អាទិត្យ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាទិច្ច) ពន្លឺដ៏ក្រៃលែង គឺដួងពន្លឺដែលបំភ្លឺលោកក្នុងវេលាថ្ងៃ។
ឧទាហរណ៍៖ ព្រះអាទិត្យរះ (ថ្ងៃរះ); ព្រះអាទិត្យអស្ដង្គត (ថ្ងៃលិច) ។
តាមលទ្ធិបុរាណឬលទ្ធិព្រាហ្មណ៍, អាទិត្យ ឬ អាទិច្ច ថា “បុត្រនៃនាងអទិតិ”, ជានាមនៃទេវតាពួកមួយជាបុត្រនាង អទិតិ, បណ្ដាបុត្រទាំងនោះ មានបុត្រមួយឈ្មោះ អាទិត្យ ឬ សូរ្យាទិត្យ ជាទេវបុត្រអ្នកបំភ្លឺលោក ហៅ ព្រះអាទិត្យ ។(គម្ពីរពុទ្ធសាសនាក៏ប្រើពាក្យនេះអនុលោមតាមលទ្ធិបុរាណនោះដែរ) ឈ្មោះនក្សត្រនព្វគ្រោះទី១ ក្នុងពួកផ្កាយនព្វគ្រោះ៩
ឧទាហរណ៍៖ ផ្កាយអាទិត្យ ។
ឈ្មោះថ្ងៃទី ១ នៃសត្តាហៈ ហៅថា ថ្ងៃអាទិត្យ (អាទិត្យពារឬអាទិច្ចវារៈ) ។ ខ្មែរប្រើជាឈ្មោះនៃសប្តាហៈ គឺកាលមួយជុំឬមួយខួបនៃថ្ងៃទាំង ៧។
ឧទាហរណ៍៖ មួយអាទិត្យ, ពីរអាទិត្យ (គួរហៅ សត្តាហៈ ឬ សប្តាហៈ ឬក៏ សប្តាហ៍ ដូច្នេះវិញ (មួយសត្តាហៈ ; ចាំដល់សប្តាហ៍ក្រោយសឹមទៅ!) ព្រោះខ្មែររាប់ថ្ងៃអាទិត្យជាថ្ងៃទី ១ ទៅគ្រប់ ៧ ត្រឹមថ្ងៃសៅរ៍; ខ្មែរសម័យបុរាណហៅ មួយព្រះចន្ទ្រ ព្រោះរាប់ថ្ងៃចន្ទ្រជាថ្ងៃទី ១, លុះចំណេរកាលតៗមក មួយព្រះចន្ទ្រ ប្រើជាសព្ទអារក្សទៅវិញ) ។
ពាក្យ អាទិត្យ នេះ, តាមវិធីវេយ្យាករណ៍សំស្ក្រឹត, បើរៀងភ្ជាប់ពីខាងដើមឬពីខាងចុងសព្ទដទៃបានតាមការគួរដល់ការប្រកប, ដូចជា អាទិត្យពន្ធុ, អាទិត្យមាលា, វរុណាទិត្យ, សូរ្យាទិត្យ, ឥន្ទ្រាទិត្យ ជាដើម (មើលក្នុងពាក្យ សុរិយ, សូរ្យ, អាទិច្ច ផង) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖