អស់
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មិនមាន, លែងមាន; មិនសល់, ឥតសេសសល់; ចប់; ស្រេច; ផុត; រលត់; សូន្យ។ល។
ឧទាហរណ៍៖ អស់ទ្រព្យ; អស់ប្រាក់ចាយ ។ អស់កម្ម រដោះបាប ។ អស់កម្មនឹងគ្នា លាកចិត្តលែងរាប់រកគ្នាជាគូស្រករតទៅទៀត ។ អស់កម្លាំង ថយឬស្បើយកម្លាំង ។ អស់កាស (ព. ប្រ. ) ខ្សត់ខ្សោយជាងពីដើម : ឡើងដៃអស់កាស ឡើងបុណ្យស័ក្ដិ ប៉ុន្តែថយខ្សោយទ្រព្យជាងពីមុន (ព. ទ. បុ. ) ។ អស់ក្បាច់ (ព. ប្រ. ) ទ័លគំនិតទ័លប្រាជ្ញា; ទ័លឧបាយត្រឹមប៉ុណ្ណោះ ។ អស់កើត លែងកើត, ធ្វើមិនកើត, មិនសម្រេច ។ អស់ក្បួន អស់ចំណេះ; អស់ពីចិត្ត ។ អស់ក្លាក់ (ព. សា. ) អស់កែទៅទៀតបាន; ដែលគេរកឧបាយស្ដីប្រដៅឬជួយជ្រោមជ្រែងតទៅទៀតពុំកើត : មនុស្សអស់ក្លាក់ ។ អស់ខុស លែងខុស ។ អស់ខ្យល់ ស្ងប់លែងមានខ្យល់ ។ ផុតរលត់ខ្យល់ដង្ហើម (ស្លាប់) ។ អស់គេ ឬ អស់ទាំងគេ គេទាំងឡាយ : អស់គេរាល់គ្នា, មិនដូចអស់ទាំងគេ ។ អស់ចង់ ឬ អស់ចំណង់ លែងចង់ឬលែងមានចំណង់; ពេញចំណង់ ។ អស់ចិត្ត ស្កប់ចិត្ត, ល្មមដល់ចិត្ត ។ អស់ចំណេះ ផុតការចេះ, លែងចេះតទៅទៀត : ធ្វើអស់ចំណេះប៉ុណ្ណឹងហើយ! ។ អស់ច្បាប់ ពេញច្បាប់, ត្រឹមត្រូវតាមច្បាប់; ពេញលក្ខណៈគ្រប់គ្រាន់ ។ អស់ជើង សព្វគ្រប់, គ្រប់គ្រាន់; ពេញល្បិច, ពេញបន្ទុក ។ អស់ជំនុំ (ព. បុ. ) ប្រជុំសេនាបតីអ្នកជំនុំសម្រេចការផែនដី (ច្រើនហៅ) : អស់លោកអស់ជំនុំ ឬ ព្រះបាទអស់ជំនុំ ( សព្វថ្ងៃនេះលើកលែងមិនប្រើ ) ។ អស់ជម្រើស ដែលសល់ពីគេជ្រើសសម្រាំងយកតែល្អៗអស់ទៅហើយ : របស់អស់ជម្រើស ។ មនុស្សអស់ជម្រើស មនុស្សមិនបានការ ។ អស់ដៃ អស់កម្លាំងដៃ ។ ព. ប្រ. ធ្វើទៅទៀតមិនកើត, ធ្វើលែងកើត ។ អស់ដៃអស់ជើង អស់កម្លាំងដៃជើង ។ ព. ប្រ. អស់ពីចិត្ត, អស់បែប, អស់យ៉ាង : នាំគ្នាប្រឹងឲ្យអស់ដៃអស់ជើង! ។ អស់តម្រិះ អស់គំនិតត្រិះរិះ, ត្រិះរិះតទៅទៀតមិនលេចឬមិនចេញគំនិត, ទ័លគំនិត ។ អស់ទំហឹង ពេញទំហឹង : ចោលអស់ទំហឹងដៃ។ អស់ទាំង ទាំងឡាយ : អស់ទាំងគេៗនៅជាសុខ ឯងរងទុក្ខ ឥតអ្នកណាជួយកើត! ; អស់ទាំងគេរាល់គ្នា ។ អស់នេះ ទាំងនេះ : កូនអស់នេះ, អ្នកអស់នេះ, របស់អស់នេះ ។ អស់នុ៎ះ ឬ អស់នោះ ទាំងនុ៎ះ, ទាំងហ្នឹង, អស់ហ្នឹង, ឬទាំងនោះ ។ អស់បែប គ្រប់បែប, ពេញបែប : ធ្វើឲ្យអស់បែប ។ អស់ពិស លែងមានពិស ។ ព. ប្រ. អស់អំណាច, អស់ពុតកំណាច ។ អស់ពីរួចពី : អស់ពីនុ៎ះនោះ រួចពីនុ៎ះហើយនោះទៀត ។ អស់យ៉ាង គ្រប់យ៉ាង គ្រប់បែប; សព្វគ្រប់; ក្រៃពេក, ណាស់, ពេកណាស់ : លេងឲ្យអស់យ៉ាង; ពិបាកអស់យ៉ាង; ឆ្ងាញ់អស់យ៉ាង ។ អស់រាជ្យ អស់ព្រះជន្ម (ក្សត្រិយ៍អស់ព្រះជន្ម) ។ ព. ប្រ. ពោធិ៍អស់រាជ្យ ដើមពោធិ៍តាយសាក (ចំពោះតែដើមពោធិ៍ដែលមានគេគោរព) ។ អស់រឿង គ្រប់សព្វ : អធិប្បាយឲ្យអស់រឿង ។ អស់លោក ពួកមន្ត្រី : រៀបកៅអីជូនអស់លោក ។ សព្ទអារក្សថា “បង់បត់, មេមត់, បិសាច, ខ្មោចអារក្ស” : អាស្រមអស់លោក, បន់អស់លោក, អស់លោកមកសណ្ឋិត។ អស់លោក-អ្នក លោកនិងអ្នកទាំងឡាយ : សូមអស់លោក-អ្នកអញ្ជើញទៅចួបជុំកុំខាន! ។ អស់សាច់ (ព. ប្រ. ) អស់ស្ដីថាកើត, លែងស្ដីប្រដៅកើត; អស់កែកើត ។ អស់ហើយ គ្មានហើយ, ឥតមានសេសសល់ឡើយ; សព្វគ្រប់ហើយ, ល្មមដល់ការហើយ; ស្រេចហើយ, ស្រេចបាច់ហើយ : អស់ហើយត្រឹមប៉ុណ្ណឹង ។ អស់ហ្នឹង ទាំងហ្នឹង, អស់នុះ : អ្នកអស់ហ្នឹង, ក្មេងអស់ហ្នឹង, របស់អស់ហ្នឹង ។ អស់អង្គ អស់ទាំងខ្លួន, សព្វសព៌ាង្គកាយ : ល្អអស់អង្គ, ឈឺអស់អង្គ (ច្រើនប្រើក្នុងកាព្យ) ។ អស់អថ៌ ឬ អស់អាថ៌ អស់សេចក្តី, អស់ដំណើរសេចក្តី; ដោយសព្វគ្រប់ : និយាយឲ្យអស់អថ៌ (ប្រើជា អស់អាថ៌សេចក្តីក៏មាន) ។ អស់អ្នក អ្នកទាំងអស់គ្នា : អស់អ្នករាល់គ្នាចាំស្ដាប់ខ្ញុំ! ។ ស្រ្តីព្រះស្នំ : ពួកអស់អ្នក; បងខ្ញុំគាត់មានកូនស្រីម្នាក់ធ្វើអស់អ្នក ។ អស់ឯង ឯងទាំងអស់គ្នា : អស់ឯងរាល់គ្នាកុំអាលទៅណា ចាំអាស្រ័យបាយសិន ។ល។
👉ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា (ព. វ. ) ពាក្យជាអាយតនិបាតប្រាប់សេចក្តីថា “ប្រព្រឹត្តទៅរហូត, លុះដល់, កំណត់ត្រឹម” គឺតាំងនៅឬប្រព្រឹត្តទៅក្នុងកាលមានកំណត់ត្រឹមប៉ុណ្ណោះៗ។
ឧទាហរណ៍៖ នៅក្នុងស្រុកនោះអស់កាលយូរ; ដើរផ្លូវអស់មួយយប់មួយថ្ងៃ; ខ្ញុំបាទឈឺ ទៅទទួលទានដំណេកពេទ្យអស់បីខែ ទើបបានជា។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត