អប្បមាទ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) សេចក្ដីមិនធ្វេស, មិនប្រហែស ឬមិនធ្វេសប្រហែស; ការមិនធ្វេសស្មារតី; ការប្រុងប្រយ័ត្នជានិច្ច, ការប្រុងមិនឲ្យភ្លាំងភ្លាត់; ការប្រយ័ត្នមិនធ្វើអំពើអាក្រក់ : ធ្វើការដោយអប្បមាទ; ប្រតិបត្តិធម៌ច្បាប់ដោយអប្បមាទ; អប្បមាទជាធម៌ចម្បងជាងកុសលធម៌ទាំងពួង ជាមាតានៃសេចក្តីសុខ-ចម្រើន ។ ព. ផ្ទ. ប្រមាទ ។ អប្បមាទប្បដិបទា ( អ័ប-ប៉ៈម៉ាទ័ប-ប៉ៈដិប៉ៈទា ) ឬ អប្រមាទប្រតិប័ទ ( អ័ប-ប្រៈម៉ាទ័ប-ប្រៈតិប័ត ) បដិបទាឬប្រតិប័ទដោយអប្បមាទ ។ អប្បមាទមូល ឬ អប្រមាទ— កុសលធម៌មានអប្បមាទជាឫសឬជាទីតាំង, អប្បមាទទុកថាជាឫសនៃកុសលធម៌ ។ អប្បមាទលក្ខណៈ ឬ អប្រមាទលក្សណៈ លក្ខណៈនៃអប្បមាទ ។ អប្បមាទសម្បាទនៈ ឬ —សម្បាទន៍ ( អ័ប-ប៉ៈម៉ាទៈស័ម-ប៉ាទៈនៈ ឬ —ស័ម-បាត ) ការផ្តល់ឬបំពេញអប្បមាទ គឺការធ្វើអប្បមាទឲ្យបរិបូណ៌, ឲ្យគ្រប់គ្រាន់, ឲ្យពេញ ។ ល ។ គួររលឹកនឹកដល់ : កាលព្រះសក្យមុនីសម្ពុទ្ធជិតនឹងចូលកាន់ខន្ធនិព្វាន ទ្រង់មានព្រះពុទ្ធបណ្ដាំឲ្យចងចាំរាល់គ្នាថា “អ្នកទាំងឡាយចូរញ៉ាំងស្មារតីឲ្យបរិបូរដោយអប្បមាទ ! “, ទ្រង់ផ្ដាំតែត្រឹមប៉ុណ្ណេះហើយក៏ចូលបរិនិព្វានទៅ, គួរពុទ្ធមាមកជននឹកដល់ព្រះបណ្ដាំនេះរឿយៗ!
ការមិនធ្វេសប្រហែល ការរំពៃតាមមើលដោយប្រុងប្រយ័ត្ន។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖