Posted on Leave a comment

តើពាក្យ «អាវ» មានន័យដូចម្ដេច ?


អាវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំពត់ដែលគេវាស់កាត់តាមខ្នាតរួចដេរស្រេចហើយ, មានតួ, មាន-ក, មានដៃ, មានឡេវ សម្រាប់ប្រើជាគ្រឿងពាក់ស្រោបខ្លួនពីត្រឹម-កចុះមក, មានបែបនិងឈ្មោះផ្សេងៗ ហៅដោយសង្ខេបមានត្រឹមតែពីរយ៉ាងគឺ អាវប្រុស, អាវស្រី ។ ប្រវែងសាច់សំពត់ដែលល្មមកាត់ដេរជាអាវមួយបាន តាមខ្នាតអាវវែងឬខ្លី ក៏ហៅ អាវ ដែរ។
ឧទាហរណ៍៖ សំពត់មួយអាវ (វែង), សំពត់មួយអាវ (ខ្លី) ។

                      គួរកុំនិយាយថា លុយតិចពេក ទិញកំណាត់មួយអាវមិនបាន; គួរនិយាយថា ប្រាក់តិចពេក ទិញសំពត់មួយអាវមិនបាន ( គឺកុំប្រើពាក្យ លុយ និងពាក្យ កំណាត់ ព្រោះជាពាក្យទាប នាំឲ្យទ័លក្រឬខ្វះខាតតាមមាត់ថា…) ។ ម. ព. សំពត់ ទៀតផង ។
ឈូងសមុទ្រ ( ចំពោះតែប៉ែកសមុទ្រដែលលូកចូលមករកផែនដីត្រង់ទីប្រទល់ចុងបំផុតទន្លេ គឺត្រង់ទីដែលទន្លេហូរចុះទៅចួបនឹងសមុទ្រ, ហៅថា អាវសមុទ្រ ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសាច់រឹងខុសពីប្រក្រតីដើម (ព្រោះជីកឬគាស់យកមកទុកយូរហួសកំណត់) ទុកជាស្ងោរច្រើនអំពុះ ឬប៉ុន្មានទឹកក៏មិនរលួយ គ្រាន់តែឆ្អិនប៉ុន្តែច្រុបៗ ( ចំពោះតែមើមបែបខ្លះ )។
ឧទាហរណ៍៖ មើមដំឡូងអាវ (ពាក្យសាមញ្ញនៃអ្នកស្រុកខ្លះថា ដំឡូងខ្លាខាំ) ។

                     ព. ប្រ. ដែលបានសិក្សាវិជ្ជាណាមួយយូរឆ្នាំ ប៉ុន្តែរៀនព្រួលៗ ចេះពុំប្រាកដ យកជាការប្រាកដប្រជាពុំកើត។
ឧទាហរណ៍៖ មនុស្សអាវ ឬ មនុស្សដំឡូងអាវ (ព. ព. ); ចំណេះអាវ ឬ វិជ្ជាអាវ (ព. សា. ) ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះភូសា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply