Posted on Leave a comment

តើពាក្យ «អក្ខរ» មានន័យដូចម្ដេច ?


អក្ខរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អក្ខរ; សំ. អក្សរ ) ស្នាមគំនូសមានតួរាងផ្សេងៗសម្រាប់ប្រើសរសេរកត់ពាក្យសម្ដីនិងសេចក្ដីទាំងពួងប្រើមិនចេះអស់ ( អក្សរ ) ចែកជាពីរពួកគឺ ស្រៈ និង ព្យញ្ជនៈ ( ម. ព. ព្យញ្ជនៈ និង ស្រៈ ផង ) ។ ចំអក្ខរៈ ត្រូវតាមខ្យល់អក្សរមិនល្អៀង ។ ព. ប្រ. ត្រូវត្រង់មិនល្អៀង ( ព. សា. ) ។ ពេញអក្ខរៈ ពេញទ្រពងមាត់, ពេញចំហ ( ប្រើចំពោះតែសម្ដី ) : និយាយពេញអក្ខរៈ ។ អក្ខរក្រម ឬ អក្សរក្រម ( —ក្រំ ) លំដាប់អក្សរ ។ អក្ខរជននី ( —ជៈនៈ— ), —តូលិកា ឬ —លេខនី ( —ខៈ— ) ប៉ាកកៃឬស្លាបប៉ាកកា ។ អក្ខរជីវក ឬ —ជីវកៈ ( —វក់ ឬ —វៈកៈ ) ស្មេរ, ស្មៀន ( លិបិការ, លេខកៈ ); អ្នកតែងសេចក្ដី ( បើស្ត្រីជា អក្ខរជីវិកា ) ។ អក្ខរប័ដ ឬ —បដ្ដ ដំបារប្រាក់ជាដើមដែលសរសេរឬឆ្លាក់អក្សរ ។ អក្ខរប្បយោគ ( អ័ក-ខៈរ៉័ប-ប៉ៈយោក ) ឬ អក្សរប្រយោគ អក្សរផ្ញើជើង ឬ អក្សរគ្រវាត់ ។ អក្ខរមុខ អ្នករៀនអក្សរ ។ អក្ខរវិទូ អ្នកចេះអក្សរហ្មត់ចត់, អ្នកចេះអក្សរសាស្រ្ត ( ស្ត្រីក៏ជា អក្ខរវិទូ ដូចគ្នា ) ។ អក្ខរវិធី បែបវេយ្យាករណ៍និយាយអំពីអក្ខរៈ ។ អក្ខរវិន្យាស ( —វិន-យាស ) ប្រជុំអក្ខរ; អក្ខរៈដែលរៀងតាមលំដាប់; អក្ខរានុក្រម; លិខិត, សំបុត្រ, ចុតហ្មាយ ។ អក្ខរវិបត្តិ ការឃ្លៀងឃ្លាតតួឬសំឡេងអក្ខរៈ ។ អក្ខរវិបល្លាស ការបំប្លែងអក្សរ ( ម. ព. វិបល្លាស ផង ) ។ អក្ខរសម័យ វិធីប្រើអក្សរ, ការសរសេរឬអានអក្សរ; ការសរសេរកើតឬមើលដាច់ : ចេះអក្ខរសម័យ ។ អក្ខរសម្បត្តិ ការមិនឃ្លៀងឃ្លាតអក្ខរៈ ។ អក្ខរានុក្រម ( —រ៉ា-នុ-ក្រំ; បា. អក្ខរ + សំ. អនុក្រម; បា. អក្ខរានុក្កម; សំ. អក្សរានុក្រម ) លំដាប់អក្សរ; អក្សរឬពាក្យដែលរៀបរៀងតាមលំដាប់, វចនានុក្រម ។ អក្ខរាភិធាន ឬ អក្ខរាភិធានសព្ទ ( បា. អក្ខរ + អភិធាន “ឈ្មោះ; ពាក្យ; មេពាក្យ” ឬ បា. អក្ខរ + សំ. អភិធាន + ឝព្ទ ) មេពាក្យដែលរៀបរៀងតាមលំដាប់អក្សរ ( វចនានុក្រម ) ។ អក្ខរាវិរុទ្ធ ( —វិរុត; បា. < អក្ខរ “អក្សរ” + អវិរុទ្ធ “មិនខុស, ត្រឹមត្រូវ” ) ការសរសេរអក្សរមិនខុស, សិល្បៈនិងរបៀបដែលសរសេរពាក្យពេចន៍ ឲ្យបានត្រឹមត្រូវក្នុងភាសាណាមួយ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply