អករ៍
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ស., សំ. បា. អ < ន ‘មិន, ពុំ, ឥត’ + ករ “ធ្វើ’ ) អ្នកមិនធ្វើការអ្វី ។ ពាក្យសម្រាប់ហៅស្ត្រីមានអាយុច្រើន ដែលព្រះករុណាជាម្ចាស់ជីវិតទ្រង់ព្រះមេត្តាប្រោសតាំងឲ្យមានយសធំជាង យាយ, ចាស់, ទុំ ទាំងពួង ប៉ុន្តែឥតនឿយដោយធ្វើការអ្វីទេ គ្រាន់តែចូលក្រាបបង្គំគាល់ តាមពេលកំណត់ក្នុងព្រះរាជពិធីទំាងពួងម្ដងៗ, ក្រៅពីវេលានោះ គ្រាន់តែនាំក្សត្រីឬចៅចមក្នុងព្រះបរមរាជវាំងទៅមកដោយកិច្ចណាមួយម្ដងៗប៉ុណ្ណោះ ។ អករ៍ នេះរមែងជ្រើសរើសយកព្រះស្នំចាស់ៗ ក្នុងរជ្ជកាលមុនៗមកឲ្យធ្វើ ព្រោះជាអ្នកដឹងបែបបទទំនៀមទម្លាប់ច្រើន ( សរសេរក្លាយជា អក ក៏មាន ) ។ ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី ( ព្រះបរមកោដ្ឋ ) ទ្រង់ព្រះមេត្តាប្រោសតាំងស្រ្តីទី អករ៍ ៩ នាក់, ទី យាយ ១២ នាក់, ទី ចាស់ ៤ នាក់, ទី ទុំ ៤ នាក់, រួមជា ២៩ នាក់ ។ អករ៍ ៩ នាក់នោះតាំងជាទី លោកព្រះ ១, ទី អ្នកព្រះ ៤, ទី អ្នក ៤ គឺ ទី ១-លោកព្រះអករ៍ចមក្សត្រី ( ជាអធិបតី ), ២-អ្នកព្រះអករ៍មង្គលក្សត្រី, ៣- អ្នកព្រះអករ៍ជាតីឧត្តម, ៤- អ្នកព្រះអករ៍ធីតាភិរម្យ, ៥- អ្នកព្រះអករ៍បទុមវង្សា; ៦- អ្នកអករ៍រាជានុពង្ស, ៧- អ្នកអករ៍រាជវង្សឧត្តលា, ៨- អ្នកអករ៍ឯកអគ្គកញ្ញា, ៩- អ្នកអករ៍សុតាជាតី ។ យាយ ១២ នាក់នោះតាំងជាទី លោកអ្នកយាយ ៤, ទី អ្នកយាយ ៤, ទី យាយ ៤ គឺ ១- លោកអ្នកយាយស្រីពិលាស, ២- លោកអ្នកយាយឱភាសសួនស័ក្តិ, ៣- លោកអ្នកយាយនារីអន័គ្ឃ, ៤- លោកអ្នកយាយវរលក្ខណ៍អនេក; ៥- អ្នកយាយទេពកោមល, ៦- អ្នកយាយកុសលភិសេក, ៧- អ្នកយាយបវរអតិរេក, ៨- អ្នកយាយឯកអគ្គក្សត្រី; ៩- យាយបុរាណរាជ្យរម្យ, ១០- យាយសមស័ក្ដិព្រឹទ្ធ, ១១- យាយព្រេងសុចរិត, ១២- យាយព្រឹទ្ធជរា ។ ទី ចាស់ បួននាក់គឺ ១- ចាស់រាជអមច្ចា, ២- ចាស់បរិវារក្សត្រ, ៣- ចាស់ជាបរិស័ទ, ៤- ចាស់ចាត់បុរី ។ ទី ទុំ ៤ នាក់គឺ ១- ទុំទទួលផ្ចង់, ២- ទុំប្រុងប្រក្រតី, ៣- ទុំគាប់ភក្ដី, ៤- ទុំខ្មីបម្រើ ។ ហៅដោយរួបរួមទាំង ៤ ពួកថា អករ៍, យាយ, ចាស់, ទុំ ។ ( ព. កា. ឲ្យងាយចាំ )។
ឧទាហរណ៍៖ អករ៍យាយចាស់ទុំ ដែលព្រះបរម- កោដ្ឋក្សត្រិយ៍ក្សាន្ត ទ្រង់ប្រោសប្រទាន ងារទាំងប៉ុន្មាន ដើម្បីឲ្យបាន ទុកជាព្រះកេរ្តិ៍ ។ ក្នុងកាលខាងមុខ គួរជនចាំទុក ឲ្យបានឋិតថេរ កុំឲ្យបាត់សូន្យ គួរកូនចៅខ្មែរ កុំហ៊ានបង្វែរ បំបែរបំបាត់។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖