អរិយ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. អរិយ; សំ. អាយ៌ ) ប្រសើរ; ត្រឹមត្រូវ; សុភាព; រៀបរយ; មានបែបបទល្អ; ស្លូតត្រង់; ដែលឥតទោស ។ ន. អ្នកប្រសើរ; អ្នកមានតម្លៃ, អ្នកដែលគួររាប់រក; អ្នកមានធម៌ឬទំនៀមទម្លាប់ល្អ ( នាំឲ្យមានសេចក្ដីចម្រើន ); អ្នកមានសភាពស្លូតត្រង់; អ្នកដែលមានបែបបទរៀបរយ; . . . ។ ព. ពុ. អ្នកដែលបានសម្រេចលោកុត្តរធម៌ តាំងពីថ្នាក់សោតាបត្តិមគ្គរៀងទៅដល់អរហត្តផល ( អរិយបុគ្គល ) ។ មានន័យមួយផ្សេងក្នុងគម្ពីរពុទ្ធសាសនាថា អរិយៈ មាន ៤ ប្រភេទគឺ ១- អាចារអរិយៈ ឬ អាចារារិយៈ អ្នកដែលមានមារយាទត្រឹមត្រូវ ( សូម្បីសត្វតិរច្ឆាន បើមានមារយាទល្អត្រឹមត្រូវ ក៏ហៅ អាចារអរិយៈ បានដែរ ); ២- ទស្សនអរិយៈ ឬ ទស្សនារិយៈ អ្នកដែលមានរូបឆោមលោមព័ណ៌ល្អ មានឥរិយាបថស្រគត់ស្រគំសមរម្យ គួរឲ្យចង់ឃើញចង់មើល; ៣- លិង្គអរិយៈ ឬ លិង្គារិយៈ បព្វជិតដែលល្អតែភេទ គឺអ្នកបួសដែលផ្ចិតផ្ចង់ប្រុងប្រយ័ត្នតែត្រង់ការស្លៀកដណ្ដប់ឲ្យត្រឹមត្រូវតាមបែបបទជាសមណសារូប ប៉ុន្តែជាមនុស្សទ្រុស្តសីល; ៤- បដិវេធអរិយៈ ឬ បដិវេធារិយៈ លោកអ្នកបានលុះលោកុត្តរធម៌ ( ពុទ្ធាទិបណ្ឌិត ) ។ ប្រើពាក្យ អាយ៌ សរសេរសម្រួលជា អារ្យ ( អារ-យ៉ៈ ) ផ្លាស់ប្ដូរគ្នាក៏បាន, ដូចជា អរិយជន ឬ អារ្យ— ជនពួកអារ្យៈ គឺជនមានរបៀបបែបបទទំនៀមសណ្ដាប់ល្អ នាំឲ្យមានសេចក្ដីចម្រើន ។ អរិយជាតិ ឬ អារ្យ— ជាតិអារ្យជន; ជាតិជនអ្នកមានអារ្យធម៌ ។ អរិយទ្រព្យ , អរិយធន ឬ អារ្យ— ទ្រព្យដ៏ប្រសើរ; ទ្រព្យរបស់អរិយជន ( ពុទ្ធសាសនាសំដៅយកធម៌ ៧ យ៉ាងគឺ សទ្ធា, សីលៈ, ហិរិ, ឱត្តប្បៈ, សុតៈ, ចាគៈ, បញ្ញា ហៅថា អរិយទ្រព្យ ) ; ព. កា. សម្រាប់ឲ្យងាយចាំថា : សទ្ធានិងសីលៈ និងហិរិ-ឱត្តប្បំ បួននេះជាធនំ រួមសុតៈនិងចាគោ ។ បង្គ្រប់ជាប្រាំមួយ បញ្ញាមួយទៀតពុទ្ធោ ប្រទានឱវាទោ ហៅថាទ្រព្យប្រសើរក្រៃ ។ ជនណាមានទ្រព្យនេះ ជននោះឯងព្រះចមត្រៃ ប្រទានឱវាទថ្លៃ ថាពុំមែនអ្នកទ័លក្រ ។ អរិយធម៌ ឬ អារ្យ— ធម៌ដែលនាំឲ្យកើតសេចក្ដីសុខ-ចម្រើន; ធម៌របស់អរិយជន, ទំនៀមសណ្ដាប់ល្អ; សណ្ដាប់ធ្នាប់ឬបែបបទរៀបរយ ។ អរិយបុគ្គល បុគ្គល ៨ ពួក រាប់តាំងពីអ្នកដែលបានសម្រេចសោតាបត្តិមគ្គរៀងទៅដល់អ្នកដែលបានសម្រេចអរហត្តផល ( ព. ពុ. ) ។ អរិយវង្ស ( បា. —វំស ) វង្សនៃអរយបុគ្គល ។ ខ្មែរប្រើជាឋានន្តរនៃសមណសក្ដិទីរាជាគណៈសម្រាប់ទោក្នុងសម័យបុរាណ, សម័យបច្ចុប្បន្នប្រើជាសម្រាប់ត្រី : ព្រះអរិយវង្ស ( ម. ព. សមណសក្ដិ ផង ) ។ អរិយវិន័យ ឬ អារ្យ— ច្បាប់របស់អរិយជន ។ អរិយសង្ឃ ឬ អារ្យ— សង្ឃជាអរិយបុគ្គល ( ព. ពុ. ) ។ អរិយសច្ច ឬ អារ្យសត្យ សេចក្ដីពិតរបស់អរិយបុគ្គល, សេចក្ដីពិតឥតមានល្អៀង ។ អរិយសច្ច មាន ៤ យ៉ាងគឺ ទុក្ខៈ សេចក្ដីព្រួយលំបាក; សមុទយៈ កំណើតទុក្ខឬហេតុដែលនាំឲ្យកើតទុក្ខ; និរោធៈ សេចក្ដីរលត់ទុក្ខ ឬធម៌សម្រាប់រម្លត់ទុក្ខ; មគ្គៈ ផ្លូវឬឧបាយនៃសេចក្ដីរលត់ទុក្ខ ( ហៅដោយរួបរួមថា ចតុរារិយសច្ច ។ ព. ពុ. ) ។ អរិយសាវ័ក ឬ អារ្យស្រាវ័ក អរិយបុគ្គលអ្នកបានស្ដាប់ពុទ្ធោវាទ ( បើស្ត្រីជា អរិយសាវិកា ឬ អារ្យស្រាវិកា ) ។ អរិយុបវាទ ( បា. < អរិយ + ឧបវាទ ) ការពោលតិះដៀលអរិយបុគ្គល ( ព. ពុ. ) ។ អរិយុបវាទី អ្នកពោលតិះដៀលអរិយបុគ្គល; បើស្ត្រីជា អរិយុបវាទិនី ( ព. ពុ. )។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖