អម្ពិល
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សតូចម្យ៉ាងកំពស់៨-១៥ម ដើមកំណើតក្នុងទ្វីបអាហ្វ្រិក ឬប្រទេសឥណ្ឌា គេនិយមដាំនៅគ្រប់ប្រទេសក្តៅសកលលោកជារុក្ខជាតិមានប្រយោជន៍ និង អោយម្លប់ផង។ ស្លឹកខ្លីៗ និងផ្លែគេប្រើសំរាប់ធ្វើគ្រឿងទេសជូរ។ គ្រាប់អាចលីង និងធ្វើបង្អែមបាន។ ឈើសំរាប់សង់ផ្ទះ។
រុក្ខជាតិ ដែលគេនិយមដាំយកស្លឹក ផ្កា និងផ្លែសម្រាប់ធ្វើជាគ្រឿងម្ជូរនិងឱសថ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ អម្ពិល – អំបូរ ៖ LEGUMINOSAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Tamarindus indica – ឈ្មោះអង់គ្លេស ៖ Tamarind – ឈ្មោះបារាំង ៖ Tamarinier – ប្រភពដើម ៖ អាហ្វ្រិក ឬឥណ្ឌា(៧៦) – លក្ខណៈរូបសាស្រ្ត ៖ ដើមមានកម្ពស់៨-១៥ម(៧៦)។ ដើម និងមែក ស្វិតមិនងាយបាក់ ទោះបីជាមែកតូចក៏ដោយ។ – លក្ខណៈជីវសាស្ត្រ ៖ រសជាតិជូរ – លក្ខណៈអេកូឡូស៊ី ៖ ដុះនៅតាមគ្រប់ស្ថានភាពដីនៅតំបន់ក្តៅ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ស្លឹកខ្ចីនិងផ្លែ ប្រើសម្រាប់ធ្វើជាគ្រឿងទេសជូរ(៧៦)។ ជាឱសថ៖ ស្លឹកស្ងោរត្រាំព្យាបាលជំងឺរមាស់ជើង។ ស្ងោរសម្បកផឹកព្យាបាលរាក(៧៦)។។ លីងគ្រាប់យកសម្បក (គ្រាប់) បុកឱ្យម៉ត លាយជាមួយទឹកក្តៅ ព្យាបាលរាកមួល (៧៥)។ ផ្សេងៗ៖ គ្រាប់លីង យកធ្វើបង្អែមបាន(៧៦)។
ឧទាហរណ៍៖ (៧៦) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៥៩៣
វល្លិធំវារឡើងដើមឈើធំ ពេលខ្លះជាចុល្លព្រឹក្សកម្ពស់ ៤-៨ ម ដុះក្នុងព្រៃស្រោង ឬព្រៃមាត់សមុទ្រនៃអាស៊ីអាគ្នេយ៍។ សំបកគេប្រើជំនួសស្លាបាន។ ស្លឹកគេបុកជ្រលក់សំពត់ដូចមាកក្លឿ។ ដើមគេធ្វើជាចំណងផ្សេងៗ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ; សំ. អម្ពល, អម្ល, អាម្ល ) ជូរ; រសជូរ ។ ខ្មែរប្រើជា ន. ហៅឈើពួកមួយ មានដើមធំសាច់ស្វិត ស្លឹកល្អិតៗមានរសជូរ, ផ្លែវែងៗ ផ្លែមួយៗ ហៅថា មួយកួរ, ខ្លះមានរសជូរ សម្រាប់ប្រើជាម្ជូរ, ខ្លះមានរសផ្អែមលាយជូរបន្តិចៗសម្រាប់ប្រើជាបង្អែមក៏បាន; ស្លឹកខ្ចីនិងផ្កាប្រើជាបន្លែស្លបាន ។ អម្ពិលមានឈ្មោះ ៣ ប្រភេទគឺ អម្ពិលក្ដារ ផ្លែធំៗសំប៉ែតៗមានរសជូរច្រើន; អម្ពិលក្ដាម ឬ អម្ពិលអាចម៍ឆ្មា ផ្លែតូចៗមូលៗច្រើនតែមានរសជូរអែមល្មមឆ្ងាញ់; អម្ពិលផ្អែម ច្រើនតែមានផ្លែតូចៗ មានរសផ្អែមលាយជូរបន្តិចបន្តួច ។ អម្ពិលទាំង ៣ ប្រភេទនេះមានដើមនិងស្លឹកតែបែបមួយ ផ្សេងគ្នាតែសណ្ឋានផ្លែនិងរសជាតិផ្លែ, ជាឈើងាយកើត, រស់នៅបានយូរអង្វែងឆ្នាំ, ជាឈើមានប្រយោជន៍ដ៏សំខាន់មួយយ៉ាងក្នុងកម្ពុជរដ្ឋ, គួរឧស្សាហ៍ដាំនៅទីដីដែលមានទំនងគួរដាំបាន ដូចយ៉ាងក្បែរចិញ្ចើមថ្នល់ជាដើម។
ឧទាហរណ៍៖ ឆ្នាំនេះអម្ពិលមានតម្លៃ មួយហាប ២៥ រៀល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖