អាវុធ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. អាយុធ) គ្រឿងប្រហារឬគ្រឿងចម្បាំងផ្សេងៗ ដែលទីទៃពីសស្ត្រា។
ឧទាហរណ៍៖ ធ្នូ, ស្នា, កាំភ្លើង, … ហៅថា អាវុធ; ដាវ, លំពែង, ផ្គាក់, … ហៅថា សស្ត្រា ។ (ព. កា. ) : ទាហានមោះមុត ដែលមានអាវុធ ជាប់នៅក្នុងដៃ កាលបើបានចួប ចោរកាចចង្រៃ មិនសូវសំចៃ ច្រើនតែគំរាម ។ ព្រោះមានអាវុធ សម្រាប់ប្រយុទ្ធ ពុំដែលទីមទាម ប្រទះសត្រូវ ច្រើនតទប់ភ្លាម ស៊ូប្តូរសាច់ឈាម ពុំដែលរួញរា ។ ការពារប្រទេស ពុំដែលមានធ្វេស គួររាស្ត្រប្រជា ជួយឧបត្ថម្ភ គាំទ្រយោធា ដោយក្ដីស្នេហា ស្រឡាញ់ទាហាន ។
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. —ធៈ, ដូចជា អាវុធករ អ្នកធ្វើអាវុធ, ជាងធ្វើអាវុធ ។ អាវុធកោដ្ឋាគារ, អាវុធាគារ ឬ អាយុធគ្រឹះ, អាយុធាគារ ឃ្លាំងអាវុធ ឬឃ្លាំងដាក់គ្រឿងសស្ត្រាវុធ ។ អាវុធយុទ្ធភណ្ឌ (—វុត-យុត-ធៈភាន់ ) គ្រឿងអាវុធនិងភណ្ឌៈសម្រាប់ចម្បាំង ។ អាវុធសន្និច្ច័យ ការសន្សំអាវុធទុកឬការសាងគ្រឿងសស្ត្រាវុធទុក (បម្រុងការពារប្រទេស)។
ឧទាហរណ៍៖ ធ្វើអាវុធសន្និច្ច័យ ។
អាវុធសាលា សាលារៀនធ្វើអាវុធឬរោងធ្វើគ្រឿងសស្ត្រាវុធ ។ អាវុធហត្ថ (—ធៈ—) អ្នកកាន់អាវុធ; ទាហានដែលមានអាវុធក្នុងដៃ គឺសេនាទាហានពួកមួយដែលប្រដាប់ដោយអាវុធ ជាអ្នកដើរត្រួតត្រាការពារនិងរក្សាសេចក្ដីសុខសាន្តក្នុងស្រុក។
ឧទាហរណ៍៖ ពួកអាវុធហត្ថបានប្រតិបត្តិការយ៉ាងម៉ឺងម៉ាត់ ( ហៅ ខ្មាន់អាវុធ ក៏បាន ) ។ ល ។ (ម. ព. សស្ត្រ ផង) ។
គ្រឿងសម្រាប់ប្រហារអ្នកដទៃ ឬការពារខ្លួនទប់ទល់នឹងសត្រូវ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖