អាយុ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. អាយុស៑ ឬជា អាយុ ក៏មានខ្លះ) ដំណើរប្រព្រឹត្តទៅនៃជីវិត, កាលរបស់ជីវិត, កាលដែលជីវិតកំពុងនៅមាន។
ឧទាហរណ៍៖ អាយុ២០ឆ្នាំ ។
ខ្មែរប្រើជា អាយូស ក៏មាន (—យ៉ូស), ក្លាយមកពី សំ. អាយុស៑ ។ អាយុកប្ប ឬ —កល្ប (—ក័ប ឬ —ក័ល) កំណត់នៃអាយុ ។ អាយុកាម ការចង់បានអាយុវែង ។ អាយុកាល កាលនៃអាយុ គឺជំនាន់, ស្រករ, ស្របក់ស្របាលនៃអាយុឬកាលកំណត់នៃអាយុចំនួនប៉ុណ្ណោះៗ ។ អាយុក្ខ័យ ឬ —ក្ស័យ ដំណើរអស់អាយុ ។ អាយុគណនា (—គៈណៈ—) ការរាប់អាយុ ។ អាយុជន្ម ឬ —ជន្មន, —ជន្មា,— ជន្មាន (—ជន់ ឬ —ជន់-ន្ម័ន, ជន់-ន្មា, ជន់-ន្មាន; សំ. ស. ) អាយុកំណើត គឺអាយុដែលរាប់តាំងពីថ្ងៃចាប់កំណើតឬតាំងពីថ្ងៃកើតមកដល់ថ្ងៃនេះ (ម. ព. ជន្ម ផង) ។ អាយុជីវិត (បា. ស. ) ដំណើរមានអាយុរស់នៅ។
ឧទាហរណ៍៖ សូមឲ្យខ្ញុំមានអាយុជីវិតតទៅទៀត! ។
អាយុទាន ការឲ្យអាយុ គឺការជួយឲ្យមានជីវិត (ជីវិតទាន) ។ អាយុបរិច្ឆេទ (—ប៉ៈរ៉ិច-ឆែត) ការកំណត់អាយុ ។ អាយុបរិមាណ (—ប៉ៈរ៉ិម៉ាន) ការរាប់អាយុ; ការស្មានអាយុ ។ អាយុបរិយោសាន ឬ អាយុហបរិយោសាន (—ប៉ៈរ៉ិយ៉ោ— ឬ —ហៈ—; បា. ; សំ. អាយុស៑ + បយ៌វសាន, ស៑ > ះ = អាយុះបយ៌វសាន) ទីបំផុតនៃអាយុ ។ អាយុប្បមាណ ឬ —ប្រមាណ ចំនួនអាយុ ។ អាយុពរ (បា. ស. ) ពរថាឲ្យមានអាយុវែង (ដូចពរថា សូមឲ្យអ្នកមានអាយុវែង!…) ។ អាយុពេទ្យ ឬ —វេជ្ជ ពេទ្យអ្នកចេះវិធីថែរក្សាឲ្យមានអាយុវែង ឬពេទ្យអ្នកចេះថ្នាំចម្រើនអាយុ ។ អាយុវឌ្ឍនៈ ឬ —វឌ្ឍន៍ (—វ័ត-ឍៈនៈ ឬ—វ័ត) ដំណើរចម្រើនអាយុ។
ឧទាហរណ៍៖ ថ្នាំអាយុវឌ្ឍនៈ ថ្នាំចម្រើនអាយុ (ហៅ អាយុវឌ្ឍនភេសជ្ជ ក៏បាន) ។
អាយុវឌ្ឍនការណ៍ ហេតុដែលនាំឲ្យចម្រើនអាយុ ។ អាយុ, វណ្ណៈ, សុខៈ, ពលៈ អាយុ (វែង), សម្បុរ (កាយល្អ), សេចក្ដីសុខ, កម្លាំង (ពាក្យសម្រាប់ឲ្យពរ) : សូមឲ្យអ្នកមានអាយុ, វណ្ណៈ, សុខៈ, ពលៈ! ។ អាយុវស្សា អាយុនិងវស្សា គឺចំនួនអាយុនិងចំនួនវស្សាដែលបួស ( បានប៉ុន្មានហើយ? ) ។ អាយុវេទ ឬ អាយុព្វេទ, អាយុវ៌េទ (សំ. អាយុស៑ > អាយុរ៑ + វេទ > អាយុវ៌េទ) វិទ្យាសម្រាប់រក្សាអាយុ, វិជ្ជាសម្រាប់ចម្រើនអាយុ, សម្រាប់បង្កើតសុខភាព ។ អាយុសង្ខារ (បា. ; សំ. អាយុស៑ + សំស្ការ > អាយុះសំស្ការ) ការភ្ជុំអាយុ, ការកំណត់អាយុដែលនឹងដល់មរណកាល ។ អាយុសេស (—សែស) សេសនៃអាយុ គឺអាយុដែលមានសេស មិនគត់ឆ្នាំ ។ អាយុស្មន្ត, ឬ អាយស្មន្ត, អាយស្មា (—យុស-ស្មន់ ឬ —យ៉័ស-ស្មន់, —យ៉័ស-ស្មា; សំ. អាយុឞ្មន៑ ឬ អាយុឞ្មន្ត៑; បា. អាយស្មា < អាយុ + មន្តុ) អ្នកមានអាយុ ។ ពាក្យលំអុតសម្រាប់ហៅមនុស្សក្មេងជាងខ្លួនឬអ្នកដែលតូចជាងខ្លួន, ដែលគេគោរពខ្លួន (ច្រើនប្រើខាងបព្វជិតជាងគ្រហស្ថ)។
ឧទាហរណ៍៖ និមន្តទៅណាអាយុស្មន្ត?; និមន្តអាយុស្មន្តមកខាងណេះ! ; អាយុស្មន្តសុខសប្បាយទេឬ? ( ម. ព. អាវុសោ ផង ) ។
ដំណើរប្រព្រឹត្តទៅនៃជីវិត កាលរបស់ជីវិត កាលដែលជីវិតកំពុងនៅមាន កំណត់នៃអាយុ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត