Posted on Leave a comment

តើពាក្យ «សម្មា» មានន័យដូចម្ដេច ?


សម្មា


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( បា.; សំ. សម្យច៑ ) ប្រពៃ, ពិត, មែន, ត្រូវ, ត្រឹមត្រូវ ( ព. ផ្ទ. មិច្ឆា ) ។សម្រាប់រៀងភ្ជាប់ពីខាងដើមសព្ទដទៃបានតាមគួរដល់ការប្រកប, ដូចជា សម្មាចារ ( បា. < សម្មា + អាចារ ” ការប្រព្រឹត្តស៊ប់; មារយាទ ” ) ការកាន់ត្រូវ; មារយាទត្រឹមត្រូវ; មារយាទល្អ ( ព. ផ្ទ. មិច្ឆាចារ ) ។ សម្មាទស្សនៈ ការយល់ឃើញត្រូវ (ព. ផ្ទ. មិច្ឆាទស្សនៈ “ការយល់ឃើញខុស” ) ។ សម្មាបដិបត្ដិ ឬ –បដិបទា ការប្រតិបត្តិត្រូវ ( ព. ផ្ទ. មិច្ឆាបដិបត្ដិ ឬ –បដិបទា “ការប្រតិបត្តិខុស” ) ។ សម្មាមគ្គ ផ្លូវត្រូវ, គន្លងឬលំអានត្រូវ (ព. ផ្ទ. មិច្ឆាមគ្គ) ។ តាមពុទ្ធសាសនា, សម្មាមគ្គ ( អដ្ឋង្គិកមគ្គ ) មាន ៨ យ៉ាង គឺ ១- សម្មាទិដ្ឋិ សេចក្ដីយល់ឃើញត្រូវ ( ព. ផ្ទ. មិច្ឆាទិដ្ឋិ ); ២- សម្មាសង្កប្ប ឬ –សង្កប្បៈ សេចក្ដីត្រិះរិះត្រូវ, តម្រិះត្រូវ ( ព. ផ្ទ. មិច្ឆាសង្កប្បៈ ); ៣- សម្មាវាចា សម្ដីត្រូវ; ប្រើជា សម្មាពាក្យ ក៏បាន (ព. ផ្ទ. មិច្ឆាវាចា ឬ –ពាក្យ); ៤- សម្មាកម្មន្ដៈ ការងារត្រូវ ( ព. ផ្ទ. មិច្ឆាកម្មន្ដៈ ); ៥-សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ; ប្រើជា សម្មាអាជីវោ ឬសម្មាអាជីព, សម្មាជីព, សម្មាជីវៈ ក៏បាន ( ព. ផ្ទ. មិច្ឆាអាជីវៈ ឬ មិច្ឆាអាជីវោ, មិច្ឆាអាជីព, មិច្ឆាជីព, មិច្ឆាជីវៈ ); ៦- សម្មាវាយាមៈ ព្យាយាមត្រូវ; ប្រើជា សម្មាព្យាយាម ក៏បាន ( ព. ផ្ទ. មិច្ឆាវាយាមៈ ឬ មិច្ឆាព្យាយាម); ៧- សម្មាសតិ ស្មារតីត្រូវ, ការរឭកត្រូវ (ព. ផ្ទ. មិច្ឆាសតិ); ៨- សម្មាសមាធិ សមាធិត្រូវ (ព. ផ្ទ. មិច្ឆាសមាធិ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply