Posted on Leave a comment

តើពាក្យ «អឺយ» មានន័យដូចម្ដេច ?


អឺយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ព. ប្រ. ) ទើបតែនឹងផ្ដើមនិយាយ, តាំងផ្ដើមថា, ចេញថា : គ្រាន់តែអឺយឡើងគេអាចដឹងបានថាចេះឬល្ងង់ទៅហើយ ( ប្រៀបប្រដូចនឹងគេស្រែកច្រៀងថា អឺយ ) ។គួរប្រយ័ត្នក្នុងការប្រើពាក្យ អឺយ និងពាក្យ អើយ ( អ្ហើយ ) ក្នុងកាព្យនិងចម្រៀង, គឺកុំថា អឺយ ជាអើយ ឬ អើយ ជា អឺយ ឡើយ, ដូចជាកាព្យថា : បងអើយម្ដេចឡើយក៏មិនស្ដី… ( ត្រូវថា បងអ្ហើយ ឬបងង៉ើយ ) ទើបចួនគ្នានឹង ឡើយ, កុំថា បងអឺយ ដែលត្រូវចួនគ្នានឹង ឡឺយ, ទៅវិញ ។កាព្យមានពាក្យ អើយ ( អ្ហើយ ) ថា : ឱលោកតាអើយ សុំកុំឆ្លងឆ្លើយ ទៅរកវាអី ព្រោះវាកោងកាច កំណាចអប្រិយ៍ ក្រោយកុំស្រដី ទៅរកវាទៀត។( ត្រូវថា តាអ្ហើយ កុំថា តាអឺយ ឬតារ៉ើយ ) ។ កាព្យប្រើពាក្យ អឺយ ខាងចុងចប់ថា : កាព្យនេះប្រែចេញពីបាលី ខ្ញុំរាយសេចក្ដីតាមជើងកាព្យ ឲ្យចាប់ចួនគ្នាជាដរាប រាបសាចែងចប់ប៉ុណ្ណេះអឺយ។ ( ដូចគ្នានឹង… ប៉ុណ្ណេះឯង ឬប៉ុណ្ណេះហោង ឬក៏ ប៉ុណ្ណេះហើយ ដែរ ) ។ ពាក្យ អឺយ នេះជួនកាលប្រើសំឡេងថា អ្ហឺយ ក៏មាន សម្រាប់ស្រែកហៅគ្នាពីចម្ងាយ, ដូចជា បងអឺយ! អឺះបង! បងឆ្លើយថា អឺះ! ។ បើស្រែកហៅបង្អូសសំឡេងខ្ពស់វែង ត្រូវសរសេរជា អឺ៎៎យ, អឺ៎៎ះ ក៏បាន ( ម. ព. អឺះ, អ៊ឺះ, អើយ ទៀតផង ) ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យសម្រាប់កែមស៊ែម ប្រើក្នុងកាព្យឬសម្រាប់ស្រែកបង្អូសសំឡេងឲ្យវែងរលាក់រលែកតាមលំនាំបទប្រើក្នុងខាងដើមសង្កាត់ចម្រៀង, ប្រើក្នុងខាងចុងចប់; ប្រើសំឡេងខ្ពស់ជា អឺ៎៎យ ក៏មាន តាមលំនាំសំឡេងដែលត្រូវប្រើ ( ម. ព. អឺយរ៉ា ក្នុងពាក្យ រ៉ា ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply