Posted on Leave a comment

តើពាក្យ «អរុណ» មានន័យដូចម្ដេច ?


អរុណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ព្រះអាទិត្យដែលទើបភ្លឺច្រាលពីទិសបូព៌, ពេលក្រហមឯកើត, ពេលព្រឹកព្រាង។
ឧទាហរណ៍៖ អរុណរះ, អរុណស, អរុណក្រហម ។ កន្លងអរុណ ឬ ដាច់អរុណ កន្លងរាត្រី ។ យកអរុណក្នុងវត្ត ឲ្យអរុណរះក្នុងវត្ត ( ព. វិ. ពុ. ) ។ ភិក្ខុដែលចេញទៅដោយសត្តាហករណីយ ឬ សត្តាហកិច្ច ត្រូវត្រឡប់មកកាន់អាវាសដែលចាំវស្សាវិញមុនអរុណទី ៧ គឺនៅក្រៅអាវាសបាន ៦ យប់ ( ព. វិ. ពុ. ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈរុណៈ, ដូចជា អរុណកមល ( —កៈម៉ល់ ) ឈូកក្រហម ។ អរុណករ ឬ —សារថិ ព្រះអាទិត្យ ។ អរុណប្បភា, —ប្រភា ឬ អរុណាភា ពន្លឺអរុណ ។ អរុណព័ណ៌ ឬ —វណ្ណ ព័ណ៌អរុណ, ព័ណ៌លឿងទុំ, ព័ណ៌មាស ។ អរុណរង្សី ឬ —រស្មី រស្មីព័ណ៌មាស ។ អរុណ សុវត្ថិ ! ឬ —សួស្ដី ! ( អៈរុន— ) “សួស្ដីក្នុងវេលាព្រឹក” ; ពាក្យសម្រាប់ឲ្យពរគ្នាឬគំនាប់គ្នា ក្នុងវេលាតាំងពីព្រហាមរហូតដល់ថ្ងៃត្រង់ ( ប្រើតាមសម័យនិយម ), បានសេចក្ដីថា សូមឲ្យមានសួស្ដីក្នុងវេលាព្រឹក ! ( ព. ផ្ទ. សាយណ្ហ សុវត្ថិ ! ឬ សាយណ្ហ សួស្ដី !; រាត្រី សុវត្ថិ ! ឬ រាត្រី សួស្ដី ! ) ។ អរុណោទ័យ ( សំ. បា. អរុណ + ឧទយ “ការរះឡើង” ) ការរះឡើងនៃអរុណ, ពេលអរុណរះ, វេលាថ្ងៃរះ ។ អរុណោភាស ( បា. < អរុណ + ឱភាស “ពន្លឺ” ) ពន្លឺអរុណ ( វេវ. អរុណាភា, អរុណប្រភា )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply