អាត្មា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. < អាត្មន៑; បា. អត្តា < អត្ត ) ខ្លួន។
ឧទាហរណ៍៖ រកស៊ីចិញ្ចឹមអាត្មា; ខំប្រឹងយោងអាត្មា; កើតមកជាមនុស្សនឹងគេដែរ យោងតែអាត្មាពុំរួច ។
ចិត្ត។
ឧទាហរណ៍៖ នរូអ្នកណា ទោះយកអាត្មា ចូលសាសន៍ពុទ្ធរ័ត្ន ចូលធ្វើឲ្យត្រង់ ដោយនូវបន្ទាត់ ហៅស្វែងសម្បត្តិ យកផ្លូវនិព្វាន ( សាស្ត្រាច្បាប់ក្រម ។ សេចក្ដីអធិប្បាយនៃសុភាសិតនេះថា “បុរសស្ត្រីណាមួយ បើបានប្ដេជ្ញា ចិត្ត ចូលកាន់ពុទ្ធសាសនាហើយ ត្រូវប្រតិបត្តិឲ្យត្រង់តាមបន្ទាត់ច្បាប់ព្រះពុទ្ធកុំឲ្យល្អៀង ទើបឈ្មោះថាជាអ្នកស្វែងរកផ្លូវទៅកាន់ព្រះនិព្វាន )” ។
ពាក្យ អាត្មា នេះខ្មែរប្រើជា បុ. ស. សម្រាប់បព្វជិតពុទ្ធសាសនិកនិយាយទៅរកគ្រហស្ថជាសាធារណជន, សំដៅសេចក្ដីថា “ខ្ញុំ, អាចក្ដី”។
ឧទាហរណ៍៖ អាត្មាបួសបាន ៥ វស្សាហើយ ។ បើនិយាយទៅរកក្សត្រិយ៍និងសេនាបតីឬឥស្សរជនអ្នកមានបណ្ដាស័ក្ដិខ្ពស់ ត្រូវប្រើពាក្យថា “អាត្មាភាព” : អាត្មាភាពសូមថ្វាយព្រះពរ…; អាត្មាភាពសូមចម្រើនពរ… ។
ប្រើជាពាក្យទេសនាក្នុងកណ្ដាលប្រជុំពួកពុទ្ធបរិស័ទក៏បាន។
ឧទាហរណ៍៖ អាត្មាភាពសូមស្រង់យកសេចក្ដីពីក្នុងគម្ពីរបាលីផ្សេងៗ មកសម្ដែងឲ្យឃើញច្បាស់… ។
សម្រាប់សាធារណជនទាំងបព្វជិតទាំងគ្រហស្ថ។
ឧទាហរណ៍៖ អាត្មាយើង ខ្លួនយើង ។ អាត្មាអញ ខ្លួនអញ ។ អាត្មាឯង ខ្លួនឯង ។ ចិញ្ចឹមអាត្មា ចិញ្ចឹមខ្លួន ។ អាត្មាយើង ខ្លួនយើង ។ អាត្មាអញ ខ្លួនអញ ។ អាត្មាឯង ខ្លួនឯង ។ ចិញ្ចឹមអាត្មា ចិញ្ចឹមខ្លួន ។ ល ។ ( ម. ព. អត្ត និង អាត្ម ផង ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖