Posted on Leave a comment

តើពាក្យ «អាជ្ញា» មានន័យដូចម្ដេច ?


អាជ្ញា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ; បា. អាណា) អំណាច; ការគ្រប់គ្រង; ពាក្យបង្គាប់, ការបង្គាប់បញ្ជា; បញ្ញត្តិ, ច្បាប់បញ្ញត្តិ, បញ្ញត្តិមានកម្រិត។
ឧទាហរណ៍៖ ធ្វើតាមអាជ្ញា, ទទឹងអាជ្ញា ។

                    ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា “រាជការ; អ្នកទទួលអំណាចពីរាជការ; បម្រើរបស់តុលាការឬរបស់រដ្ឋបាល” ជាដើមក៏មាន, ដូចជា អាជ្ញាកែនបរ; អាជ្ញាកត់ពន្ធ; អាជ្ញាកោះខាំង; ទោសអាជ្ញា; ចោទជាអាជ្ញា ជាដើម ។ អាជ្ញាចក្រ អាណាចក្រ ។ មើលក្នុងពាក្យ អាណា ទៀតផង ។ អាជ្ញាកណ្ដាល មន្ត្រីដែលទទួលបង្គាប់ពីរាជការមុខក្រសួងហើយចេញទៅជាអ្នកកណ្ដាល គឺមិនសមខាងណា, ជាអ្នកពិនិត្យការណ៍ឲ្យឃើញតាមសេចក្ដីពិត ។ អាជ្ញាករ ឬ — ការិន អ្នកប្រតិបត្តិតាមអាជ្ញា; អ្នកធ្វើតាមពាក្យបង្គាប់ (បើស្រ្តីជា អាជ្ញាការិនី) ។ អាជ្ញាធរ (—ធរ) អ្នកទ្រទ្រង់នូវអាជ្ញា គឺអ្នកកាន់អំណាច តាមសិទ្ធិដែលខ្លួនបានទទួលពេញលក្ខណៈ (បារ. autorité) ។ អាជ្ញាបក ឬ អាជ្ញាបកៈ (—បក់ ឬ —ប៉ៈកៈ) អ្នកបង្គាប់បញ្ជា, អ្នកបញ្ជាការ; អ្នកបញ្ញត្តច្បាប់; អ្នកដាក់អាជ្ញា (បើស្ត្រីជា អាជ្ញាបិកា អ. ថ.— ប៉ិ—) ។ អាជ្ញាបត្រ (—ប័ត) សំបុត្របង្គាប់ជាផ្លូវរាជការ ។ ព. ទ. សំបុត្រអនុញ្ញាតមានកំណត់កាល គឺកំណត់ត្រឹមប៉ុណ្ណោះខែឬប៉ុណ្ណោះឆ្នាំ ដែលរាជការរដ្ឋបាល ចេញឲ្យដល់អ្នកដែលទទួលដេញយកមុខការរបរណាមួយផ្ទាល់ពីរាជការ ឬសំបុត្រដែលរដ្ឋបាលអនុញ្ញាតឲ្យរកស៊ីតែត្រឹមប៉ុណ្ណោះខែប៉ុណ្ណោះឆ្នាំ ។ អាជ្ញានុការី មន្ត្រីដែលរាជការមុខក្រសួងចាត់ឲ្យទៅបំពេញកិច្ចការ ផ្សេងៗ ។ អាជ្ញាបទ ខបញ្ញត្តិ, មាត្រាច្បាប់ ។ អាជ្ញាបើកស្ម័គ្រ អ្នកដែលកាន់ព្រះបរមរាជឱង្ការចេញទៅខែត្រក្រៅកត់ឈ្មោះពួកប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលជាកម្លាំងនៃអស់លោកសេនាបតី—មន្ត្រីខាងក្នុង… (ប្រើតែក្នុងរជ្ជកាលពីដើម) ។ អាជ្ញាភង្គ (—ភ័ង-គៈ ឬ— ភង់) ការទទឹងអាជ្ញា; ការរឹងទទឹងអាជ្ញា; ការរឹងទទឹងមិនទទួលស្ដាប់ច្បាប់បញ្ញត្តិ ឬមិនទទួលប្រតិបត្តិតាមពាក្យបង្គាប់ ។ អាជ្ញាសាលា (ព. ទ. ) អ្នកដែលរាជការតាំងឲ្យមានមុខការជាជំនួយតុលាការ… (ត្រូវបានផលប្រយោជន៍ពីគូក្ដីតាមកំណត់ ដែលច្បាប់អនុញ្ញាតឲ្យយក) ។ អាជ្ញាសិទ្ធិ (—សិត) អំណាចដាច់ខាត គឺអំណាចដែលព្រះរាជាទ្រង់ប្រោសព្រះរាជទានដល់មេទ័ព ក្នុងកាលមានសង្គ្រាម (ក្នុងរជ្ជកាលនៃក្សត្រិយ៍ពីបុរាណ មានប្រោសព្រះរាជទានអាវុធណាមួយ ជាព័ស្តុតាងឲ្យមេទ័ពនោះកាន់ជាសម្គាល់ផង ហៅថា អាវុធអាជ្ញាសិទ្ធិ “អាវុធជាព័ស្តុតាងនៃអំណាចដាច់ខាត”) ។ អាជ្ញាសឹក ច្បាប់ដែលបញ្ញត្តប្រើក្នុងកាលកើតសង្រ្គាម (ច្រើនប្រើអំណាចម៉ឺងម៉ាត់ខុសពីច្បាប់ធម្មតា) ។
ឧទាហរណ៍៖ ច្បាប់អាជ្ញាសឹក ។

                     អាជ្ញាហ្លួង អ្នកដែលកាន់ព្រះបរមរាជឱង្ការចេញទៅកត់ពន្ធ គឺហូតយកពន្ធអំពីរបរនៃពួកប្រជាជនក្នុងរជ្ជសីមា មានស្រូវនិងផលដំណាំផ្សេងៗជាដើម។
ឧទាហរណ៍៖ អាជ្ញាហ្លួងពន្ធស្រូវ អាជ្ញាហ្លួងអ្នកទាយផលស្រូវហើយហូតពន្ធ : អាជ្ញាហ្លួងពន្ធស្រូវខែត្របាទី ។

                       អាជ្ញាហ្លួងពន្ធទាស អាជ្ញាហ្លួងអ្នកយកពន្ធដំណាំផ្សេងៗ (ក្រៅពីស្រូវ) តាមច្បាប់បញ្ញត្តិ។
ឧទាហរណ៍៖ អាជ្ញាហ្លួងពន្ធទាសខែត្របាទី (មានតែក្នុងសម័យពីដើម, សម័យឥឡូវពន្ធទាំងនេះនៅលើមន្ត្រីសង្កាត់ជាអ្នកទារ) ។

                      អាជ្ញាអង្កេត (ព. ទ. ) មន្ត្រីដែលតុលាការចាត់ឲ្យទៅស៊ើបពិនិត្យបញ្ជាក់ការណ៍ឲ្យឃើញពិត (ម. ព. អង្កេត ឬ អង្កែត ផង) ។ ល ។
អំណាច អានុភាពតាមគន្លងច្បាប់។

                      ការតម្រូវ ដាក់កំហិតឱ្យ ឬមិនឱ្យធ្វើអី្វមួយ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះរាជអាជ្ញា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply