Posted on Leave a comment

ចំណូលប្រភពបរទេស = Foreign-Source Income (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ចំណូលដែលកើតឡើងពីសកម្មភាពអាជីវកម្ម និងការទូទាត់នៅក្រៅប្រទេសដែលបុគ្គលនិវាសនជនទទួលបានចំណូលនោះ។

Posted on Leave a comment

ចំណូលពន្យារ = Deferred Income (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ចំណូលដែលនឹងត្រូវទទួលស្គាល់នៅពេលអនាគតក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដែលធ្វើឱ្យមានការពន្យារពេលបំណុលពន្ធ។

Posted on Leave a comment

ចំណូលផ្សេងៗ = Other Revenues (សទ្ទានុក្រមពន្ធដារ)

ក្រៅពីចំណូលពីសកម្មភាពអាជីកម្ម និងចំណូលបន្ទាប់បន្សំសហគ្រាសនៅមានចំណូលផ្សេងៗជាច្រើនទៀត ដែលត្រូវបញ្ចូលក្នុងប្រាក់ចំណូលជាប់ពន្ធ ជាអាទិ៍មាន៖
១. ចំណូលពីមូលបត្រ ភាគហ៊ុន និងចំណូលភាគលាភ។
២. ចំណូលហិរញ្ញវត្ថុ៖ ចំណូលពីឥណទេយ្យ ប្រាក់ធានា គណនីសន្សំ គណនីចរន្ត ជាដើម។
៣. ប្រាក់ចំណូលពីសកម្មភាពដែលបានធ្វើឡើងសម្រាប់ជាប្រយោជន៍បុគ្គលិក។
៤. អំណោយ និងឧបត្ថម្ភកធន។
៥. ការសាងសង់ ឬកែលម្អអចលនទ្រព្យដែលអ្នកជួលធ្វើឡើងដោយសោហ៊ុយផ្ទាល់ខ្លួន និងដោយមិនបានគិតថ្លៃពីសហគ្រាសវិញ ដែលនាំឱ្យមានការកើនឡើងនូវតម្លៃនៃអចលនទ្រព្យ។ កំណើននៃតម្លៃអចលនទ្រព្យ ដែលនៅសល់ត្រូវគិតបញ្ចូលទៅក្នុងប្រាក់ចំណូល ជាប់ពន្ធនៅក្នុងឆ្នាំជាប់ពន្ធដែលអចលនទ្រព្យត្រូវបានប្រគល់មកវិញ។
៦. តម្លៃលើសពីការលក់ ឬឈប់ប្រើប្រាស់ទ្រព្យសកម្មអាជីវកម្ម។
៧. សំណងធានារ៉ាប់រង។
៨. សំណងផ្សេងៗ។
៩. ការបន្ធូរបន្ថយនូវពន្ធ-អាករដែលកាលពីមុនបានកាត់ចេញពីប្រាក់ចំណូលជាប់ពន្ធ៖ ប្រាក់បន្ធូរបន្ថយនេះ គឺជាចំណូលនៃការិយបរិច្ឆេទដែលសហគ្រាសបានទទួលផលប្រយោជន៍នេះ។
១០. ការបន្ថយបំណុល៖ ការបន្ថយបំណុល ដែលអ្នកផ្គត់ផ្គង់ ឬតតិយជនបានយល់ព្រមផ្តល់ឱ្យសហគ្រាស និងដែលបានធ្វើឱ្យមានការកើនឡើងនូវទ្រព្យសកម្មសុទ្ធរបស់សហគ្រាស ត្រូវកត់ត្រាជាចំណូលនៃការិយបរិច្ឆេទដែលសហគ្រាសបានទទួលការយល់ព្រមបន្ថយនេះ។

Posted on Leave a comment

ចំណាយស្នាក់នៅ = Accommodation Expenses (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃពន្ធ ចំណាយស្នាក់នៅ សំដៅដល់ចំណាយស្នាក់នៅដែលសហគ្រាសបានចំណាយក្នុងសកម្មភាពបម្រើការងារ ដើម្បីប្រយោជន៍សហគ្រាស។

Posted on Leave a comment

ចំណូលបន្ទាប់បន្សំ = Subsidiary Revenues (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ចំណូលទាំងឡាយដែលមិនមែនជាចំណូលពីសកម្មភាពអាជីវកម្មរបស់សហគ្រាស ប៉ុន្តែត្រូវគិតបញ្ចូលផងដែរទៅក្នុងប្រាក់ចំណូលរបស់សហគ្រាស។ ចំណូលបន្ទាប់បន្សំ ជាអាទិ៍មាន៖

១. ចំណូលពីការជួលអចលនទ្រព្យ ទោះបីជាអចលនទ្រព្យនោះចូលរួម ឬមិនចូលរួមក្នុងសកម្មភាពអាជីវកម្មក្តី។

២. អចលនទ្រព្យដាក់ឱ្យតតិយជនប្រើប្រាស់ដោយឥតគិតថ្លៃ ត្រូវកំណត់ថាសហគ្រាសបានទទួលចំណូលជាប់ពន្ធដែលមានទឹកប្រាក់ស្មើនឹងថ្លៃឈ្នួលតាមទីផ្សារនៃអចលនទ្រព្យ។

៣. អចលនទ្រព្យដាក់ឱ្យនិយោជិតប្រើប្រាស់ជាលក្ខណៈឯកជនដោយឥតគិតថ្លៃ ត្រូវកំណត់ថាសហគ្រាសបានទទួលចំណូលជាប់ពន្ធ ដែលមានទឹកប្រាក់ស្មើនឹងថ្លៃឈ្នួលតាមទីផ្សារនៃអចលនទ្រព្យ លើកលែងតែអចលនទ្រព្យដែលដាក់ឱ្យកម្មករនិយោជិតប្រើប្រាស់ជារួមស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។

៤. សួយសារ៖ ចំណូលបានមកពីអាជីវកម្មលើទ្រព្យ-សកម្មអរូបីផ្សេងៗ ដូចជាប្រកាសនីយបត្រតក្កកម្មសិទ្ធិចម្លង គំនូរ គំរូប្លង់ សិទ្ធិអាជីវកម្ម និងសញ្ញាផលិត វិធីធ្វើ ជាដើម។

៥. ចំណូលបន្ទាប់បន្សំដទៃទៀត ជាអាទិ៍មាន៖ ចំណូលពី ការលក់កាកសំណល់ និងការជួលសម្ភារអាជីវកម្ម ប្រាក់ចំណូលពីសំបកវេចខ្ចប់ ជាដើម។

Posted on Leave a comment

ចំណូលដុល = Gross Incomes/Sales (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ចំណូលសរុបដែលបានមកពីសកម្មភាពអាជីវកម្ម ដោយពុំទាន់ដកអប្បហារ ការបង្វែរទំនិញត្រឡប់មកវិញថ្លៃដើម និងចំណាយប្រតិបត្តិការ។

Posted on Leave a comment

ចំណូលកត់ត្រាមុន = Unearned Revenues (សទ្ទានុក្រមពន្ធដារ)

-សំដៅដល់ប្រភេទចំណូលជាសាច់ប្រាក់ដែលសហគ្រាសទទួលបានមុនពេលប្រគល់ទំនិញ ឬមិនទាន់បំពេញសេវាកម្មជូនអតិថិជន ហើយចំណូលសាច់ប្រាក់ទទួលបានមុនបែបនេះ គឺជាបំណុលរបស់សហគ្រាសអនុលោមតាមគោលការណ៍គណនេយ្យ។
-សម្រាប់កម្មវត្ថុនៃការគិតពន្ធ ចំណូលកត់ត្រាមុន គឺជាចំណូលជាប់ពន្ធក្នុងការិយបរិច្ឆេទដែលចំណូលនោះបានកើតឡើង។

Posted on Leave a comment

ចំណាយស្វែងរុករក = Exploration Expenditure (សទ្ទានុក្រមពន្ធដារ)

-សម្រាប់កម្មវត្ថុនៃប្រតិបត្តិការប្រេងកាត និងធនធានរ៉ែ វាក្យសព្ទនេះ សំដៅដល់៖
-ចំណាយក្នុងការអង្កេតផ្នែកភូគព្ភសាស្រ្ត រូបភូគព្ភសាស្រ្ត គីមីភូគព្ភសាស្រ្ត ចំណាយវិភាគទិន្នន័យ ចំណាយទស្សនទានវិស្វកម្មមុនពេលអភិវឌ្ឍន៍ ចំណាយលើការខួងស្វែងរុករក ខួងវាយតម្លៃ ការសិក្សាលើសមិទ្ធិលទ្ធភាព ផលប៉ះពាល់បរិស្ថាន ចំណាយរដ្ឋបាលទូទៅ និងចំណាយផ្សេងៗទៀត ដែលកើតឡើងពីដំណើរការនៃការស្វែងរុករកនោះ។
-ចំណាយនានាទាក់ទិនទៅនឹងការសិក្សាស្រាវជ្រាវ និងធ្វើតេស្តសន្ទស្សន៍រ៉ែ ដើម្បីកំណត់សក្តានុពល ទំហំ គុណភាពបរិមាណ ព្រមទាំងលទ្ធភាព សេដ្ឋកិច្ចអាជីវកម្ម តាមរយៈការធ្វើបុរេសនា ការស្រាវជ្រាវភូគព្ភសាស្រ្ត រូបភូគព្ភសាស្រ្ត និងគីមីភូគព្ភសាស្រ្ត ការជីកកកាយ ការខួង ការដឹកជញ្ជូន និងការធ្វើវិភាគដី ដីល្បាប់ ទឹក ថ្ម និងគំរូរ៉ែផ្សេងៗទៀត។

Posted on Leave a comment

ចំណាយសរុបដែលបានយល់ព្រម សម្រាប់ស្តារបរិស្ថាន = Total Approved Environmental Rehabilitation Costs (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃប្រតិបត្តិការប្រេងកាត និងធនធានរ៉ែ វាក្យសព្ទនេះសំដៅដល់ចំណាយសរុបសម្រាប់ស្តារបរិស្ថានឡើងវិញនៅក្នុងតំបន់ទទួលអាជ្ញាប័ណ្ណ ដែលបានយល់ព្រមដោយស្ថាប័នមានសមត្ថកិច្ចតាមផែនការស្តារបរិស្ថានរបស់អ្នកជាប់ពន្ធ ស្របតាមអាជ្ញាប័ណ្ណ ឬកិច្ចព្រមព្រៀង ធនធានរ៉ែ និងច្បាប់ និងបទប្បញ្ញត្តិស្តីពីធនធានរ៉ែ។

Posted on Leave a comment

ចំណាយអភិវឌ្ឍន៍ = Development Expenditure (សទ្ទានុក្រមពន្ធដារ)

-សម្រាប់កម្មវត្ថុនៃប្រតិបត្តិការប្រេងកាត និងធនធានរ៉ែ វាក្យសព្ទនេះ សំដៅដល់៖
-ចំណាយដែលបានកើតឡើងបន្ទាប់ពីស្ថាប័នមានសមត្ថកិច្ច បានយល់ព្រមចំពោះគម្រោងអភិវឌ្ឍន៍ ដើម្បីសាងសង់មធ្យោបាយផលិតកម្មសម្រាប់ប្រតិបត្តិការប្រេងកាត ជាអាទិ៍មាន ការរៀបចំទីតាំង ការខួងអណ្តូង ការសាងសង់អណ្តូងសម្រាប់ផលិតកម្ម និងការសាងសង់បំពង់បង្ហូរប្រេងកាត ដែលជាមធ្យោបាយផលិតកម្ម ព្រមទាំងចំណាយផ្សេងៗទៀតដែលកើតឡើងនៅក្នុងការអភិវឌ្ឍស្របតាមកិច្ចព្រមព្រៀងប្រេងកាត។
-ចំណាយនានាទាក់ទិនទៅនឹងការរៀបចំទីតាំងសម្រាប់ប្រតិបត្តិការធនធានរ៉ែ ជាអាទិ៍មាន ការសាងសង់ផ្លូវចេញចូល ផ្លូវដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ឬមធ្យោបាយផ្សេងៗ ក្នុងគោលបំណងជីកយក ចម្រាញ់ បន្សុទ្ធ ធ្វើប្រព្រឹត្តិកម្មកែច្នៃ ផលិតកម្មស្តុកទុក ដឹកជញ្ជូន និងធ្វើពាណិជ្ជកម្មផលិតផលរ៉ែ។

Posted on Leave a comment

ចំណាយលើអំណោយ = Donation Expenses (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ចំណាយទាំងឡាយណាដែលជាទម្រង់អំណោយ ជូនដល់រូបវន្ដបុគ្គល ឬនីតិបុគ្គលដទៃនៅក្នុងការិយបរិច្ឆេទ។

Posted on Leave a comment

ចំណាយអាចកាត់កងបាន = Deductible Expenses (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ចំណាយទាំងឡាយណា ដែលត្រូវបានអនុញ្ញាតឱ្យកាត់កងជាមួយប្រាក់ចំណូលរបស់សហគ្រាសមុនពេលបង់ពន្ធ។ អនុលោមតាមបទប្បញ្ញត្តិស្តីពីពន្ធដារ ចំណាយដែលអាចអនុញ្ញាតឱ្យកាត់កងបាន លុះត្រាតែចំណាយទាំងនោះបំពេញបានតាមលក្ខខណ្ឌទាំង៣ ដូចខាងក្រោម៖
១. ហេតុការណ៍ដែលបណ្ដាលឱ្យមានចំណាយកើតឡើង និងជាកាតព្វកិច្ចពិតប្រាកដរបស់សហគ្រាសមានន័យថាភាពពិតរបស់ចំណាយនោះត្រូវបានបញ្ជាក់ អះអាងដោយភស្ដុតាងដែលអាចត្រួតពិនិត្យបាន ដូចជា វិក្កយបត្រ ប្រតិវេទន៍គយ លិខិតឆ្លើយឆ្លង ពាណិជ្ជកម្ម កិច្ចសន្យាខ្ចីប្រាក់ និងប័ណ្ណចំណាយ ជាដើម។
២. លទ្ធផលនៃសកម្មភាពសេដ្ឋកិច្ច ដែលទាក់ទិននឹងចំណាយដែលបានកើតឡើង។
៣. ចំណាយរបស់សហគ្រាសត្រូវបានកត់ត្រាច្បាស់លាស់ក្នុងបញ្ជីគណនេយ្យក្នុងឆ្នាំជាប់ពន្ធ ដោយត្រូវមានភស្ដុតាងបញ្ជាក់ត្រឹមត្រូវអំពីចំនួនទឹកប្រាក់ និងកាលបរិច្ឆេទ។

Posted on Leave a comment

ចំណាយអាជីវកម្មប្រចាំថ្ងៃ = Overhead Expenses (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ចំណាយប្រតិបត្ដិការអាជីវកម្មប្រចាំថ្ងៃ ដែលមិនពាក់ព័ន្ធផ្ទាល់ជាមួយនឹងផលិតកម្ម ឬសេវាកម្ម។

Posted on Leave a comment

ចំណាយអាជីវកម្ម = Business Expenses (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ចំណាយសម្រាប់អាជីវកម្ម ដែលអ្នកជាប់ពន្ធបានទូទាត់ ឬត្រូវសងនៅក្នុងឆ្នាំជាប់ពន្ធ និងដែលមិនបញ្ចូលមកវិញនូវទ្រព្យសកម្ម ឬដែលគ្មានការលុបបំណុលណាមួយ។

Posted on Leave a comment

ចំណាយសរុបដែលបានយល់ព្រម សម្រាប់រុះរើបោសសម្អាត = Total Approved Decommissioning Costs (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃប្រតិបត្តិការប្រេងកាត និងធនធានរ៉ែ វាក្យសព្ទនេះសំដៅដល់ចំណាយសរុបសម្រាប់រុះរើបោសសម្អាតនៅក្នុងតំបន់កិច្ចសន្យា ដែលបានយល់ព្រមដោយស្ថាប័នមានសមត្ថកិច្ច តាមគម្រោងរុះរើបោសសម្អាតរបស់អ្នកជាប់ពន្ធ ស្របតាមកិច្ចព្រមព្រៀងប្រេងកាត ដូចដែលបានកែប្រែទៅតាមពេលវេលានីមួយៗ។

Posted on Leave a comment

ចំណាយលើការថែទាំ និងជួសជុល = Repair and Maintenance Expenses (សទ្ទានុក្រមពន្ធដារ)

ចំណាយលើការថែទាំ និងជួសជុល សំដៅដល់ចំណាយថែទាំ និងជួសជុសទាំងអស់ដែលកើតមានឡើងក្នុងការិយបរិច្ឆេទ។ ចំណាយទាំងនេះរួមបញ្ចូលទាំងសម្ភារបន្ទាប់បន្សំ គ្រឿងបន្លាស់ និងសេវាកម្មផ្សេងៗ។

Posted on Leave a comment

ចំណាយមូលធន = Capital Expenditure (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ថវិកាដែលសហគ្រាសចំណាយ ដើម្បីទទួលបាន ឬធ្វើឱ្យប្រសើរឡើង ឬថែទាំ និងជួសជុលទ្រព្យសកម្មរូបី ដូចជា ទ្រព្យសម្បត្តិ រោងចក្រ សំណង់អគារ បច្ចេកវិទ្យា ឧបករណ៍ ឬការថែទាំជួសជុលដែលធ្វើឱ្យកើនឡើងនូវអាយុកាលប្រើប្រាស់ ជាដើម។ ថវិកាចំណាយនេះ ត្រូវបាន ប្រើប្រាស់ដើម្បីពង្រីកវិសាលភាពប្រតិបត្តិការរបស់សហគ្រាស ឬបន្ថែមផលប្រយោជន៍សេដ្ឋកិច្ចចំពោះប្រតិបត្តិការរបស់សហគ្រាស។

Posted on Leave a comment

ចំណាយលើការលក់ = Selling Expenses (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ចំណាយដែលពាក់ព័ន្ធជាមួយនឹងការផ្គត់ផ្គង់ការស្រាវជ្រាវទីផ្សារ និងការលក់នៃផលិតផល ទំនិញ ឬសេវា។

Posted on Leave a comment

ចំណាយលើសួយសារ = Royalty Expenses (សទ្ទានុក្រមពន្ធដារ)

ចំណាយលើសួយសារ សំដៅដល់ចំណាយបង់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្មអរូបីជូនទៅនិវាសនជន និងអនិវាសនជន ជានីតិបុគ្គល ឬរូបវន្តបុគ្គល ដូចជាប្រកាសនីយបត្រតក្កកម្ម សិទ្ធិចម្លង សិទ្ធិអ្នកនិពន្ធ គំនូរ គំរូប្លង់ សិទ្ធិអាជីវកម្ម សញ្ញាផលិតឬម៉ាក និងវិធីធ្វើ ជាដើម។

Posted on Leave a comment

ចំណាយលើការកម្សាន្តសប្បាយ = Entertainment Expenses (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ចំណាយទទួលភ្ញៀវ បដិសណ្ឋារកិច្ច កម្សាន្ត សម្រាកលំហែផ្សេងៗទាំងអស់ដែលកើតមានឡើងក្នុងការិយបរិច្ឆេទ។

Posted on Leave a comment

ចំណាយលើការគ្រប់គ្រង = Management Expenses (សទ្ទានុក្រមពន្ធដារ)

ជាទូទៅ វាក្យសព្ទនេះ សំដៅដល់ចំណាយលើការគ្រប់គ្រង ដែលត្រូវបានដកចេញ ឬកាត់ចេញពីប្រាក់ចំណូលជាប់ពន្ធ។ សម្រាប់សម្ព័ន្ធក្រុមហ៊ុន ការបែងចែកចំណាយលើការគ្រប់គ្រងជាកត្តាសំខាន់ក្នុងការកំណត់ថាតើចំណាយ ទូទៅនៃការគ្រប់គ្រងរបស់សម្ព័ន្ធក្រុមហ៊ុនទាំងមូល ត្រូវបាន ចាត់ទុកជាចំណាយរបស់សមាជិកសម្ព័ន្ធក្រុមហ៊ុនណាមួយ ហើយត្រូវដកចេញពីសមាជិកដទៃទៀតនៃសម្ព័ន្ធក្រុមហ៊ុនទាំងមូល។

Posted on Leave a comment

ចំណាយបៀវត្ស = Salary Expenses (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ចំណាយបៀវត្សសរុបដែលបានទូទាត់ និងត្រូវទូទាត់ជូនដល់អ្នកគ្រប់គ្រង និងបុគ្គលិក-កម្មករ ដែលបម្រើការងារឱ្យសហគ្រាស រួមទាំងចំណាយលើអត្ថប្រយោជន៍បន្ថែម។

Posted on Leave a comment

ចំណាយមិនអាចកាត់កងបាន = Non-Deductible Expenses (សទ្ទានុក្រមពន្ធដារ)

ចំណាយមិនអាចកាត់កងបាន សំដៅដល់ចំណាយនានា ដែលមិនស្ថិតនៅក្នុងប្រភេទចំណាយ ដែលបទប្បញ្ញត្តិស្តីពី ពន្ធដារអនុញ្ញាតឱ្យធ្វើការកាត់កងជាមួយប្រាក់ចំណូលរបស់សហគ្រាសដើម្បីគណនាពន្ធលើប្រាក់ចំណូល។ ចំណាយ មិនអាចកាត់កងបានតម្រូវឱ្យធ្វើនិយតកម្មដោយបូកបញ្ចូលមកវិញសម្រាប់គណនាប្រាក់ចំណូលជាប់ពន្ធ។

Posted on Leave a comment

ចំណាយបង់ពន្ធ និងអាករផ្សេងៗ = Other Tax Expenses (សទ្ទានុក្រមពន្ធដារ)

សម្រាប់ការបំពេញលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ វាក្យសព្ទនេះ សំដៅដល់ប្រភេទចំណាយលើការបង់ពន្ធផ្សេងៗ ដែលមានជាអាទិ៍ ពន្ធប៉ាតង់ អាករសម្រាប់ បំភ្លឺសាធារណៈ អាករពិសេសលើទំនិញ និងសេវាមួយចំនួន ពន្ធតែមប្រិ៍សារពើពន្ធ ពន្ធប្រថាប់ត្រា។ល។

Posted on Leave a comment

ចំណាយផ្សាយពាណិជ្ជកម្ម = Advertising Expenses (សទ្ទានុក្រមពន្ធដារ)

នេះជាប្រភេទចំណាយសម្រាប់ថ្លៃផ្សព្វផ្សាយ ដើម្បីជំរុញការលក់ទំនិញ-សេវា និងលើកកម្ពស់អាជីវកម្ម ដូចជា ការបោះផ្សាយតាមកាលប្បវត្តិ (កាសែត និងទស្សនាវដ្តី) ទូរទស្សន៍ វិទ្យុ អ៊ីនធឺណិត ផ្ទាំងផ្សព្វផ្សាយ ខិត្តប័ណ្ណ និងតាមមធ្យោបាយដទៃទៀត។

Posted on Leave a comment

ចំណាយធ្វើដំណើរ = Travelling Expenses (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ចំណាយលើការធ្វើដំណើរ ដែលសហគ្រាសបានចំណាយក្នុងសកម្មភាពបម្រើការងារ ដើម្បីប្រយោជន៍សហគ្រាស។

Posted on Leave a comment

ចំណាយបង្កើតសហគ្រាស = Preliminary and Formation Expenses (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ចំណាយបឋមទាំងឡាយណាដែលបានចាយមុនពេលសហគ្រាសបានបង្កើតឡើង។ ចំណាយទាំងនេះ គឺជាប្រភេទទ្រព្យសកម្មអរូបី ហើយត្រូវបានគេកាត់កងចេញពីបញ្ជីជារៀងរាល់ឆ្នាំ ក្នុងពេលដែលសហគ្រាសសម្រេចបានផលចំណេញ។ ចំណាយទាំងនេះ មានដូចជា ចំណាយលើផ្នែកច្បាប់ ចំណាយលើមេធាវី និងគណនេយ្យករ ចំណាយលើការបោះពុម្ពឯកសារពាក់ព័ន្ធនានា។ ចំណាយទាំងនេះមិនអាចកត់ត្រាបញ្ចូលក្នុងគណនីទ្រព្យសកម្ម ដទៃណាមួយទេ។ សម្រាប់កម្មវត្ថុនៃពន្ធលើប្រាក់ចំណូល ចំណាយបង្កើតសហគ្រាសអាចត្រូវបានកាត់កងបានទាំងស្រុងក្នុងឆ្នាំជាប់ពន្ធដំបូង។ ប៉ុន្តែបើសហគ្រាសធ្វើការកាត់កងតាមរំលស់វិញ ចំណាយទាំងនេះអាចធ្វើរំលស់បានទាំងស្រុងក្នុងរយៈពេលមិនលើសពី២ឆ្នាំជាប់ពន្ធ។

Posted on Leave a comment

ចំណាយបង្កើតសហគ្រាស និង អភិវឌ្ឍន៍ដំបូង = Initial Establishment and Development Expenses (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ចំណាយដែលទាក់ទិនទៅនឹងសកម្មភាពមុនពេល និងនាពេលបង្កើតសហគ្រាស។ ជាអាទិ៍មាន ចំណាយសិក្សាសមិទ្ធិលទ្ធភាពក្នុងការបង្កើតសហគ្រាស ផ្សាយពាណិជ្ជកម្ម ដឹកនាំ និងត្រួតពិនិត្យការដ្ឋាន បណ្តុះបណ្តាលបុគ្គលិក បុរេហិរញ្ញប្បទាន និងជំនួយបច្ចេកទេស ជាដើម។

Posted on Leave a comment

ចំណាយបានកត់ត្រាមុន = Prepaid Expenses (សទ្ទានុក្រមពន្ធដារ)

ចំណាយបានកត់ត្រាមុន សំដៅដល់ចំនួនទឹកប្រាក់ចំណាយ ដែលបានបង់ជាមុនរួចទៅហើយ ប៉ុន្តែមិនត្រូវបានទទួលស្គាល់ជាចំណាយទាំងស្រុងក្នុងឆ្នាំជាប់ពន្ធទេ។ ចំណាយនេះនឹងត្រូវទទួលស្គាល់តាមរយៈការកាត់បន្ថយបន្តិចម្តងៗ ឬដាក់ជាចំណាយច្រើនការិយបរិច្ឆេទ។

Posted on Leave a comment

ចំណាយបុរេសនា = Prospecting Expenditure (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃប្រតិបត្តិការប្រេងកាត និងធនធានរ៉ែ វាក្យសព្ទនេះ សំដៅដល់ចំណាយក្នុងការស្វែងរុករក ដើម្បីកំណត់សក្តានុពល ភូគព្កសាស្រ្តប្រេងកាតជំហានដំបូង ដោយមិនទាន់មានសិទ្ធិធ្វើការអភិវឌ្ឍ និងផលិតកម្ម។

Posted on Leave a comment

ចូលទៅគេហទំព័រមានលក្ខណៈអន្តរសកម្ម = Access to an Interactive Website (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ការផ្តល់សេវាជូនដល់អតិថិជននូវគេហទំព័រ ដែលមានលក្ខណៈជាមាតិកាឌីជីថល (Digital) រួមបញ្ចូលនូវព័ត៌មាន តន្ត្រី វីដេអូ ល្បែងកម្សាន្ត និងសកម្មភាពផ្សេងៗ។ អតិថិជនបង់កម្រៃកំណត់ណាមួយ ដើម្បីចូលប្រើប្រាស់សេវាកម្មនោះតាមកាលកំណត់ដែលបានជ្រើសរើស។

Posted on Leave a comment

ចំណាយទាក់ទិននឹងការបង្កើតក្រុមហ៊ុន = Incorporation Related Expenses (សទ្ទានុក្រមពន្ធដារ)

ចំណាយទាក់ទិននឹងការបង្កើតក្រុមហ៊ុន សំដៅដល់ចំណាយក្នុងការបង្កើតក្រុមហ៊ុន ដូចជាចំណាយការចុះលក្ខន្តិកៈ និងការចំណាយលើការបំពេញបែបបទពាក់ព័ន្ធដទៃទៀត នៅពេលមានការបន្ថែម ឬបន្ថយមូលធនរបស់ក្រុមហ៊ុន ឬចំណាយដែលធ្វើឡើងក្នុងប្រតិបត្តិការប្រហាក់ប្រហែលណាមួយ (ការផ្លាស់ប្តូរទ្រង់ទ្រាយក្រុមហ៊ុន ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ជាដើម)។ ចំណាយនេះមានជាអាទិ៍ ពន្ធប្រថាប់ត្រាលើលិខិតផ្សេងៗរបស់ក្រុមហ៊ុន (ឧបហារិត ការបង្កើតមូលធន ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ជាដើម) ប្រាក់កម្រៃលើការបង្កើតក្រុមហ៊ុន។

Posted on Leave a comment

ចំណាយថែទាំ = Maintenance Expenses (សទ្ទានុក្រមពន្ធដារ)

-សំដៅដល់ចំណាយនានា ដែលបង្កទ្បើងដោយបុគ្គល ឬអាជីវកម្មសម្រាប់ថែទាំទ្រព្យសម្បត្តិឱ្យនៅមានដំណើរការល្អ។
-នៅក្នុងប្រទេសខ្លះ ចំណាយថែទាំនេះ ក៏សំដៅដល់ចំណាយដោយអ្នកជាប់ពន្ធទៅលើក្រុមគ្រួសារ អតីតប្តី/ប្រពន្ធ ឬញាតិសន្តានផងដែរ។

Posted on Leave a comment

ចំណាយតាមថ្ងៃ = Per Diem (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃសម្រាប់ការធ្វើដំណើរ បដិសណ្ឋារកិច្ច ប្រាក់ប៉ះប៉ូវនានា ឬការចំណាយជំនួសផ្សេងៗរបស់បុគ្គលិក/មន្ដ្រីក្នុងអំទ្បុងពេលបំពេញសកម្មភាពបម្រើការងារ។

Posted on Leave a comment

ចំណាយទូទាត់សំណងធានារ៉ាប់រង = Payments of Insurance Claim (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ចំណាយសម្រាប់ជាផលប្រយោជន៍របស់អ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផលដែលសហគ្រាសធានារ៉ាប់រងត្រូវសងតាមកាលកំណត់នៃកិច្ចសន្យាធានារ៉ាប់រង ដែលមានដូចជាចំណាយត្រូវសងលើតម្លៃនៃការបោះបង់កិច្ចសន្យាធានារ៉ាប់រង ចំណាយត្រូវសងលើសំណងធានារ៉ាប់រង និងចំណាយត្រូវសងលើភាគលាភពីការធានារ៉ាប់រង ជីវិតរបស់អ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល។

Posted on Leave a comment

ចំណាយការិយាល័យកណ្តាល = Head Office Expenses (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ចំណាយមួយចំនួន ដូចជាចំណាយគ្រប់គ្រងទូទៅ និងចំណាយរដ្ឋបាល ឬចំណាយលើសេវាកម្មមួយចំនួនរបស់សហគ្រាសដែលមានការិយាល័យកណ្តាលរបស់ខ្លួននៅក្នុងប្រទេសមួយ ហើយមានប្រតិបត្តិការ តាមរយៈសាខាក្រុមហ៊ុន ឬគ្រឹះស្ថានអចិន្រ្តៃយ៍នៅក្នុងប្រទេសមួយទៀត ដែលចំណាយទាំងអស់នោះនឹងត្រូវបានកាត់កងក្នុងការគណនាចំណេញជាប់ពន្ធរបស់គ្រឹះស្ថានអចិន្ត្រៃយ៍។

Posted on Leave a comment

ចំណាយចរន្ដ = Current Expenses (សទ្ទានុក្រមពន្ធដារ)

ចំណាយចរន្ដ សំដៅដល់ចំណាយប្រតិបត្តិការ ក្រៅពីចំណាយទិញទ្រព្យសកម្មដែលត្រូវប្រើប្រាស់ជាប្រចាំ ដូចជា ប្រាក់បៀវត្ស ឬចំណាយសម្រាប់ដំណើរការរដ្ឋបាលផ្សេងៗទៀត។

Posted on Leave a comment

ចំណាយកម្រៃជើងសា = Commission Expenses (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ចំណាយសម្រាប់ថ្លៃដែលសហគ្រាសទូទាត់ជូនភ្នាក់ងារលក់ ឬភ្នាក់ងារផ្តល់សេវា ដើម្បីជួយសម្រួល តាមដាន និងបំពេញការលក់ទំនិញ និងសេវា។

Posted on Leave a comment

ចន្លោះប្រហោងនៃច្បាប់ពន្ធ = Tax Loophole (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ភាពចន្លោះប្រហោងនៃបទប្បញ្ញត្តិស្តីពីពន្ធដារ ដែលអាចផ្តល់ឱកាសឱ្យអ្នកជាប់ពន្ធកាត់បន្ថយបន្ទុកពន្ធបានមួយកម្រិត។

Posted on Leave a comment

គ្រឹះស្ថានអចិន្រ្តៃយ៍ = Permanent Establishment (សទ្ទានុក្រមពន្ធដារ)

-នៅកម្ពុជា គ្រឹះស្ថានអចិន្រ្តៃយ៍ សំដៅដល់ទីកន្លែងប្រកបអាជីវកម្មជាប់លាប់នៅព្រះរាជាណាចក្រកម្ពុជា សាខារបស់ក្រុមហ៊ុនបរទេស ឬភ្នាក់ងារនិវាសនជននៅព្រះរាជាណាចក្រកម្ពុជា ដែលតាមរយៈនេះ បុគ្គលអនិវាសនជនប្រកបអាជីវកម្មរបស់ខ្លួន។
-វាក្យសព្ទ គ្រឹះស្ថានអចិន្ត្រៃយ៍ រួមបញ្ចូលផងដែរទាំងបណ្តាញ ឬរូបភាពទំនាក់ទំនងផ្សេងៗទៀត ដែលតាមរយៈនេះ បុគ្គលអនិវាសនជនធ្វើសកម្មភាពសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ គ្រឹះស្ថានអចិន្ដ្រៃយ៍ត្រូវបានចាត់ទុកថាជានីតិបុគ្គលនិវាសនជនចំពោះតែប្រាក់ចំណូលប្រភពកម្ពុជាប៉ុណ្ណោះ។

Posted on Leave a comment

ចលនវត្ថុ = Movable Asset (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃយន្តការពន្ធដារលើប្រតិបត្តិការភតិសន្យាហិរញ្ញវត្ថុ ចលនវត្ថុសំដៅដល់ទ្រព្យសម្បត្តិ គ្រឿងចក្រ និងឧបករណ៍ទាំងអស់ លើកលែងតែដី និងអគារ។

Posted on Leave a comment

ចំណាត់ថ្នាក់អនុលោមភាព = Compliant Classification (សទ្ទានុក្រមពន្ធដារ)

នៅក្នុងបរិបទនៃពន្ធដារកម្ពុជា មានគណៈកម្មការវាយតម្លៃកម្រិតអនុលោមភាពសារពើពន្ធសម្រាប់វាយតម្លៃចំណាត់ថ្នាក់ អនុលោមភាព ចែកជាបីប្រភេទគឺ៖
ក. អនុលោមភាពប្រភេទសំរឹទ្ធ សំដៅដល់កម្រិតអនុលោមភាពទាបរបស់អ្នកជាប់ពន្ធដែលទទួលបានពិន្ទុសរុបចាប់ពី១ ដល់១០។
ខ. អនុលោមភាពប្រភេទប្រាក់ សំដៅដល់កម្រិតអនុលោមភាពមធ្យមរបស់អ្នកជាប់ពន្ធ ដែលទទួលបានពិន្ទុសរុបចាប់ពី១១ ដល់១៥។
គ. អនុលោមភាពប្រភេទមាស សំដៅដល់កម្រិតអនុលោមភាពខ្ពស់របស់អ្នកជាប់ពន្ធដែលទទួលបានពិន្ទុសរុបចាប់ពី១៦ ដល់២០។

Posted on Leave a comment

ចូលក្រោយចេញមុន =LIFO “Last In, First Out” (សទ្ទានុក្រមពន្ធដារ)

វាក្យសព្ទនេះ គឺជាវិធីសាស្ត្រគំរូម្យ៉ាងដែលប្រើសម្រាប់វាយតម្លៃបញ្ជីសារពើភណ្ឌ ឬមុខទំនិញសម្រាប់លក់ដូរ ដែលក្នុងនោះគេកំណត់ថាទំនិញ ឬសម្ភារណាដែលបានទិញចូលចុងក្រោយគេ ត្រូវបញ្ចេញលក់ ឬប្រើប្រាស់មុនគេ។

Posted on Leave a comment

ចលនទ្រព្យ = Movable Property (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃពន្ធប្រថាប់ត្រា ចលនទ្រព្យ សំដៅដល់ មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ដូចជា យន្តហោះ រថភ្លើង កប៉ាល់ សាឡង់ ទូក កាណូត រថយន្ត ម៉ូតូ ដែលបានចុះបញ្ជី ឬមិនចុះបញ្ជីដោយស្ថាប័នមានសមត្ថកិច្ច។

Posted on Leave a comment

គ្រឹះស្ថាន (ភ្នាក់ងារ) ផ្តល់សេវាទូទាត់ សងប្រាក់ = Payment Service Institution (Provider )(សទ្ទានុក្រមពន្ធដារ)

សំដៅដល់គ្រឹះស្ថាន (ភ្នាក់ងារ) ដែលទទួលបាននូវសិទ្ធិសម្រាប់ផ្តល់សេវាទូទាត់សងអាជ្ញាប័ណ្ណប្រកបអាជីវកម្មត្រឹមត្រូវ។

Posted on Leave a comment

គ្រឹះស្ថានសិក្សា = Education Institutions (សទ្ទានុក្រមពន្ធដារ)

សំដៅដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលផ្តល់សេវាសុទ្ធសាធខាងផ្នែកអប់រំចាប់ពីថ្នាក់មត្តេយ្យរហូតដល់ឧត្តមសិក្សា។ គ្រឹះស្ថានសិក្សារួមបញ្ចូលផងដែរនូវគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

Posted on Leave a comment

គ្រប់គ្រងបំណុលពន្ធដារ = Tax Arrear Management (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ការកំណត់នូវវិធាន និងនីតិវិធីក្នុងការគ្រប់គ្រងដំណើរការនៃការប្រមូលបំណុលពន្ធឱ្យកាន់តែមាន ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងតម្លាភាព។

Posted on Leave a comment

គោលនយោបាយសារពើពន្ធ = Fiscal Policy (សទ្ទានុក្រមពន្ធដារ)

-ជាទូទៅ គោលនយោបាយសារពើពន្ធ សំដៅដល់ការប្រើប្រាស់ចំណាយរបស់រដ្ឋាភិបាល និងគោលនយោបាយប្រមូលចំណូលជាតិ ដើម្បីទ្រទ្រង់ស្ថានភាព/លក្ខខណ្ឌសេដ្ឋកិច្ច ជាពិសេសគឺស្ថានភាព/លក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ច ដែលរួមបញ្ចូលទាំងតម្រូវការសរុបនៃទំនិញ និងសេវា ការងារ អតិផរណា និងកំណើនសេដ្ឋកិច្ច។
-នៅក្នុងយុទ្ធសាស្រ្តកៀរគរចំណូលដំណាក់កាលទី២ (២០១៩-២០២៣) មានបញ្ជាក់ថាគោលនយោបាយសារពើពន្ធ គឺជាការធានាសង្គតិភាពជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍ជាតិ ជំរុញនិងតម្រង់ទិសការវិនិយោគ លើកកម្ពស់ឧត្ដមភាពក្នុងការប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា និងប្រមូលចំណូលឱ្យអស់សក្ដានុពល ស្របទៅនឹងការផ្លាស់ប្ដូរស្ថានភាពសេដ្ឋកិច្ច-សង្គមកម្ពុជា ដោយប្រកាន់យកគោលការណ៍ សាមញ្ញភាព តម្លាភាព ភាពប្រាកដប្រជា សមធម៌ និងប្រសិទ្ធភាព។

Posted on Leave a comment

គោលការណ៍សញ្ជាតិ = Nationality Principle (សទ្ទានុក្រមពន្ធដារ)

គោលការណ៍សញ្ជាតិ មានចែងនៅក្នុងសន្ធិសញ្ញាពន្ធលើប្រាក់ចំណូលពេញលេញ ដែលបញ្ជាក់ថាអ្នកជាប់ពន្ធអនិវាសនជនមិនគួរទទួលរងនូវការរើសអើងណាមួយ ចំពោះការគិតពន្ធដោយសារមូលហេតុនៃសញ្ជាតិរបស់ខ្លួនឡើយ។

Posted on Leave a comment

គោលការណ៍ប្រភពដើម = Origin Principle (សទ្ទានុក្រមពន្ធដារ)

សំដៅដល់គោលការណ៍មួយសម្រាប់របបអាករលើតម្លៃបន្ថែម ដែលកំណត់ថាទំនិញត្រូវបានគេយកអាករនៅក្នុងប្រទេសដែលផលិតទំនិញនោះ ពោលគឺទំនិញនោះជាប់អាករផ្អែកលើមូលដ្ឋាននៃប្រទេសផលិតកម្ម ឬប្រភពដើម។

Posted on Leave a comment

គំរូសន្ធិសញ្ញាពន្ធ = Model Tax Treaties (សទ្ទានុក្រមពន្ធដារ)

គំរូសន្ធិសញ្ញាពន្ធ សំដៅដល់គំរូនៃកិច្ចព្រមព្រៀងស្ដីពី ការចៀសវាងការយកពន្ធត្រួតគ្នា ដែលត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យមានការឯកភាពគ្នាក្នុងការបែងចែកសិទ្ធិយកពន្ធលើអាជីវកម្មឆ្លងដែនរវាងប្រទេសពីរ ឬច្រើនផ្សេងគ្នា។ គំរូសន្ធិសញ្ញាពន្ធ ដែលបង្កើតឡើងដោយអង្គការ OECD និងអង្គការសហប្រជាជាតិ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ហើយប្រទេសមួយចំនួនក៏មានគំរូសន្ធិសញ្ញាពន្ធផ្ទាល់ខ្លួនផងដែរ។

Posted on Leave a comment

គោលការណ៍សម្ងាត់ពន្ធ = Tax Secrecy (សទ្ទានុក្រមពន្ធដារ)

គោលការណ៍នេះ គឺសំដៅដល់កាតព្វកិច្ចដែលតម្រូវឱ្យមន្រ្តីរាជការពន្ធដាររក្សាភាពសម្ងាត់ ដោយមិនត្រូវបង្ហាញអំពីអត្តសញ្ញាណ និងស្ថានភាពឯកជនរបស់អ្នកជាប់ពន្ធ ឬអំពីចំណុចសំខាន់ៗដែលពាក់ព័ន្ធនឹងបំណុលពន្ធដល់ភាគីទីបី លើកលែងតែនៅក្នុងករណីចាំបាច់ណាមួយ ដែលអនុញ្ញាតដោយច្បាប់។

Posted on Leave a comment

គោលការណ៍បដិការ = Reciprocity Principle (សទ្ទានុក្រមពន្ធដារ)

សំដៅដល់គោលការណ៍នៃការ “ផ្ដល់និងទទួលយក” ប្រើ ក្នុងបរិបទពន្ធផ្សេងៗគ្នា (ជាពិសេសក្នុងករណីសន្ធិសញ្ញា ពន្ធ) ដែលចង់បានអត្ថប្រយោជន៍ពន្ធទៅវិញទៅមក រវាងប្រទេសពាក់ព័ន្ធ។ ការធ្វើបដិការទៅវិញទៅមក គឺជាមូលដ្ឋានសម្រាប់ផ្តល់ការបន្ធូរបន្ថយដល់អ្នកជាប់ពន្ធដែលស្ថិតនៅក្រោមច្បាប់ក្នុងស្រុក។
ឧ. : ការបន្ធូរបន្ថយពន្ធ ត្រូវបានផ្ដល់ជូនសម្រាប់អ្នកជាប់ពន្ធនៃប្រទេសផ្សេងមួយ ប្រសិនបើប្រទេសនោះ ផ្តល់ការបន្ធូរបន្ថយពន្ធដូចគ្នា ឬសមមូលមកវិញសម្រាប់អ្នកជាប់ពន្ធនៃប្រទេសខ្លួនដែរ។

Posted on Leave a comment

គោលការណ៍នៃការវាយតម្លៃ = Valuation Principles (សទ្ទានុក្រមពន្ធដារ)

នេះជាគោលការណ៍នៃច្បាប់ពន្ធដារ ដែលពាក់ព័ន្ធទៅនឹងការវាយតម្លៃអាជីវកម្ម និងទ្រព្យសកម្មមិនមែនអាជីវកម្ម និងសន្និធិ។

Posted on Leave a comment

គោលការណ៍ប្រភពចំណូលសម្រាប់ ការយកពន្ធ = Source Principle of Taxation (សទ្ទានុក្រមពន្ធដារ)

គោលការណ៍ប្រភពចំណូលសម្រាប់ការយកពន្ធ សំដៅដល់គោលការណ៍ពន្ធដារ ដែលកំណត់ឱ្យប្រទេសមួយយកពន្ធលើចំណូលទាំងឡាយណា ដែលមានប្រភពនៅក្នុងព្រំដែនរបស់ខ្លួន មិនថាចំណូលនោះជាចំណូលរបស់និវាសនជន ឬអនិវាសនជននោះទេ។ យោងតាមគោលការណ៍នេះ ចំណូលរបស់និវាសនជនដែលទទួលបានពីប្រភពបរទេស គឺត្រូវបានលើកលែងពន្ធ។

Posted on Leave a comment

គោលការណ៍ដែនដី = Territoriality Principle (សទ្ទានុក្រមពន្ធដារ)

គោលការណ៍នេះ ដែលត្រូវបានអនុម័តដោយប្រទេសមួយចំនួន គឺសំដៅដល់ការកំណត់ពន្ធតែក្នុងរង្វង់ដែនសមត្ថកិច្ចនៃអាជ្ញាធរពន្ធដារ ឬប្រទេសអធិបតេយ្យជាក់លាក់មួយ។ និវាសនជន មិនត្រូវបានរងការកំណត់ពន្ធពីប្រភពចំណូល ដែលទទួលបានមកពីបរទេសទេ។

Posted on Leave a comment

គោលការណ៍និវាសនដ្ឋាននៃការយកពន្ធ = Residence Principle of Taxation (សទ្ទានុក្រមពន្ធដារ)

សំដៅដល់គោលការណ៍ ដែលកំណត់និវាសនជននៃប្រទេសមួយ ត្រូវជាប់ពន្ធលើប្រាក់ចំណូលរបស់ខ្លួនពីគ្រប់ទិសទីទូទាំងពិភពលោក ហើយអនិវាសនជនត្រូវជាប់ពន្ធលើប្រាក់ចំណូលប្រភពក្នុងស្រុកតែប៉ុណ្ណោះ។

Posted on Leave a comment

គោលការណ៍ជំហោងដៃ = Arm’s Length Principle (សទ្ទានុក្រមពន្ធដារ)

សំដៅដល់គោលការណ៍សម្រាប់កំណត់ថ្លៃនៃប្រតិបត្តិការដែលមានលក្ខខណ្ឌដូចគ្នា ឬស្រដៀងគ្នា ដែលធ្វើឡើងក្នុងចំណោមសហគ្រាសឯករាជ្យ ដើម្បីប្រៀបធៀបទៅនឹងថ្លៃនៃប្រតិបត្តិការណាមួយដែលបានធ្វើឡើងក្នុងចំណោមបុគ្គលទាក់ទិន។ សម្រាប់តម្លៃដែលបានកំណត់ក្រោម គោលការណ៍ជំហោងដៃនេះ គឺហៅថា “ថ្លៃជំហោងដៃ” (Arm’s Length Price)។

Posted on Leave a comment

គោលការណ៍ ១៨៣ ថ្ងៃ = One Hundred and Eighty-Three (183) Days’ Rule (សទ្ទានុក្រមពន្ធដារ)

-គោលការណ៍ ១៨៣ ថ្ងៃនេះ ត្រូវបានប្រើប្រាស់ជាគំរូសម្រាប់កំណត់វត្តមាន ឬនិវាសនដ្ឋានរបស់បុគ្គលស្នាក់នៅក្នុងប្រទេសមួយ ដែលអាចជាប់កាតព្វកិច្ចពន្ធលើប្រាក់ចំណូល។ ទោះជាយ៉ាងណាក៏ដោយ ក៏មានកត្ដាវិនិច្ឆ័យមួយចំនួនសម្រាប់កំណត់កាតព្វកិច្ចពន្ធបន្ថែមពីលើគោលការណ៍ ១៨៣ ថ្ងៃនេះផងដែរ។
-ក្នុងបរិបទពន្ធដារកម្ពុជា គោលការណ៍នេះ ក៏ត្រូវបានប្រើប្រាស់ក្នុងការកំណត់អំពីនិវាសនដ្ឋានពន្ធដាររបស់អ្នកជាប់ពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់បៀវត្ស និងពន្ធលើចំណេញមូលធន ជាដើម។ ជាក់ស្តែង សម្រាប់កម្មវត្ថុនៃពន្ធលើចំណេញមូលធន រូបវន្ដបុគ្គលដែលត្រូវបានចាត់ទុកថាជានិវាសនជន គឺនៅពេលដែលរូបវន្ដបុគ្គលនោះ មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាលើសពី១៨២ថ្ងៃ ក្នុងមួយ លើក ឬច្រើនលើកក្នុងរយៈពេល១២ខែណាមួយ ដែលបានបញ្ចប់ក្នុងឆ្នាំជាប់ពន្ធចរន្ត។ សម្រាប់ការកំណត់ចំនួនថ្ងៃស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា វត្តមានក្នុងចំណែកណាមួយនៃថ្ងៃត្រូវរាប់ថាជា១ថ្ងៃពេញ។

Posted on Leave a comment

គោលការណ៍គណនេយ្យដែលទទួលស្គាល់ជាទូទៅ = Generally Accepted Accounting Principles (GAAP) (សទ្ទានុក្រមពន្ធដារ)

សំដៅដល់សំណុំគោលការណ៍ ស្ដង់ដារ និងនីតិវិធីបែបបទជាគោលរួមមួយនៃគណនេយ្យ ដែលបានបង្កើតឡើងដោយក្រុមប្រឹក្សាគណនេយ្យហិរញ្ញវត្ថុ សម្រាប់ការកត់ត្រា និងរក្សាកំណត់ត្រាហិរញ្ញវត្ថុ និងបញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ ដោយផ្អែកទៅតាមគោលការណ៍ដែលកំណត់ដោយ Financial Accounting Standards Board (FASB) ឬ International Account Standards Board (IASB)។

Posted on Leave a comment

គេចវេះពន្ធ = Tax Evasion (សទ្ទានុក្រមពន្ធដារ)

-សំដៅដល់ការប៉ុនប៉ងធ្វើអំពើខុសច្បាប់ ដើម្បីគេចវេះពន្ធ ឬបន្លំពន្ធដោយរូបវន្ដបុគ្គល នីតិបុគ្គល និងអង្គភាពដទៃទៀត។ ការគេចវេះពន្ធ ជាទូទៅ គឺធ្វើឡើងដោយចេតនា។
-យោងតាមច្បាប់ស្តីពីសារពើពន្ធ ការគេចវេះពន្ធសំដៅដល់ បទល្មើសដោយចេតនាដឹងជាមុន មានការរៀបចំទុក និងច្រើនដងទៅលើបទប្បញ្ញត្តិស្ដីពីពន្ធដារ ក្នុងគោលបំណង បន្ថយ ឬបំបាត់ប្រាក់ពន្ធ ដែលបទប្បញ្ញត្តិស្ដីពីពន្ធដារតម្រូវឱ្យបង់ រួមបញ្ចូលការធ្វេសប្រហែសធ្ងន់ធ្ងរ ដែលប្រព្រឹត្តឡើង៖ (១) ពីរលើកដាច់ដោយឡែកពីគ្នា ក្នុងរយៈពេល៣ឆ្នាំប្រតិទិន (២) បីលើក ឬច្រើនជាងនេះដាច់ពីគ្នាក្នុងរយៈពេលណាមួយក៏ដោយ។

Posted on Leave a comment

គម្រោងអភិវឌ្ឍន៍ = Development Project (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃពន្ធលើប្រតិបត្តិការប្រេងកាត និងធនធានរ៉ែ គម្រោងអភិវឌ្ឍន៍ សំដៅដល់គម្រោងកម្មវិធីអភិវឌ្ឍន៍ដើម្បីអភិវឌ្ឍ និងផលិតធនធានប្រេងកាតនៅក្នុងតំបន់ចុះកិច្ចសន្យា ដែលបានយល់ព្រមដោយស្ថាប័នមានសមត្ថកិច្ច។

Posted on Leave a comment

គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលជាប្រភេទឧស្សាហកម្មគាំទ្រ = Supporting Industry Qualified Investment Project (សទ្ទានុក្រមពន្ធដារ)

សំដៅដល់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលផលិតផលិតផលរបស់ខ្លួនក្នុងកម្រិតសមាមាត្រណាមួយសម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ។

Posted on Leave a comment

គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់បម្រើឱ្យការនាំចេញ = Export Qualified Investment Project (សទ្ទានុក្រមពន្ធដារ)

សំដៅដល់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលលក់ ឬផ្ទេរក្នុងកម្រិតសមាមាត្រណាមួយនៃផលិតផលរបស់ខ្លួនទៅឱ្យអ្នកទិញ ឬអ្នកទទួលនៅក្រៅព្រះរាជាណាចក្រកម្ពុជា។

Posted on Leave a comment

គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) = Qualified Investment Project (QIP) (សទ្ទានុក្រមពន្ធដារ)

សំដៅដល់គម្រោងវិនិយោគដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ជាស្ថាពរ។

Posted on Leave a comment

គម្រោងមូលបត្ររឹតត្បិត = Restricted Stock Plan (សទ្ទានុក្រមពន្ធដារ)

សំដៅដល់គម្រោងមូលបត្រមួយ ដែលជម្រើសភាគហ៊ុនបានផ្ទេរ គឺជាកម្មវត្ថុនៃការរឹតត្បិតពាក់ព័ន្ធនឹងលទ្ធភាពនៃការផ្ទេរ និងពាក់ព័ន្ធនឹងហានិភ័យខ្ពស់នៃការបាត់បង់ ដោយការមិនគោរពកិច្ចព្រមព្រៀង និងបទប្បញ្ញត្តិច្បាប់។ មូលបត្ររឹតត្បិត អាចត្រូវរួមបញ្ចូលនៅក្នុងចំណូលដុលរបស់និយោជិតក្នុងឆ្នាំជាប់ពន្ធដំបូង ដែលក្នុងនោះសិទ្ធិនេះអាចក្លាយទៅជាការផ្ទេរបាន ឬលែងជាកម្មវត្ថុនៃការបាត់បង់ទៀត។

Posted on Leave a comment

គម្រោងរុះរើបោសសម្អាត = Relinquishment Project or Dismantling Project (សទ្ទានុក្រមពន្ធដារ)

សំដៅដល់គម្រោងរុះរើបោសសម្អាតរបស់អ្នកជាប់ពន្ធ ដែលយល់ព្រមដោយស្ថាប័នមានសមត្ថកិច្ចក្រោមកិច្ចព្រមព្រៀងប្រេងកាត។

Posted on Leave a comment

គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា = Cambodia Special Economic Zones Committee (សទ្ទានុក្រមពន្ធដារ)

គឺជាគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជាមួយ ចំណុះឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានបង្កើតឡើងតាមអនុក្រឹត្យ និងដែលមានភារកិច្ចលើការសម្រេចឱ្យបង្កើត និងធ្វើការដឹកនាំគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

Posted on Leave a comment

គណៈកម្មាធិការដោះស្រាយវិវាទសារពើពន្ធ = Tax Dispute Resolution Committee (សទ្ទានុក្រមពន្ធដារ)

-សំដៅដល់គណៈកម្មាធិការពិនិត្យ ដោះស្រាយ និងសម្រេច លើបណ្ដឹងតវ៉ារបស់អ្នកជាប់ពន្ធ (វិវាទពន្ធដារ) ដែលមិនពេញចិត្ត ឬមិនយល់ស្របតាមសេចក្ដីសម្រេច ឬវិធានការចុងក្រោយជាក់លាក់ណាមួយរបស់អគ្គនាយកដ្ឋានពន្ធដារ។
-នៅកម្ពុជា គណៈកម្មាធិការនេះតូ្រវបានបង្កើតឡើង ដើម្បីទទួលបន្ទុកក្នុងការដោះសា្រយវិវាទសារពើពន្ធ។ បច្ចុប្បន្ននេះ សមាសភាពសំខាន់ៗនៃគណៈកម្មាធិការដោះសា្រយវិវាទសារពើពន្ធនេះ មានដូចខាងក្រោម៖
+រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាប្រធាន
+រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមួយរូបជាអនុប្រធាន
+តំណាងក្រុមប្រឹក្សាជាតិគណនេយ្យមួយរូបជាសមាជិក
+អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈមួយរូបជាសមាជិក
+អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងមួយរូបជាសមាជិក។

Posted on Leave a comment

គណនេយ្យពន្ធដារ = Tax Accounting (សទ្ទានុក្រមពន្ធដារ)

សំដៅដល់បែបបទនៃវិធីសាស្រ្តគណនេយ្យ ដែលផ្តោតលើគោលការណ៍ពន្ធដារជាជាងគោលការណ៍គណនេយ្យហិរញ្ញវត្ថុ។ គណនេយ្យពន្ធដារត្រូវបានកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ ដែលកំណត់ពីច្បាប់ជាក់លាក់ដែលក្រុមហ៊ុន និងបុគ្គលត្រូវអនុវត្តតាមនៅពេលរៀបចំលិខិតប្រកាស និងបង់ពន្ធ។

Posted on Leave a comment

គណនេយ្យកម្មនៃការទិញ = Accounting for Merchandise (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ការទិញ ដែលត្រូវកត់ត្រាចុះបញ្ជីនាពេលទទួលវិក្កយបត្រទៅតាមបរិយាទានពិតនៃការទិញនោះ។

Posted on Leave a comment

គណនីសន្សំគ្មានកាលកំណត់ = Saving Account (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រភេទគណនីមួយដែលអនុញ្ញាតឱ្យអតិថិជនអាចដាក់សាច់ប្រាក់សន្សំ ដើម្បីសុវត្ថិភាពនៅក្នុងធនាគារដោយទទួលបានការប្រាក់តិចតួច ហើយអាចដកសាច់ប្រាក់វិញបានភ្លាមៗតាមតម្រូវការ។

Posted on Leave a comment

គណនីបញ្ញើមានកាលកំណត់ = Fixed Deposit (សទ្ទានុក្រមពន្ធដារ)

ជាប្រភេទគណនីមួយ ដែលមានលក្ខណៈជាកិច្ចសន្យា ហើយមានកំណត់ពេលវេលាច្បាស់លាស់ក្នុងការដកប្រាក់ដើមត្រឡប់វិញ។

Posted on Leave a comment

គណនីត្រូវសង = Account Payable (សទ្ទានុក្រមពន្ធដារ)

ជាគណនីសម្រាប់កត់ត្រាចំនួនទឹកប្រាក់បំណុល/ជំពាក់ ដែលសហគ្រាសបានទិញទំនិញឬសេវាពីអ្នកផ្គត់ផ្គង់ ប៉ុន្តែសហគ្រាសមិនទាន់បានទូទាត់នៅឡើយ។ គណនីត្រូវសង ត្រូវបានរាយការណ៍ក្នុងតារាងតុល្យការជាបំណុលរយៈពេលខ្លី។

Posted on Leave a comment

គណនីត្រូវសងផ្សេងៗ​= Other Account Payable (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ចំនួនទឹកប្រាក់ដែលជំពាក់អ្នកផ្គត់ផ្គង់ ឬតតិយជនចំពោះការទិញជឿនូវទំនិញ និងសេវាកម្ម និងការខ្ចីផ្សេងៗពីភាគីមិនជាប់ទាក់ទិន។

Posted on Leave a comment

គណនីត្រូវទទួលផ្សេងៗ = Other Account Receivable (សទ្ទានុក្រមពន្ធដារ)

សំដៅដល់គណនីសម្រាប់កត់ត្រាចំនួនទឹកប្រាក់ ដែលរូបវន្តបុគ្គល ឬអង្គភាពដទៃទៀតក្រៅពីអតិថិជនធម្មតាជំពាក់សហគ្រាស។

Posted on Leave a comment

គណនីកំពុងដំណើរការសម្រាប់សេវា = Service-In-Progress (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ការកត់ត្រាការសិក្សាស្រាវជ្រាវ និងការផ្តត់ផ្គង់សេវាដែលមិនទាន់ចប់ ឬការអនុវត្តតាមកិច្ចសន្យាមួយ ដែលមិនបានគ្រោងទុកនូវការផ្ទេរកម្មសិទ្ធិជាបណ្ដើរៗ ឬកត់ត្រាការសិក្សាស្រាវជ្រាវ និងការផ្គត់ផ្គង់សេវាដែលបានបញ្ចប់រួចហើយ ប៉ុន្តែកិច្ចសន្យានោះបានចែងថា ការងារនោះក្លាយជាឥណទេយ្យបានលុះត្រាតែមានការយល់ព្រមរបស់អតិថិជនលើតម្លៃ។

Posted on Leave a comment

គណនីត្រូវទទួល/គណនីត្រូវទារ = Account Receivable (សទ្ទានុក្រមពន្ធដារ)

ជាគណនីសម្រាប់កត់ត្រាចំនួនទឹកប្រាក់ ដែលអតិថិជនជំពាក់សហគ្រាសពីការទិញទំនិញ ឬសេវាកម្ម ប៉ុន្តែអតិថិជនមិនទាន់បានទូទាត់នៅឡើយ។ គណនីត្រូវទទួល ត្រូវបានរាយការណ៍ក្នុងតារាងតុល្យការជាទ្រព្យសកម្មរយៈពេលខ្លី។

Posted on Leave a comment

គណនីចំណាយបង្គរ និងបំណុលរយៈពេលខ្លីផ្សេងៗ = Accrual Expenses and Other Current Liabilities (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ចំណាយដែលមានកត់ត្រាបង្គរតាមគោលការណ៍គណនេយ្យ និងបំណុលរយៈពេលខ្លីដទៃផ្សេងៗទៀតទាំងអស់។

Posted on Leave a comment

ខ្សែទស្សនកិច្ចចម្រុះ = Mixed-Package Tour (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ខ្សែទស្សនកិច្ចចម្រុះទាំងនៅក្នុង និងក្រៅប្រទេស។
ឧ. : ខ្សែទស្សនកិច្ចតាមនាវាដោយចេញដំណើរពីប្រទេសកម្ពុជាទៅប្រទេសវៀតណាម។ ដំណើរទស្សនកិច្ចនេះ អាចតម្រូវឱ្យស្នាក់នៅក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាមក្នុងចំនួនថ្ងៃជាក់លាក់ណាមួយ ហើយត្រឡប់មកប្រទេសកម្ពុជាវិញ។

Posted on Leave a comment

ខាតលើឥណទេយ្យ (លុបចេញបំណុល ដែលមិនអាចទារបាន) = Bad Debt Written Off (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ការទទួលស្គាល់ជាចំណាយរបស់សហគ្រាសចំពោះបំណុលមិនអាចទារបាន។ សម្រាប់កម្មវត្ថុនៃពន្ធលើប្រាក់ចំណូល ចំណាយនេះអាចអនុញ្ញាតឱ្យកាត់កងបាន តែក្នុងករណីដែលភាពមិនអាចទារបាននៃបំណុលនេះ ដែលត្រូវបានបញ្ជាក់បង្ហាញដោយជាក់ស្ដែង (ឧទាហរណ៍ : ការព្យាយាមបង្ហាញឯកសារប្រមូលបំណុល ឬមានភស្ដុតាងច្បាស់លាស់នៃការខិតខំព្យាយាមក្នុងការប្រមូល ឬទទួលបានទឹកប្រាក់ដែលជំពាក់ដោយអសាធនភាពជាស្ថាពររបស់កូនបំណុល) ហើយបំណុលនោះត្រូវបានលុបចេញពីបញ្ជីគណនេយ្យរបស់សហគ្រាស។ ជាទូទៅ ការបោះបង់ចោលនូវបំណុល គឺជាទង្វើមិនប្រក្រតីនៃការគ្រប់គ្រងដែល មិនត្រូវបានអនុញ្ញាតឱ្យកាត់កងទេ។

Posted on Leave a comment

ក្ស័យធន = Bankruptcy (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ស្ថានភាពរបស់ពាណិជ្ជករ ឬនីតិបុគ្គលមិនអាចទូទាត់សងបំណុលរបស់ខ្លួនបាន ហើយត្រូវបានប្រកាសបញ្ជាក់ថាក្ស័យធនដោយតុលាការ។

Posted on Leave a comment

ខាតបង់ = Losses (សទ្ទានុក្រមពន្ធដារ)

វាក្យសព្ទនេះត្រូវបានផ្តល់និយមន័យដោយទូលាយថាជា លទ្ធផលនៃចំណាយច្រើនជាងចំណូលក្នុងរយៈពេលកំណត់ជាក់លាក់មួយ ឬជាលទ្ធផលនៃការលក់ទ្រព្យក្នុងតម្លៃតិចជាងថ្លៃដើម និងចំណាយ ឬក៏ជាលទ្ធផលនៃការបោះបង់ចោល ឬបំផ្លាញចោលនូវទ្រព្យនោះ។

Posted on Leave a comment

ខាតបង់សុទ្ធលើប្រតិបត្តិការ = Net Operating Loss (សទ្ទានុក្រមពន្ធដារ)

វាក្យសព្ទនេះ សំដៅដល់ចំនួនទឹកប្រាក់ ដែលចំណាយអាជីវកម្មលើសពីប្រាក់ចំណូលក្នុងឆ្នាំជាប់ពន្ធ។ ការខាតបង់ប្រតិបត្តិការរបស់អាជីវករ គឺអាស្រ័យដោយហេតុចំណាយប្រតិបត្តិការ ដែលមានចំនួនច្រើនជាងចំណូលទទួលបានពីប្រតិបត្តិការ។

Posted on Leave a comment

ខ្សែច្រវាក់ផលិតកម្ម = Production Line (សទ្ទានុក្រមពន្ធដារ)

-គឺជាបណ្តាញផលិតកម្មនៅក្នុងរោងចក្រដែលទំនិញណាមួយត្រូវបានផលិតឆ្លងកាត់ដំណើរការតាមលំដាប់លំដោយដោយគ្រឿងម៉ាស៊ីន ឬដោយដៃ។
-សម្រាប់រោងចក្រផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ខ្សែច្រវាក់ផលិតកម្មសំដៅដល់ប្រព័ន្ធបង្គុំ (ឧបករណ៍ គ្រឿង ម៉ាស៊ីន) បម្រើការដល់កិច្ចដំណើរការផលិតកម្មសម្រាប់ វេចខ្ចប់ស្រាបៀរ ឬភេសជ្ជៈគ្មានជាតិសុរាចូលទៅក្នុងដប កំប៉ុង ធុង ឬការវេចខ្ចប់ក្នុងទម្រង់ផ្សេងៗទៀត។

Posted on Leave a comment

ក្រុមអាជីវកម្ម = Pass-Through Entity (សទ្ទានុក្រមពន្ធដារ)

-គឺជារចនាសម្ព័ន្ធអាជីវកម្មដែលប្រាក់ចំណូលអាជីវកម្មត្រូវបានចាត់ទុកជាប្រាក់ចំណូលផ្ទាល់របស់ម្ចាស់។ ក្រុមអាជីវកម្ម ពុំត្រូវជាប់ពន្ធពីរដងដូចនីតិបុគ្គល (ពន្ធលើប្រាក់ចំណូលចំពោះនីតិបុគ្គល និងពន្ធលើប្រាក់ចំណូលចំពោះម្ចាស់ ភាគហ៊ុន)។ ការទទួលខុសត្រូវពន្ធត្រូវបានផ្ទេរទៅម្ចាស់ អាជីវកម្មដោយហេតុនេះហើយចំណូលអាជីវកម្មត្រូវបង់ពន្ធលើប្រាក់ចំណូលបុគ្គលតែប៉ុណ្ណោះ។
-នៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារនៃព្រះរាជាណាចក្រកម្ពុជា វាក្យសព្ទ “ក្រុមអាជីវកម្ម” ត្រូវបានជំនួសដោយវាក្យសព្ទ “ក្រុមហ៊ុនសហកម្មសិទ្ធិ”។

Posted on Leave a comment

ក្រុមហ៊ុនឯកជនទទួលខុសត្រូវមាន កម្រិត (ឯ.ក) = Private Limited Company (Co., Ltd) (សទ្ទានុក្រមពន្ធដារ)

គឺជាក្រុមហ៊ុនមូលធនមួយប្រភេទដែលបង្កើតឡើង និងចុះបញ្ជីតាមច្បាប់ មានសមាជិកភាគហ៊ុនចាប់ពី២នាក់ រហូតដល់ ៣០នាក់ ហើយសមាជិកម្នាក់ៗទទួលខុសត្រូវចំពោះបំណុលក្រុមហ៊ុនត្រឹមតែចំនួនភាគហ៊ុន ដែលខ្លួនបានដាក់ដើមទុនក្នុងក្រុមហ៊ុនប៉ុណ្ណោះ និងមិនអាចលក់ភាគហ៊ុនជាសាធារណៈបានទេ។

Posted on Leave a comment

ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ = General Partnership (សទ្ទានុក្រមពន្ធដារ)

គឺជាក្រុមហ៊ុនសហកម្មសិទ្ធិមួយប្រភេទដែលកើតឡើងពីកិច្ចសន្យារវាងបុគ្គលពីរ ឬច្រើននាក់ ដែលដាក់រួមគ្នានូវទ្រព្យសម្បត្តិ ចំណេះដឹង ឬសកម្មភាពរបស់បុគ្គលទាំងនោះ ដើម្បីប្រកបអាជីវកម្មរួមគ្នាក្នុងគោលបំណងរកប្រាក់ចំណេញ ហើយសមាជិកទាំងអស់ជាសហកម្មសិទ្ធិករទូទៅ។

Posted on Leave a comment

ក្រុមហ៊ុនសហកម្មសិទ្ធិ = Partnership (សទ្ទានុក្រមពន្ធដារ)

គឺជាសហគ្រាសដែលបង្កើតឡើងដោយរូបវន្តបុគ្គលពីរ ឬច្រើននាក់ ដែលដាក់រួមគ្នានូវទ្រព្យសម្បត្តិ ឬចំណេះដឹង ឬសកម្មភាពរបស់រូបវន្តបុគ្គលទាំងនោះដើម្បីប្រកបអាជីវកម្មរួមគ្នា។ ក្នុងនិយមន័យនេះ ក្រុមហ៊ុនសហកម្មសិទ្ធិ រួមមានក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ និងក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត។

Posted on Leave a comment

ក្រុមហ៊ុនមូលធន = Limited Company (សទ្ទានុក្រមពន្ធដារ)

គឺជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ដែលបង្កើតដោយលក្ខន្តិកៈ និងជានីតិបុគ្គលដាច់ដោយឡែកពីម្ចាស់ភាគហ៊ុន ហើយម្ចាស់ភាគហ៊ុនទទួលខុសត្រូវត្រឹមចំនួនភាគហ៊ុនដែលខ្លួនបានទិញ។ ក្រុមហ៊ុននេះគ្រប់គ្រង និងដឹកនាំដោយក្រុមប្រឹក្សាភិបាល។ ក្រុមហ៊ុនមូលធនមាន២ប្រភេទ គឺក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត និងឯកជន ទទួលខុសត្រូវមានកម្រិត។

Posted on Leave a comment

ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត = Limited Partnership (សទ្ទានុក្រមពន្ធដារ)

គឺជាក្រុមហ៊ុនសហកម្មសិទ្ធិមួយប្រភេទ ដែលកើតចេញពីកិច្ចសន្យារវាងសហកម្មសិទ្ធិករទូទៅម្នាក់ ឬច្រើននាក់ ដែលមានបុគ្គលម្នាក់ត្រូវបានអនុញ្ញាតឱ្យគ្រប់គ្រង និងមានកាតព្វកិច្ចនៅក្នុងក្រុមហ៊ុនជាមួយសហកម្មសិទ្ធិករមាន កម្រិតម្នាក់ ឬច្រើននាក់ដែលមានកាតព្វកិច្ចបង់ភាគទុន ចូលទៅក្នុងក្រុមហ៊ុនសហកម្មសិទ្ធិនោះ។

Posted on Leave a comment

ក្រុមហ៊ុនវិនិយោគ = Investment Company (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ក្រុមហ៊ុនសាជីវកម្មដែលធ្វើសកម្មភាពវិនិយោគទាំងស្រុង ឬស្ទើរតែទាំងស្រុង ដូចជាការកាន់កាប់អចលនទ្រព្យ និងការប្រមូលចំណូលពីអចលនទ្រព្យទាំងនោះ ហើយដែលការទិញ និងលក់ភាគហ៊ុន មូលបត្រ អចលនទ្រព្យ ឬទ្រព្យសម្បត្តិវិនិយោគផ្សេងៗទៀត ជាសកម្មភាពបន្ទាប់បន្សំប៉ុណ្ណោះ។

Posted on Leave a comment

ក្រុមហ៊ុនរួមទុន/សម្ព័ន្ធអាជីវកម្ម = Joint Venture (សទ្ទានុក្រមពន្ធដារ)

-ប្រើសម្រាប់កំណត់អំពីទំនាក់ទំនងរវាងភាគី ដែលមានសកម្មភាពអាជីវកម្មរួមគ្នា ដើម្បីទទួលបានផលចំណេញរៀងខ្លួន ឬផលចំណេញរួមគ្នា។ ក្រុមហ៊ុនរួមទុននេះ អាចបណ្តាក់ទុនរួមគ្នាជាសាជីវកម្ម ឬបណ្តាក់ទុនរួមគ្នាដែលមិនមែនជាសាជីវកម្ម។
-សម្រាប់កម្មវត្ថុនៃពន្ធដារ សំដៅដល់សកម្មភាពអាជីវកម្មរួមគ្នា រវាងអ្នកជាប់ពន្ធនិវាសនជន និងអ្នកជាប់ពន្ធនិវាសនជន ឬអ្នកជាប់ពន្ធនិវាសនជន និងអ្នកជាប់ពន្ធអនិវាសនជន ឬអ្នកជាប់ពន្ធអនិវាសនជន និងអ្នកជាប់ពន្ធអនិវាសនជនចាប់ពីពីរឡើងទៅ ដោយមិនបង្កើតជានីតិបុគ្គលដាច់ដោយឡែកទេ។