ភេសជ្ជៈគ្មានជាតិសុរា គឺជាប្រភេទទឹកភេសជ្ជៈដែលមានជាតិឧស្ម័ន ឬដាក់ស្ករ ឬដាក់សារជាតិផ្អែមផ្សេងទៀត ឬ ដាក់គ្រឿងក្រអូប ឬភេសជ្ជៈដទៃទៀតដែលគ្មានជាតិសុរា លើកលែងតែទឹក និងទឹកមានសារធាតុរ៉ែ (ទឹកមីណេរ៉ាល – Mineral Water) ទឹកដោះគោ ទឹកដមផ្លែឈើ ឬទឹកដមបន្លែ។
Author: Videos-Learning
ភ្នាក់ងារកាត់ទុក = Withholding Tax Agent (សទ្ទានុក្រមពន្ធដារ)
-វាក្យសព្ទនេះ សំដៅចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានតួនាទីទទួលខុសត្រូវក្នុងការគ្រប់គ្រងការទូទាត់ចំណាយ ដែលជាប់ពន្ធកាត់ទុក ដែលតម្រូវឱ្យមានការកាត់ទុក និងបង់ពន្ធកាត់ទុកជូនរដ្ឋបាលសារពើពន្ធ។
-នៅក្នុងច្បាប់ស្តីពីសារពើពន្ធកម្ពុជា វាក្យសព្ទនេះ សំដៅដល់បុគ្គលដែលបទប្បញ្ញត្ដិស្ដីពីពន្ធដារតម្រូវឱ្យធ្វើការកាត់ទុក និងបង់ប្រាក់ពន្ធក្នុងនាមនៃតតិយជន។ ភ្នាក់ងារកាត់ទុក គឺជាបុគ្គល ឬអ្នកទទួលភារៈបើកប្រាក់ពន្ធកាត់ទុកតាមរយៈការដាក់លិខិតប្រកាសសារពើពន្ធ និងបង់ប្រាក់ពន្ធ ដែលបានកាត់ទុកជូនរដ្ឋបាលសារពើពន្ធ។
ភាពសម្ងាត់នៃព័ត៌មានពន្ធដារ = Confidentiality of Tax Information (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ការរក្សាសម្ងាត់នូវព័ត៌មានទាក់ទងនឹងអ្នកជាប់ពន្ធដែលរដ្ឋបាលសារពើពន្ធ និងបុគ្គលគ្រប់រូប ឬធ្លាប់ជាមន្រ្តី និងភ្នាក់ងារនៃរដ្ឋបាលសារពើពន្ធទទួលបានក្នុងពេលបំពេញភារកិច្ចជាផ្លូវការ លើកលែងករណីច្បាប់អនុញ្ញាតតែប៉ុណ្ណោះ។
ភ្នាក់ងារ = Agent (សទ្ទានុក្រមពន្ធដារ)
សំដៅដល់បុគ្គលដែលមានសិទ្ធិ ឬអំណាចស្របច្បាប់ក្នុងការធ្វើសកម្មភាពជំនួសបុគ្គល ឬអង្គភាពណាមួយ។ ភ្នាក់ងារអាចត្រូវបានគេជួលឱ្យធ្វើជាតំណាងអតិថិជនក្នុងការចរចា និងការដោះស្រាយបញ្ហាផ្សេងទៀតជាមួយភាគីទីបី។ ភ្នាក់ងារអាចត្រូវបានផ្តល់សិទ្ធិ ឬអំណាចធ្វើការសម្រេចចិត្តលើកិច្ចការងារជាក់លាក់ណាមួយជួសមុខឱ្យបុគ្គល ឬអង្គភាពដែលផ្តល់សិទ្ធិជូន។
ភាពពេញលេញ = Completeness (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់ស្ថានភាព ឬលក្ខខណ្ឌ ឬកម្រិតគុណភាពមាន លក្ខណៈ ត្រឹមត្រូវ ពិតប្រាកដ ពេញលេញ សព្វគ្រប់ មិនមាន ការលាក់បាំង ឬលុបបំបាត់ ឬចន្លោះប្រហោងផ្នែកណាមួយ។
-សម្រាប់កម្មវត្ថុនៃសវនកម្មបច្ចេកវិទ្យាព័ត៌មាន សំដៅដល់រាល់មុខងារប្រតិបត្តិការនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមានដាក់បញ្ចូល និងទទួលយកសម្រាប់ដំណើរការនៅក្នុងប្រព័ន្ធទាំងស្រុងតែមួយលើក។
ភាពមិនប្រក្រតី = Exception (សទ្ទានុក្រមពន្ធដារ)
សម្រាប់កម្មវត្ថុនៃការធ្វើសវនកម្ម សំដៅដល់កំហុស ឬការភ្លាំងភ្លាត់ ដែលរកឃើញក្នុងអំឡុងពេលធ្វើតេស្តសវនកម្មមិនសមស្របតាមគោលការណ៍ ឬក្រឹត្យក្រមបន្ទាប់ពីឆ្លងកាត់ជំហានចាំបាច់មួយចំនួន។
ភាពមិនរើសអើង = Non-Discrimination (សទ្ទានុក្រមពន្ធដារ)
-ជាប្រភេទវាក្យសព្ទមួយសំដៅដល់គោលការណ៍រួមនៃជំហរមិនរើសអើងគ្នាទៅវិញទៅមក។
-នៅក្នុងសន្ធិសញ្ញាពន្ធ ជាញឹកញាប់ តែងតែមានមាត្រាចែងអំពី “ភាពមិនរើសអើង” ដែលកំណត់ថាពលរដ្ឋ ឬជនជាតិជានិវាសនជនរបស់ប្រទេសមួយផ្សេងទៀត អាចមិនមែនជាកម្មវត្ថុនៃពន្ធក្នុងស្រុក ដែលខុសពី ឬមានបន្ទុកបន្ថែមទៀតលើសពីពន្ធ ដែលពលរដ្ឋ ឬជនជាតិនៅក្នុងប្រទេសសាមីត្រូវបង់ក្រោមកាលៈទេសៈដូចគ្នា (រួមទាំងចំពោះការស្នាក់នៅ)។
ភាគលាភពីបុត្រសម្ព័ន្ធ = Upstream Dividend (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់ភាគលាភដែលត្រូវបានបង់ពីក្រុមហ៊ុនបុត្រសម្ព័ន្ធទៅក្រុមហ៊ុនមេ។
ភាគលាភអន្តរក្រុមហ៊ុន = Intercorporate Dividends (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ភាគលាភដែលត្រូវបានបែងចែករវាងក្រុមហ៊ុនពីរ (ក្នុងស្រុក ឬបរទេស) ដែលជាម្ចាស់ភាគហ៊ុន ឬដៃគូក្នុងក្រុមហ៊ុនវិនិយោគ។
ភាគលាភ = Dividend (សទ្ទានុក្រមពន្ធដារ)
-ពាក្យនេះសំដៅដល់សាច់ប្រាក់ ឬជាទ្រព្យ ដែលក្រុមហ៊ុននីតិបុគ្គលបែងចែកប្រាក់ចំណេញឱ្យម្ចាស់ភាគហ៊ុនទៅតាមកម្រិតនៃភាគកម្មរបស់ខ្លួននៅក្នុងដើមទុនផ្ទាល់របស់ ក្រុមហ៊ុន។
-សម្រាប់បរិបទពន្ធដារ ពាក្យនេះសំដៅដល់ចំណែកជាសាច់ប្រាក់ ឬជាទ្រព្យដែលនីតិបុគ្គលបានចែកឱ្យអ្នកចូលហ៊ុនទៅតាមកម្រិតនៃភាគកម្មរបស់ខ្លួននៅក្នុងដើមទុនផ្ទាល់របស់នីតិបុគ្គលលើកលែងតែការបែងចែកមូលធននានាក្នុងពេលជម្រះបញ្ជីរំលាយក្រុមហ៊ុនទាំងស្រុង។ ចំណែកណាមួយដែលចាត់ទុកថាជាភាគលាភ ឬមិនមែនជាភាគលាភ ត្រូវផ្អែកតាមលក្ខខណ្ឌខាងលើនេះដោយពុំគិតថានីតិបុគ្គលមាន ឬគ្មានប្រាក់ចំណូល ឬប្រាក់ចំណូលសុទ្ធក្នុងឆ្នាំចរន្ដ ឬពីឆ្នាំមុនៗឡើយ។
ភាគហ៊ុនបានបោះផ្សាយ = Issued Share Capital (សទ្ទានុក្រមពន្ធដារ)
ភាគហ៊ុនបានបោះផ្សាយ សំដៅដល់ភាគហ៊ុនដែលបានលក់ទៅឱ្យភាគទុនិកដោយក្រុមហ៊ុនសាជីវកម្ម។
ភាគហ៊ុន = Shares (សទ្ទានុក្រមពន្ធដារ)
-ភាគហ៊ុន ជាទូទៅ គឺសំដៅដល់ចំណែកជាឯកតា ឬជាសមាមាត្រនៃភាពជាម្ចាស់ភាគហ៊ុននៅក្នុងសហគ្រាស ក្រុមហ៊ុន ឬសាជីវកម្ម។
-ភាគហ៊ុន គឺជាចំណែកទាំងស្រុង ឬមួយផ្នែក ដែលជាកម្មសិទ្ធិរបស់បុគ្គល ឬក្រុមនៃបុគ្គល ដែលមានកម្មសិទ្ធិនៅក្នុងក្រុមហ៊ុន ឬសាជីវកម្ម។ ភាគហ៊ុនផ្តល់សិទ្ធិឱ្យម្ចាស់ភាគហ៊ុននូវសមាមាត្រនៃទ្រព្យសម្បត្តិ និងប្រាក់ចំណេញរបស់សាជីវកម្មស្មើនឹងភាគហ៊ុនដែលម្ចាស់ភាគហ៊ុនកាន់កាប់។
ភាគហ៊ុនបុរិមា = Preference Shares (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ភាគហ៊ុនដែលទទួលបានសិទ្ធិជាអាទិភាពក្នុងការបែងចែកភាគលាភមុនការទូទាត់ជូនម្ចាស់ភាគហ៊ុនធម្មតា។
ភាពត្រឹមត្រូវ ឬសុក្រឹតភាព = Accuracy (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់លក្ខខណ្ឌ ឬកម្រិតគុណភាពនៃភាពពិត ភាពត្រឹមត្រូវ ភាពជាក់លាក់ និងច្បាស់លាស់។
-សម្រាប់កម្មវត្ថុនៃសវនកម្មបច្ចេកវិទ្យាព័ត៌មាន ពាក្យនេះសំដៅដល់ចម្លងការ ឬប្រតិបត្តិការត្រូវបានកត់ត្រាក្នុងចំនួនត្រឹមត្រូវនៅក្នុងគណនី និងអំឡុងពេលសមស្រប។
ភតិបតី = Lessor (សទ្ទានុក្រមពន្ធដារ)
-គឺជាម្ចាស់កម្មសិទ្ធិស្របច្បាប់នៃចលនទ្រព្យ ឬអចលនទ្រព្យ ហើយផ្តល់ឱ្យអ្នកជួល (ភតិកៈ) នូវសិទ្ធិប្រើប្រាស់ ឬកាន់កាប់ចលនទ្រព្យ ឬអចលនទ្រព្យក្នុងរយៈពេលជាក់លាក់ណាមួយ។
-សម្រាប់ពន្ធលើភតិសន្យាហិរញ្ញវត្ថុ ភតិបតី សំដៅដល់បុគ្គលដែលជាអ្នកជាប់ពន្ធតាមរបបស័្វយប្រកាស និងមានអាជ្ញាប័ណ្ណអាជីវកម្មភតិសន្យាហិរញ្ញវត្ថុពីធនាគារជាតិនៃកម្ពុជា។ ភតិបតីធ្វើប្រតិបត្តិការភតិសន្យាហិរញ្ញវត្ថុដោយផ្ទេរសិទ្ធិកាន់កាប់និងសិទ្ធិប្រើប្រាស់ចលនវត្ថុទៅឱ្យភតិកៈ ដោយទទួលបានមកវិញនូវតម្លៃឈ្នួល ការប្រាក់ និងសេវាកម្មផ្សេងៗ។
ភតិសន្យា Lease (សទ្ទានុក្រមពន្ធដារ)
សម្រាប់កម្មវត្ថុនៃពន្ធលើចំណេញមូលធន ភតិសន្យា សំដៅដល់ប្រតិបត្តិការដែលភតិបតីចុះកិច្ចព្រមព្រៀងជាមួយភតិកៈ ដែលក្នុងនោះភតិកៈត្រូវបានផ្ដល់សិទ្ធិឱ្យកាន់កាប់ និងប្រើប្រាស់អចលនវត្ថុក្នុងរយៈពេលជាក់លាក់មួយដោយធ្វើការបង់ថ្លៃឈ្នួលតាមគ្រា ឬតាមតម្លៃសមមូល។ ភតិសន្យា មានរួមបញ្ចូលទាំងភតិសន្យាបន្តផងដែរ លើកលែងតែភតិសន្យាហិរញ្ញវត្ថុនៃចលនវត្ថុ និងភតិសន្យាពិសេស ដែលមានចែងក្នុងច្បាប់ស្ដីពីភតិសន្យាពិសេស។
ភតិសន្យាពិសេស = Special Lease (សទ្ទានុក្រមពន្ធដារ)
-វាក្យសព្ទនេះ ជាទូទៅ គឺសំដៅចំពោះប្រភេទភតិសន្យាណា ដែលកំណត់ឡើងនៅក្នុងប្រព័ន្ធផ្ទៃក្នុងរបស់អ្នកផ្គត់ផ្គង់ ឬអ្នកផ្តល់សេវា។
-នៅក្នុងក្របខ័ណ្ឌច្បាប់ វាក្យសព្ទនេះ សំដៅដល់ភតិសន្យា ពិសេសម្យ៉ាង ដែលភាគីម្ខាងហៅថាភតិបតីផ្តល់សិទ្ធិជូនទៅភាគីម្ខាងទៀតដែលជាកម្មករ សិស្ស និស្សិត ហៅថា ភតិកៈ ប្រើប្រាស់ក្នុងការស្នាក់នៅដោយយកថ្លៃ។
ភាគកម្មក្នុងធនធានរ៉ែ = Interest in Minerals (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់ភាគកម្មនៃផលប្រយោជន៍សេដ្ឋកិច្ចលើផ្ទៃដីនៃធនធានរ៉ែ។ ភាគកម្មនៃផលប្រយោជន៍នេះផ្តល់ឱ្យម្ចាស់នូវសិទ្ធិក្នុងការជីកយករ៉ែដែលស្ថិតនៅខាងក្រោមផ្ទៃនៃធនធានរ៉ែនោះ។
-នៅក្នុងបរិបទពន្ធដារ ភាគកម្មក្នុងធនធានរ៉ែ សំដៅដល់ការទូទាត់រាល់អត្ថប្រយោជន៍ផ្សេងៗពីភាគកម្មក្នុងធនធានរ៉ែ ក្រៅពីប្រាក់ចំណូលសុទ្ធបានមកពីអាជីវកម្មលើធនធាននេះ និងភាគលាភ។
ភតិកៈ = Lessee (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់បុគ្គលភាគីម្ខាងនៃភតិសន្យាដែលមានកាតព្វកិច្ចបង់ថ្លៃឈ្នួលដើម្បីជាថ្នូរជាមួយនឹងការទទួលបាននូវសិទ្ធិប្រើប្រាស់ និងអាស្រ័យផលពីវត្ថុណាមួយរបស់ភតិបតី។
-សម្រាប់ពន្ធលើភតិសន្យាហិរញ្ញវត្ថុ ភតិកៈ សំដៅដល់បុគ្គលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ឬរូបវន្តបុគ្គល ដែលទទួលសិទ្ធិកាន់កាប់ និងសិទ្ធិប្រើប្រាស់ចលនវត្ថុពីភតិបតី។
ភណ្ឌាគារគយមានដែនកំណត់ = Customs Bonded Warehouse (សទ្ទានុក្រមពន្ធដារ)
គឺជាអគារ ទីកន្លែង ឬទីលាន ដែលទទួលបានការអនុញ្ញាតឱ្យធ្វើសន្និធិទំនិញក្រោមការត្រួតពិនិត្យរបស់អង្គភាពគយសម្រាប់រយៈពេលជាក់លាក់ណាមួយ។ ទំនិញនាំចូល និងទំនិញក្នុងស្រុកសម្រាប់នាំចេញ អាចត្រូវបានដាក់ក្នុងភណ្ឌាគារគយមានដែនកំណត់។
ព័ត៌មានបច្ចេកទេស = Technical Information (សទ្ទានុក្រមពន្ធដារ)
-វាក្យសព្ទនេះ សំដៅដល់ព័ត៌មាននៃកម្មវិធីចំណេះដឹង ទិន្នន័យ លទ្ធផលតេស្ត ប្លង់ ស្នាដៃសិល្បៈ ដំណើរការ ស្គ្រីប គំនិត និងព័ត៌មានបច្ចេកទេសផ្សេងៗទៀត។
-សម្រាប់បរិបទនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សំដៅដល់ព័ត៌មានបច្ចេកទេសសម្ងាត់ដែលទាក់ទិនទៅនឹងផលិតផល ឬកិច្ចដំណើរការផលិតកម្ម ដែលផ្តល់ជូន អតិថិជន។
ឧ. : រូបមន្ត និងដ្យាក្រាមសម្ងាត់នៃដំណើរការផលិត។
ព្រឹត្តិការណ៍ពន្ធ = Taxable Event (សទ្ទានុក្រមពន្ធដារ)
សំដៅដល់សកម្មភាព ឬប្រតិបត្តិការណាដែលអាចនាំឱ្យមានជាប់បន្ទុកពន្ធ។
ពេលនៃការផ្គត់ផ្គង់ = Time of Supply (សទ្ទានុក្រមពន្ធដារ)
-គឺជាពេលជាក់លាក់មួយ ដែលអ្នកផ្គត់ផ្គង់ត្រូវចេញវិក្កយបត្រ ឬជាពេលដែលអ្នកផ្គត់ផ្គង់បានចេញវិក្កយបត្រ ប្រសិនបើវិក្កយបត្រនោះត្រូវបានចេញមុនពេលដែល អ្នកផ្គត់ផ្គង់ត្រូវចេញ។ អ្នកផ្គត់ផ្គង់ត្រូវចេញវិក្កយបត្រអាករលើតម្លៃបន្ថែមយ៉ាងយឺតបំផុត ៧ថ្ងៃក្រោយការបញ្ជូនទំនិញ ឬការបំពេញសេវា ឬក្រោយការទូទាត់ក្នុងករណីដែលការទូទាត់ត្រូវបានធ្វើឡើងមុនការបញ្ជូនទំនិញ ឬការបំពេញសេវា។
-សម្រាប់កម្មវត្ថុនៃអាករលើតម្លៃបន្ថែម ពេលនៃការផ្គត់ផ្គង់គឺជាពេលអ្នកជាប់ពន្ធត្រូវគិតអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ទំនិញ ឬសេវាពីគ្រប់អតិថិជន។
ពិភពឌីជីថល = Digital World (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់ពិភពនិម្មិតមួយដែលបង្កើតដោយថ្នាលឌីជីថល (Digital Platform) សម្រាប់គោលបំណងជាក់លាក់ក្នុងការផ្តល់អន្តរសកម្មរវាងតួអង្គពាក់ព័ន្ធនានាដោយប្រើប្រាស់អត្តសញ្ញាណឌីជីថល។
ពិគ្រោះយោបល់ពន្ធដារ = Tax Consultation (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់ដំណើរការនៃការផ្ដល់សេវាប្រឹក្សាយោបល់ ឬកិច្ចពិភាក្សានានាដោយមន្ដ្រីរាជការពន្ធដារ ឬដោយអ្នកជំនាញខាងផ្នែកពន្ធដារពាក់ព័ន្ធនឹងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជូនអ្នកជាប់ពន្ធ។
ពិនិត្យឯកសារ = Document Inspection (សទ្ទានុក្រមពន្ធដារ)
សម្រាប់កម្មវត្ថុនៃសវនកម្មពន្ធដារ វាក្យសព្ទនេះ សំដៅដល់ការពិនិត្យលើឯកសារ ឬព័ត៌មានរបស់សហគ្រាស ដែលតម្រូវដោយសវនករក្នុងកម្មវត្ថុនៃការធ្វើសវនកម្ម។
ពិគ្រោះយោបល់តាមរយៈទូរស័ព្ទ = GDT-Call Center (សទ្ទានុក្រមពន្ធដារ)
នេះជាសេវានៃការផ្ដល់ប្រឹក្សាយោបល់ ឬកិច្ចពិភាក្សានានាពាក់ព័ន្ធនឹងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជូនអ្នកជាប់ពន្ធតាមរយៈទូរស័ព្ទលេខ ១២៧៧ ដោយឥតគិតថ្លៃ។
ពិនិត្យពន្ធក្នុងពេលដំណាលគ្នា = Simultaneous Tax Examination (សទ្ទានុក្រមពន្ធដារ)
ការត្រួតពិនិត្យពន្ធក្នុងពេលដំណាលគ្នាដែលមានកំណត់នៅក្នុងផ្នែក A នៃគំរូកិច្ចព្រមព្រៀង OECD មានន័យថា “ការរៀបចំរវាងភាគីពីរ ឬច្រើនក្នុងការត្រួតពិនិត្យដំណាលគ្នា ឬដោយឯករាជ្យពីគ្នា ក្នុងដែនសមត្ថកិច្ចរៀងខ្លួនលើករណីពន្ធរបស់អ្នកជាប់ពន្ធណាមួយ ដើម្បីសម្រេចបាននូវ គោលបំណងដូចគ្នា និងរួមគ្នាតាមរយៈការផ្តល់គ្នាទៅវិញទៅមកនូវព័ត៌មានដែលអ្នកត្រួតពិនិត្យទទួលបាន។
ពិធីការ = Protocol (សទ្ទានុក្រមពន្ធដារ)
-គឺជារបៀបរបប ទម្លាប់ ឬនីតិវិធីផ្លូវការនៅក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋ ឬការទូត។
-សម្រាប់បច្ចេកវិទ្យាព័ត៌មាន សំដៅដល់វិធាន ឬក្បួន ដែលអនុញ្ញាតឱ្យបញ្ជូនទិន្នន័យអាចធ្វើការបញ្ជូនពីកន្លែងមួយទៅកន្លែងមួយបាន។
ពិគ្រោះយោបល់ផ្ទាល់ = Face to Face Consultation (សទ្ទានុក្រមពន្ធដារ)
នៅក្នុងបរិបទពន្ធដារ ការពិគ្រោះយោបល់ផ្ទាល់ គឺជាដំណើរការនៃការផ្ដល់ប្រឹក្សាយោបល់ ឬកិច្ចពិភាក្សានានាពាក់ព័ន្ធនឹងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជូនអ្នកជាប់ពន្ធតាមរយៈការជួបពិភាក្សាផ្ទាល់ជាមួយមន្រ្តីនៅតាមបណ្ដាអង្គភាពពន្ធដារ។
ពាណិជ្ជសញ្ញា = Trademark (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់ឈ្មោះ ពាក្យ និមិត្តសញ្ញា ឬរចនាបថ ដែលបានចុះបញ្ជីស្របច្បាប់នៅស្ថាប័នមានសមត្ថកិច្ច ដើម្បីបញ្ជាក់ បង្ហាញ ឬកំណត់នូវភាពជាកម្មសិទ្ធិនៃទំនិញ ឬសេវាកម្មរបស់រោងចក្រ អាជីវកម្ម ឬក្រុមហ៊ុនជាក់លាក់ណាមួយ។
-ជាឈ្មោះ ឬសញ្ញាសម្គាល់សម្រាប់បញ្ជាក់ និងសម្គាល់ពីលក្ខណៈខុសៗគ្នានៃសហគ្រាសនីមួយៗ។
ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក = Electronic Commerce/ E-Commerce (សទ្ទានុក្រមពន្ធដារ)
ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គឺជាសកម្មភាពទិញ លក់ ជួល ផ្លាស់ប្តូរទំនិញ ឬសេវា ដោយរាប់បញ្ចូលទាំងសកម្មភាពពាណិជ្ជកម្ម និងរដ្ឋប្បវេណីតាមប្រព័ន្ធអេឡិចត្រូនិក។
ឧ. : ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រួមមាន៖
-ដំណើរការនៃការបញ្ជាទិញទំនិញរូបីតាមប្រព័ន្ធអេឡិចត្រូនិក (Electronic Order Processing of Tangible Products)
-ការបញ្ជាទិញ និងការទាញយក (Download) ទំនិញឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក (Electronic Ordering and Downloading of Digital Products)
-ការធ្វើបច្ចុប្បន្នភាព និងបន្ថែមមុខងារថ្មីៗទៅលើសូហ្វវែរ (Software Updates and Add-Ons)
-ការផ្គត់ផ្គង់សេវាបង្ហោះកម្មវិធីសូហ្វវែរ-អាជ្ញាប័ណ្ណដាច់ដោយឡែកពីគ្នា (Application Hosting- Separate License)
-សេវាពិគ្រោះយោបល់តាមប្រព័ន្ធអេឡិចត្រូនិក (Electronic Access to Professional Advice)។ល។
ពាក្យស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម = VAT Refund Application Form (សទ្ទានុក្រមពន្ធដារ)
ពាក្យស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម គឺជាទម្រង់ដែលបោះពុម្ពចេញពីប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញរបស់អ្នកជាប់ពន្ធសម្រាប់ស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម។
ពាក្យសម្ងាត់កម្រិតខ្សោយ = Weak Password (សទ្ទានុក្រមពន្ធដារ)
សំដៅដល់សំណុំនៃអក្សរ លេខ និងសញ្ញាសម្ងាត់ផ្សេងៗទាំងឡាយដែលមានលក្ខណៈងាយផ្គុំបានដោយអ្នកមិនមែនជាម្ចាស់ ដូចខាងក្រោម៖
-មានអក្សរតិចជាង៨តួ
-អាចរកឃើញនៅក្នុងវចនានុក្រម និងមាននៅក្នុងភាសាសាមញ្ញដែលគេប្រើរាល់ថ្ងៃ ឬគ្រាមភាសា ជាដើម
-មានព័ត៌មានផ្ទាល់ខ្លួនដូចជា ថ្ងៃខែឆ្នាំកំណើត អាសយដ្ឋាន លេខទូរស័ព្ទ ឬឈ្មោះរបស់សមាជិកគ្រួសារ ឈ្មោះសត្វចិញ្ចឹម ឈ្មោះមិត្តភក្តិ និងឈ្មោះតួអង្គដែលខ្លួនពេញចិត្ត ជាដើម
-មានព័ត៌មានទាក់ទងនឹងការងារដូចជា ឈ្មោះអគារ ទីកន្លែង ឬស្ថាប័ន ជាដើម
-មានគំរូលេខ ឬអក្សរដូចជា aaabbb, qwerty, zyxwuts, ឬ123321
-មានពាក្យទូទៅដែលសរសេរបញ្ច្រាស ឬបន្តដោយតួលេខដូចជា 1secret, Changeme123។
ពាក្យស្នើសុំបង់ប្រាក់ពន្ធប្រចាំខែ/ប្រចាំឆ្នាំ = Pre-Payment (Monthly Tax/ Income Tax) Application Form (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ពាក្យស្នើសុំបង្ហាញអំពីប្រភេទពន្ធ ទឹកប្រាក់ពន្ធដែលត្រូវបង់នៅកាលបរិច្ឆេទជាក់លាក់ណាមួយមុនពេលសហគ្រាសបង់ប្រាក់ពន្ធនៅធនាគារ ឬសាខាពន្ធដារ ឬបង់ប្រាក់ពន្ធតាមប្រព័ន្ធអេឡិចត្រូនិកជាមួយធនាគារដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ។
ពាក្យសម្ងាត់កម្រិតខ្លាំង = Strong Password (សទ្ទានុក្រមពន្ធដារ)
ពាក្យសម្ងាត់កម្រិតខ្លាំងសំដៅដល់សំណុំនៃអក្សរ លេខ និងសញ្ញាសម្ងាត់ផ្សេងៗទាំងឡាយដែលមានលក្ខណៈពិបាកផ្គុំបានដោយអ្នកមិនមែនជាម្ចាស់ពាក្យសម្ងាត់ ដូចខាងក្រោម៖
-មានអក្សរលាយ ជាមួយនឹងលេខ យ៉ាងតិចបំផុត៨តួ (8 Characters)
-មានទាំងតួអក្សរតូច និងធំ
-មានលេខយ៉ាងតិចមួយតួ (ឧទាហរណ៍ : 0-9)
-មានសញ្ញាសម្គាល់ពិសេសយ៉ាងតិច១ (ឧទាហរណ៍ : !$%^&* ()_+|~=\`{}[]:”;
ពាក្យស្នើសុំប្រកាសពន្ធប្រចាំខែតាមប្រព័ន្ធអនឡាញ = Monthly Tax Return Online (E-Filing) Application Form (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ពាក្យស្នើសុំបង្ហាញសង្ខេបអំពីព័ត៌មានសហគ្រាស ប្រភេទពន្ធ និងប្រាក់ពន្ធតាមប្រភេទពន្ធនីមួយៗ និងសរុបដែលត្រូវបង់ប្រចាំខែតាមប្រព័ន្ធអនឡាញនៅកាលបរិច្ឆេទជាក់លាក់ណាមួយ ដោយមានការទទួលខុសត្រូវពីមា្ចស់សហគ្រាស ឬអ្នកតំណាងស្របច្បាប់។
ពហុផ្តាច់មុខ = Multiple Captives (សទ្ទានុក្រមពន្ធដារ)
ពហុផ្តាច់មុខ ជាវាក្យសព្ទសំដៅដល់ប្រភេទក្រុមហ៊ុនម្យ៉ាង ដែលមានក្រុមហ៊ុនធានារ៉ាប់រងផ្តាច់មុខលើសពីមួយទ្បើងទៅ។
ពហុគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (ពហុគម្រោង គ.ល.គ) = Multi Qualified Investment Projects (សទ្ទានុក្រមពន្ធដារ)
សំដៅដល់គម្រោងវិនិយោគ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់លើសពីមួយឡើងទៅ ហើយទទួលបានរយៈពេលលើកលែងពន្ធលើប្រាក់ចំណូលខុសៗគ្នា។
ពាក្យបណ្តឹង = Petition (សទ្ទានុក្រមពន្ធដារ)
នៅក្នុងបរិបទពន្ធដារ សំដៅដល់ពាក្យស្នើសុំទៅកាន់តុលាការ ឬចៅក្រម ដោយមានរៀបរាប់អំពីអង្គហេតុ និងស្ថានភាព ដែលបណ្តាលឱ្យកើតហេតុ ដើម្បីទទួលបានចំណាត់ការតាមផ្លូវតុលាការ។
ពាក្យសម្ងាត់ = Password (សទ្ទានុក្រមពន្ធដារ)
ពាក្យសម្ងាត់ គឺជាសំណុំនៃអក្សរ លេខ និងសញ្ញាសម្ងាត់ផ្សេងៗដែលអ្នកប្រើប្រាស់ប្រើសម្រាប់ប្រព័ន្ធ (ដូចជា កម្មវិធី ឬកុំព្យូទ័រ ជាដើម) ដើម្បីបញ្ជាក់ ឬផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ និងអាចទទួលបាននូវសិទ្ធិចូលប្រើប្រាស់ប្រព័ន្ធបាន។
ពហុគម្រោងមិនមែនគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (ពហុគម្រោងមិនមែន គ.ល.គ) = Multi Non-Qualified Investment Projects (សទ្ទានុក្រមពន្ធដារ)
សំដៅដល់សកម្មភាពអាជីវកម្មច្រើនប្រភេទ ដែលមិនមែនជាគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់។
ពន្ធលើប្រាក់ឱ្យខ្ចីសម្រាប់ទិញអចលនទ្រព្យ = Mortgage Tax (សទ្ទានុក្រមពន្ធដារ)
-យោងតាមសទ្ទានុក្រមរបស់ OECD ពន្ធលើប្រាក់ឱ្យខ្ចីសម្រាប់ទិញអចលនទ្រព្យ (Mortgage Tax) ដែលជាធម្មតាមានទម្រង់ជាពន្ធប្រថាប់ត្រាលើឯកសារ Mortgage។
-នៅប្រទេសមួយចំនួនពន្ធលើប្រាក់ឱ្យខ្ចីសម្រាប់ទិញអចលនទ្រព្យនេះ គឺសំដៅទៅលើពន្ធលើការប្រាក់ ដែលទទួលបានពីប្រាក់ឱ្យខ្ចីសម្រាប់ទិញអចលនទ្រព្យ។
ពន្ធអប្បបរមា = Minimum Tax (សទ្ទានុក្រមពន្ធដារ)
នៅក្នុងច្បាប់ស្តីពីសារពើពន្ធ ពន្ធអប្បបរមា សំដៅដល់ប្រភេទពន្ធដែលត្រូវបានគណនាតាមអត្រា ១% នៃផលរបរប្រចាំឆ្នាំ រួមបញ្ចូលទាំងពន្ធ-អាករទាំងអស់ លើកលែងតែអាករលើតម្លៃបន្ថែម។ ពន្ធអប្បបរមាត្រូវបង់សម្រាប់ឆ្នាំជាប់ពន្ធ អាចត្រូវបានកាត់បន្ថយដោយពន្ធលើប្រាក់ចំណូល ដែលបានបង់ជាក់ស្តែងនៅក្នុងឆ្នាំជាប់ពន្ធនោះ។ ពន្ធ អប្បបរមាត្រូវកំណត់លើសហគ្រាសទាំងឡាយណា ដែលមិនកាន់បញ្ជិកាគណនេយ្យបានត្រឹមត្រូវ។
ពលរដ្ឋឌីជីថល = Digital Citizen (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ប្រជាពលរដ្ឋ ដែលចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងកិច្ចការ និងការរស់នៅប្រចាំថ្ងៃ។
ពន្ធលើសកម្មភាពប្រតិបត្តិការ = Transaction Taxes (សទ្ទានុក្រមពន្ធដារ)
ជាទូទៅ គេប្រើវាក្យសព្ទនេះសំដៅដល់ពន្ធដែលកំណត់យកប្រភេទសកម្មភាពប្រតិបត្តិការជាក់លាក់ណាមួយជាកម្មវត្ថុនៃពន្ធ ដូចជាពន្ធលើការលក់ដូរ អាករលើតម្លៃបន្ថែម ពន្ធលើការផ្ទេរអចលនទ្រព្យ។ល។
ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ = Tax on Means of Transportation (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ពន្ធដែលប្រមូលប្រចាំឆ្នាំលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ រួមមាន រថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកអ្នកដំណើរ រុឺម៉កសណ្តោង ឬជលយានយន្ត (លើសពី ១៥០cc) ទាំងផ្លូវទន្លេ និងសមុទ្រ។
ពន្ធលើពន្ធ = Tax on Tax (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់ការកំណត់ពន្ធលើតម្លៃរួម ដែលមានបូកបញ្ចូលប្រភេទពន្ធមួយចំនួនរួចហើយ។
ពន្ធលើផលិតផលប្រណីត = Luxury Taxes (សទ្ទានុក្រមពន្ធដារ)
ពន្ធលើផលិតផលប្រណីត សំដៅដល់ពន្ធដែលកំណត់លើការលក់នៃប្រភេទផលិតផល ឬសេវាបែបប្រណីតម្យ៉ាងដែលមិនមែនសម្រាប់បំពេញសេចក្តីត្រូវការចាំបាច់ប្រចាំថ្ងៃរបស់មនុស្ស។
ពន្ធលើប្រាក់បៀវត្ស = Tax on Salary (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់ប្រភេទពន្ធដែលប្រមូលលើប្រាក់បៀវត្សរបស់និយោជិតតាមរយៈការកាត់ទុកដោយនិយោជក។
-នៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារនៃព្រះរាជាណាចក្រកម្ពុជា វាក្យសព្ទ “ពន្ធលើប្រាក់បៀវត្ស” សំដៅដល់ពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្ស ដែលបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបម្រើការងារ។ ក្នុងន័យនេះ វាក្យសព្ទ “ប្រាក់បៀវត្ស” សំដៅដល់បៀវត្ស លាភការ ប្រាក់បំណាច់ បុព្វលាភ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវនានា និងអត្ថប្រយោជន៍បន្ថែម ដែលបានទូទាត់ឱ្យដល់និយោជិត ឬដែលបានទូទាត់ដើម្បីជាប្រយោជន៍ផ្ទាល់ ឬប្រយោលដល់និយោជិតចំពោះការបំពេញសកម្មភាពបម្រើការងារ។
ពន្ធលើសេវាដឹកជញ្ជូន = Transportation Tax (សទ្ទានុក្រមពន្ធដារ)
ជាប្រភេទពន្ធដែលកំណត់លើយានជំនិះ នាវា និងយន្តហោះ ដែលប្រើប្រាស់លើផ្លូវសាធារណៈ ទន្លេ និងអាកាសយានដ្ឋាន ដែលគ្រប់គ្រងថែទាំដោយរដ្ឋាភិបាល។
ពន្ធលើប្រាក់ចំណូល = Tax on Income (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់ប្រភេទពន្ធប្រចាំឆ្នាំដែលរដ្ឋាភិបាលប្រទេសមួយប្រមូលលើប្រាក់ចំណូលដែលរូបវន្តបុគ្គល និងនីតីបុគ្គលទទួលបានពីសកម្មភាពអាជីវកម្ម ក្នុងដែនយុត្តាធិការរបស់ខ្លួន។
-ក្នុងបរិបទប្រទេសកម្ពុជា ពន្ធលើប្រាក់ចំណូល គឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូលប្រភពបរទេស និងជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធអនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា។
ពន្ធលើប្រាក់ចំណេញមិនបានបែងចែក = Undistributed Profits Tax (សទ្ទានុក្រមពន្ធដារ)
ជាប្រភេទពន្ធប្រចាំឆ្នាំលើចំនួនប្រាក់ចំណេញមិនទាន់បែងចែកភាគលាភ ដែលគិតបន្ថែមពីលើពន្ធលើប្រាក់ចំណូលសាជីវកម្មធម្មតា។
ពន្ធលើប្រាក់ចំណូលជាសកល = Global Income Tax (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ពន្ធលើប្រាក់ចំណូលដែលសរុបចំណូលពីគ្រប់ប្រភពទាំងអស់ក្នុងកម្រិតជាលក្ខណៈបុគ្គល (ឬជាលក្ខណៈគ្រួសារ) ដែលត្រូវបានកំណត់ពន្ធក្នុងអត្រាកំណើនតាមថ្នាក់រួម។
ពន្ធលើប្រាក់ឈ្នួលផ្ទះ និងដី = Tax on Immovable Property Rental (សទ្ទានុក្រមពន្ធដារ)
គឺជាប្រភេទពន្ធកំណត់យកលើប្រាក់ឈ្នួល ដែលបានមកពីការជួល៖
ក. អគារដែលសង់លើដីដូចជា៖ ផ្ទះ រោងចក្រ សណ្ឋាគារ ការិយាល័យ។ល។
ខ. យន្តូបករណ៍ដែលជាប់ជាមួយគ្រឹះស្ថានឧស្សាហកម្ម
គ. ឋាបនភណ្ឌពាណិជ្ជកម្ម ឧស្សាហកម្ម ដែលនៅនឹងមួយកន្លែង អគារធំៗដែលទុកដាក់ធាតុរាវ ឬផលិតផលផ្សេងៗ ដូចជាប្រេងឥន្ធនៈ កៅស៊ូចាក់ថ្នល់ គ្រាប់ធញ្ញជាតិ
ឃ. ផ្ទះអណ្តែតទឹក កប៉ាល់សម្រាប់ធ្វើលំនៅឋាន ឬដើម្បីប្រកបអាជីវកម្មផ្សេងៗ
ង. ដីធ្លីដែលគ្មានសំណង់ ដោយរាប់បញ្ចូលទាំងកន្លែងយកថ្ម យករ៉ែ ធ្យូងថ្ម បឹងបួរ ស្រែអំបិល។
ពន្ធលើប្រាក់ចំណេញ = Tax on Profit (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់ពន្ធដែលបានកំណត់លើប្រាក់ចំណេញប្រចាំឆ្នាំពីសកម្មភាពអាជីវកម្មគ្រប់ប្រភេទ រួមទាំងចំណូលផ្សេងៗដទៃទៀតដែលសហគ្រាសសម្រេចបានក្នុងឆ្នាំជាប់ពន្ធ។
-នៅក្នុងបរិបទពន្ធដារកម្ពុជា វាក្យសព្ទ “ពន្ធលើប្រាក់ចំណេញ” ត្រូវបានជំនួសដោយវាក្យសព្ទ “ពន្ធលើប្រាក់ចំណូល”។ វាក្យសព្ទ “ពន្ធលើប្រាក់ចំណូល” គឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូលប្រភពបរទេស និងជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធអនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា។
ពន្ធលើទ្រព្យសម្បត្តិ = Property Tax (សទ្ទានុក្រមពន្ធដារ)
-សំដៅដល់ប្រភេទពន្ធដែលយកលើទ្រព្យសម្បត្តិ ដែលជាកម្មសិទ្ធិរបស់រូបវន្តបុគ្គល និងនីតិបុគ្គល ដោយយោងទៅតាមការវាយតម្លៃនៃទ្រព្យសម្បត្តិនីមួយៗ។
-ក្នុងបរិបទពន្ធដារកម្ពុជា ពន្ធដែលអនុវត្តពាក់ព័ន្ធនឹងទ្រព្យសម្បត្តិនេះ មានដូចជា ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ។
ពន្ធលើការលក់រាយ = Retail Sales Tax (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ប្រភេទពន្ធតែមួយដំណាក់កាល ដែលអនុវត្តនៅពេលមានការលក់ទំនិញទៅអ្នកប្រើប្រាស់ចុងក្រោយដោយអ្នកលក់រាយ ឬពាណិជ្ជករផ្សេងៗទៀត។
ពន្ធលើតម្លៃសុទ្ធនៃទ្រព្យសកម្ម = Net Worth Tax (សទ្ទានុក្រមពន្ធដារ)
នៅបណ្តាប្រទេសអឺរ៉ុបជាច្រើន ធ្វើការកំណត់ពន្ធលើតម្លៃសុទ្ធនៃទ្រព្យសកម្ម ក្នុងបរិបទនៃការយកពន្ធលើអចលនទ្រព្យ។ មូលដ្ឋានគិតពន្ធសម្រាប់អ្នកជាប់ពន្ធនិវាសនជនជាធម្មតា គឺកំណត់លើតម្លៃសុទ្ធនៃទ្រព្យសកម្មមាននៅទូទាំងពិភពលោករបស់អ្នកជាប់ពន្ធនោះ ពោលគឺត្រូវយកតម្លៃទ្រព្យសកម្មសរុបដកចេញនូវបំណុល រួមជាមួយនឹងការកាត់កង និងការលើកលែងពិសេសនានាដែលត្រូវបានអនុញ្ញាតដោយច្បាប់ពន្ធ។
ពន្ធប្រយោល = Indirect Tax (សទ្ទានុក្រមពន្ធដារ)
-ពន្ធប្រយោល ដែលជាទូទៅគេហៅថា ពន្ធលើការប្រើប្រាស់ ឬអាករលើការប្រើប្រាស់។ អាករទាំងនេះត្រូវបានប្រមូលដោយប្រយោលតាមរយៈសហគ្រាសដែលផ្គត់ផ្គង់ទំនិញ ឬសេវាលើរាល់អ្នកប្រើប្រាស់ ទោះបីអ្នកប្រើប្រាស់មានប្រាក់ចំណូល ឬគ្មានប្រាក់ចំណូលក៏ដោយ ដែលផ្ទុយពីពន្ធផ្ទាល់ដែលត្រូវប្រមូលពីអ្នកមានប្រាក់ចំណូល ឬអ្នកមាន ទ្រព្យសម្បត្តិ។
-សម្រាប់បរិបទកម្ពុជា ពន្ធប្រយោល សំដៅដល់៖ អាករលើតម្លៃបន្ថែម អាករពិសេស អាករសម្រាប់បំភ្លឺសាធារណៈ អាករលើការស្នាក់នៅ។ល។
ពន្ធលើការលក់ = Sales Tax (សទ្ទានុក្រមពន្ធដារ)
-នេះជាប្រភេទពន្ធដែលគិតជាភាគរយនៃតម្លៃ និងពេលខ្លះលើសេវាកម្ម។ ពន្ធនេះជាទូទៅ គឺជាបន្ទុករបស់អ្នកទិញប៉ុន្ដែអ្នកលក់ទទួលខុសត្រូវក្នុងការប្រមូល និងបង់ជូនរដ្ឋបាលសារពើពន្ធ។
-នៅកម្ពុជា មិនអនុវត្តតាមប្រភេទពន្ធនេះទេ ប៉ុន្តែអនុវត្តអាករលើតម្លៃបន្ថែម ដែលកំណត់លើ “តម្លៃបន្ថែម” នៃ ទំនិញ ឬសេវាដែលបុគ្គលជាប់អាករបានផ្គត់ផ្គង់នៅក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។ អាករនេះ ជាប្រភេទពន្ធប្រយោលដែលកំណត់លើតម្លៃទំនិញ ឬសេវាដែលបាន ផ្គត់ផ្គង់ ហើយអ្នកផ្គត់ផ្គង់ទំនិញ ឬសេវាមានកាតព្វកិច្ចប្រមូលអាករពីអ្នកទិញ និងបង់ជូនរដ្ឋបាលសារពើពន្ធ។
ពន្ធលើការផ្ទេរទ្រព្យរំលងជំនាន់ = Generation Skipping Tax (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ប្រភេទពន្ធដែលត្រូវបានកំណត់ដើម្បីការពារការចៀសវាងពន្ធនៃការផ្ទេរកម្មសិទ្ធិ (ឧទាហរណ៍ : ពន្ធលើការផ្ទេរអចលនទ្រព្យ និងពន្ធលើអំណោយ) ក្នុងរង្វង់ញាតិពីមួយជំនាន់ទៅមួយជំនាន់ទៀត។
ពន្ធលើការផ្ទេរទ្រព្យ = Transfer Tax (សទ្ទានុក្រមពន្ធដារ)
-ជាប្រភេទពន្ធម្យ៉ាងដែលគេកំណត់លើការផ្ទេរទំនិញ ឬសិទ្ធិ។ល។ (ឧទាហរណ៍ : ដូចជាការទិញ និង/ឬការលក់មូលបត្រ និងអចលនទ្រព្យ ជាដើម)។
-នៅកម្ពុជា ពន្ធលើការផ្ទេរទ្រព្យនេះហៅថាពន្ធប្រថាប់ត្រា។
ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់យានជំនិះ = Vehicle Ownership Transfer tax (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ពន្ធដែលរូបវន្តបុគ្គល ឬនីតិបុគ្គលត្រូវបង់នៅពេលផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់យានជំនិះ ដូចជាការទិញ-លក់ ឬការដោះដូរ ឬការធ្វើអំណោយ ឬការដាក់ភាគហ៊ុនជាយានជំនិះក្នុងក្រុមហ៊ុន ដែលរួមមានដូចជា រថយន្ត ទូក កាណូត កប៉ាល់ ស្រឡាង។ល។
ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ = Immovable Property Ownership Transfer Tax (សទ្ទានុក្រមពន្ធដារ)
នេះគឺជាប្រភេទពន្ធដែលរូបវន្តបុគ្គល ឬនីតិបុគ្គលត្រូវបង់នៅពេលផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដូចជា ការទិញ-លក់ ឬការដោះដូរ ឬការធ្វើអំណោយ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន។
ពន្ធប៉ាតង់ = Patent Tax (សទ្ទានុក្រមពន្ធដារ)
ពន្ធប៉ាតង់ សំដៅដល់ពន្ធប្រចាំឆ្នាំដែលត្រូវបានកំណត់លើសកម្មភាពអាជីវកម្ម ដោយផ្អែកលើប្រភេទអ្នកជាប់ពន្ធ និងកម្រិតផលរបរ។ ពន្ធប៉ាតង់ត្រូវបង់ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃ៣១ ខែមីនា ជារៀងរាល់ឆ្នាំ។ សម្រាប់សហគ្រាសដែលទើបចាប់ផ្តើមប្រកបអាជីវកម្ម ត្រូវបង់ពន្ធប៉ាតង់ពេញមួយឆ្នាំ ប្រសិនបើចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល ៦ខែដើមឆ្នាំ ឬត្រូវបង់ពន្ធប៉ាតង់ពាក់កណ្តាលឆ្នាំ ប្រសិនបើចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល ៦ខែចុងឆ្នាំ។
ពន្ធបន្ថែម = Additional Tax (សទ្ទានុក្រមពន្ធដារ)
នៅក្នុងច្បាប់ស្តីពីសារពើពន្ធ ពន្ធបន្ថែម សំដៅដល់ទោសទណ្ឌផ្នែករដ្ឋបាល ដែលត្រូវអនុវត្តចំពោះបទល្មើសលើ បទប្បញ្ញត្តិស្តីពីពន្ធដារ។ ពន្ធបន្ថែមសម្រាប់ការបង់ពន្ធខ្វះ ឬការបង់យឺត ត្រូវគណនាដាច់ដោយទ្បែកពីពន្ធបន្ថែមចំពោះការរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ៖
-ចំពោះបុគ្គល ដែលមានការធ្វេសប្រហែសលើកាតព្វកិច្ចពន្ធ ប្រាក់ពន្ធបន្ថែមត្រូវស្មើនឹង១០% នៃចំនួនប្រាក់ពន្ធដែលបង់ខ្វះ ឬបង់យឺត
-ចំពោះបុគ្គលដែលមានការធ្វេសប្រហែសធ្ងន់ធ្ងរលើកាតព្វកិច្ចពន្ធ ប្រាក់ពន្ធបន្ថែមត្រូវស្មើនឹង២៥% នៃចំនួនប្រាក់ពន្ធដែលបង់ខ្វះ
-ក្នុងករណីការកំណត់ពន្ធជាឯកតោភាគី ប្រាក់ពន្ធបន្ថែមត្រូវស្មើនឹង៤០% នៃចំនួនប្រាក់ពន្ធដែលបង់ខ្វះ
-ចំពោះការប្រព្រឹត្តអំពើរាំងស្ទះការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ ប្រាក់ពន្ធបន្ថែមត្រូវស្មើនឹង ២ ០០០ ០០០ រៀល (ពីរលានរៀល) ចំពោះបុគ្គល អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកក្រោមរបបស្វ័យប្រកាស ឬមន្ដ្រីរាជការ។
ពន្ធត្រួតលើពន្ធ = Cascading Tax (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ប្រព័ន្ធដែលយកពន្ធលើការលក់ផលិតផលនៅដំណាក់កាលនីមួយៗនៅក្នុងខ្សែច្រវាក់ផលិតកម្មពីវត្ថុធាតុដើមរហូតដល់ការទិញដោយអ្នកប្រើប្រាស់។ អ្នកទិញម្នាក់ៗនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ត្រូវបង់ថ្លៃដោយផ្អែកលើការចំណាយរបស់វា រួមទាំងពន្ធពីមុន ឬពន្ធដែលត្រូវបានគិតថ្លៃ។
ពន្ធតែមប្រិ៍ = Stamp Duties (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ពន្ធ-អាករ ដែលប្រមូលលើឯកសារផ្លូវការ ដូចជា លិខិត ឆ្លងដែន លិខិតលាយលក្ខណ៍អក្សរ លិខិតផ្ទេរកម្មសិទ្ធិ ជាដើម។ ជាទូទៅ ពន្ធតែមប្រិ៍ត្រូវបានប្រមូលតាមរយៈមធ្យោបាយបោះត្រា ឬបិទតែមប្រិ៍លើឯកសារ ផ្លូវការ។
ពន្ធបង់មុនលើការបែងចែកភាគលាភ = Advance Tax on Dividend Distribution (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ពន្ធលើប្រាក់ចំណូលដែលសហគ្រាសត្រូវបង់ជាមុននៅពេលបែងចែកភាគលាភនៅក្នុងឆ្នាំជាប់ពន្ធចរន្តហើយពន្ធបង់មុនលើការបែងចែកភាគលាភ មានចំនួនស្មើនឹងផលគុណនៃទឹកប្រាក់ភាគលាភបំប៉ោងទៅតាមអត្រាពន្ធលើប្រាក់ចំណូល គុណនឹងអត្រាពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំដូចមានចែងក្នុងមាត្រា ២០ ថ្មី(មួយ) នៃច្បាប់ស្តីពីសារពើពន្ធ។ ពន្ធនេះត្រូវបានអនុញ្ញាតឱ្យជាឥណទានដើម្បីកាត់កងពីពន្ធលើប្រាក់ចំណូល ដែលត្រូវបង់ប្រចាំឆ្នាំ។
ពន្ធបង្កប់ = Hidden Tax (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ពន្ធប្រយោលដែលបង់ដោយអ្នកប្រើប្រាស់ដោយមិនដឹងខ្លួនដែលជាទូទៅត្រូវបានប្រមូលទៅលើបារី គ្រឿងស្រវឹង ល្បែងស៊ីសង ផលិតផលប្រេងឥន្ទនៈ និងសណ្ឋាគារ ជាដើម។
ពន្ធដារអន្តរជាតិ = International Taxation (សទ្ទានុក្រមពន្ធដារ)
ពន្ធដារអន្តរជាតិ ក្នុងន័យដើម សំដៅលើបទប្បញ្ញត្តិនៃសន្ធិសញ្ញាពន្ធ ដែលបង្កើតឡើងសម្រាប់បន្ធូរបន្ថយការយកពន្ធត្រួតគ្នាជាអន្តរជាតិ។ ក្នុងន័យទូលំទូលាយ គឺរួមបញ្ចូលទាំងបទប្បញ្ញត្តិក្នុងស្រុក ដែលគ្របដណ្តប់លើប្រាក់ចំណូលបរទេសរបស់និវាសនជន (ចំណូលប្រភពបរទេស) និងប្រាក់ចំណូលក្នុងស្រុករបស់អនិវាសនជន។
ពន្ធដាច់ដោយឡែក = Separate Taxation (សទ្ទានុក្រមពន្ធដារ)
សំដៅដល់វិធីសាស្រ្តនៃការយកពន្ធដាច់ដោយឡែកលើសហព័ទ្ធដោយផ្អែកលើប្រាក់ចំណូលរួមគ្នារបស់ពួកគេ។ នេះជាកាតព្វកិច្ច (ប្ដី ឬប្រពន្ធ) នៅក្នុងប្រទេសខ្លះ ក៏ប៉ុន្ដែនៅប្រទេសខ្លះទៀតគឺជាជម្រើស។ នៅពេលអនុវត្តជម្រើសសម្រាប់ការយកពន្ធដាច់ដោយឡែករវាងសហព័ទ្ធ (ប្ដី ឬប្រពន្ធ) ដែលត្រូវបានចាត់ទុកជាបុគ្គលដាច់ដោយឡែកពីគ្នា ក្នុងគោលបំណងគណនាពន្ធលើប្រាក់ចំណូល។ នៅកម្ពុជាពុំទាន់មានប្រភេទវិធីសាស្រ្ដនេះទេ។
ពង្រីកគម្លាតថ្លៃ = Spread Margin (សទ្ទានុក្រមពន្ធដារ)
អាចត្រូវបានប្រើប្រាស់នៅក្នុងបរិបទជាច្រើនដើម្បីបញ្ជាក់ពីប្រាក់ចំណេញនៃប្រតិបត្តិការហិរញ្ញវត្ថុ។ (ឧទាហរណ៍ : ការពង្រីកតម្លៃនៃ ការទិញ-លក់ភាគហ៊ុន គឺជាភាពខុសគ្នារវាងតម្លៃទីផ្សារក្នុងកាលបរិច្ឆេទទិញ-លក់ភាគហ៊ុន និងតម្លៃភាគហ៊ុនកំណត់/ប៉ាន់ស្មាន)។ ក្នុងន័យដ៏សាមញ្ញ សំដៅ ដល់គម្លាតរវាងថ្លៃទិញ និងថ្លៃលក់នៃផលិតផល។
ពន្ធកាត់ទុក = Withholding Tax (សទ្ទានុក្រមពន្ធដារ)
ពន្ធកាត់ទុក គឺជាប្រភេទពន្ធលើប្រាក់ចំណូលដែលត្រូវបានប្រមូលតាមរយៈការកាត់ទុកពីអ្នកទទួលប្រាក់ចំណូល។ ពន្ធកាត់ទុកជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធនិវាសនជនដែលជាភ្នាក់ងារកាត់ទុក ចំពោះការទូទាត់ឱ្យដល់អ្នកជាប់ពន្ធនិវាសនជន និងឱ្យទៅអ្នកជាប់ពន្ធអនិវាសនជន។
ពន្ធ = Tax (សទ្ទានុក្រមពន្ធដារ)
នៅក្នុងច្បាប់ស្តីពីសារពើពន្ធ ពាក្យ “ពន្ធ” សំដៅដល់ពន្ធ និងអាករទាំងឡាយ។ ពាក្យថា “ពន្ធ” គឺសំដៅដល់ការកំណត់បន្ទុកហិរញ្ញវត្ថុជាកំហិតដោយរដ្ឋាភិបាលចំពោះអ្នកជាប់ពន្ធ (រូបវន្ដបុគ្គល ឬនីតិបុគ្គល) សម្រាប់ទ្រទ្រង់ ចំណាយរបស់រដ្ឋាភិបាល និងចំណាយលើវិស័យសាធារណៈជាច្រើនប្រភេទទៀត។
ផ្សារលក់ទំនិញតាមប្រព័ន្ធអ៊ីនធឺណិត = Online Shopping Portals (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ទីកន្លែងដែលប្រតិបត្តិករវេបសាយ (Website) បង្ហោះនូវបញ្ជីមុខទំនិញតាមប្រព័ន្ធអេទ្បិចត្រូនិករបស់ពាណិជ្ជករជាច្រើនផ្សេងគ្នានៅលើម៉ាស៊ីនកុំព្យូទ័រមេរបស់ប្រតិបត្តិករនោះ។ អ្នកទិញអាចប្រើប្រាស់វេបសាយ ដើម្បីជ្រើសរើសផលិតផលពីបញ្ជីមុខទំនិញទាំងនោះ និងធ្វើការបញ្ជាទិញតាមអ៊ីនធឺណិត។ ប្រតិបត្តិករវេបសាយមិនមានទំនាក់ទំនងជាកិច្ចសន្យាជាមួយនឹងអ្នកទិញទំនិញទេ។ ប្រតិបត្តិករវេបសាយគ្រាន់តែបញ្ជូនការបញ្ជាទិញទៅឱ្យពាណិជ្ជករ ដែលជាអ្នកទទួលខុសត្រូវក្នុងការទទួលសំណើ និងបំពេញកាតព្វកិច្ចតាមការបញ្ជាទិញផ្សេងៗ។ ពាណិជ្ជករបង់ប្រាក់កម្រៃជើងសាទៅតាមបរិមាណនៃការបញ្ជាទិញ។
ផ្សាយពាណិជ្ជកម្ម = Advertising (សទ្ទានុក្រមពន្ធដារ)
សម្រាប់កម្មវត្ថុនៃការអនុវត្តអាករលើតម្លៃបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការផ្សាយពាណិជ្ជកម្ម សំដៅដល់ការផ្តល់សេវាឱ្យអ្នកផ្សព្វផ្សាយពាណិជ្ជកម្មអាចធ្វើការបង់ប្រាក់ ដើម្បីឱ្យសាធារណជនអាចមើលឃើញនូវផ្ទាំងផ្សព្វផ្សាយរបស់ខ្លួនតាមរយៈគេហទំព័រណាមួយ។ អត្រាតម្លៃសម្រាប់ការផ្សព្វផ្សាយនេះ ត្រូវបានគិតថ្លៃជាចំនួនដងនៃការបង្ហាញ ឬចំនួនដងនៃការចុចមើលផ្ទាំងផ្សព្វផ្សាយនោះ (ឧទាហរណ៍ : គិតតម្លៃរៀងរាល់ការបង្ហាញមួយពាន់ដងម្តង ឬចុចមើលម្តងគិតប្រាក់ម្តង)។
ផ្សព្វផ្សាយផលិតផលសោតទស្សន៍ តាមរយៈវេបសាយ = Streamed (real time) Web Based Broadcasting (សទ្ទានុក្រមពន្ធដារ)
គឺជាការផ្សព្វផ្សាយដែលអ្នកប្រើប្រាស់ចូលប្រើបណ្តុំមាតិកានៃផលិតផលសោតទស្សន៍ដែលមានការរក្សាសិទ្ធិ។ ប្រតិបត្តិករផ្សព្វផ្សាយទទួលប្រាក់ចំណូលពីការជាវប្រចាំ ឬតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម។
ផ្លូវរណប = Sub-Road/Linked Road (សទ្ទានុក្រមពន្ធដារ)
សម្រាប់កម្មវត្ថុនៃការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ផ្លូវរណប សំដៅដល់ផ្លូវទាំងឡាយដែលស្ថិតនៅស្របនឹងផ្លូវមេ និងភ្ជាប់ផ្លូវមេណាមួយ។
ផ្លូវភូមិ = Village Road (សទ្ទានុក្រមពន្ធដារ)
សម្រាប់កម្មវត្ថុនៃការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ផ្លូវភូមិសំដៅដល់៖
-ផ្លូវទាំងឡាយដែលតភ្ជាប់ផ្លូវសង្កាត់ ឬបណ្តាញផ្លូវពីភូមិមួយទៅភូមិមួយ សម្រាប់តំបន់ II នៅរាជធានីភ្នំពេញ និងសម្រាប់ក្រុងនៅតាមបណ្តាខេត្ត។ តំបន់ II ក្នុងន័យនេះ សំដៅដល់ខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ។
-ផ្លូវទាំងឡាយដែលតភ្ជាប់ពីផ្លូវឃុំ ឬផ្លូវសង្កាត់ ឬបណ្តាញផ្លូវពីភូមិមួយទៅភូមិមួយក្នុងតំបន់ II នៅរាជធានីភ្នំពេញ ឬក្នុងក្រុង ឬស្រុកនៃបណ្តាខេត្តនានា។
ផ្ទាំងអក្សរ ឬរូបភាពចល័ត = Mobile Board with Text or Graphic (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ប័ណ្ណប្រកាសដែលមានផ្ទាំងអក្សរ ឬផ្ទាំងរូបភាព ដែលដាក់តភ្ជាប់ ឬគូរផ្ទាល់នឹងមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ មានដូចជា រថយន្ត រថភ្លើង កប៉ាល់ រុឹម៉កម៉ូតូ ទោចក្រយានយន្ត។
ផ្លូវមេ = Main Road (សទ្ទានុក្រមពន្ធដារ)
សម្រាប់កម្មវត្ថុនៃការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ផ្លូវមេ សំដៅដល់ផ្លូវសំខាន់ៗទាំងឡាយ ដែលមានឈ្មោះ ឬលេខដូចមានចែងក្នុងឧបសម្ព័ន្ធស្តីពីការបែងចែកភូមិសាស្ត្រ និងតម្លៃអចលនទ្រព្យនៃប្រកាសលេខ ៣៤៣ សហវ.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ផ្លូវឃុំ ឬផ្លូវសង្កាត់ = Commune Road or Sangkat Road (សទ្ទានុក្រមពន្ធដារ)
សម្រាប់កម្មវត្ថុនៃការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ផ្លូវឃុំ ឬផ្លូវសង្កាត់សំដៅដល់ផ្លូវទាំងឡាយដែលតភ្ជាប់ពីផ្លូវមេក្នុងតំបន់ II នៃរាជធានីភ្នំពេញ ឬផ្លូវទាំងឡាយដែលភ្ជាប់ពីផ្លូវមេក្នុងក្រុង ឬស្រុកនៃបណ្តាខេត្តនានា។
ផ្ទាំងអក្សរ ឬផ្ទាំងរូបភាពសម្រាប់គោលបំណងពាណិជ្ជកម្ម = Board with Text or Graphic for Business Purpose (សទ្ទានុក្រមពន្ធដារ)
គឺជាប័ណ្ណប្រកាស ដែលពុំមែនជាប្រភេទប័ណ្ណប្រកាសមានពន្លឺ ប័ណ្ណប្រកាសផ្សាយពាណិជ្ជកម្មធ្វើដោយក្រដាសធម្មតា ប័ណ្ណប្រកាសផ្សាយពាណិជ្ជកម្មធ្វើដោយកំណាត់ ឬវត្ថុផ្សេងៗ ឬស្លាកអាជីវកម្មដ្ឋាន ហើយដែលផ្សព្វផ្សាយពាណិជ្ជកម្មជាសាធារណៈដោយមធ្យោបាយអចល័ត ឬចល័ត។
ផ្ទាំងផ្សព្វផ្សាយ = Advertising Panel (សទ្ទានុក្រមពន្ធដារ)
ផ្ទាំងផ្សាព្វផ្សាយ សំដៅដល់៖
-ប័ណ្ណប្រកាសផ្សាយពាណិជ្ជកម្ម ដែលធ្វើឡើងដោយកៅស៊ូ ក្រដាសធម្មតា កំណាត់ ឬវត្ថុផ្សេងៗ
-ស្លាកយីហោ ឬស្លាកឈ្មោះសម្រាប់ដាក់សម្គាល់នៅតាមទីស្នាក់ការ ការិយាល័យ ឬទីកន្លែងប្រកបអាជីវកម្មនានា
-ផ្ទាំងអក្សរ ឬផ្ទាំងរូបភាពសម្រាប់បម្រើគោលបំណងពាណិជ្ជកម្ម។
ផ្ទេរបំណុលអាក្រក់ Debt Dumping (សទ្ទានុក្រមពន្ធដារ)
គឺជាការផ្ទេរបំណុលអាក្រក់ទៅកាន់សហគ្រាសមេ ដែលស្ថិតក្នុងប្រទេស ដែលមានអត្រាពន្ធខ្ពស់ ដើម្បីលុបបំណុលនោះចោលនៅក្នុងប្រទេសរបស់សហគ្រាសមេ។
ផ្ទាំងអក្សរ ឬផ្ទាំងរូបភាពអចល័ត = Immobile Board with Text or Graphic (សទ្ទានុក្រមពន្ធដារ)
ផ្ទាំងអក្សរ ឬផ្ទាំងរូបភាពអចល័ត សំដៅដល់ប័ណ្ណប្រកាសដែលមានផ្ទាំងអក្សរ ឬផ្ទាំងរូបភាពដែលមានទីតាំងស្ថិតនៅមួយកន្លែង រួមទាំងការបញ្ចាំងជាផ្ទាំងអក្សរ ឬរូបភាពតាមរយៈអេក្រង់ទូរទស្សន៍។
ផ្ទេរថ្លៃ = Transfer Pricing (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ការដំឡើង ឬបន្ថយថ្លៃទំនិញ សេវា ឬទ្រព្យ ដែលបានផ្គត់ផ្គង់ក្នុងចំណោមបុគ្គលទាក់ទិន ក្នុងគោលដៅបន្ថយបន្ទុកពន្ធ។
ផ្ទេរដើមទុន/ប្រាក់ចំណូលទៅប្រទេសដើមវិញ = Repatriation of Fund/Profit (សទ្ទានុក្រមពន្ធដារ)
រូបវន្តបុគ្គល និងនីតិបុគ្គល ដែលដាក់ទុនវិនិយោគនៅក្រៅប្រទេស ដើម្បីទទួលបានប្រាក់ចំណូល អាចបញ្ជូនទុនវិនិយោគ ឬប្រាក់ចំណូលពីការវិនិយោគនោះត្រឡប់ទៅប្រទេសដើមវិញ។ ម្យ៉ាងវិញទៀត ការផ្ទេរដើមទុន/ប្រាក់ចំណូលទៅប្រទេសដើមវិញ អាចកើតឡើងផងដែរនៅពេលដែលនិយោជិតបំពេញការងារនៅបរទេស មានបំណងបញ្ជូនប្រាក់ចំណូលទៅប្រទេសរបស់ខ្លួនវិញ។
ផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ = Immovable Property Ownership or Occupancy Rights Transfer (សទ្ទានុក្រមពន្ធដារ)
សម្រាប់កម្មវត្ថុនៃការប្រមូលពន្ធប្រថាប់ត្រា ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សំដៅដល់ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យពីរូបវន្តបុគ្គល ឬនីតិបុគ្គលទៅរូបវន្តបុគ្គល ឬនីតិបុគ្គលដទៃទៀត តាមរយៈការទិញ-លក់ ឬការដោះដូរ ឬការធ្វើអំណោយ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន ទោះបីអចលនទ្រព្យនោះបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) ឬមិនបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) ក្ដី។
ផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់យានជំនិះ = Vehicle Ownership or Occupancy Rights Transfer (សទ្ទានុក្រមពន្ធដារ)
សម្រាប់កម្មវត្ថុនៃការប្រមូលពន្ធប្រថាប់ត្រា ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់យានជំនិះ សំដៅដល់ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់យានជំនិះពីរូបវន្តបុគ្គល ឬនីតិបុគ្គលទៅរូបវន្តបុគ្គល ឬនីតិបុគ្គលដទៃទៀត តាមរយៈការទិញ-លក់ ឬការដោះដូរ ឬការធ្វើអំណោយ ឬការដាក់ភាគហ៊ុនជាយានជំនិះក្នុងក្រុមហ៊ុន ដែលរួមមានដូចជា រថយន្ត ទូក កាណូត កប៉ាល់ ស្រឡាង។ល។
ផ្តល់ទិន្នន័យផ្ដាច់មុខ ឬទិន្នន័យមានតម្លៃខ្ពស់ដទៃទៀត = Delivery of Exclusive or Other High-Value Data (សទ្ទានុក្រមពន្ធដារ)
សម្រាប់កម្មវត្ថុនៃការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការផ្តល់ទិន្នន័យផ្ដាច់មុខ ឬទិន្នន័យមានតម្លៃខ្ពស់ដទៃទៀត សំដៅដល់ការផ្តល់ទិន្នន័យដែលអ្នកផ្តល់សេវានេះរៀបចំប្រមូលទិន្នន័យ និងធ្វើការវិភាគលើទិន្នន័យទាំងនោះ ដើម្បីធ្វើជារបាយការណ៍ ឬទិន្នន័យបំប្លែងមានលក្ខណៈពិសេសណាមួយសម្រាប់ផ្តល់ជូនអតិថិជន (ឧទាហរណ៍ : របាយការណ៍ទាក់ទិនទៅនឹងវិស័យឧស្សាហកម្ម ឬវិនិយោគ)។ អតិថិជនអាច ធ្វើការបង់ប្រាក់ ដើម្បីទាញយកនូវទិន្នន័យ ឬរបាយការណ៍ទាំងនោះតាមរយៈអនឡាញ (Online)។
ផ្តល់ការអនុគ្រោះជាឯកតោភាគី = Unilateral Relief (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់ការផ្តល់ការអនុគ្រោះជាទម្រង់ឥណទានពន្ធ ដែលបង្កឡើងដោយការយកពន្ធត្រួតគ្នា ជាអន្ដរជាតិដោយឈរលើមូលដ្ឋាននៃច្បាប់ពន្ធក្នុងស្រុកជាជាងស្របតាមបទប្បញ្ញតិ្តនៃសន្ធិសញ្ញាពន្ធ ឬកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា។
ផ្គត់ផ្គង់សេវាបង្ហោះកម្មវិធី-អាជ្ញាប័ណ្ណ ដាច់ដោយឡែកពីគ្នា = Application Hosting-Separate License (សទ្ទានុក្រមពន្ធដារ)
វាក្យសព្ទនេះ សំដៅដល់ការផ្គត់ផ្គង់ដែលអតិថិជនម្នាក់មានអាជ្ញាប័ណ្ណអចិន្ត្រៃយ៍សម្រាប់ប្រើកម្មវិធីសូហ្វវែរ (Software) មួយ។ អតិថិជនត្រូវចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផ្តល់សេវាដើម្បីដំឡើងកម្មវិធីនោះនៅលើម៉ាស៊ីនមេដែលគ្រប់គ្រងដោយក្រុមហ៊ុនផ្តល់សេវា។ ក្រុមហ៊ុនផ្តល់សេវាបង្ហោះកម្មវិធីសូហ្វវែរ ជាអ្នកគាំទ្របច្ចេកទេស និងការពារភាពមិនដំណើរការនៃប្រព័ន្ធរបស់អ្នកផ្តល់សេវា។ អតិថិជនអាចចូលប្រតិបត្តិ និងបញ្ជាលើកម្មវិធីសូហ្វវែរពីចម្ងាយ។ កម្មវិធីនេះ ជាប្រតិបត្តិការលើកុំព្យូទ័ររបស់អតិថិជន បន្ទាប់ពីបានទាញយកកម្មវិធីទៅដាក់ក្នុង RAM ឬពីម៉ាស៊ីនមេរបស់ក្រុមហ៊ុនផ្តល់សេវា។ ការរៀបចំប្រភេទនេះ អាចអនុវត្ត ចំពោះការផ្គត់ផ្គង់ហិរញ្ញវត្ថុ ការគ្រប់គ្រងសារពើភណ្ឌ ការគ្រប់គ្រងធនធានមនុស្ស ឬការគ្រប់គ្រងធនធានសហគ្រាសនៃកម្មវិធីសូហ្វវែរ។
ផ្គត់ផ្គង់សេវាបង្ហោះកម្មវិធីសូហ្វវែរ-កិច្ចសន្យាជាកញ្ចប់ = Application Hosting-Bundled Contract (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ការផ្គត់ផ្គង់ដែលអតិថិជនត្រូវចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផ្តល់សេវា ដើម្បីប្រើប្រាស់កម្មវិធីផ្សេងៗនៅលើម៉ាស៊ីនមេដែលគ្រប់គ្រងដោយក្រុមហ៊ុនផ្តល់សេវាដោយផ្ទាល់។ ក្រុមហ៊ុនផ្តល់សេវាបង្ហោះកម្មវិធីសូហ្វវែរ (Software) ជាអ្នកគាំទ្របច្ចេកទេស និងការពារភាពមិនដំណើរការនៃប្រព័ន្ធរបស់អ្នកផ្តល់សេវាទាំងផ្នែករឹង និងផ្នែកទន់។ អតិថិជនអាចចូលប្រតិបត្តិ និងបញ្ជាលើកម្មវិធីសូហ្វវែរ (Software) ពីចម្ងាយ។ អតិថិជនអាចប្រើប្រាស់កម្មវិធីដោយប្រតិបត្តិលើកុំព្យូទ័ររបស់ខ្លួន បន្ទាប់ពីបាន ទាញយកកម្មវិធីនោះដាក់ក្នុង RAM ឬប្រើនៅលើម៉ាស៊ីនមេរបស់ក្រុមហ៊ុនផ្តល់សេវា។ កិច្ចសន្យានេះអាចបន្តជារៀងរាល់ឆ្នាំជាមួយកម្រៃសេវាបន្ថែម។
ផ្គត់ផ្គង់ទំនិញ ឬសេវាពីអាជីវកម្ម ទៅអ្នកប្រើប្រាស់ = Supply of Goods or Services from Business to Consumer-B2C (សទ្ទានុក្រមពន្ធដារ)
សម្រាប់គោលដៅអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក វាក្យសព្វនេះសំដៅដល់ការផ្គត់ផ្គង់ទំនិញឌីជីថល (Digital Goods) ឬសេវាឌីជីថល (Digital Services) ពីសហគ្រាសទៅអ្នកប្រើប្រាស់។
ឧ. : អ្នកជាប់ពន្ធអនិវាសនជនដែលបានផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមកអ្នកប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយមានផលរបរប្រចាំឆ្នាំចាប់ពី ២៥០ លានរៀល ឡើងទៅត្រូវមានកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ និងមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់អាករលើតម្លៃបន្ថែមមករដ្ឋបាលសារពើពន្ធ។
ផ្គត់ផ្គង់សេវា = Supply of Services (សទ្ទានុក្រមពន្ធដារ)
គឺជាការផ្គត់ផ្គង់ ដែលមិនមែនជាការផ្គត់ផ្គង់ទំនិញ ដីធ្លី ឬប្រាក់កាស ដែលធ្វើឡើងដើម្បីបានទទួលសំណងអ្វីមួយ។ ការផ្គត់ផ្គង់ទំនិញបន្ទាប់បន្សំ ដែលទាក់ទិននឹងការផ្គត់ផ្គង់សេវា ត្រូវចាត់ទុកដូចជាការផ្គត់ផ្គង់សេវាផងដែរ។
ផ្គត់ផ្គង់ផលិតផលកសិកម្មមិនទាន់កែច្នៃ = Supply of Unprocessed Agricultural Products (សទ្ទានុក្រមពន្ធដារ)
សំដៅដល់ការផ្គត់ផ្គង់ផលិតផលកសិកម្ម រួមមាន ដើម សំបក ស្លឹក ផ្កា ផ្លែ គ្រាប់ ឫស មើម ឬជ័រនៃរុក្ខជាតិ ដែលបានមកពីការធ្វើកសិកម្មដាំដុះក្នុងស្រុក ទោះត្រូវបាន ឬមិនទាន់បានហាន់ ឬកិនបំបែកក្តី និងដែលមិនទាន់ត្រូវបានយកទៅកែច្នៃជាផលិតផលសម្រេច។
ផ្គត់ផ្គង់ទំនិញ ឬសេវាពីអាជីវកម្ម ទៅអាជីវកម្ម = Supply of Goods or Services from Business to Business -B2B (សទ្ទានុក្រមពន្ធដារ)
សម្រាប់គោលដៅអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក វាក្យសព្វនេះ សំដៅដល់ការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលពីសហគ្រាសមួយទៅសហគ្រាសមួយផ្សេងទៀត។
ឧ. : អ្នកជាប់ពន្ធនិវាសនជនតាមរបបស្វ័យប្រកាស ដែលទទួលការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីអ្នកជាប់ពន្ធអនិវាសនជន ត្រូវប្រមូលអាករតាមវិធីគិតអាករជំនួស (Reverse Charge) ហើយធ្វើការប្រកាស និងបង់ប្រាក់អាករលើតម្លៃបន្ថែមជូនរដ្ឋបាលសារពើពន្ធស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។