Posted on Leave a comment

តើពាក្យ «អើយ» មានន័យដូចម្ដេច ?


អើយ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យសម្រាប់កែមស៊ែមពីខាងចុងពាក្យអាលបន: ដែលគួរប្រកបប្រើ ឲ្យមានសំឡេងវែងស្រួលមាត់, ដូចជា អ្នកអើយ, នាងអើយ, សម្លាញ់អើយ, ប្អូនអើយ, កម្មអើយ, យាយអើយ, ម្ចាស់អើយ ។ ល ។ ពាក្យដែលមានអក្សរប្រកបយ៉ាងនេះថាបានពីរយ៉ាងគឺថា ” អ្នកអ្ហើយ, នាងអ្ហើយ,… យាយអ្ហើយ, ម្ចាស់អ្ហើយ ” ក៏បាន; ថាតាមសំឡេងអក្សរប្រកបខាងចុងជា ” អ្នកកើយ, នាងង៉ើយ, . . . យាយយ៉ើយ, ម្ចាស់សើយ ” ដូច្នេះ ក៏បាន ( ត្រូវសរសេរជា អើយ ដូចដែល ) ។ ប៉ុន្តែបើអក្សរប្រកបដែលផ្សំខ្យល់សំឡេងមិនស្រួលស្ដាប់, ដូចជា ព្រះអង្គអើយ, ភិក្ខុអើយ, ទុក្ខអើយ, ព្រះពុទ្ធអើយ យ៉ាងនេះត្រូវថាបានតែ អ្ហើយ ជាដាច់ខាត ( កុំថា ” ព្រះអង្គគើយ, ភិកខ្វើយ, ទុកខើយ, ព្រះពុតធើយ “; ត្រូវថា ” ព្រះអង់អ្ហើយ, ភិកអ្ហើយ, ទុកអ្ហើយ, ព្រះពុតអ្ហើយ ” ) ។ ឬពាក្យដែលឥតមានអក្សរប្រកប, ដូចជា តាអើយ, បាអើយ, មាអើយ, ពូអើយ យ៉ាងនេះក៏ត្រូវថាបានតែ អ្ហើយ ដែរ ( កុំថា ” តារ៉ើយ, បារ៉ើយ, មារ៉ើយ, ពូរ៉ើយ ឬ ពូវ៉ើយ “; ត្រូវថា ” តាអ្ហើយ,មាអ្ហើយ, ពូអ្ហើយ ” ) ។ ប្រើសំឡេងខ្ពស់ជា អើ៎យ ក៏បាន តាមទំនងដែលត្រូវប្រើសូរខ្ពស់ ( ត្រូវប្រយ័ត្នកុំប្រើពាក្យ អើយ “អ្ហើយ” ជាអឺយ ឬ អ្ហឺយ ) ។ ម. ព. អឺយ ផង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply