Posted on Leave a comment

លក់ទ្បាយទ្បុង (ដេញថ្លៃ) = Auction Sale (សទ្ទានុក្រមពន្ធដារ)

ក្នុងបរិបទពន្ធដារ សំដៅដល់ការលក់ដោយដេញថ្លៃនូវវត្ថុ ដែលរឹបអូស។ តាមរយៈការលក់នេះ បុគ្គលគ្រប់រូបអាចក្លាយជាលទ្ធករនៃវត្ថុ ដែលដាក់លក់ទ្បាយទ្បុង កាលណាគេបានឱ្យថ្លៃខ្ពស់ជាងគេ ក្នុងកាលបរិច្ឆេទនៃការលក់ទ្បាយទ្បុង។ នៅក្នុងក្រមរដ្ឋប្បវេណី ការលក់ទ្បាយទ្បុងអាចធ្វើទ្បើងដោយស្រោមសំបុត្រ ឬដោយផ្ទាល់មាត់។

Posted on Leave a comment

លតាបត្រពន្ធ = Tax Vignette (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប័ណ្ណសម្រាប់បិទភ្ជាប់នឹងយានជំនិះ ដើម្បីបង្ហាញដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការបញ្ជាក់ពីការបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ។

Posted on Leave a comment

លទ្ធភាពប្រើប្រាស់ = Availability (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ភាពអាចប្រើប្រាស់បាននៃប្រព័ន្ធ ធនធាន ឬឯកសារតាមទីកន្លែង និងពេលត្រូវការ។ លទ្ធភាពប្រើប្រាស់ កំណត់ដោយភាពជឿទុកចិត្តបាន ការថែរក្សាបាន អាចផ្តល់សេវាបាន អាចអនុវត្តបាន និងមានសុវត្ថិភាព។

Posted on Leave a comment

លក្ខន្តិកៈសវនកម្មផ្ទៃក្នុង = Internal Audit Charter (សទ្ទានុក្រមពន្ធដារ)

សំដៅដល់បទដ្ឋានអនុម័តដោយថ្នាក់ដឹកនាំរបស់អង្គភាព ឬស្ថាប័នមានសមត្ថកិច្ច ដែលកំណត់គោលបំណង សិទ្ធិ អំណាច និងការទទួលខុសត្រូវនៃសកម្មភាពសវនកម្មផ្ទៃក្នុង។

Posted on Leave a comment

លក្ខន្តិកៈកំណត់រយៈពេលជាក់លាក់ = Statute of Limitations (សទ្ទានុក្រមពន្ធដារ)

សំដៅដល់លក្ខន្តិកៈនៃការកំណត់រយៈពេលច្បាស់លាស់មួយសម្រាប់ការចាត់វិធានការសកម្មភាពជាក់លាក់ស្របច្បាប់ណាមួយ ដែលមានដូចជាសកម្មភាពនៃការប្រមូលពន្ធ ការប្ដឹងឧទ្ធរណ៍ពីអ្នកពាក់ព័ន្ធចំពោះសេចក្ដីសម្រេចរបស់រដ្ឋបាលសារពើពន្ធ ឬតុលាការថ្នាក់ក្រោម (តុលាការជាន់ទាប)។ល។

Posted on Leave a comment

លក់ដោយបង្ខំ = Compulsory Sale (សទ្ទានុក្រមពន្ធដារ)

សំដៅដល់វិធានដែលប្រើប្រាស់ក្នុងនីតិវិធីនៃការអនុវត្តដោយបង្ខំ ដើម្បីលក់វត្ថុដែលរឹបអូសយកប្រាក់ទៅសងម្ចាស់បំណុល តាមលិខិតអនុវត្តសាលក្រម សាលដីកា លិខិតយថាភូតរបស់សារការីជាអាទិ៍។ ការលក់ដោយបង្ខំត្រូវសម្រេចដោយដីកាសម្រេចរបស់តុលាការ អនុវត្តតាមពាក្យសុំរបស់ម្ចាស់បំណុល ក្នុងករណីដែលមានលក្ខណៈត្រឹមត្រូវ ដើម្បីទទួលស្គាល់ពាក្យសុំនោះ។

Posted on Leave a comment

លក់បង់ជាដំណាក់កាល = Installment Sale (សទ្ទានុក្រមពន្ធដារ)

-សំដៅដល់ការរៀបចំហិរញ្ញប្បទានដែលអ្នកលក់អនុញ្ញាតឱ្យអ្នកទិញធ្វើការទូទាត់ក្នុងរយៈពេលកំណត់មួយ។ ក្នុងការលក់បង់ជាដំណាក់កាល អ្នកទិញទទួលទំនិញនៅពេលបង់ដំណាក់កាលលើកដំបូង ហើយធ្វើការទូទាត់ក្នុងរយៈពេលបង់ជាដំណាក់កាល។ ចំណូល និងចំណាយត្រូវបានទទួលស្គាល់នៅពេលប្រមូលសាច់ប្រាក់មិនមែននៅពេលលក់ទេ។
-សម្រាប់គោលដៅពន្ធដារ ការលក់បង់ជាដំណាក់កាលត្រូវជាប់ពន្ធនៅពេលទំនិញត្រូវបានប្រគល់ឱ្យអ្នកទិញ លើកលែងតែការលក់ដែលបង់ជាដំណាក់កាលបំពេញបានលក្ខខណ្ឌជាភតិសន្យាហិរញ្ញវត្ថុ។

Posted on Leave a comment

លក់ និងភតិសន្យាត្រឡប់ = Sale and Leaseback (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ស្ថានភាពប្រតិបត្តិការនៃការដោះដូររបស់ក្រុមហ៊ុនមួយលក់ទ្រព្យរបស់ខ្លួនជូនក្រុមហ៊ុនមួយទៀត ហើយជួលត្រឡប់មកវិញ។ ក្នុងករណីនេះ ក្រុមហ៊ុនដែលលក់ទ្រព្យកា្លយជាភតិកៈ ហើយក្រុមហ៊ុនដែលទិញទ្រព្យនេះក្លាយទៅជាភតិបតី។ ពេលខ្លះ គេប្រើវិធីសាស្រ្តនេះដើម្បីបញ្ចេញ ឬលុបចេញពីបញ្ជីនូវតម្លៃនៃទ្រព្យមូលធនសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម។

Posted on Leave a comment

លក់សរុប = Sale as a Whole (សទ្ទានុក្រមពន្ធដារ)

សំដៅដល់វិធាននៃការលក់អចលនវត្ថុដែលស្ថិតក្រោមការរឹបអូស។ វិធាននេះប្រើប្រាស់នីតិវិធីអនុវត្តដោយបង្ខំសម្រាប់ការលក់ឱ្យស្រេចតែម្តងនូវអចលនវត្ថុរឹបអូស ដែលមានច្រើនក្នុងគោលបំណងលក់ឱ្យបានថ្លៃខ្ពស់ ដើម្បីជាផលប្រយោជន៍ដល់ម្ចាស់បំណុលផង និងកូនបំណុលផង។

Posted on Leave a comment

រោងចក្រផលិត = Manufacturing Plant (សទ្ទានុក្រមពន្ធដារ)

សំដៅទៅលើអគារ ទីកន្លែង ឬយានយន្តសម្រាប់ផលិត បំប្លែងវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចឱ្យទៅជាផលិតផលថ្មី ឬ/និងសម្រាប់ធ្វើសកម្មភាពផ្សេងទៀត ដែលមានជាអាទិ៍ ផ្គុំ ដំឡើង ជួសជុល ធ្វើតេស្ត វេចខ្ចប់ ច្រកបំពេញ ថែទាំ រក្សាទុក កែលម្អ ដើម្បីបម្រើសេចក្តីត្រូវការទីផ្សារ។

Posted on Leave a comment

រំលស់ = Depreciation (សទ្ទានុក្រមពន្ធដារ)

-នេះជាវិធីសាស្រ្តនៃការកត់ត្រាអំពីការសឹករេចនៃទ្រព្យសកម្មដែលបណ្តាលមកពីការប្រើប្រាស់ ពេលវេលាប្រើប្រាស់ ការផ្លាស់ប្តូរបច្ចេកវិទ្យា ឬពីមូលហេតុផ្សេងទៀត ដោយធ្វើការបែងចែកថ្លៃដើមនៃទ្រព្យសកម្មទៅតាមរយៈពេលគ្រោងទុកនៃការប្រើប្រាស់ (អាយុកាលប្រើប្រាស់) ដែលផ្អែកតាមផែនការរំលស់ជាក់លាក់ណាមួយ។
-សម្រាប់កម្មវត្ថុនៃពន្ធលើប្រាក់ចំណូល រំលស់ត្រូវគណនាតាមការកំណត់អត្រារំលស់ដែលមានកំណត់ដោយច្បាប់ស្តីពីសារពើពន្ធ ដោយធ្វើការបែងចែករំលស់ជាទ្រព្យអរូបី ទ្រព្យរូបី រួមមានពីថ្នាក់១ ដល់ថ្នាក់៤ រំលស់ធនធានធម្មជាតិ ទ្រព្យកសិកម្មរយៈពេលវែង និងរំលស់ពិសេស។

Posted on Leave a comment

រំលស់ពិសេស = Special Depreciation (សទ្ទានុក្រមពន្ធដារ)

វាក្យសព្ទនេះ សំដៅដល់រំលស់អនុញ្ញាតឱ្យកាត់កងនៅក្នុងឆ្នាំទី១ នៃការទិញ ឬនាពេលក្រោយមកទៀតនៅឆ្នាំទី១ នៃការដាក់ប្រើប្រាស់ទ្រព្យសកម្មរូបី សម្រាប់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលមិនជ្រើសរើសយកសិទ្ធិទទួលបានការលើកលែងពន្ធលើប្រាក់ចំណូល។ ចំនួនដែលអនុញ្ញាតឱ្យកាត់កងនេះ ស្មើនឹង ៤០% នៃតម្លៃមូលធននៃទ្រព្យសកម្មរូបីថ្មី ឬទ្រព្យសកម្មរូបីប្រើប្រាស់រួច ដែលបានដាក់ប្រើប្រាស់ក្នុងផលិតកម្ម ឬការកែច្នៃ។ ក្នុងឆ្នាំជាប់ពន្ធដដែល តម្លៃមូលធននៃទ្រព្យសកម្មរូបី ដែលនៅសល់ត្រូវបានអនុញ្ញាតឱ្យធ្វើរំលស់តាមវិធីរំលស់ធម្មតា។

Posted on Leave a comment

លក្ខណវិនិច្ឆ័យគុណវុឌ្ឍិ = Qualified Criteria (សទ្ទានុក្រមពន្ធដារ)

សំដៅដល់លក្ខខណ្ឌតម្រូវនានាដើម្បីបំពេញតម្រូវការអ្វីមួយ ដែលបានកំណត់ដោយគោលការណ៍ ឬច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
ឧ. : ដើម្បីអាចចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការបាន បេក្ខជន/បេក្ខនារីត្រូវមានកម្រិតបណ្តុះបណ្តាលចាប់ពីសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងមានអាយុច្រើនបំផុត ៣៥ឆ្នាំ។

Posted on Leave a comment

រេខូបនីយកម្ម = Digitization (សទ្ទានុក្រមពន្ធដារ)

ពាក្យនេះសំដៅដល់ដំណើរការនៃការបំប្លែងទិន្នន័យ និងព័ត៌មានពីទម្រង់អាណាឡូក (Analog) ទៅជាទម្រង់ឌីជីថល (Digital)។

Posted on Leave a comment

រំលស់បង្គរនៃទ្រព្យបានលក់ ឬដកចេញ = Accumulated Depreciation of Disposal Assets (សទ្ទានុក្រមពន្ធដារ)

គឺជាចំនួនទឹកប្រាក់រំលស់បូកយោងនៃទ្រព្យសកម្ម ដែលបានលក់ ឬដកចេញ ដោយគណនាគិតចាប់ពីពេលទទួលបាន ឬប្រើប្រាស់រហូតដល់ឆ្នាំដែលទ្រព្យសកម្មត្រូវបានលក់ ឬដកចេញ។ សម្រាប់កម្មវត្ថុនៃពន្ធលើប្រាក់ចំណូល រំលស់មិនតម្រូវឱ្យគណនាក្នុងការិយបរិចេ្ឆទដែលទ្រព្យសកម្មនោះត្រូវបានបពោ្ចញចោល។

Posted on Leave a comment

រៀនអំពីពន្ធដារតាមអនឡាញ = GDT E-Learning (សទ្ទានុក្រមពន្ធដារ)

នេះជាវាក្យសព្ទមួយនៅអគ្គនាយកដ្ឋានពន្ធដារ ដែលសំដៅដល់ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិកដូចជាការសិក្សាតាមរយៈវីដេអូបង្រៀន សៀវភៅអេឡិចត្រូនិក អំពីប្រភេទពន្ធ-អាករគ្រប់ប្រភេទ ដែលបានរៀបចំចងក្រងរួចជាស្រេចនៅលើគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ ឬតាមមធ្យោបាយផ្សព្វផ្សាយផ្សេងទៀត។

Posted on Leave a comment

រូបវន្តបុគ្គល = Natural Person/Physical Person (សទ្ទានុក្រមពន្ធដារ)

គឺជាបុគ្គលដែលជាមនុស្សមានរូបរាងពិតប្រាកដ ផ្ទុយពីនីតិបុគ្គលដែលជាបុគ្គលសន្មតត្រូវបានបង្កើតឡើងដោយច្បាប់។ ខ្លឹមសារក្នុងបរិបទច្បាប់ រូបវន្តបុគ្គល សំដៅដល់បុគ្គលមានសមត្ថភាពតាមផ្លូវច្បាប់ ដែលអាចក្លាយជាប្រធាននៃសិទ្ធិ និងកាតព្វកិច្ច។ សម្រាប់គោលដៅពន្ធដារប្តី ប្រពន្ធ និងកូនក្នុងបន្ទុកត្រូវចាត់ទុកថាជារូបវន្តបុគ្គលតែម្នាក់។

Posted on Leave a comment

រូបវន្តបុគ្គលជានិវាសនជននៃរដ្ឋភាគីទាំងពីរ = Natural Person as Resident of both Contracting States (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ក្នុងករណីរូបវន្តបុគ្គលជានិវាសនជននៃរដ្ឋភាគីមួយ និងជានិវាសនជននៃរដ្ឋភាគីម្ខាងទៀតនៃកិច្ចព្រមព្រៀង៖
ក. រូបវន្តបុគ្គល ត្រូវកំណត់ថា ជានិវាសនជនរបស់រដ្ឋភាគីណាមួយ ដែលមានទីលំនៅអចិន្រ្តៃយ៍។ ប្រសិនបើរូបវន្តបុគ្គលនោះមានទីលំនៅអចិន្ត្រៃយ៍នៅក្នុងរដ្ឋភាគីទាំងពីរ រូបវន្ដបុគ្គលនោះត្រូវចាត់ទុកថាជានិវាសនជនតែក្នុងរដ្ឋភាគីណាមួយ ដែលមានទំនាក់ទំនងផ្ទាល់ខ្លួន និងទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាង (មូលដ្ឋានផលប្រយោជន៍សំខាន់)។
ខ. ប្រសិនបើពុំអាចកំណត់បាននូវរដ្ឋភាគី ដែលរូបវន្តបុគ្គលមានមូលដ្ឋានផលប្រយោជន៍សំខាន់ៗ ឬរូបវន្តបុគ្គលគ្មានទីលំនៅអចិន្ត្រៃយ៍ក្នុងរដ្ឋភាគីណាមួយត្រូវបានចាត់ទុកថាជានិវាសនជនតែក្នុងរដ្ឋភាគីដែលបុគ្គលនោះមានកន្លែងស្នាក់នៅជាទម្លាប់។
គ. ប្រសិនបើរូបវន្តបុគ្គលមាន ឬគ្មានកន្លែងស្នាក់នៅជាទម្លាប់នៅក្នុងរដ្ឋភាគីទាំងពីរ រូបវន្តបុគ្គលនោះត្រូវចាត់ទុកថាជានិវាសនជនតែក្នុងរដ្ឋភាគី ដែលរូបវន្តបុគ្គលនោះមានសញ្ជាតិ។
ឃ. ប្រសិនបើរូបវន្តបុគ្គលមានសញ្ជាតិនៅក្នុងរដ្ឋភាគីទាំងពីរ ឬគ្មានសញ្ជាតិក្នុងរដ្ឋភាគីណាមួយ អាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀងទាំងពីរត្រូវកំណត់ភាពជានិវាសនជនរបស់រូបវន្តបុគ្គលនោះតាមរយៈការព្រមព្រៀងគ្នាទៅវិញទៅមក។

Posted on Leave a comment

រូបិយប័ណ្ណបរទេស = Foreign Currency (សទ្ទានុក្រមពន្ធដារ)

សំដៅដល់រូបិយប័ណ្ណបរទេសទាំងឡាយ ក្រៅពីប្រាក់រៀលរបស់កម្ពុជា។

Posted on Leave a comment

រឹបអូស = Confiscation (សទ្ទានុក្រមពន្ធដារ)

-ជាទូទៅ ពាក្យនេះសំដៅដល់ការដកហូតយកទ្រព្យសម្បត្តិឯកជនជាផ្លូវការពីនរណាម្នាក់ ឬអង្គភាពណាមួយ ដោយអាជ្ញាធរមានសមត្ថកិច្ចតាមផ្លូវច្បាប់។
-សម្រាប់កម្មវត្ថុនៃការតឹងទារបំណុលពន្ធ សំដៅដល់ការរឹបអូសតាមគ្រប់មធ្យោបាយ និងការលក់ទ្រព្យសម្បត្ដិរបស់អ្នកជំពាក់បំណុលពន្ធដោយរដ្ឋបាលសារពើពន្ធឱ្យបានស្មើនឹងចំនួនបំណុលពន្ធដោយរួមបញ្ចូលទាំងចំណាយក្នុងការប្រមូលបំណុលផងដែរ។

Posted on Leave a comment

រឹបអូសទូទាត់បំណុលពន្ធ = Tax Lien Foreclosure (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ការលក់អចលនទ្រព្យដែលកើតចេញពីការខកខានរបស់ម្ចាស់អចលនទ្រព្យក្នុងការបង់បំណុលពន្ធ។ ការរឹបអូសបំណុលពន្ធកើតឡើងនៅពេលដែលម្ចាស់អចលនទ្រព្យមិនបានបង់ពន្ធដែលពាក់ព័ន្ធ រួមទាំងពន្ធលើអចលនទ្រព្យ និងពន្ធលើប្រាក់ចំណូល។

Posted on Leave a comment

រយៈពេលកាន់កាប់ = Holding Period (សទ្ទានុក្រមពន្ធដារ)

សំដៅដល់រយៈពេលដែលការវិនិយោគត្រូវបានកាន់កាប់ដោយអ្នកវិនិយោគ ឬរយៈពេលរវាងការទិញ និងលក់មូលបត្រ។ ក្នុងស្ថានភាពវិនិយោគរយៈពេលវែង រយៈពេលនៃការកាន់កាប់សំដៅដល់ចន្លោះពេលវេលារវាងការទិញ និងការលក់ទ្រព្យសកម្ម។

Posted on Leave a comment

របាយការណ៍សវនកម្ម = Audit Report (សទ្ទានុក្រមពន្ធដារ)

-នេះជាប្រភេទរបាយការណ៍របស់សវនករឯករាជ្យ ដែលមានរៀបរាប់អំពីមតិរបស់សវនករទាក់ទងនឹងរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គភាពមួយ។ របាយការណ៍សវនកម្មនេះត្រូវបានកំណត់ទម្រង់ស្ដង់ដារជាក់លាក់មួយដែលទទួលស្គាល់ដោយស្តង់ដារសវនកម្មដែលទទួលយកជាទូទៅ។
-សម្រាប់គោលដៅច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម របាយការណ៍សវនកម្ម សំដៅដល់យោបល់ ឬការបដិសេធផ្លូវការ ដែលចេញដោយសវនករជាលទ្ធផលនៃការធ្វើសវនកម្ម ឬការវាយតម្លៃ ដែលបានធ្វើលើនីតិបុគ្គល ឬផ្នែកណាមួយនៃនីតិបុគ្គលនោះ (ដែលហៅថា “នីតិបុគ្គលរង សវនកម្ម”)។

Posted on Leave a comment

របាយការណ៍ហិរញ្ញវត្ថុ = Financial Statement (សទ្ទានុក្រមពន្ធដារ)

គឺជាកំណត់ត្រាជាលាយលក្ខណ៍អក្សរដែលបង្ហាញពីសកម្មភាពអាជីវកម្ម និងដំណើរការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងកាលបរិច្ឆេទជាក់លាក់។ ជាទូទៅ របាយការណ៍ហិរញ្ញវត្ថុត្រូវបានធ្វើសវនកម្មដោយសវនករក្រុមហ៊ុន សវនករឯករាជ្យ មន្ត្រីភ្នាក់ងាររដ្ឋាភិបាល ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងសម្រាប់គោលបំណងការវិនិយោគហិរញ្ញវត្ថុ និងកាតព្វកិច្ចសារពើពន្ធ។ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានរបាយការណ៍ចំនួន៥ រួមមាន៖
១. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ឬតារាងតុល្យការ
២. ; របាយការណ៍លទ្ធផល
៣. របាយការណ៍ស្តីពីបម្រែបម្រួលមូលធន
៤. របាយការណ៍រំហូរសាច់ប្រាក់
៥. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ។

Posted on Leave a comment

របៀបញែកចំណេញដែលនៅសល់ = Residual Analysis/Residual Profit Split Approach (សទ្ទានុក្រមពន្ធដារ)

របៀបញែកចំណេញដែលនៅសល់ ត្រូវបានចែកចេញជា២ ដំណាក់កាល។ ដំណាក់កាលដំបូងត្រូវញែកចំណេញជាមូលដ្ឋានរបស់ភាគីនីមួយៗ។ ចំណេញជាមូលដ្ឋានទាំងនេះ ត្រូវបានបែងចែកទៅតាមមុខងារជាមូលដ្ឋាន ដែលភាគីនីមួយៗបានបំពេញដោយផ្អែកលើចំណេញជាមូលដ្ឋាននៃទីផ្សារ ដែលទទួលបានដោយសហគ្រាសឯករាជ្យពីប្រតិបត្តិការប្រហាក់ប្រហែលគ្នា។ ចំណេញជាមូលដ្ឋានមិនរួមបញ្ចូលទេនូវចំណេញដែលទទួលបានពីទ្រព្យសកម្មឯកលក្ខណៈនិងមានតម្លៃខ្ពស់ ដែលកាន់កាប់ដោយភាគីចូលរួម។ ដំណាក់កាលបន្ទាប់ គឺជាការញែកចំណេញ ឬខាតដែលនៅសល់ក្រោយការញែកចំណេញជាមូលដ្ឋានដោយផ្អែកលើមូលដ្ឋាននៃការញែក ដែលសហគ្រាសឯករាជ្យបានធ្វើឡើងនៅក្នុងស្ថានភាពប្រហាក់ប្រហែលគ្នា។

Posted on Leave a comment

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ/តារាងតុល្យការ = Statement of Financial Position/Balance Sheet (សទ្ទានុក្រមពន្ធដារ)

នេះជាប្រភេទរបាយការណ៍ហិរញ្ញវត្ថុម្យ៉ាងដែលរាយការណ៍អំពីទ្រព្យសកម្ម បំណុល និងដើមទុនរបស់សហគ្រាស/ក្រុមហ៊ុននៅត្រឹមកាលបរិច្ឆេទជាក់លាក់ណាមួយ។ ម្យ៉ាងវិញទៀត របាយការណ៍នេះក៏ដើរតួនាទីក្នុងការបង្ហាញផងដែរអំពីបញ្ជីធនធាន កាតព្វកិច្ច និងព័ត៌មានលម្អិតអំពីកម្មសិទ្ធិរបស់ក្រុមហ៊ុនត្រឹមកាលបរិច្ឆេទជាក់លាក់ណាមួយ។

Posted on Leave a comment

រយៈពេលអនុគ្រោះ = Grace Period (សទ្ទានុក្រមពន្ធដារ)

សំដៅដល់រយៈពេលក្រោយកាលបរិច្ឆេទផុតកំណត់បង់ពន្ធ ដែលក្នុងអំឡុងពេលនោះវិធានការផ្លូវច្បាប់សម្រាប់តឹងទារប្រាក់ពន្ធយឺតយ៉ាវ និងការប្រាក់នឹងមិនត្រូវបានចាប់ផ្តើមអនុវត្តឡើយ។

Posted on Leave a comment

របាយការណ៍រំហូរសាច់ប្រាក់ = Statement of Cash Flow (សទ្ទានុក្រមពន្ធដារ)

នេះជាទម្រង់របាយការណ៍ហិរញ្ញវត្ថុដែលសង្ខេបចំនួនសាច់ប្រាក់ និងសមមូលសាច់ប្រាក់ដែលចូល និងចេញពីក្រុមហ៊ុន។ របាយការណ៍រំហូរសាច់ប្រាក់ ដើរតួនាទីជាខ្នាតវាស់វែងថាតើក្រុមហ៊ុនមួយគ្រប់គ្រងស្ថានភាពសាច់ប្រាក់បានល្អកម្រិតណា ឬបង្កើតសាច់ប្រាក់បានល្អកម្រិតណា។ របាយការណ៍រំហូរសាច់ប្រាក់អាចមានបំពេញបន្ថែមនូវព័ត៌មានហិរញ្ញវត្ថុនៅក្នុងតារាងតុល្យការ និងរបាយការណ៍លទ្ធផលផងដែរ។

Posted on Leave a comment

របាយការណ៍លទ្ធផល = Income Statement (សទ្ទានុក្រមពន្ធដារ)

សំដៅដល់របាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញអំពីសមាសធាតុនៃចំណូល និងចំណាយទាំងអស់របស់សហគ្រាស ដែលសម្រេចបានក្នុងការិយបរិច្ឆេទជាក់លាក់ណាមួយ។ របាយការណ៍នេះបង្ហាញពីលទ្ធផលចំណេញ/ខាត ដែលបានមកពីការយកចំណូលដកចំណាយ។

Posted on Leave a comment

របាយការណ៍បម្រែបម្រួលមូលធន = Statement of Changes in Equity (សទ្ទានុក្រមពន្ធដារ)

សំដៅដល់របាយការណ៍ពីការផ្លាស់ប្តូរដើមទុនរបស់ក្រុមហ៊ុន ដែលផ្គូផ្គងរវាងសមតុល្យដើមគ្រា និងសមតុល្យចុងគ្រានៃដើមទុនក្នុងឆ្នាំជាប់ពន្ធ។ របាយកាណ៍នេះសង្ខេបប្រតិបត្តិការដែលទាក់ទិននឹងមូលធនរបស់ម្ចាស់ភាគហ៊ុននៅក្នុងការិយបរិច្ឆេទគណនេយ្យ រួមបញ្ចូលទាំងបម្រែបម្រួលប្រាក់ចំណេញរក្សាទុកទុនបម្រុងនានា និងការប្រែប្រួលនូវមូលធនដូចជាការបោះផ្សាយភាគហ៊ុនថ្មី និងការបែងចែកភាគលាភ។

Posted on Leave a comment

រថយន្ត = Automobile (សទ្ទានុក្រមពន្ធដារ)

-សំដៅដល់យានជំនិះរបស់អ្នកដំណើរដែលត្រូវបានរចនាឡើងសម្រាប់ប្រតិបត្តិការនៅលើផ្លូវគោក ហើយជាធម្មតាមានកង់បួន ដោយប្រើសាំង ម៉ាស៊ូត ឬអគ្គិសនី។
-សម្រាប់កម្មវត្ថុនៃការអនុវត្តអាករលើតម្លៃបន្ថែម ពាក្យ រថយន្ត សំដៅដល់រថយន្តសម្រាប់តែដឹកមនុស្ស ដែលមានកន្លែងអង្គុយមិនលើសពី ១០ កៅអី និងមិនត្រូវបានអនុញ្ញាតឥណទានអាករលើតម្លៃបន្ថែមលើធាតុចូល លើកលែងតែបុគ្គលជាប់អាករប្រកបអាជីវកម្មលក់ ឬជួលរថយន្ត។

Posted on Leave a comment

រដ្ឋាភិបាលអេឡិចត្រូនិក = E-Government (សទ្ទានុក្រមពន្ធដារ)

វាក្យសព្ទនេះ សំដៅដល់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ជាពិសេសប្រព័ន្ធអ៊ីនធឺណិត ដោយរដ្ឋាភិបាល សម្រាប់បម្រើកិច្ចការងារប្រចាំថ្ងៃរបស់រដ្ឋាភិបាលមួយឱ្យបានរឹតតែល្អប្រសើរឡើងថែមទៀតស្របតាមការវិវត្តដ៏ឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។

Posted on Leave a comment

រដ្ឋាភិបាលឌីជីថល = Digital Government (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ដំណើរការនៃការធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាល និងសេវាសាធារណៈតាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថល ដូចជាកុំព្យូទ័រ ឧបករណ៍ឆ្លាតវៃ និងប្រព័ន្ធអ៊ីនធឺណិត ដើម្បីជាប្រយោជន៍ដល់ការជួយសម្រួលដល់ការគ្រប់គ្រងកិច្ចការរដ្ឋបាលរបស់រដ្ឋ ការសម្រេចចិត្ត និងការផ្តល់សេវាជូនប្រជាពលរដ្ឋ វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធនានាប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាប័ន្ន។

Posted on Leave a comment

រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស = Special Economic Zone Administration (សទ្ទានុក្រមពន្ធដារ)

សំដៅដល់អង្គភាពគ្រប់គ្រងរដ្ឋបាលរបស់រដ្ឋ ដែលជាយន្តការច្រកចេញចូលតែមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងមានភារកិច្ចចេញលិខិតអនុញ្ញាត ការយល់ព្រមអាជ្ញាប័ណ្ណ និងបញ្ជិកា រួមទាំងការអនុម័តលើការលើកទឹកចិត្តនានាជំនួសមុខឱ្យសាមីក្រសួង និងស្ថាប័នជំនាញតាមការទទួលសិទ្ធិអំណាចពេញលេញពីក្រសួង និងស្ថាប័នសាមីសម្រាប់ផ្ដល់ជូនដល់អ្នកវិនិយោគក្នុងតំបន់ជាមួយគ្នា ដើម្បីដោះស្រាយនូវរាល់សំណូមពរនានាពាក់ព័ន្ធទៅនឹងសមត្ថកិច្ចគ្រប់គ្រងរបស់រដ្ឋ ក្នុងដំណើរការវិនិយោគនៅក្នុងតំបន់។

Posted on Leave a comment

រជ្ជទេយ្យបុរេប្រទាន = Advance Petty Cash (សទ្ទានុក្រមពន្ធដារ)

វាក្យសព្ទនេះ សំដៅដល់មុខចំណាយកំប៉ិកកំប៉ុក រួមមានសម្ភារ លាភការទាំងឡាយរបស់បុគ្គលិកសង្រ្គោះបន្ទាន់ និងពិសេសចំណាយធ្វើដំណើរ និងប្រាក់បំណាច់បេសកកម្មក្នុងចំនួនទឹកប្រាក់ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

Posted on Leave a comment

រដ្ឋបាលសុរិយោដី = Cadastral Administration (សទ្ទានុក្រមពន្ធដារ)

សំដៅដល់អង្គភាពស្ថិតក្រោមចំណុះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

Posted on Leave a comment

រដ្ឋបាលសារពើពន្ធ = Tax Administration (សទ្ទានុក្រមពន្ធដារ)

យោងមាត្រា៨៨ នៃច្បាប់ស្ដីពីសារពើពន្ធ មានផ្ដល់និយមន័យ រដ្ឋបាលសារពើពន្ធ ថាជាអង្គការចាត់តាំងនៃអគ្គនាយកដ្ឋានពន្ធដារ។ ក្នុងន័យនេះ រដ្ឋបាលសារពើពន្ធគឺសំដៅដល់អគ្គនាយកដ្ឋានពន្ធដារ ហើយពេលខ្លះក៏អាចហៅថាអាជ្ញាធរពន្ធដារ ឬអង្គភាពពន្ធដារ។

Posted on Leave a comment

រជ្ជទេយ្យករបុរេប្រទាន = Advance Petty Cashier (សទ្ទានុក្រមពន្ធដារ)

សំដៅដល់អ្នកបើកប្រាក់រជ្ជទេយ្យបុរេប្រទាន និងធ្វើប្រតិបត្តិការទូទាត់ចំណាយវិញ យ៉ាងយូរបំផុតក្នុងរយៈពេលមួយខែ ចាប់ពីកាលបរិច្ឆេទបើកប្រាក់។ ការទូទាត់នេះ នឹងប្រព្រឹត្តទៅតាមរយៈការចេញអាណត្តិនិយតកម្ម។

Posted on Leave a comment

រជ្ជទេយ្យករចំណូល = Petty Cashier Revenue (សទ្ទានុក្រមពន្ធដារ)

រជ្ជទេយ្យករចំណូល សំដៅដល់អ្នកកត់ត្រា ចុះបញ្ជី និងប្រមូលប្រាក់ចំណូលមិនមែនសារពើពន្ធទាំងអស់សម្រាប់បង់ចូលថវិការដ្ឋ។

Posted on Leave a comment

រជ្ជទេយ្យករ = Petty Cashier (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ក្រុម ឬបុគ្គលដែលតែងតាំងឱ្យទទួលខុសត្រូវលើការកាន់កាប់ និងគ្រប់គ្រងសាច់ប្រាក់ ឬមិនមែនសាច់ប្រាក់របស់អង្គភាពចំណូល-ចំណាយ។ រជ្ជទេយ្យករ មានពីរប្រភេទ គឺរជ្ជទេយ្យករចំណូល និងរជ្ជទេយ្យករចំណាយ។

Posted on Leave a comment

រង្វង់សុវត្ថិភាព = Safe Harbour (សទ្ទានុក្រមពន្ធដារ)

នេះជាវាក្យសព្ទមួយ សំដៅដល់បទប្បញ្ញត្តិផ្តល់ការការពារពីការទទួលខុសត្រូវ ឬការពិន័យ ប្រសិនបើលក្ខខណ្ឌមួយចំនួនត្រូវបានបំពេញ។
ឧ. : នៅពេលដែលរដ្ឋបាលសារពើពន្ធចេញជាសេចក្តីណែនាំលើការបកស្រាយបទប្បញ្ញតិ្តស្ដីពីពន្ធដារ សេចក្តីណែនាំទាំងនោះអាចបញ្ជាក់ថាប្រតិបត្តិការ ដែលស្ថិតនៅក្នុងរង្វង់ជាក់លាក់ណាមួយនឹងត្រូវបានទទួលយកដោយរដ្ឋបាលសារពើពន្ធ ដោយមិនមានការសួរនាំបន្ថែម ឬការដាក់ទោសទណ្ឌអ្វីទៀតឡើយ។

Posted on Leave a comment

រជ្ជទេយ្យចំណូល = Petty Cash Revenue (សទ្ទានុក្រមពន្ធដារ)

វាក្យសព្ទនេះ សំដៅដល់ចំណូលមិនមែនសារពើពន្ធ ដែលមានលក្ខណៈជាប្រចាំ មានចំនួនទឹកប្រាក់តិច ពុំមានកិច្ចសន្យា និងត្រូវបានបង់ផ្ទាល់ដល់រជ្ជទេយ្យករចំណូលជាសាច់ប្រាក់ ជាមូលប្បទានបត្រ ឬតាមរយៈគណនីរបស់រជ្ជទេយ្យករចំណូលនៅតាមធនាគារដៃគូ ក្រោយទទួលបានការអនុញ្ញាតពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

Posted on Leave a comment

យថាភូតកម្ម = Authentication (សទ្ទានុក្រមពន្ធដារ)

ក្នុងបរិបទបច្ចេកវិទ្យាព័ត៌មាន ពាក្យនេះសំដៅដល់ការបញ្ជាក់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ តាមរយៈការផ្ទៀងផ្ទាត់ (ឈ្មោះ ពាក្យសម្ងាត់ កាត ក្រយៅដៃ សំឡេង ភ្នែក មុខ។ល។) ដើម្បីធានាបាននូវការថែរក្សាសន្តិសុខនៃទិន្នន័យ ឬព័ត៌មាននៅក្នុងប្រព័ន្ធកុំព្យូទ័រ។

Posted on Leave a comment

យានជំនិះ = Vehicle (សទ្ទានុក្រមពន្ធដារ)

-ជាទូទៅ ពាក្យនេះ សំដៅដល់ឧបករណ៍ប្រើប្រាស់សម្រាប់ដឹកជញ្ជូនដែលមានរួមបញ្ចូលទាំងមធ្យោបាយដឹកជញ្ជូនអ្នកដំណើរ ឬដឹកជញ្ជូនទំនិញតាមផ្លូវគោក ផ្លូវទឹក និងតាមផ្លូវអាកាស ជាដើម។
-សម្រាប់កម្មវត្ថុនៃការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ពាក្យ យានជំនិះ សំដៅដល់យានសម្រាប់ជិះ ឬសម្រាប់ដឹកទំនិញ។
ឧ. : រថយន្ដ កាណូត កប៉ាល់ ជាដើម។

Posted on Leave a comment

យុត្តាធិការ = Jurisdiction (សទ្ទានុក្រមពន្ធដារ)

ក្នុងបរិបទពន្ធដារ យុត្តាធិការ សំដៅដល់ដែនសមត្ថកិច្ចនៃអំណាច និងសិទ្ធិក្នុងការគ្រប់គ្រង បកស្រាយ និងប្រើប្រាស់ ច្បាប់ពន្ធ ឬការសម្រេចចិត្តរបស់រដ្ឋបាលពន្ធដារ។

Posted on Leave a comment

យុត្តាធិការកម្រិតពន្ធទាបឬគ្មានបន្ទុកពន្ធ/ជម្រករួចពន្ធ ឬបន្ទុកពន្ធទាប = Tax Haven (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រទេស ឬដែនសមត្ថកិច្ច ឬយុត្តាធិការ ដែល កំណត់ពន្ធកម្រិតទាបបំផុត ឬគ្មានបន្ទុកពន្ធតែម្តងសម្រាប់ទាក់ទាញវិនិយោគិនបរទេស។

Posted on Leave a comment

រង្វង់ជំហោងដៃ = Arm’s Length Range (សទ្ទានុក្រមពន្ធដារ)

រង្វង់ជំហោងដៃ សំដៅដល់រង្វង់តួលេខសូចនាករហិរញ្ញវត្ថុពាក់ព័ន្ធ (ឧទាហរណ៍ : ថ្លៃ ឬកម្រិតចំណេញ) ដែលទទួលបានការអនុវត្តវិធីសាស្ត្រផ្ទេរថ្លៃ ដែលបានមកពីប្រតិបត្តិការគ្មានការរៀបចំអាចប្រៀបធៀបបានទៅនឹងប្រតិបត្តិការមានការរៀបចំ ដោយផ្អែកលើការវិភាគលើភាពដែលអាចធៀបបាន។

Posted on Leave a comment

ម្ចាស់ប័ណ្ណប្រកាស = Sign Board Owner (សទ្ទានុក្រមពន្ធដារ)

ម្ចាស់ប័ណ្ណប្រកាស សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលធ្វើ ឬឱ្យគេធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈប័ណ្ណប្រកាស ដើម្បីជាប្រយោជន៍ដល់អាជីវកម្មរបស់ខ្លួន ដែលរួមមានជាអាទិ៍ ម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្មដ្ឋាន។

Posted on Leave a comment

ម្ចាស់ប្រព័ន្ធ/ទិន្នន័យ = System/Data Owner (សទ្ទានុក្រមពន្ធដារ)

សំដៅដល់រូបវន្តបុគ្គល ឬអង្គភាពដែលទទួលខុសត្រូវក្នុងការអភិវឌ្ឍ លទ្ធកម្ម ការធ្វើសមាហរណកម្ម ការកែសម្រួល ការធ្វើប្រតិបត្តិការ ការថែទាំ និង/ឬការរៀបចំប្រើប្រាស់ជាក់ស្តែងនៃប្រព័ន្ធព័ត៌មាន។

Posted on Leave a comment

ម្ចាស់ទ្រព្យសម្បត្តិប្រចាំមួយជីវិត = Life Tenancy (សទ្ទានុក្រមពន្ធដារ)

ជាទូទៅ វាក្យសព្ទនេះ សំដៅដល់សិទ្ធិជាម្ចាស់ទ្រព្យសម្បត្តិ និងអាចប្រើប្រាស់ទ្រព្យសម្បត្តិនោះអស់មួយជីវិត។

Posted on Leave a comment

ម្ចាស់ទំនិញ = Owner of Goods (សទ្ទានុក្រមពន្ធដារ)

-សំដៅដល់ភ្នាក់ងារសេដ្ឋកិច្ចដែលមានសិទ្ធិលើទំនិញរួមទាំងសិទ្ធិនៃម្ចាស់កម្មសិទ្ធិ និងសិទ្ធិចាត់ចែង។
-សម្រាប់កម្មវត្ថុនៃពន្ធលើប្រាក់ចំណូល និងពន្ធ-អាករនានាទាក់ទិនទៅនឹងសកម្មភាពកាត់ ដេរ និងតម្រឹមរបស់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់នៅក្នុងប្រទេសកម្ពុជា ម្ចាស់ទំនិញ សំដៅដល់បុគ្គលអនិវាសនជន ដែលជាម្ចាស់វត្ថុធាតុដើម និងបានចុះកិច្ចសន្យាជាមួយសហគ្រាសផ្គត់ផ្គង់សេវាកាត់ ដេរ និងតម្រឹម។

Posted on Leave a comment

យថាប្រភេទយានយន្ត = Vehicle Specification (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ វាក្យសព្ទនេះ សំដៅដល់យានយន្ត ដែលត្រូវបានកែសម្រួលប្រភេទដោយកំណត់តាមឆ្នាំផលិត។

Posted on Leave a comment

មូលបត្របំណុល = Debt Securities (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រភេទនៃឧបករណ៍ ឬជាទ្រព្យហិរញ្ញវត្ថុម្យ៉ាងដែលកើតចេញពីការផ្តល់ប្រាក់ខ្ចីដោយភាគីមួយជូនទៅភាគីម្ខាងទៀត ហើយម្ចាស់បំណុលមានសិទ្ធិទទួលបាននូវប្រភពចំណូលពីការទូទាត់ការប្រាក់។
ឧ. : មូលបត្របំណុលសាជីវកម្ម គឺជាមូលបត្របំណុលដែលចេញដោយសាជីវកម្ម ហើយលក់ទៅឱ្យអ្នក វិនិយោគ។ ម្យ៉ាងវិញទៀត មូលបត្របំណុលរដ្ឋាភិបាល គឺជាមូលបត្របំណុល ដែលចេញដោយរដ្ឋាភិបាល ហើយលក់ទៅឱ្យអ្នកវិនិយោគ។

Posted on Leave a comment

មូលបត្រតាមទម្រង់ចុះបញ្ជី = Nominative Securities/Registered Securities (សទ្ទានុក្រមពន្ធដារ)

-សំដៅដល់មូលបត្រ ដែលឈ្មោះរបស់ម្ចាស់មូលបត្រត្រូវបានកត់ត្រាក្នុងបញ្ជីដោយក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ ហើយម្ចាស់មូលបត្រចុះបញ្ជីនេះ គឺជាបុគ្គល ដែលមានសិទ្ធិពាក់ព័ន្ធទាំងឡាយលើមូលបត្រនោះ។
-ក្នុងបរិបទច្បាប់កម្ពុជា មូលបត្រអាចមានជាទម្រង់ចុះបញ្ជីនេះ (Registered Form) មូលបត្រតាមទម្រង់អ្នកកាន់កាប់ (Bearer Form) ឬទម្រង់ជាអ្នកបញ្ជា (Order Form)។

Posted on Leave a comment

មូលបត្រចុះបញ្ជីឈ្មោះម្ចាស់ = Registered Security (សទ្ទានុក្រមពន្ធដារ)

មូលបត្រដែលបានចុះបញ្ជី ឬដាក់ឈ្មោះម្ចាស់ ជាមូលបត្រ ដែលឈ្មោះរបស់ម្ចាស់ត្រូវបានកត់ត្រាទុកនៅក្នុងបញ្ជីមូលបត្រ ដោយក្រុមហ៊ុនបោះផ្សាយ ហើយម្ចាស់កម្មសិទ្ធិដែលបានចុះបញ្ជី គឺជាបុគ្គលដែលទទួលបានរាល់សិទ្ធិពាក់ព័ន្ធនឹងមូលបត្រនោះ។

Posted on Leave a comment

មូលបត្រចុះបញ្ជី = Quoted Securities (សទ្ទានុក្រមពន្ធដារ)

សំដៅដល់មូលបត្រចុះបញ្ជី និងមូលបត្របំណុលមិនចុះបញ្ជីដែលត្រូវបានអនុញ្ញាតឱ្យជួញដូរតាមរយៈការលក់-ទិញ ឬការចាត់ចែងដទៃទៀតនៅក្នុងផ្សារមូលបត្រផ្លូវការ។

Posted on Leave a comment

មូលបត្រគាហកៈ = Bearer Securities (សទ្ទានុក្រមពន្ធដារ)

មូលបត្រគាហកៈ សំដៅដល់ភាគហ៊ុន សញ្ញាប័ណ្ណ ឬមូលបត្របំណុល ដែលចេញដោយអង្គភាពអាជីវកម្មដូចជា ក្រុមហ៊ុន សាជីវកម្ម ឬរដ្ឋាភិបាល។ ក្នុងនាមជាអ្នកកាន់កាប់លិខិតូបករណ៍ មានភាពខុសប្លែកពីប្រភេទវិនិយោគលើមូលបត្រទូទៅ ដែលមានន័យថាមិនចាំបាច់ចុះបញ្ជី និងមិនមាន កំណត់ត្រា ឬប្រតិបត្តិការទាក់ទងថាជាម្ចាស់កម្មសិទ្ធិឡើយ។ បុគ្គលដែលកាន់កាប់លិខិតូបករណ៍នៅលើមូលបត្រ ដែលបានបោះផ្សាយ គឺជាម្ចាស់កម្មសិទ្ធិសន្មត។ ធ្វើបែបនេះ គឺមានប្រយោជន៍សម្រាប់វិនិយោគិន ដែលមានបំណងរក្សាភាពអនាមិក។

Posted on Leave a comment

មូលធនភាគហ៊ុនិក = Shareholders’ Equity (សទ្ទានុក្រមពន្ធដារ)

នេះជាទ្រព្យសកម្មសរុបដកបំណុលសរុបរបស់សាជីវកម្មមួយដែលត្រូវបានគេហៅថាទ្រព្យរបស់ម្ចាស់ភាគហ៊ុន ឬទ្រព្យសុទ្ធ ឬសំដៅដល់មូលធនសរុបរបស់ក្រុមហ៊ុន ដែលវិនិយោគដោយភាគហ៊ុនិក រួមទាំងប្រាក់ចំណេញរក្សាទុក។

Posted on Leave a comment

មូលធនបម្រុងតាមច្បាប់ = Legal Reserve Capital (សទ្ទានុក្រមពន្ធដារ)

គឺជាប្រភេទមូលធនបម្រុងទាំងឡាយណាដែលតម្រូវដោយលក្ខន្តិកៈ ឬអនុស្សរណៈរបស់សហគ្រាសដែលកំណត់ដោយច្បាប់ពាណិជ្ជកម្ម និងច្បាប់ពាក់ព័ន្ធដទៃទៀត។

Posted on Leave a comment

មូលបត្រ = Securities (សទ្ទានុក្រមពន្ធដារ)

-សំដៅដល់ឯកសារជាភស្ដុតាងនៃភាគហ៊ុនរបស់ក្រុមហ៊ុនមួយ (ឧទាហរណ៍ : ប័ណ្ណភាគហ៊ុន) ឬបំណុលរបស់បុគ្គលណាម្នាក់ចំពោះអ្នកកាន់កាប់ភាគហ៊ុន (ឧទាហរណ៍ : មូលបត្របំណុលរបស់រដ្ឋាភិបាល ឬក្រុមហ៊ុន ឬសិទ្ធិស្របច្បាប់ស្រដៀងគ្នា)។
-គឺជាទ្រព្យហិរញ្ញវត្ថុ ឬឧបករណ៍ហិរញ្ញវត្ថុដែលប្រើប្រាស់សម្រាប់បង្កើនមូលធននៅក្នុងទីផ្សារសាធារណៈ និងទីផ្សារឯកជន។ ជាទូទៅ មានមូលបត្រសំខាន់ៗទាំងនេះចំនួន៣ប្រភេទ (១). មូលបត្រភាគហ៊ុន (Equity) ដែលផ្ដល់សិទ្ធិជាម្ចាស់ជូនអ្នកកាន់កាប់ (២). បំណុល (Debt) ដែលត្រូវសងវិញជាបន្ដបន្ទាប់ស្របតាមកាលកំណត់ និង (៣). ជាទម្រង់ចម្រុះ/កូនកាត់ (Hybrid) ដែលរួមបញ្ចូលគ្នាទាំងបំណុល និងទាំងភាគហ៊ុន (ឧទាហរណ៍ : ភាគហ៊ុនអាទិភាព – Preferred Stock)។
-នៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារនៃព្រះរាជាណាចក្រកម្ពុជាមូលបត្រ សំដៅដល់មូលបត្រកម្មសិទ្ធិ ដែលរាប់បញ្ចូលទាំងភាគហ៊ុន មូលបត្របំណុលដែលរាប់បញ្ចូលទាំងសញ្ញាប័ណ្ណ ផលប្រយោជន៍ក្នុងគម្រោងវិនិយោគរួម ឧបករណ៍និស្សន្ទ ឬឧបករណ៍ដេវីវេទីវដែលទាក់ទងនឹងមូលបត្រមួយ និងឧបករណ៍ហិរញ្ញវត្ថុដទៃទៀតដែលកំណត់ថាជាមូលបត្រ។

Posted on Leave a comment

មូលនិធិសោធននិវត្តន៍ = Pension Fund (សទ្ទានុក្រមពន្ធដារ)

មូលនិធិសោធននិវត្តន៍ គឺជាប្រភេទនៃគម្រោងសន្សំប្រាក់របស់និយោជិត ដោយដកយកមួយផ្នែកតូចនៃប្រាក់ចំណូល ឬប្រាក់បៀវត្សរបស់គេសម្រាប់វិនិយោគនៅក្នុងផែនការសន្សំ។ មូលនិធិសោធននិវត្តន៍នឹងជួយនិយោជិតឱ្យទទួលបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារនៅពេលចូលនិវត្តន៍នៅពេលអនាគត។

Posted on Leave a comment

មូលធនបម្រុងផ្សេងៗ = Other Reserve Capital (សទ្ទានុក្រមពន្ធដារ)

វាក្យសព្ទនេះ សំដៅចំពោះប្រភេទតួលេខមូលធនបម្រុងផ្សេងៗទៀត ដែលកំណត់ដោយក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឬដោយកាតព្វកិច្ចនៃក្រឹត្យក្រមអាជីវកម្មណាមួយ ក្រៅពីមូលធនបម្រុងតាមច្បាប់។

Posted on Leave a comment

មូលធនជានាមករណ៍= Nominal Capital (សទ្ទានុក្រមពន្ធដារ)

វាក្យសព្ទនេះ សំដៅដល់ចំនួនដើមទុនដែលមានកំណត់ដូចមានចែងក្នុងមាត្រានៃការចុះបញ្ជីបង្កើតក្រុមហ៊ុនសាជីវកម្ម។ ជាទូទៅ ចំនួនអប្បបរមាជាក់លាក់មួយនៃមូលធនជានាមករណ៍ គឺជាលក្ខខណ្ឌតម្រូវ ដើម្បីបង្កើតជានីតិបុគ្គលមួយបាន។

Posted on Leave a comment

មូលដា្ឋនវិក្កយបត្រ = Invoice Basis (សទ្ទានុក្រមពន្ធដារ)

មូលដា្ឋនវិក្កយបត្រ សំដៅដល់វិធីសាស្រ្ត ដែលគិតអាករលើតម្លៃបន្ថែមលើទំនិញ ឬសេវា នៅពេលចេញវិក្កយបត្រដោយមានការអនុញ្ញាតឱ្យដកឥណទានអាករលើធាតុចូល (ប្រសិនបើមាន) សម្រាប់អាករដែលបានបង់ទៅលើការទិញ។

Posted on Leave a comment

មូលដ្ឋានអតិថិជន = Customer Base (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ក្រុមអតិថិជនដែលតែងតែទិញទំនិញ ឬសេវាពីអាជីវកម្មណាមួយជាប្រចាំ។ មូលដ្ឋានអតិថិជន ត្រូវបាន បញ្ជាក់យ៉ាងច្បាស់ថាជាអតិថិជនដែលស្មោះត្រង់ និងចូលរួមច្រើនបំផុតជាមួយអាជីវកម្ម។ នៅពេលដែលអាជីវកម្មមួយមានអ្នកទិញទំនិញ ដែលចូលរួមជាប់លាប់ជាមួយម៉ាករបស់អាជីកម្មនោះ ដែលសមនឹងទីផ្សារគោលដៅរបស់អាជីវកម្ម ឬបុគ្គលិកដ៏ល្អរបស់អាជីវកម្ម នោះមានន័យថាអាជីវកម្មមានមូលដ្ឋានអតិថិជនដ៏រឹងមាំ។

Posted on Leave a comment

មូលទិន្នន័យ = Database (សទ្ទានុក្រមពន្ធដារ)

មូលទិន្នន័យ គឺជាបណ្ដុំនៃទំនាក់ទំនងទិន្នន័យ ឬព័ត៌មាន ដែលរក្សាទុកក្នុងប្រព័ន្ធកុំព្យូទ័រតាមវិធីជាក់លាក់ណាមួយ ដែលផ្តល់ភាពងាយស្រួល និងភាពច្បាស់លាស់ក្នុងការបញ្ចូល បញ្ចេញ បន្ថែមបន្ថយ ផ្លាស់ប្តូរ កែសម្រួល និងស្វែងរកទិន្នន័យ ឬព័ត៌មានបានទាន់ពេលវេលាប្រកបដោយ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់។

Posted on Leave a comment

មូលធនដែលបានបង់រួច = Paid-In Capital (សទ្ទានុក្រមពន្ធដារ)

សំដៅដល់មូលធន ដែលសាជីវកម្មទទួលបានពីអ្នកវិនិយោគសម្រាប់ភាគហ៊ុន ដែលខុសពីមូលធនដែលបង្កើតឡើងដោយចំណូលពីប្រតិបត្តិការអាជីវកម្ម ឬទទួលបានពីប្រទានកម្ម។ ក្នុងន័យនេះ មូលធនដែលបានបង់រួច គឺជាដើមទុន ឬមូលធនដែលបង់ដោយម្ចាស់ភាគហ៊ុនទៅឱ្យក្រុមហ៊ុន។

Posted on Leave a comment

មូលធន = Capital (សទ្ទានុក្រមពន្ធដារ)

-សំដៅដល់ទ្រព្យសកម្មទាំងអស់ ដែលប្រើប្រាស់ដោយរូបវន្ដបុគ្គល ឬនីតិបុគ្គលសម្រាប់ដំណើរការអាជីវកម្មរបស់សហគ្រាស ឬក្រុមហ៊ុន រួមមានសាច់ប្រាក់ សន្និធិចលនទ្រព្យ និងអចលនទ្រព្យ ព្រមទាំងទ្រព្យសកម្មរូបី និងអរូបីដទៃទៀត។
-សម្រាប់កម្មវត្ថុនៃពន្ធលើចំណេញមូលធន សំដៅដល់អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយប័ណ្ណបរទេស ជាដើម។

Posted on Leave a comment

មូលដ្ឋានរួមបញ្ចូលគ្នា = Pool Basis (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃពន្ធ សំដៅដល់មូលដ្ឋានរួមបញ្ចូលគ្នានៃទ្រព្យក្នុងគោលបំណងធ្វើការរំលស់ទ្រព្យអាជីវកម្ម ដែលស្ថិតក្នុងប្រភេទទ្រព្យថ្នាក់ដូចគ្នា (ឧទាហរណ៍ : រាល់ទ្រព្យស្រដៀងគ្នាណាដែលអាចរំលស់បាន) គឺត្រូវបានចាត់ទុកជាប្រភេទទ្រព្យតែមួយសម្រាប់កម្មវត្ថុនៃការរំលស់។

Posted on Leave a comment

មូលដ្ឋានគិតអាករលើការផ្គត់ផ្គង់ = Tax Base on Supply (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ថ្លៃទំនិញឬសេវាដែលអ្នកលក់យកពីអ្នកទិញ។ តម្លៃជាប់អាករ រួមមាន បន្ទុកដឹកជញ្ជូន ហើយនិងខ្ទង់ដទៃទៀតដែលត្រូវទូទាត់ឱ្យអ្នកលក់ចំពោះការផ្គត់ផ្គង់នោះ រួមបញ្ចូលទាំងអាករពិសេសលើទំនិញនិងសេវាមួយចំនួន លើកលែងតែអាករលើតម្លៃបន្ថែម។

Posted on Leave a comment

មូលដ្ឋានគិតពន្ធលើអចលនទ្រព្យ = Property Tax Base (សទ្ទានុក្រមពន្ធដារ)

សំដៅដល់មូលដ្ឋាននៃការគិតពន្ធលើតម្លៃដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលសង់ភ្ជាប់ទៅនឹងដីផ្ទាល់ បន្ទាប់ពីកាត់បន្ថយនូវទឹកប្រាក់ចំនួន ១០០ ០០០ ០០០ (មួយរយលាន) រៀល។ តម្លៃដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលសង់ភ្ជាប់ទៅនឹងដីនោះ ត្រូវកំណត់តាមតម្លៃទីផ្សារ ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យ ដែលបង្កើតដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

Posted on Leave a comment

មូលដ្ឋានគិតពន្ធលើអត្ថប្រយោជន៍បន្ថែម = Tax Base for Fringe Benefit (សទ្ទានុក្រមពន្ធដារ)

សំដៅដល់តម្លៃសរុបរបស់អត្ថប្រយោជន៍បន្ថែម ដែលផ្តល់ជូននិយោជិតទាំងអស់។ តម្លៃនៃអត្ថប្រយោជន៍បន្ថែម ជាតម្លៃទីផ្សាររួមទាំងពន្ធ-អាករទាំងអស់។

Posted on Leave a comment

មូលដ្ឋានគិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ = Tax on Salary Base (សទ្ទានុក្រមពន្ធដារ)

មូលដ្ឋានគិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ សំដៅដល់ទឹកប្រាក់ទូទាត់ទាំងអស់ ទោះជាសាច់ប្រាក់ក្ដី ឬជាវត្ថុក្ដី បន្ទាប់ពីដកចេញនូវទាយជ្ជទានសម្រាប់កូនក្នុងបន្ទុក និងសហព័ទ្ធជាមេផ្ទះ លើកលែងតែទឹកប្រាក់ទូទាត់ទាំងឡាយណាដែលត្រូវបានកំណត់ថាជាអត្ថប្រយោជន៍បន្ថែម។

Posted on Leave a comment

មូលដ្ឋានគិតពន្ធសម្រាប់ទំនិញនាំចូល = Tax Base for Imported Goods (សទ្ទានុក្រមពន្ធដារ)

មូលដ្ឋានគិតពន្ធសម្រាប់ទំនិញនាំចូល សំដៅដល់ចំនួនសរុបនៃតម្លៃទំនិញសម្រាប់គិតពន្ធគយ ស្របតាមច្បាប់ដែលទាក់ទិននឹងពន្ធគយ។

Posted on Leave a comment

មូលដ្ឋានគណនេយ្យសាច់ប្រាក់ = Cash Basis Accounting (សទ្ទានុក្រមពន្ធដារ)

វាក្យសព្ទនេះ សំដៅដល់វិធីសាស្ត្រគណនេយ្យ ដែលប្រើប្រាស់សម្រាប់កត់ត្រា ឬរាយការណ៍អំពីប្រាក់ចំណូលតែនៅពេលដែលសាច់ប្រាក់ត្រូវបានទទួល។ ចំណែកឯទិន្នន័យចំណាយ គឺកត់ត្រា ឬរាយការណ៍តែនៅពេលដែលសាច់ប្រាក់ត្រូវបានទូទាត់។ វិធីសាស្ត្រសាច់ប្រាក់ភាគច្រើនត្រូវបានប្រើប្រាស់ដោយអាជីវកម្មខ្នាតតូច និងសម្រាប់ហិរញ្ញវត្ថុផ្ទាល់ខ្លួន។

Posted on Leave a comment

មូលដ្ឋានគណនេយ្យបង្គរ = Accrual Basis Accounting (សទ្ទានុក្រមពន្ធដារ)

នេះជាវាក្យសព្ទផ្នែកគណនេយ្យដែលសំដៅដល់វិធីសាស្ត្រគណនេយ្យម្យ៉ាងសម្រាប់កត់ត្រាប្រាក់ចំណូល ឬការចំណាយនៅក្នុងពេលនៃការអនុវត្តសកម្មភាពប្រតិបត្តិការ ដែលបានកើតឡើងជាជាងនៅក្នុងដំណាក់កាលនៃការទូទាត់ប្រាក់ចំណូល ឬចំណាយជាក់ស្តែង។

Posted on Leave a comment

មូលដ្ឋានកំណត់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ = Unused Land Tax Base (សទ្ទានុក្រមពន្ធដារ)

វាក្យសព្ទនេះ សំដៅដល់ថ្លៃដីសម្រាប់ធ្វើជាមូលដ្ឋានកំណត់ពន្ធ ដោយគិតតាមថ្លៃទីផ្សារ តាមទីក្រុង និងតាមតំបន់នីមួយៗ តាមរយៈការវាយតម្លៃជាឯកតាក្នុងមួយម៉ែត្រក្រឡា ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់។

Posted on Leave a comment

មិនកាន់កាប់បញ្ជីគណនេយ្យ = Failure To Keep Accounting Documents (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ការមិនរក្សាទុកឯកសារគណនេយ្យ និងការមិនកត់ត្រាទិន្នន័យប្រតិបត្តិការអាជីវកម្មចូលទៅក្នុងសៀវភៅ ឬបញ្ជីគណនេយ្យដែលបានកំណត់ដោយច្បាប់។ ឯកសារគណនេយ្យ មានជាអាទិ៍ វិក្កយបត្រ បង្កាន់ដៃបង់/ទទួលប្រាក់ សក្ខីបត្រចុះបញ្ជី ជាដើម។ សៀវភៅ ឬបញ្ជីគណនេយ្យ មានជាអាទិ៍ សៀវភៅកំណត់ត្រាទិញ សៀវភៅកំណត់ត្រាលក់ សៀវភៅកំណត់ត្រាទទួលប្រាក់ សៀវភៅកំណត់ត្រាបង់ប្រាក់ ជាដើម។

Posted on Leave a comment

ម៉ាទ្រីសសិទ្ធិចូល = Access Right Matrix (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ការអនុញ្ញាត ឬសិទ្ធិដែលផ្តល់ និងតាក់តែងដោយម្ចាស់ប្រព័ន្ធសម្រាប់ប្រគល់ឱ្យអ្នកប្រើប្រាស់ក្នុងប្រព័ន្ធ។

Posted on Leave a comment

ម៉ាក/យីហោ = Brand (សទ្ទានុក្រមពន្ធដារ)

ម៉ាក/យីហោ សំដៅដល់ប្រភេទឈ្មោះសម្គាល់ជាអត្តសញ្ញាណរបស់ផលិតផល ឬ/និងសេវាកម្ម។
ឧ. : ម៉ាកតូយូតា ម៉ាកហុងដា ឬយីហោអាមាហ្សូន។ល។

Posted on Leave a comment

មតកសាសន៍ = Will (សទ្ទានុក្រមពន្ធដារ)

មតកសាសន៍ គឺជាលិខិតបណ្ដាំ ដែលបុគ្គលម្នាក់បានធ្វើតាមទម្រង់ ដែលកំណត់ដោយច្បាប់ ដើម្បីសំដែងឆន្ទៈចុងក្រោយ អំពីការចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួនជាអាទិ៍បន្ទាប់ពីមរណភាព។

Posted on Leave a comment

មធ្យោបាយដឹកជញ្ជូន ឬយានយន្ត = Means of Transportation or Vehicle (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃការប្រមូលពន្ធប្រថាប់ត្រា វាក្យសព្ទនេះ សំដៅដល់មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ដូចជារថយន្ត ទូក កាណូត កប៉ាល់ ស្រឡាង។ល។

Posted on Leave a comment

មន្ត្រីត្រួតពិនិត្យ = Verification Officer (សទ្ទានុក្រមពន្ធដារ)

នៅក្នុងបរិបទពន្ធដារ មន្ត្រីត្រួតពិនិត្យ សំដៅដល់មន្ត្រីរាជការពន្ធដារដែលមានភារកិច្ចត្រួតពិនិត្យទំនិញដែលជាកម្មវត្ថុនៃការស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម ឬទំនិញដែលត្រូវប្រគល់ឱ្យទេសចរបរទេសមុនពេលចូលទៅកាន់ច្រកចេញ។

Posted on Leave a comment

មន្ត្រីបង្វិលសង = Refund Officer (សទ្ទានុក្រមពន្ធដារ)

គឺជាមន្ត្រីរាជការពន្ធដារដែលមានភារកិច្ចបង្វិលសងប្រាក់អាករលើតម្លៃបន្ថែមនៅច្រកចេញនៃព្រះរាជាណាចក្រកម្ពុជា។

Posted on Leave a comment

មន្ត្រីរាជការពន្ធដារ = Tax Official (សទ្ទានុក្រមពន្ធដារ)

នៅកម្ពុជា មន្រ្តីរាជការពន្ធដារ សំដៅដល់មន្រ្តីរាជការពន្ធដារគ្រប់លំដាប់ថ្នាក់ដែលកំពុងបម្រើការងារក្នុងក្របខ័ណ្ឌអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

Posted on Leave a comment

មរតក = Inheritance (សទ្ទានុក្រមពន្ធដារ)

មរតក សំដៅដល់ទ្រព្យសម្បត្តិពិត ឬទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដែលត្រូវបានទទួលដោយអ្នកទទួលមរតក។

Posted on Leave a comment

មណ្ឌលសេវាកម្ម = Service Center/Area (សទ្ទានុក្រមពន្ធដារ)

សំដៅដល់មណ្ឌលសម្រាប់គាំទ្រសកម្មភាពឧស្សាហកម្ម និងពាណិជ្ជកម្ម ដូចជា ការិយាល័យចាត់ចែង និងប្រតិបត្តិការរបស់តំបន់ឧស្សាហកម្ម ធនាគារ ប្រៃសណីយ៍ អគារលក់ទំនិញប្រចាំថ្ងៃ និងសេវាកម្មមធ្យោបាយដឹកជញ្ជូននានាផ្សេងៗទៀត។

Posted on Leave a comment

មណ្ឌលលំនៅឋាន = Residential Center/Zone (សទ្ទានុក្រមពន្ធដារ)

-សំដៅដល់ទីតាំងដែលប្រើប្រាស់ជាលំនៅអចិន្ត្រៃយ៍ ឬលំនៅឋាន ដូចជា ផ្ទះ អផាតមែន (Apartments) ផ្ទះថែទាំ សាលារៀន កន្លែងមើលថែទាំកុមារនៅក្នុងរង្វង់នៃមណ្ឌល លំនៅឋាន។
-សម្រាប់កម្មវត្ថុនៃការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស មណ្ឌលលំនៅឋាន សំដៅដល់មណ្ឌលសម្រាប់ការស្នាក់អាស្រ័យរបស់កម្មករ និយោជិត និងនិយោជកនៅក្នុងបរិវេណនៃតំបន់សេដ្ឋកិច្ចពិសេសនោះ។

Posted on Leave a comment

មណ្ឌលពាណិជ្ជកម្មសេរី = Free Trade Center/Zone (សទ្ទានុក្រមពន្ធដារ)

វាក្យសព្ទនេះ សំដៅដល់មណ្ឌលសម្រាប់បម្រើសកម្មភាពផ្គត់ផ្គង់សេវាកម្ម ស្ដុក ដាក់តាំង វេចខ្ចប់ សម្អាត ឬបង្ហើយការនូវធាតុចេញផលិតកម្ម ផលិតផល សម្ភារបរិក្ខារ ឬសម្ភារដទៃទៀត ដែលការនាំចេញពី ឬនាំចូលមកក្នុងតំបន់ត្រូវបានលើកលែងពន្ធ លើកលែងតែការនាំចេញទៅទីកន្លែងផ្សេងទៀតនៅក្នុងផ្ទៃប្រទេសដែលការនាំចូល និងនាំចេញនោះ ត្រូវទទួលរងនូវកាតព្វកិច្ចពន្ធគយ និងអាករស្របទៅតាមច្បាប់ជាធរមាន។

Posted on Leave a comment

មណ្ឌលផលិតកម្ម = Production Center/Zone (សទ្ទានុក្រមពន្ធដារ)

សំដៅដល់មណ្ឌលប្រមូលផ្ដុំរោងចក្រដែលស្ថិតនៅក្នុងតំបន់ឧស្សាហកម្ម។

Posted on Leave a comment

មជ្ឈមណ្ឌលអត្ថប្រយោជន៍ចម្បង = Center Of Vital Interest (សទ្ទានុក្រមពន្ធដារ)

វាក្យសព្ទនេះ សំដៅដល់លក្ខណវិនិច្ឆ័យមួយសម្រាប់ប្រើប្រាស់ក្នុងការដោះស្រាយបញ្ហារបស់បុគ្គល ដែលមាននិវាសនដ្ឋានពីរ។ លក្ខណវិនិច្ឆ័យនេះសំដៅដល់ទីកន្លែងដែលកំណត់នូវទំនាក់ទំនងបុគ្គល និងសេដ្ឋកិច្ចរបស់អ្នកជាប់ពន្ធដែលជិតជាងគេ។

Posted on Leave a comment

មជ្ឈមណ្ឌលសម្របសម្រួល = Coordination Center (សទ្ទានុក្រមពន្ធដារ)

នេះគឺជាប្រភេទសហគ្រាសដែលបង្កើតឡើងដោយមានគោលបំណងតែមួយគត់ គឺសម្របសម្រួលសកម្មភាពរបស់ក្រុមហ៊ុនសម្ព័ន្ធក្នុងគោលដៅធ្វើការស្រាវជ្រាវ ឬអនុវត្តសកម្មភាពគាំទ្រ ដើម្បីផលប្រយោជន៍របស់ក្រុមហ៊ុនសម្ព័ន្ធទាំងមូល។

Posted on Leave a comment

មជ្ឃមណ្ឌលទិន្នន័យ = Data Center (សទ្ទានុក្រមពន្ធដារ)

នេះជាឈ្មោះទីតាំងកណ្តាលមួយ ឬមជ្ឈមណ្ឌលមួយដែលផ្តល់សេវារក្សាទុក ដំណើរការវិភាគ ការពារសុវត្ថិភាព បញ្ជូនទទួលទិន្នន័យ និងសេវាពាក់ព័ន្ធ។

Posted on Leave a comment

ភ្នាក់ងារមានការអនុញ្ញាត = Authorized Agent (សទ្ទានុក្រមពន្ធដារ)

សំដៅដល់បុគ្គល ឬអ្នកដែលមានសិទ្ធិអំណាចស្របច្បាប់ក្នុងការធ្វើសកម្មភាពអ្វីមួយជំនួសឱ្យបុគ្គលផេ្សងទៀត។

Posted on Leave a comment

ភ្នាក់ងារសេវាកម្មពន្ធដារ = Tax Service Agent (សទ្ទានុក្រមពន្ធដារ)

ភ្នាក់ងារសេវាកម្មពន្ធដារ សំដៅដល់បុគ្គលដែលមានជំនាញខាងផ្នែកគណនេយ្យ និងវិស័យពន្ធដារ ដែលទទួលបាននូវការបណ្តុះបណ្តាលស្តីពីរបៀបរៀបចំ និងការដាក់លិខិតប្រកាសពន្ធ ព្រមទាំងទទួលបានអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារពីអគ្គនាយកដ្ឋានពន្ធដារ។ ភ្នាក់ងារសេវាកម្មពន្ធដារ មានសិទ្ធិធ្វើជាអ្នកតំណាងជំនួសមុខឱ្យអ្នកជាប់ពន្ធក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ បន្ទាប់ពីទទួលបានសិទ្ធិស្របច្បាប់ជាអ្នកតំណាងពីអ្នកជាប់ពន្ធ។

Posted on Leave a comment

ភ្នាក់ងារផ្គត់ផ្គង់ទំនិញ ឬសេវាក្នុងនាមសហគ្រាសដើម = Agent Supplying Goods or Services on Behalf of a Principal (សទ្ទានុក្រមពន្ធដារ)

នៅកម្ពុជា វាក្យសព្ទនេះសំដៅដល់សហគ្រាសជាអ្នកជាប់ពន្ធមធ្យម ឬអ្នកជាប់ពន្ធធំ ដែលត្រូវបានទទួលស្គាល់ដោយអគ្គនាយកដ្ឋានពន្ធដារជាភ្នាក់ងារផ្គត់ផ្គង់ទំនិញ ឬសេវាក្នុងនាមសហគ្រាសដើម ដែលទទួលសិទ្ធិពីសហគ្រាសដើមក្នុងការផ្គត់ផ្គង់ទំនិញ ឬសេវាដើម្បីជាគុណប្រយោជន៍របស់សហគ្រាសដើម។

Posted on Leave a comment

ភ្នាក់ងារទេសចរ = Travel Agent (សទ្ទានុក្រមពន្ធដារ)

-គឺជាបុគ្គលដែលចូលរួមក្នុងការលក់ និងរៀបចំសម្របសម្រួលការដឹកជញ្ជូន ការស្នាក់នៅ ដំណើរកម្សាន្ត ឬការធ្វើដំណើររបស់អ្នកធ្វើដំណើរ។
-សម្រាប់កម្មវត្ថុនៃពន្ធ សំដៅដល់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលប្រកបអាជីវកម្មជាអ្នកជួយលក់ ឬកក់សេវាទេសចរណ៍ទាំងក្នុងនិងក្រៅប្រទេស ដែលក្នុងនោះមានសំបុត្រមធ្យោបាយធ្វើដំណើរក្នុង និងក្រៅប្រទេស សំបុត្រចូលទស្សនា សេវាស្នាក់នៅ និងអាហារក្នុងនិងក្រៅប្រទេស សេវាលិខិតឆ្លងដែន សេវាទិដ្ឋាការទូទៅ សេវាធានារ៉ាប់រង សេវាកែប្រែ ឬលុបចោលការកក់សេវាកម្សាន្តនានា និងសេវាទេសចរណ៍ផ្សេងៗទៀត ដោយរាប់បញ្ចូលផងដែរនូវការជួយលក់ខ្សែទស្សនកិច្ច ដែលបង្កើតឡើងដោយការីទេសចរ ដើម្បីទទួលបាននូវកម្រៃជើងសា ឬកម្រៃសេវា។

Posted on Leave a comment

ភ្នាក់ងារ ផ្ដល់សេវាពិគ្រោះយោបល់តាមទូរស័ព្ទ = Call-Center Agent (សទ្ទានុក្រមពន្ធដារ)

-សំដៅដល់បុគ្គលដែលទទួលរ៉ាប់រងលើការហៅចូលរបស់អតិថិជន ឬហៅចេញរបស់អាជីវកម្ម អង្គភាព ឬស្ថាប័ន។ ភ្នាក់ងារផ្ដល់ សេវាពិគ្រោះយោបល់តាមទូរស័ព្ទ អាចដោះស្រាយ ការសាកសួរគណនី ចម្ងល់ បណ្តឹងរបស់អតិថិជន ឬបញ្ហាជំនួយនានា។
-នៅអគ្គនាយកដ្ឋានពន្ធដារ មានកម្លាំងមន្រ្តីជំនាញផ្ទៃក្នុងសម្រាប់ផ្តល់សេវាពិគ្រោះយោបល់តាមទូរស័ព្ទនៅមជ្ឈមណ្ឌលពិគ្រោះយោបល់ស្តីពីពន្ធដារ ដែលអាចទាក់ទងបានតាមរយៈលេខទូរស័ព្ទ ១២៧៧ ដោយឥតគិតថ្លៃ។

Posted on Leave a comment

ភស្តុតាង = Evidence (សទ្ទានុក្រមពន្ធដារ)

ជារួម ពាក្យភស្តុតាងនេះ គឺសំដៅដល់វត្ថុសំអាង ព័ត៌មាន ឬសញ្ញាណ ដែលប្រើប្រាស់ជាមូលដ្ឋានសម្រាប់បញ្ជាក់ បង្ហាញឱ្យដឹង ឬឱ្យឃើញជាក់ច្បាស់ដើម្បីផ្តល់ភាពជឿជាក់ ឬការពិតលើអ្វីមួយ។ ជាទូទៅ ភស្តុតាងមានចែកចេញជា ០៤ ប្រភេទ៖ ភស្តុតាងពិត ភស្តុតាងបង្ហាញ ភស្តុតាងឯកសារ និងទីបន្ទាល់របស់សាក្សី។

Posted on Leave a comment

ភស្ដុតាងសវនកម្ម = Audit Evidence (សទ្ទានុក្រមពន្ធដារ)

ភស្ដុតាងសវនកម្ម សំដៅដល់ព័ត៌មាន ឬទិន្នន័យជាក់លាក់ណាមួយ ឬមួយចំនួន ដែលប្រើប្រាស់ដោយសវនករសម្រាប់ធ្វើការសន្និដ្ឋាន និងដែលជាមូលដ្ឋានសម្រាប់សវនករធ្វើការបញ្ចេញមតិយោបល់ ឬអំណះអំណាងដើម្បីបញ្ជាក់អំពីជំហរ ឬស្ថានភាព ឬសេចក្តីសម្រេចជាក់លាក់ណាមួយ។ ភស្ដុតាងសវនកម្ម រួមមាន ព័ត៌មាន ឬទិន្នន័យដែលមាននៅក្នុងបញ្ជីគណនេយ្យ សម្រាប់រៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងព័ត៌មានផ្សេងៗទៀត។