Posted on Leave a comment

តើពាក្យ «អង្គរ» មានន័យដូចម្ដេច ?


អង្គរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យប្រើឃ្លាតក្លាយមកពី នគរ “ក្រុង, រាជធានី” ហៅចំពោះតែក្រុងនិងសិលាប្រាសាទបុរាណខ្លះ ឬទីតំបន់ជាដើមខ្លះក្នុងកម្ពុជរដ្ឋ : អង្គរធំ នគរធំ ( មហានគរបុរាណក្នុងខែត្រសៀមរាប ) ។ អង្គរបុរី ( នគរបុរី ) ឈ្មោះទីក្រុងចាស់តូចមួយក្នុងស្រុកព្រៃកប្បាសខែត្រតាកែវ ។ អង្គរព្រះជ័យ ឬ អង្គរព្រះជ័យព្រះអារ្យ ( នគរ— ) ឈ្មោះប្រាសាទបុរាណ នៅខាងលិចជិតកំពង់ចាមក្រុង ។ អង្គររាជ ( នគររាជ ) ឈ្មោះអាណាខេត្តមួយរបស់ខ្មែរ នៅខាងទិសឧត្តរ, បានទៅអាណាខេត្តរបស់សៀមយូរអង្វែងហើយ ។ ឈ្មោះបទភ្លេងខ្មែរមួយប្រភេទ មានដើមកំណើតនៅអាណាខេត្តនគររាជ : ភ្លេងអង្គររាជ ( ភ្លេងនគររាជ ); ដែលក្លាយលំនាំបទឃ្លាតពីលំនាំដើមខ្លះ ហៅថា អង្គររាជក្លាយ ( នគររាជក្លាយ ); ដែលតាំងពីក្នុងបុរាណសម័យយូរហើយ, អ្នកស្រុកជើងព្រៃបំប្លែងកែលំនាំបទឲ្យឃ្លាតផ្សេងខ្លះពីលំនាំដើម ហៅថា អង្គររាជជើងព្រៃ ( នគររាជជើងព្រៃ ) ។ អង្គរវត្ត ( នគរវត្ត “វត្តរបស់មហានគរ” ) ឈ្មោះសិលាប្រាសាទបុរាណមួយកន្លែងនៅក្នុងខែត្រសៀមរាប ជាមហាប្រាសាទរុងរឿងដោយលំអគ្មានពីរ ។ ល ។ ត្រីងៀតអង្គរ ឬ ងៀតប្រាអង្គរ ត្រីងៀតឬងៀតប្រាដែលនាំមកពីទន្លេសាបប៉ែកខាងខែត្រសៀមរាប ។ ទឹកអង្គរបាក់ ទឹកថ្លាដែលហូរត្រឡប់ចេញពីទន្លេសាបនិងបឹងនានាចុះមកវិញក្នុងរដូវសម្រក ។ ល ។ ( មើលក្នុងពាក្យ ប្រាក្រឹត ផង )។
( ព. បុ. ) ទីដីជាទួលធំប៉ុន្តែទាបទេ នៅជិតមាត់បឹងធំជ្រៅ មានដើមឈើធំៗខ្ពស់ៗ ជាព្រៃស្ងាត់ គេហៅព្រៃនិងបឹងនោះថា ព្រៃអង្គរ, បឹងអង្គរ ទោះបីចំណេរកាលតមក គេកាប់ព្រៃនោះធ្វើជាចម្ការទៅហើយ ក៏គេនៅតែហៅថា ចម្ការព្រៃអង្គរ, បឹងអង្គរ ឬ បឹងព្រៃអង្គរ តាមឈ្មោះដើមនោះដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply