័តករ។
-សំដៅដល់ការបង្កបរិយាកាសមួយជូនគ្រឹះស្ថានបច្ចេកវិទ្យាហិរញ្ញវត្ថុសាកល្បងនូវផលិតផល និងសេវារបស់ខ្លួនជាមួយនឹងអតិថិជនផ្ទាល់ពិតប្រាកដ ប៉ុន្តែក្នុងទំហំ និងរយៈពេលកំណត់ជាក់លាក់មួយមុននឹងធ្វើការដាក់ចេញ និងការជំរុញការប្រើប្រាស់ឱ្យបានទូលំទូលាយ។
ក្រមសីលធម៌វិជ្ជាជីវៈ = Professional Ethics (សទ្ទានុក្រមពន្ធដារ)
-គឺជាគោលការណ៍សម្រាប់គ្រប់គ្រងឥរិយាបថរបស់បុគ្គល ឬក្រុមនៅក្នុងបរិយាកាស ឬស្ថានភាពនៃការបំពេញការងារ។ ក្រមសីលធម៌វិជ្ជាជីវៈផ្តល់វិធានអំពីរបៀបដែលបុគ្គលគ្រប់រូបត្រូវប្រព្រឹត្តចំពោះអ្នកដទៃ និងស្ថាប័ននៅពេលបំពេញការងារ។
-សម្រាប់ក្រមសីលធម៌វិជ្ជាជីវៈគណនេយ្យករ និងសវនករ សំដៅដល់គោលការណ៍ តម្លៃ ស្តង់ដារ ឬវិធាននានា ដែលកំណត់អំពីឥរិយាបថរបស់គណនេយ្យករ និងសវនករក្នុងវិជ្ជាជីវៈរបស់ខ្លួន។
ក្រុមហ៊ុនកាន់កាប់ភាគហ៊ុន/ក្រុមហ៊ុន ហូលឌីង = Holding Company (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ប្រភេទក្រុមហ៊ុនមួយ ដែលមានគោលបំណងចម្បងគឺកាន់កាប់ភាគហ៊ុនចំនួនច្រើននៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធដទៃទៀត។ ជាធម្មតា ក្រុមហ៊ុនប្រភេទនេះ មិនផលិត មិនលក់ផលិតផល ឬសេវាកម្ម ឬមិនធ្វើប្រតិបត្តិការ អាជីវកម្ម ផ្សេងទៀតឡើយ។
កំហុសសារវន្ដ = Material Misstatement (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដែលមានភាពមិនត្រឹមត្រូវគ្រប់គ្រាន់ដែលអាចប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់បុគ្គលដែលពឹងផ្អែកលើរបាយការណ៍នោះ។
កំហុសមិនរាងចាល = Persistent Disobedience (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់ការប្រព្រឹត្តកំហុសដដែលៗ ដែលកើតចេញពីការមិនអនុលោមតាមច្បាប់ និងបទប្បញ្ញតិ្ត ដែលមានជាធរមាន។
-សម្រាប់ច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ករណីមិនរាងចាលសំដៅដល់អំពើល្មើសដែលរូបវន្ដបុគ្គល ឬនីតិបុគ្គល ឬអង្គភាពមិនស្វែងរកប្រាក់ចំណេញ ឬគណនេយ្យករ ឬសវនករ ធ្លាប់ទទួលរងពិន័យអន្តរការណ៍រួចហើយ ប៉ុន្តែនៅតែប្រព្រឹត្តបទល្មើសដដែលៗបន្ដទៀត។
កំហុសឆ្គងវិជ្ជាជីវៈ = Malpractice (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់ការអនុវត្តមិនត្រឹមត្រូវតាមក្រមសីលធម៌ និងក្រមវិជ្ជាជីវៈនៃមុខងារ និងតួនាទីភារកិច្ចរបស់អ្នកជំនាញ ដែលការខុសឆ្គងនេះអាចធ្វើទ្បើងដោយចេតនា ឬដោយការធ្វេសប្រហែស ឬការខ្វះខាតចំណេះដឹង។ ក្នុងបរិបទពន្ធដារ វាក្យសព្ទនេះ អាចសំដៅដល់សកម្មភាពមិនប្រក្រតី ខុសច្បាប់ ឬមិនស្របតាមក្រមវិជ្ជាជីវៈរបស់គណនេយ្យករ មេធាវី ឬអ្នករៀបចំកិច្ចការពាក់ព័ន្ធជាមួយនឹងកាតព្វកិច្ចពន្ធ។ល។
កំណែទម្រង់រដ្ឋបាលសារពើពន្ធ = Tax Administrative Reform (សទ្ទានុក្រមពន្ធដារ)
គឺជាការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ តាមរយៈការលើកស្ទួយនិងពង្រឹងការអនុវត្ដគោលការណ៍អភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អលើគ្រប់មុខងារប្រតិបត្ដិការស្នូល និងមុខងារគាំទ្រស្របតាមគោលនយោបាយសារពើពន្ធ ដើម្បីបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងតម្លាភាពប្រកបដោយគណនេយ្យភាព និងនិរន្ដរភាពក្នុងការគ្រប់គ្រងការប្រមូលចំណូលពន្ធដាក់ចូលថវិកាជាតិ។
កំណត់វិធាននៃវត្តមាននិវាសនជន = Substantial Presence Test (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់វិធានដែលគេប្រើប្រាស់សម្រាប់កំណត់ស្ថានភាពនិវាសនជន ដោយផ្អែកលើចំនួនថ្ងៃ ខែ។ល។ នៃវត្តមាននៅក្នុងប្រទេសមួយ។
-នៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារនៃព្រះរាជាណាចក្រកម្ពុជា វាក្យសព្ទនេះសំដៅដល់៖
ក. រូបវន្ដបុគ្គលដែលមាននិវាសនដ្ឋាន ឬមានកន្លែងស្នាក់នៅជាគោលដើមនៅក្នុងប្រទេសកម្ពុជា ឬដែលមានវត្ដមាននៅក្នុងប្រទេសកម្ពុជាលើសពី១៨២ថ្ងៃនៅក្នុងរយៈពេល១២ខែណាមួយដែលបានបញ្ចប់ក្នុងឆ្នាំជាប់ពន្ធចរន្ត។
ខ. នីតិបុគ្គលដែលត្រូវបានបង្កើត ឬត្រូវបានគ្រប់គ្រងនៅក្នុងប្រទេសកម្ពុជា ឬដែលមានកន្លែងប្រកបអាជីវកម្មជាគោលដើមនៅក្នុងប្រទេសកម្ពុជា។
កំណើនតាមថ្នាក់ (អត្រាពន្ធ) = Progression (Tax Rate) (សទ្ទានុក្រមពន្ធដារ)
-ជាទូទៅ អត្រាពន្ធលើប្រាក់ចំណូលរបស់រូបវន្តបុគ្គលជាអត្រាកំណើនតាមថ្នាក់ពោលគឺប្រាក់ពន្ធត្រូវបង់កើនឡើង ទៅតាមអត្រាកំណើនតាមថ្នាក់សមាមាត្រទៅនឹងប្រាក់ចំណូលកើនឡើង។
-នៅក្នុងបរិបទពន្ធដារកម្ពុជា ពាក្យ “កំណើនតាមថ្នាក់” ត្រូវបានប្រើប្រាស់សម្រាប់ប្រភេទពន្ធលើប្រាក់ចំណូលសម្រេច ដោយរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល និងសមាជិកម្នាក់ៗរបស់ក្រុមហ៊ុនសហកម្មសិទ្ធិ ដែលមិនត្រូវបានចាត់ទុកជានីតិបុគ្គល និងសម្រាប់ប្រភេទពន្ធលើប្រាក់បៀវត្សរបស់និយោជិតនិវាសនជន ដែលត្រូវបានកាត់ទុកដោយនិយោជក។
កំណែទម្រង់ការគ្រប់គ្រងធនធានមនុស្ស = Human Resource Management Reform (សទ្ទានុក្រមពន្ធដារ)
កំណែទម្រង់ការគ្រប់គ្រងធនធានមនុស្ស សំដៅដល់កម្មវិធីរៀបចំ កសាង និងអភិវឌ្ឍន៍ធនធានមនុស្សដើម្បីពង្រឹង និងបង្កើនសមត្ថភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្សនៅក្នុងស្ថាប័ន ឬអង្គភាពតាមរយៈការធ្វើទំនើបកម្ម ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សទាំងស្រុង ដែលជាចំណែកមួយដ៏សំខាន់ដល់ការធានាបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និងគណនេយ្យភាពនៃការបំពេញការងារ និងការផ្តល់សេវាសាធារណៈប្រកបដោយនិរន្ដរភាព។
កំណែទម្រង់គោលនយោបាយពន្ធ = Tax Policy Reform (សទ្ទានុក្រមពន្ធដារ)
គឺជាការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវច្បាប់ និងបទប្បញ្ញត្ដិនានាស្ដីពីពន្ធដារ ស្របតាមការផ្លាស់ប្ដូរឥតឈប់ឈរនៃបរិយាកាសនយោបាយ សង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម បចេ្ចកវិទ្យា។ល។ កំណែទម្រង់គោលនយោបាយពន្ធ គឺធ្វើឡើងតាមរយៈ ការកែសម្រួល កែលម្អ និងបំពេញបន្ថែមនូវចំណុចចន្លោះប្រហោងនានាពាក់ព័ន្ធជាមួយនឹងមូលដ្ឋានគិតពន្ធ អត្រាពន្ធ និងវិធីសាស្ដ្រនៃការគ្រប់គ្រងការប្រមូលចំណូលពន្ធជាដើម ដើម្បីជាប្រយោជន៍ដល់ការសម្រេចបាននូវការបង្កើតបរិយាកាសប្រកួតប្រជែងមានតម្លាភាពនៅក្នុងវិស័យអាជីវកម្ម និងបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងតម្លាភាព ប្រកបដោយគណនេយ្យភាពនៃមុខងាររដ្ឋបាលសារពើពន្ធ ក្នុងការគ្រប់គ្រងការប្រមូលចំណូលពន្ធដាក់ចូលថវិកាជាតិ។
កំណត់ពន្ធឡើងវិញបន្ថែម = Supplemental Assessment (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ការកំណត់ពន្ធជាឯកសិទ្ធិដោយរដ្ឋបាលសារពើពន្ធ ប្រសិនបើការវាយតម្លៃ (សវនកម្ម) ដំបូងមិនទាន់បានបញ្ចប់ ឬមិនទាន់បានត្រឹមត្រូវដោយប្រការណាមួយ។
កំណត់ពន្ធឡើងវិញ = Tax Re-assessment (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់ការកំណត់ចំនួនប្រាក់ពន្ធឡើងវិញ ដោយមន្ត្រីរាជការពន្ធដារ ក្នុងករណីពិនិត្យឃើញថា អ្នកជាប់ពន្ធបានប្រកាស និងបង់ប្រាក់ពន្ធពុំបានត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ។
កំណត់ពន្ធភ្លាមៗ = Jeopardy Assessment (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ការកំណត់ពន្ធភ្លាមៗ ក្នុងគោលបំណងទប់ស្កាត់ហានិភ័យនៃការគេចវេះពន្ធ។
កំណត់ពន្ធនៅប្រភព = Taxation at Source (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ (សម្រាប់ពន្ធកាត់ទុក) សំដៅដល់ការកំណត់ពន្ធលើចំណូលនៅប្រភព។
ឧ. : ភាគីទីបីតម្រូវឱ្យមានកាតព្វកិច្ចធ្វើការកាត់ទុកនូវ បន្ទុកពន្ធពីប្រភេទនៃការបង់ថ្លៃជាក់លាក់នានា សម្រាប់បង្វិលផ្ទេរជូនរដ្ឋាភិបាល។ ពន្ធកាត់ទុកត្រូវបានគេអនុវត្តស្ទើរតែនៅក្នុងប្រព័ន្ធពន្ធទាំងអស់នៅទូទាំងពិភពលោក ដែលរួមមានពន្ធកាត់ទុកលើ ភាគលាភ ការប្រាក់ សួយសារ និងការទូទាត់ពន្ធស្រដៀងគ្នាផ្សេងទៀត។ ជាទូទៅ អត្រាពន្ធកាត់ទុកត្រូវបានកាត់បន្ថយក្រោមសន្ធិសញ្ញាពន្ធ។
កំណត់ត្រាគណនេយ្យ = Accounting Records (សទ្ទានុក្រមពន្ធដារ)
កំណត់ត្រាគណនេយ្យ គឺជាឯកសារប្រភពដើម ទិនានុលេខន៍ និងសៀវភៅធំ ដែលពិពណ៌នាអំពីប្រតិបត្តិការអាជីវកម្ម។ កំណត់ត្រាគណនេយ្យនេះ គឺសម្រាប់គាំទ្រដល់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងត្រូវរក្សាទុកក្នុងរយៈពេលជាច្រើនឆ្នាំសម្រាប់អង្គភាពខាងក្រៅអាចត្រួតពិនិត្យ និងផ្ទៀងផ្ទាត់អំពីភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ។ ជាទូទៅ កំណត់ត្រាគណនេយ្យត្រូវបានត្រួតពិនិត្យផ្ទៀងផ្ទាត់ដោយសវនករ និងអាជ្ញាធរពន្ធដារ។
កែតម្រូវលិខិតប្រកាសពន្ធ = Tax Return Amendment (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់ការកែតម្រូវលិខិតប្រកាសពន្ធ ដែលអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក អាចស្នើសុំធ្វើការកែតម្រូវលិខិតប្រកាសសារពើពន្ធក្នុងរយៈពេល៣ឆ្នាំក្រោយកាលបរិច្ឆេទនៃការដាក់លិខិតប្រកាសសារពើពន្ធ ដោយផ្អែកលើមូលដ្ឋាននៃការភ័ន្តច្រឡំ ឬការភ្លាំងភ្លាត់ណាមួយ ឬនានាដែលអ្នកជាប់ពន្ធបានធ្វើក្នុងលិខិតប្រកាសពន្ធជាក់លាក់ណាមួយកន្លងទៅ។
កែតម្រូវក្រៅបញ្ជីគណនេយ្យ = Adjustments Outside Accounting Books (សទ្ទានុក្រមពន្ធដារ)
នៅក្នុងបរិបទពន្ធដារ ការកែតម្រូវក្រៅបញ្ជីគណនេយ្យ សំដៅដល់ការកែតម្រូវតាមបទប្បញ្ញត្តិស្តីពីពន្ធលើប្រាក់ចំណូល ដោយយកលទ្ធផលចំណេញ ឬខាតមុនបង់ពន្ធ តាមបញ្ជីគណនេយ្យ ដោយបញ្ចូលមកវិញ ឬកាត់ចេញនូវចំណូល និងចំណាយដើម្បីគណនាប្រាក់ចំណូលជាប់ពន្ធ។
កិច្ចសន្យាអាណត្តិ = Mandate (Contract) (សទ្ទានុក្រមពន្ធដារ)
ជាកិច្ចសន្យាមួយ ដែលអាណត្តិទាយក ប្រគល់សិទ្ធិអំណាចឱ្យទៅអាណត្តិគាហកៈធ្វើការចាត់ចែងកិច្ចការ ដើម្បីអាណត្តិទាយក។
កេរ្តិ៍ឈ្មោះអាជីវកម្ម = Goodwill (សទ្ទានុក្រមពន្ធដារ)
គឺជាទ្រព្យអរូបីដែលកើតឡើងពីចំនួនលម្អៀងរវាងថ្លៃទិញនិងថ្លៃសរុបនៃទ្រព្យសកម្មសុទ្ធរបស់សហគ្រាស។ កេរ្តិ៍ឈ្មោះ អាជីវកម្មមានរួមបញ្ចូលទាំងម៉ាកសម្គាល់ក្រុមហ៊ុន អតិថិជនដែលគាំទ្រ ទំនាក់ទំនងល្អជាមួយអតិថិជន ទំនាក់ទំនងល្អជាមួយបុគ្គលិក និងបច្ចេកវិទ្យាឈានមុខផ្សេងៗ ជាដើម។
កូនក្នុងបន្ទុក = Dependent Child (សទ្ទានុក្រមពន្ធដារ)
គឺជាកូនរបស់និយោជិតដែលមានអាយុមិនលើសពី ១៤ ឆ្នាំ ឬជាកូនរបស់និយោជិតដែលជាសិស្ស ឬនិស្សិតមានអាយុមិនលើសពី ២៥ឆ្នាំ ហើយកំពុងសិក្សាពេញម៉ោងនៅក្នុងគ្រឹះស្ថានសិក្សាដែលមានការទទួលស្គាល់ជាផ្លូវការ។
កិច្ចព្រមព្រៀងផ្លាស់ប្តូរព័ត៌មានពន្ធដារ = Tax Information Exchange Agreement (TIEA) (សទ្ទានុក្រមពន្ធដារ)
សំដៅដល់កិច្ចព្រមព្រៀងទ្វេភាគី ឬពហុភាគីដែលអនុញ្ញាតឱ្យរដ្ឋាភិបាលពាក់ព័ន្ធផ្ដល់ឱ្យគ្នា ឬចែករំលែកគ្នាទៅវិញទៅមកនូវព័ត៌មានពាក់ព័ន្ធជាមួយនឹងពន្ធដារ និងព័ត៌មានពាក់ព័ន្ធផ្សេងៗទៀត ក្នុងគោលបំណងពង្រឹងការគ្រប់គ្រង និងអនុវត្តការប្រមូលពន្ធនៅក្នុងប្រទេសរៀងៗខ្លួន ជាពិសេសគឺដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងអំពើ ឬសកម្មភាពគេចវេះពន្ធ។
កិច្ចសន្យា = Contract (សទ្ទានុក្រមពន្ធដារ)
កិរិយាដែលបុគ្គលពីរនាក់ ឬច្រើននាក់មានឆន្ទៈព្រមព្រៀងគ្នាបង្កើត កែប្រែ ឬបញ្ចប់កាតព្វកិច្ចជាក់លាក់ណាមួយ។
កិច្ចសន្យាសាងសង់ពេញលេញ (ប្រគល់សោ) = Turnkey Contract (សទ្ទានុក្រមពន្ធដារ)
ជាទូទៅ គេប្រើវាក្យសព្ទនេះសំដៅដល់កិច្ចសន្យាសាងសង់គម្រោង ដល់ចំណុចពេញលេញជាផ្លូវការមួយ។
ឧ. : រោងចក្រ ការដ្ឋាន ឬការដំឡើង ចាប់ពីដំណាក់កាលដំបូងរហូតដល់គម្រោងនោះរួចរាល់ ១០០% ដោយរង់ចាំតែការប្រគល់សោចូលកាន់កាប់ ឬប្រើប្រាស់។
កិច្ចសន្យាអញ្ញមញ្ញ = Synallagmatical Contract (សទ្ទានុក្រមពន្ធដារ)
ជាប្រភេទកិច្ចសន្យា ដែលភាគីពាក់ព័ន្ធមានបន្ទុកបំពេញកាតព្វកិច្ចទៅវិញទៅមកដូចជាកិច្ចសន្យាម៉ៅការ ភតិសន្យា កិច្ចសន្យាលក់ទំនិញ ជាដើម។
កិច្ចសន្យាម៉ៅការ = Works Contract (សទ្ទានុក្រមពន្ធដារ)
ជាកិច្ចសន្យាមួយ ដែលភាគីម្ខាងមានករណីយកិច្ចសម្រេចការងារដែលបានព្រមព្រៀង ហើយភាគីម្ខាងទៀតមានករណីយកិច្ចផ្តល់កម្រៃចំពោះលទ្ធផលនៃការងារ ដែលបានធ្វើនោះ។
កិច្ចព្រមព្រៀងប្រតិបត្ដិការប្រេងកាត = Petroleum Operations Agreement (សទ្ទានុក្រមពន្ធដារ)
សំដៅដល់កិច្ចព្រមព្រៀង ឬការអនុញ្ញាតដែលត្រូវបានផ្តល់ជូនក្រោមច្បាប់ និងបទប្បញ្ញត្តិស្តីពីប្រេងកាតរវាងរដ្ឋាភិបាលជាមួយនឹងភាគីពាក់ព័ន្ធ ដើម្បីធ្វើប្រតិបត្តិការប្រេងកាត។
កិច្ចសន្យាមជ្ឈត្តកម្ម = Arbitration Agreement (សទ្ទានុក្រមពន្ធដារ)
ជាប្រភេទកិច្ចសន្យាម្យ៉ាង ដែលធ្វើទ្បើងដោយភាគីនៃវិវាទ ដើម្បីជ្រើសរើសតតិយជនណាម្នាក់ឱ្យធ្វើជាមជ្ឈត្តករ ដើម្បីដោះស្រាយវិវាទជាក់លាក់ណាមួយ។
កិច្ចព្រមព្រៀងធនធានរ៉ែ = Mining Agreement (សទ្ទានុក្រមពន្ធដារ)
សំដៅដល់កិច្ចព្រមព្រៀង ដែលតម្រូវឱ្យធ្វើបន្ថែមលើអាជ្ញាប័ណ្ណ ក្នុងករណីដែលអាជីវកម្មធនធានរ៉ែជាប្រភេទគម្រោងមានទ្រង់ទ្រាយធំ និងមានផលប្រយោជន៍ពិសេសដល់ប្រទេសជាតិ។
កាលបរិច្ឆេទនៃលិខិតស្នាម ឬលិខិត ជូនដំណឹងផ្សេងៗ = Delivery Date of Notification Letter (សទ្ទានុក្រមពន្ធដារ)
គឺជាកាលបរិច្ឆេទនៃការប្រគល់ឱ្យបុគ្គលនូវលិខិតស្នាម ឬលិខិតជូនដំណឹងនានា។ ក្នុងករណីលិខិតស្នាម ឬលិខិតជូនដំណឹង ដែលត្រូវផ្ញើជាទម្រង់លិខិតអនុសិដ្ឋ កាលបរិច្ឆេទនៃការជូនដំណឹង គឺជាកាលបរិច្ឆេទនៃការបោះត្រាលើលិខិតអនុសិដ្ឋរបស់ការិយាល័យប្រៃសណីយ៍។
ការីទេសចរដែលនាំភ្ញៀវក្នុងស្រុក = Domestic Tour Operator (សទ្ទានុក្រមពន្ធដារ)
គឺជាការីទេសចរក្នុងស្រុកដែលផ្ដល់សេវានាំភ្ញៀវធ្វើការកម្សាន្តក្នុងប្រទេស។
ការីទេសចរដែលនាំភ្ញៀវមកក្នុងប្រទេស = Inbound Tour Operator (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ការីទេសចរដែលនាំភ្ញៀវពីបរទេសចូលមកកម្សាន្តក្នុងប្រទេស។
ការីទេសចរដែលនាំភ្ញៀវទៅ ក្រៅប្រទេស = Outbound Tour Operator (សទ្ទានុក្រមពន្ធដារ)
គឺជាការីទេសចរដែលនាំភ្ញៀវពីក្នុងប្រទេសទៅកម្សាន្តនៅបរទេស។
កាលបរិច្ឆេទមានប្រសិទ្ធភាពនៃការ ចុះបញ្ជី = Effective Date of Registration (សទ្ទានុក្រមពន្ធដារ)
គឺជាកាលបរិច្ឆេទជាក់លាក់មួយនៃការចុះបញ្ជីដែលសម្រេច ឬអនុម័តជាផ្លូវការឱ្យប្រើប្រាស់បានដោយអង្គភាពមានសមត្ថកិច្ចទទួលបន្ទុកលើការចុះបញ្ជី។
ឧ. : កាលបរិច្ឆេទមានប្រសិទ្ធភាពនៃការចុះបញ្ជីអាករលើតម្លៃបន្ថែម គឺជាពេលដែលបុគ្គលចុះបញ្ជីក្លាយជាបុគ្គលជាប់អាករ ហើយកាលបរិច្ឆេទមានប្រសិទ្ធភាពនេះចាប់ផ្តើមពីដើមខែ បន្ទាប់ពីខែដែលកាតព្វកិច្ចដាក់ពាក្យស្នើសុំចុះបញ្ជីបានកើតឡើង ឬពីដើមខែបន្ទាប់ពីខែ ដែលបុគ្គលដាក់ពាក្យស្នើសុំចុះបញ្ជី។
កាលបរិច្ឆេទស្ថាពរ/កាលបរិច្ឆេទកំណត់ = Due Date (សទ្ទានុក្រមពន្ធដារ)
-ជាពេលវេលាកំណត់ជាក់លាក់ជាផ្លូវការសម្រាប់បំពេញកាតព្វកិច្ចណាមួយ ដែលភាគីពាក់ព័ន្ធត្រូវគោរពប្រតិបត្ដិតាម។
-សម្រាប់កម្មវត្ថុនៃការបំពេញកាតព្វកិច្ចពន្ធ សំដៅដល់ពេលវេលាជាក់លាក់ជាផ្លូវការ ឬជាធរមានមួយដែលកំណត់ដោយច្បាប់ ឬរដ្ឋបាលសារពើពន្ធឱ្យអ្នកជាប់ពន្ធបំពេញកាតព្វកិច្ចបង់ពន្ធទាន់ពេលវេលា។
ការីទេសចរ Tour Operator (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលរៀបចំ និងលក់ខ្សែទស្សនកិច្ច ព្រមទាំងប្រមូលផ្ដុំសេវាទេសចរណ៍ផ្សេងៗសម្រាប់លក់ដោយផ្ទាល់ ឬតាមរយៈភ្នាក់ងារទេសចរ ឬភាគីផ្សេងទៀតតាមកិច្ចសន្យា។
ការិយបរិច្ឆេទជាប់ពន្ធ = Taxable Period (សទ្ទានុក្រមពន្ធដារ)
គឺជារយៈពេលជាក់លាក់មួយ ដែលត្រូវបានកំណត់ដោយរដ្ឋបាលសារពើពន្ធ និងជារយៈពេលដែលប្រាក់ពន្ធត្រូវបានគណនា។
ការសម្ងាត់ = Confidentialiy (សទ្ទានុក្រមពន្ធដារ)
គឺជាគោលការណ៍ និងការអនុវត្តនៃការរក្សាព័ត៌មានរសើបជាឯកជន ហើយព័ត៌មាននោះអាចចែករំលែកជាមួយភាគីផ្សេងទៀតទៅបានលុះត្រាតែមានការយល់ព្រមច្បាស់លាស់ពីម្ចាស់ ឬអ្នកថែរក្សាទិន្នន័យនោះ។
ការរួមបញ្ចូលគ្នា =Merger (សទ្ទានុក្រមពន្ធដារ)
សំដៅដល់កិច្ចព្រមព្រៀងមួយដែលបញ្ចូលគ្នារវាងក្រុមហ៊ុនពីរឱ្យទៅជាក្រុមហ៊ុនមួយ ឬក្រុមហ៊ុនមួយថ្មី។
ការប្រាក់ប៉ាន់ស្មាន = Imputed Interest (សទ្ទានុក្រមពន្ធដារ)
សំដៅដល់អត្រាការប្រាក់ប៉ាន់ស្មានលើប្រាក់ឱ្យខ្ចី ឬបំណុលជាជាងអត្រាដែលមានកំណត់នៅក្នុងកិច្ចសន្យា។ ការប្រាក់ប៉ាន់ស្មាននេះ គឺសម្រាប់ប្រើប្រាស់នៅពេលដែលអត្រាការប្រាក់ ដែលមានកំណត់នៅក្នុងកិច្ចសន្យាបំណុលមានកម្រិតគម្លាតខ្លាំងពីអត្រាទីផ្សារជាក់ស្ដែង។
ការពារហានិភ័យជាសកល = Global Hedging (សទ្ទានុក្រមពន្ធដារ)
សំដៅដល់យុទ្ធសាស្រ្តគ្រប់គ្រងហានិភ័យ ដើម្បីធ្វើឱ្យមានតុល្យភាពរវាងអង្គភាពអាជីវកម្មផ្សេងគ្នា ឬជាមួយតតិយជន ដែលមិនពាក់ព័ន្ធ។
ការប្រាក់សន្មតឡើងវិញ = Deemed Interest (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ការកំណត់ការប្រាក់ខ្ចីឡើងវិញរវាងបុគ្គលទាក់ទិនសម្រាប់កម្មវត្ថុនៃពន្ធដារ។ ការកំណត់ឡើងវិញនូវការប្រាក់សន្មតនេះគឺត្រូវធ្វើឡើងស្របតាមគោលការណ៍ជំហោងដៃ ទោះបីប្រាក់ខ្ចីនោះមាន ឬពុំមានគិតការប្រាក់ក៏ដោយ។
កាត់កងសរុប = Lump-Sum Deductions (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ការកាត់កងពីប្រាក់ចំណូលសម្រាប់ការគណនាប្រាក់ចំណូលជាប់ពន្ធ ដែលមិនបង្ហាញទិដ្ឋភាពជាក់ស្តែង។
ការប្រាក់សន្មត = Unwinding Interest (សទ្ទានុក្រមពន្ធដារ)
គឺជាប្រភេទការប្រាក់ដែលមិនមានការទូទាត់ជាក់ស្តែង ប៉ុន្តែត្រូវបានកត់ត្រាតាមការតម្រូវរបស់ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។
ការប្រាក់ = Interest (សទ្ទានុក្រមពន្ធដារ)
ការប្រាក់ សំដៅដល់៖
-ចំនួនទឹកប្រាក់ ដែលត្រូវបង់ជាប្រចាំក្នុងកម្រិតអត្រាជាក់លាក់ណាមួយលើប្រាក់ខ្ចី ឬចំពោះការពន្យារ ឬការខកខានមិនបានបង់បំណុល។
-ចំនួនទឹកប្រាក់ក្នុងកម្រិតអត្រាជាក់លាក់ណាមួយ ដែលស្ថាប័នហិរញ្ញវត្ថុ (ធនាគារ) ផ្ដល់ជូនអ្នកដាក់ប្រាក់បញ្ញើចំពោះទឹកប្រាក់បញ្ញើ។
-សម្រាប់កម្មវត្ថុពន្ធដារ សំដៅដល់ទឹកប្រាក់ដែលជាកាតព្វកិច្ចបំណុល ដែលកូនបំណុលត្រូវបង់ឱ្យម្ចាស់បំណុល រួមបញ្ចូលទាំងប្រាក់ចុះថ្លៃ បុព្វលាភ ឬការទូទាត់ប្រហាក់ប្រហែលលើកលែងតែការបង្វិលសងប្រាក់ដើម។ ការប្រាក់អាចជាតម្លៃនៃការយល់ព្រមមិនតាមទារឥណទាន ដែលបានផ្តល់ឱ្យជាទំនិញ ឬសេវា ដែលកូនបំណុលត្រូវសងម្ចាស់បំណុល។
ការទទួលខុសត្រូវរបស់សវនករ = Auditor’s Responsibility (សទ្ទានុក្រមពន្ធដារ)
គឺជាការផ្តល់នូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលបានរៀបចំ និងបង្ហាញដោយក្រុមហ៊ុនមិនមានការបង្ហាញខុសឆ្គងជាសារវន្ត ដោយមានការក្លែងបន្លំ ឬកំហុសឆ្គងដោយបានរៀបចំផែនការ និងការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ដែលរួមមានមតិយោបល់របស់សវនករនៅលើរបាយការណ៍ហិរញ្ញវត្ថុនៅត្រង់ផ្នែកមតិរបស់សវនករផងដែរ។
ការងារ ឬគម្រោងការងារកំពុងដំណើរការ = Work In Progress (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់ទ្រព្យសកម្មកំពុងប្រព្រឹត្តទៅ ឬកំពុងដំណើរការ និងមិនទាន់បានបញ្ចប់ ហើយកំពុងសិ្ថតក្នុងស្ថានភាពបន្ថែមចំណុចណាមួយថែមទៀត ឬកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍នាពេលបញ្ចប់ការិយបរិច្ឆេទ។ ទ្រព្យសកម្មកំពុងដំណើរការ ច្រើនកើតមានឡើងនៅក្នុងចំណោមបណ្ដាសហគ្រាសសំណង់ សហគ្រាសសាធារណការ និងបណ្តាសហគ្រាសដែលអនុវត្តការងារដោយប្រើប្រាស់ឧបករណ៍ធុនធ្ងន់ និងដែលប្រើរយៈពេលវែងក្នុងដំណើរការផលិត។
-ការងារកំពុងដំណើរការ សំដៅដល់ទ្រព្យសកម្ម ឬសេវា ដែលកំពុងកកើតឡើងនៅក្នុងដំណើរការនៃផលិតកម្ម។
ការជួញដូរជាសកល = Global Trading (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះត្រូវបានប្រើដើម្បីពិពណ៌នាប្រតិបត្តិការ ដែលធ្វើឡើងរវាងធនាគារវិនិយោគ និងអ្នកជួញដូរមូលបត្រ ដែលពាក់ព័ន្ធនឹងឧបករណ៍ហិរញ្ញវត្ថុ សេវាកម្មហិរញ្ញវត្ថុ និងទំនិញហិរញ្ញវត្ថុ។ វាក្យសព្ទនេះក៏ត្រូវបានទទួលស្គាល់ផងដែរថាជាការជួញដូរ ២៤ម៉ោង ព្រោះប្រតិបត្តិការនេះត្រូវបានធ្វើឡើងជាបន្តបន្ទាប់ក្នុងរយៈពេលពេញមួយថ្ងៃជាប្រចាំនៅក្នុងទីផ្សារហិរញ្ញវត្ថុទូទាំងពិភពលោក។
ការកំណត់ពន្ធ Tax Assessment (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ការគណនាចំនួនប្រាក់ពន្ធដោយអ្នកជាប់ពន្ធស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ដើម្បីប្រកាសបង់ពន្ធជូនរដ្ឋបាលសារពើពន្ធ។
កានបាន = Kanban (សទ្ទានុក្រមពន្ធដារ)
គឺជាវិធីសាស្ត្រគ្រប់គ្រងការងារក្នុងទម្រង់ជាខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកុំឱ្យមានការរាំងស្ទះដល់ការផ្គត់ផ្គង់វត្ថុធាតុដើម ឬបរិក្ខារបម្រុង។
កាត់បន្ថយចំណាយដោយផ្លាស់ប្តូរទីតាំង = Location Savings (សទ្ទានុក្រមពន្ធដារ)
សំដៅដល់វិធីសាស្រ្តនៃការកាត់បន្ថយចំណាយដោយក្រុមហ៊ុនពហុជាតិ ដែលធ្វើការផ្លាស់ប្តូរទីកន្លែងអាជីវកម្មរបស់ខ្លួនមួយចំនួនទៅកន្លែងផ្សេងទៀត ដែលតម្លៃពលកម្ម ឬចំណាយលើអចលនទ្រព្យនៅទីនោះមានកម្រិតទាបជាងទីកន្លែងដើម។
កាត់ ដេរ និងតម្រឹម ហៅកាត់ថា “កដត” = Cut, Make and Trim “CMT” (សទ្ទានុក្រមពន្ធដារ)
គឺជាសកម្មភាពផលិតកម្មរបស់រោងចក្រកាត់ដេរ ដែលយកការរចនារបស់អ្នករចនាម៉ូដមកផលិតតាមបីដំណាក់កាល។ “កាត់” គឺជាដំណាក់កាលដែលសម្ភារត្រូវកាត់តាមលំនាំរបស់អ្នករចនាម៉ូដ “ដេរ” ជាដំណាក់កាលដែលសម្លៀកបំពាក់ត្រូវដេរភ្ជាប់ និងបង្កើតជាសម្លៀកបំពាក់ ហើយ “តម្រឹម” ជាដំណាក់កាលដែលសម្លៀកបំពាក់ត្រូវផលិតបញ្ចប់។
ឧ. : សម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា សហគ្រាសផលិតសម្លៀកបំពាក់សម្រាប់នាំចេញ ត្រូវបានអនុញ្ញាតឱ្យទទួលស្គាល់ជាទម្រង់ កាត់ ដេរ និងតម្រឹម ផ្អែកតាមកិច្ចសន្យាជាមួយម្ចាស់ទំនិញ ទោះបីវត្ថុធាតុដើម និងផលិតផលសម្រេចត្រូវបាននាំចូល និងនាំចេញក្រោមឈ្មោះសហគ្រាសក៏ដោយ។
កាតព្វកិច្ចសារពើពន្ធ = Tax Obligation (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់កាតព្វកិច្ចដែលអ្នកជាប់ពន្ធត្រូវបំពេញស្របតាមច្បាប់ និងបទប្បញ្ញត្តិស្ដីពីពន្ធដារ។
កាតព្វកិច្ចបំណុល = Debt Obligation (សទ្ទានុក្រមពន្ធដារ)
សំដៅដល់កាតព្វកិច្ចទូទាត់សងបំណុលជាសាច់ប្រាក់ ឬជាវត្ថុទៅឱ្យបុគ្គលម្នាក់ទៀតដែលជាម្ចាស់បំណុលរួមបញ្ចូល ទាំងកាតព្វកិច្ចរបស់ធនាគារចំពោះប្រាក់បញ្ញើ កាតព្វកិច្ចចំពោះសមតុល្យក្នុងគណនីត្រូវសង រូបិយាណត្តិ សញ្ញាប័ណ្ណ។ល។
កាតព្វកិច្ច = Obligation (សទ្ទានុក្រមពន្ធដារ)
កាតព្វកិច្ច គឺជាពាក្យមួយសំដៅចំពោះចំណងតាមផ្លូវច្បាប់ ឬកិច្ចសន្យាដែលចងបុគ្គលពីរនាក់ ឬច្រើន ដោយតម្រូវឱ្យបុគ្គលម្នាក់ៗមានករណីយកិច្ចជាក់លាក់មួយចំនួន ចំពោះបុគ្គលម្នាក់ ឬច្រើនទៀត។
កាកសំណល់រឹង-រាវ = Solid-Liquid Waste (សទ្ទានុក្រមពន្ធដារ)
សំដៅដល់វត្ថុ ឬសារធាតុរឹង-រាវដែលលែងមានប្រយោជន៍ ឬត្រូវបានឈប់ប្រើប្រាស់ ឬតម្រូវឱ្យបោះបង់ចោល។
ករណីយុត្តិការ/ករណីយុត្តិសាស្រ្ដ = Precedent (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់គោលការណ៍នៃការពិនិត្យសម្រេចលើករណីណាមួយ ដោយផ្អែកលើមូលដ្ឋាននៃការសម្រេចលើករណីនានាកន្លងមក ដែលមានស្ថានភាព និងមូលដ្ឋានផ្នែកច្បាប់ប្រហាក់ប្រហែលគ្នា។
-ជាគោលការណ៍នៃការទាញយកការសន្និដ្ឋាន ដែលនៅក្នុងប្រព័ន្ធច្បាប់ Anglo American តម្រូវឱ្យតុលាការប្រកាន់ខ្ជាប់គោលការណ៍ដែលបានសម្រេចក្តីក្នុងសំណុំរឿងពីមុនៗ យកធ្វើជាមូលដ្ឋានសម្រាប់វិនិច្ឆ័យនៅពេលធ្វើការជំនុំជម្រះនៅក្នុងរឿងក្តី ដែលមានស្ថានភាព ឬទម្រង់អង្គហេតុ និងអង្គច្បាប់ស្រដៀងគ្នា។
ករណីយកិច្ចផ្តាច់មុខ = Exclusive Duty (សទ្ទានុក្រមពន្ធដារ)
ជាករណីយកិច្ចដែលផ្សារភ្ជាប់ទៅនឹងបុគ្គលិកលក្ខណៈរបស់បុគ្គលណាមួយ ដែលមិនអាចត្រូវបានផ្ទេរតាមរយៈសន្តតិកម្ម។
ឧ. : កូនមានករណីយកិច្ចចិញ្ចឹមឪពុកម្តាយ នៅពេលដែលឪពុកម្តាយចាស់ជរា។ នៅពេលដែលកូននេះស្លាប់ ករណីយកិច្ចនេះមិនត្រូវបានផ្ទេរទៅសន្តតិជនរបស់កូននោះឡើយ។
កម្រៃអាជ្ញាប័ណ្ណ = License Duties Or Fee (សទ្ទានុក្រមពន្ធដារ)
សំដៅដល់កម្រៃប្រចាំឆ្នាំ ដែលត្រូវបង់ដើម្បីទទួលបាននូវឯកសិទ្ធិក្នុងការប្រកបអាជីវកម្មជាក់លាក់ណាមួយ។
កម្រៃសេវាផ្សាយមាតិកាព័ត៌មាន = Carriage Fees (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់កម្រៃសេវាណាមួយ ដែលបង់ដោយអ្នកផ្សព្វផ្សាយ មាតិកាទៅប្រតិបត្តិករ ឬអ្នកផ្តល់សេវាចែកចាយសម្រាប់ការផ្សព្វផ្សាយលើថ្នាលផ្សព្វផ្សាយរបស់ខ្លួន។
-សម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសំដៅដល់កម្រៃសេវា ដែលអ្នកផលិតមាតិកាបង់ជូនប្រតិបត្តិករ គេហទំព័រដើម្បីអាចបង្ហាញនូវមាតិកាព័ត៌មានរបស់ខ្លួននៅលើគេហទំព័ររបស់ប្រតិបត្តិករ។
កម្រៃសេវា = Service Fee (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ថ្លៃឈ្នួលសេវាកម្ម ដែលជាទូទៅត្រូវបានចាត់ទុកថាជាប្រាក់ចំណូលពីសកម្មភាពអាជីវកម្ម ឬក្នុងករណីវិជ្ជាជីវៈសេរីជាចំណូលពីសេវាកម្មផ្ទាល់ខ្លួនឯករាជ្យ។
កម្រៃលើការគ្រប់គ្រង = Management Fee (សទ្ទានុក្រមពន្ធដារ)
ជាទូទៅ កម្រៃលើការគ្រប់គ្រង សំដៅដល់កម្រៃ ឬការគិតថ្លៃសម្រាប់ការគ្រប់គ្រងនិង/ឬសេវារដ្ឋបាលរបស់ក្រុមហ៊ុនមេ ឬការិយាល័យកណ្តាល។
កម្រៃលើអាជ្ញាប័ណ្ណដែលអ្នកផ្ដល់សេវាប្រើប្រាស់កម្មវិធីសូហ្វវែរតាមអនឡាញត្រូវបង់ = Application Service Provider- ASP/License Fees (សទ្ទានុក្រមពន្ធដារ)
សំដៅដល់កម្រៃសេវា ដែលអ្នកផ្ដល់សេវាប្រើប្រាស់កម្មវិធីសូហ្វវែរ (Software) តាមអនឡាញ ត្រូវទូទាត់ទៅឱ្យអ្នកផ្គត់ផ្គង់កម្មវិធីសូហ្វវែរនូវកម្រៃអាជ្ញាប័ណ្ណ ដោយគិតជាភាគរយនៃចំណូល ដែលប្រមូលបានពីអតិថិជនតាមកិច្ចសន្យា។
កម្រៃជើងសា = Commission Fee (សទ្ទានុក្រមពន្ធដារ)
គឺជាថ្លៃសេវា ដែលត្រូវបង់ជូនបុគ្គលណាមួយជាថ្នូរទៅនឹង សេវាកម្មក្នុងការសម្របសម្រួល ឬបញ្ចប់ប្រតិបត្តិការលក់។ កម្រៃជើងសាអាចត្រូវបានគិតជាកម្រៃសេវាថេរទៅតាមឯកតា ឬគិតជាភាគរយនៃប្រាក់ចំណូលដុល ឬកម្រិតប្រាក់ចំណេញដែលបង្កើតឡើងពីការលក់។
កម្រិតនៃការចូលប្រើប្រាស់ = Restriction Access (សទ្ទានុក្រមពន្ធដារ)
នៅក្នុងបរិបទនៃប្រព័ន្ធបចេ្ចកវិទ្យាព័ត៌មាន វាក្យសព្ទនេះ សំដៅដល់ការដាក់កម្រិត ឬការដាក់បម្រាមជាធរមាន ចំពោះការចូលប្រើប្រាស់ក្នុងប្រព័ន្ធអ្វីមួយ។ ការដាក់កម្រិត ឬការដាក់បម្រាមនេះ គឺដើម្បីការពារកុំឱ្យមានការចូលប្រើប្រាស់ប្រព័ន្ធដោយសេរីដោយគ្មានការអនុញ្ញាត។
កម្រិតតេស្តសវនកម្ម (Extent of Testing)
សំដៅដល់កម្រិតដែលអាស្រ័យលើការពិចារណាចំពោះ លក្ខណៈនៃចំនួនសរុបសម្រាប់ការធ្វើតេស្តប្រព័ន្ធត្រួត ពិនិត្យ ដែលកំណត់តាមរយៈការវាយតម្លៃលើប្រព័ន្ធត្រួតពិនិត្យដែលអាចប្រែប្រួល ឬលើការពិនិត្យធាតុមួយចំនួនតូចពីចំនួនសរុប ដោយផ្អែកលើការយល់ដឹង និងការរំពឹងទុករបស់សវនករ។
កម្រិតពិតានជាប់ពន្ធ = Tax Threshold (សទ្ទានុក្រមពន្ធដារ)
សំដៅដល់កម្រិតពិតាននៃប្រាក់ចំណូល ដើមទុន ការលក់។ល។ ដែលត្រូវជាប់បន្ទុកពន្ធ។
កម្រិតចំណេញសុទ្ធ = Net Profit Margin (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ផលធៀបរវាងចំណូលសុទ្ធ (ចំណូលដុលក្រោយ ដកថ្លៃដើម និងចំណាយប្រតិបត្តិការនៃការផ្គត់ផ្គង់ទំនិញ សេវា ឬទ្រព្យ) និងចំណូលដុលនៃការផ្គត់ផ្គង់ទំនិញ សេវា ឬទ្រព្យទាំងនោះ។
កម្រិតចំណេញលើថ្លៃដើម = Cost-Plus Mark-Up (សទ្ទានុក្រមពន្ធដារ)
កម្រិតចំណេញលើថ្លៃដើម គឺជាវិធីសាស្រ្តប្រើប្រាស់វាស់វែង ដោយការគណនាកម្រិតចំណេញបន្ទាប់ពីថ្លៃដើមផ្ទាល់ និងប្រយោលកើតឡើងដោយអ្នកផ្គត់ផ្គង់ទ្រព្យ ឬសេវាកម្មក្នុងប្រតិបត្តិការ។
កម្រិតចំណាត់ថ្នាក់ជាប់ពន្ធ = Tax Brackets (សទ្ទានុក្រមពន្ធដារ)
កម្រិតចំណាត់ថ្នាក់ជាប់ពន្ធ សំដៅចំពោះការអនុវត្តអត្រាពន្ធផ្សេងគ្នាទៅតាមកម្រិតចំណូលនៅក្នុងប្រព័ន្ធពន្ធដារតាមបែបកំណើនតាមថ្នាក់។
ឧ. : ប្រាក់បៀវត្សត្រឹម ១ ៣០០ ០០០ រៀល ជាប់ពន្ធអត្រា ០% ហើយនៅចន្លោះពី ១ ៣០០ ០០១ រៀល ទៅ ២ ០០០ ០០០ រៀល ជាប់ពន្ធអត្រា ៥%។ល។
កម្រិតចំណេញថ្លៃផ្គត់ផ្គង់បន្ត = Resale Price Margin (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់កម្រិតចំណេញដុលនៃការផ្គត់ផ្គង់ បន្តនូវទំនិញក្នុងប្រតិបត្តិការមានការរៀបចំធៀបជាមួយនឹងកម្រិតចំណេញដុលក្នុងប្រតិបត្តិការគ្មានការរៀបចំអាចធៀបបាន។
កម្រិតចំណេញដុល = Gross Margin (សទ្ទានុក្រមពន្ធដារ)
គឺជាផលធៀបរវាងចំណូលដុលក្រោយដកថ្លៃដើមនៃការផ្គត់ផ្គង់ទំនិញ សេវា ឬទ្រព្យ និងចំណូលដុលនៃការផ្គត់ផ្គង់ ទំនិញ សេវា ឬទ្រព្យទាំងនោះ។
កម្រងសំណួរ-ចម្លើយប្រើប្រាស់ ញឹកញាប់ = Frequently Asked Questions (FAQs) (សទ្ទានុក្រមពន្ធដារ)
ជាវាក្យសព្ទប្រើប្រាស់សម្រាប់សំដៅដល់ប្រភេទសំណួរ និងចម្លើយដែលត្រូវបានសួរជាញឹកញាប់ និងត្រូវបានចងក្រងទុកសម្រាប់ប្រើប្រាស់ជាប្រចាំ។
កម្មសិទ្ធិបញ្ញា = Intellectual Property (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់កម្មសិទ្ធិនៃការបង្កើត ឬការច្នៃប្រឌិតចេញពី បញ្ញាញាណនូវទ្រព្យ ដែលជាទូទៅសម្រាប់ប្រើប្រាស់ក្នុងគោលដៅពាណិជ្ជកម្ម។ កម្មសិទ្ធិបញ្ញាមានជាអាទិ៍ តក្កកម្ម ស្នាដៃអក្សរសាស្រ្ត និងសិល្បៈ និមិត្តសញ្ញា រូបភាពគំនូរ សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ម៉ាក ម៉ូដែល និង គំនូរឧស្សាហកម្ម។ល។
-សម្រាប់កម្មវត្ថុនៃពន្ធលើចំណេញមូលធន កម្មសិទ្ធិបញ្ញា សំដៅដល់តក្កកម្ម សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ម៉ាក ម៉ូដែល និងគំនូរឧស្សាហកម្ម ដែលត្រូវបានប្រើប្រាស់ក្នុងគោលដៅពាណិជ្ជកម្ម។
កម្មសិទ្ធិករម្នាក់/កម្មសិទ្ធិករម្នាក់ជា រូបវន្តបុគ្គល = One Owner/An Owner as a Physical Person (សទ្ទានុក្រមពន្ធដារ)
សម្រាប់កម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ វាក្យសព្ទនេះ សំដៅដល់ក្រុមគ្រួសារមួយ ដែលមាន ”ឪពុក ម្ដាយ សាមីខ្លួន ប្រពន្ធ កូនក្នុងបន្ទុក“ ឬមេគ្រួសារ និងសមាជិកក្នុងបន្ទុកមានឈ្មោះក្នុងប័ណ្ណគ្រួសារ ដែលចេញដោយស្ថាប័នមានសមត្ថកិច្ច។ ក្នុងន័យនេះ កម្មសិទ្ធិករ គឺត្រូវបានចាត់ទុកថា ជារូបវន្ដបុគ្គលតែម្នាក់។
កម្មសិទ្ធិករ = Owner (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់បុគ្គលដែលជាម្ចាស់លើទ្រព្យអ្វីមួយ។
ឧ. : សម្រាប់កម្មវត្ថុនៃពន្ធប្រថាប់ត្រា សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលមាន៖
-ប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬ ប័ណ្ណប្រហាក់ប្រហែលដែលចេញដោយរដ្ឋបាលសុរិយោដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដី ឬ ផ្ទះសម្បែង ដែលចេញដោយអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន ឃុំ សង្កាត់ ឬស្រុក ក្រុង ខណ្ឌ។
-ប័ណ្ណសម្គាល់យានយន្ត ឬជលយានយន្ត ដែលចេញ ដោយស្ថាប័នសាធារណការ និងដឹកជញ្ជូន។
កម្មសិទ្ធិ = Property Rights/Ownership (សទ្ទានុក្រមពន្ធដារ)
គឺជាសិទ្ធិពេញលេញជាម្ចាស់លើទ្រព្យ ដែលរួមបញ្ចូលទាំងសិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល និងសិទ្ធិចាត់ចែងលើទ្រព្យជាដើម។
កម្មវិធី “ពន្ធដារកម្ពុជា” = GDT-Cambodia Tax Program (សទ្ទានុក្រមពន្ធដារ)
គឺជាកម្មវិធីចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ដែលផ្សាយផ្ទាល់ពីគេហទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ សម្រាប់ផ្តល់ឱកាសឱ្យអ្នកជាប់ពន្ធធ្វើការសាកសួរជាសំណួរ ផ្ដល់មតិយោបល់ ឬសំណេះសំណាលដោយផ្ទាល់ជាមួយវាគ្មិនកិត្តិយសដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ។
កម្មវិធីណែនាំបន្តការលក់ទំនិញ និងសេវា = Sales Referral Programs (សទ្ទានុក្រមពន្ធដារ)
នេះជាប្រភេទកម្មវិធីផ្ដល់សេវាជួយផ្សព្វផ្សាយលក់ទំនិញ និងសេវាបន្ដជូនដល់អតិថិជន ឬអ្នកប្រើប្រាស់តាមរយៈការបង្ហោះរូបភាព និងព័ត៌មានសំខាន់ៗស្ដីពីទំនិញ និងសេវានៅក្នុងគេហទំព័ររបស់ប្រតិបត្តិករ ដែលជាអ្នកផ្ដល់សេវាបន្ដនេះ។ តាមរយៈកម្មវិធីនេះ មា្ចស់ទំនិញ និងសេវា ឬអ្នកលក់ផលិតផលតាមប្រព័ន្ធអ៊ីនធឺណិតបង់កម្រៃជើងសាទៅឱ្យប្រតិបត្តិករ ដែលជាអ្នកផ្ដល់សេវាជួយណែនាំបន្ដការលក់ទំនិញ និងសេវា។ ប្រសិនបើអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ផលិតផលណាមួយក្នុងចំណោមផលិតផលទាំងនោះ អ្នកប្រើប្រាស់នឹងបានចូលទៅកាន់គេហទំព័ររបស់អ្នកលក់ផលិតផលដើម្បីធ្វើការបញ្ជាទិញ។ អ្នកលក់ផលិតផលអាចកំណត់អត្តសញ្ញាណប្រភពតំណភ្ជាប់នៃការណែនាំការលក់ ដើម្បីធ្វើការបង់នូវកម្រៃជើងសាជូនប្រតិបត្តិករគេហទំព័រ ប្រសិនបើអ្នកប្រើប្រាស់ទិញផលិតផលនោះ។
កម្មវិធីគណនាពន្ធលើប្រាក់បៀវត្ស = Salary Tax Calculation App (សទ្ទានុក្រមពន្ធដារ)
ជាកម្មវិធីមួយ ដែលបានបង្កើតឡើងដោយអគ្គនាយកដ្ឋានពន្ធដារសម្រាប់ឱ្យអ្នកជាប់ពន្ធអាចគណនាពន្ធលើប្រាក់បៀវត្សរៀងៗខ្លួនតាមរយៈទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិក។
កម្មវត្ថុនៃវិវាទ (បណ្តឹង) = Subject Matter of Litigation (សទ្ទានុក្រមពន្ធដារ)
-នៅក្នុងបរិបទនៃបណ្ដឹងតវ៉ាតាមផ្លូវច្បាប់ កម្មវត្ថុនៃបណ្តឹងសំដៅដល់លក្ខខណ្ឌតម្រូវមួយ ឬតម្រូវការមួយដែលតុលាការមានសមត្ថកិច្ចទាមទារឱ្យធ្វើការបង្ហាញ ឬបកស្រាយនៅក្នុងតុលាការចំពោះរាល់បណ្ដឹងតវ៉ា ឬការទាមទាររបស់អ្នកប្ដឹង ដើម្បីបង្កើតបាននូវសញ្ញាណពិតប្រាកដនៃបណ្ដឹងតវ៉ា។
-សំដៅដល់គោលបំណងនៃការទាមទាររបស់អ្នកប្តឹង។ គ្រប់បណ្តឹងតាមផ្លូវតុលាការទាមទារឱ្យមានកម្មវត្ថុច្បាស់លាស់។ កម្មវត្ថុនៃបណ្តឹងអាចនាំឱ្យដឹងអំពីសញ្ញាណនៃបណ្តឹងបាន។