ហង្ស
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.)(បា.) (ហំស) ក្ងានព្រៃ (បារ. Cygne ស៊ីញ) ។ បក្សីពួកសកុណជាតិមានក្រញាំជើងព្រែកជាប់គ្នា រូបរាងដូចក្ងាន ប៉ុន្តែមានចំពុះរៀវស្រួចខាងចុងបន្តិចមាន-កមូលវែង ច្រើនតែមានសម្បុរស្លាប-សភ្លឺ ឬសម្បុរស្លាបលឿងក៏មានខ្លះ ហៅថា សុវណ្ណហង្ស ជាសត្វហើរបានខ្ពស់ត្រដែត កាត់ឆ្លងទីឆ្ងាយៗ ចូលចិត្តហើរចុះហែលទឹក រកចំណីក្នុងទឹក វាហែលទឹកពង់កវាសមណាស់, មើលទៅឃើញខ្ញង់គួរពេញចិត្តចង់គយគន់, ហេតុនេះបានជាមានកាព្យ បុរាណថា ល្អនេះពេញល្អ គន់មើលទៅក មូលដូចកហង្ស គន់មើលទៅមុខ មុខមូលក្រឡង់ គួរឲ្យតែចង់ មើលហើយមើលទៀត ។ មានកវីនិពន្ធក្នុងគម្ពីរលោកនីតិថា ថី រមតិ បុ ខុ រមតិ ធំ ហឹ រមតិ បំ ហំ រមតិ បោ “ស្រ្តីត្រេកអរចំពោះបុរស ភិក្ខុមានសីលស្រស់ត្រេកអរចំពោះធម៌ ក្របីត្រេកអរចំពោះភក់ថាបវរ សត្វហង្សនិករត្រេកអរចំពោះស្រះឈូក” ។ សត្វហង្សនេះច្រើនកើតមាននៅក្នុងប្រទេសមានអាកាសធាតុត្រជាក់ល្មម ជាសត្វព្រៃ ពុំមែនជាបសុសត្វទេ ។ មានចាស់ទុំខ្លះនិយាយតំណាលថាក្នុងប្រទេសកម្ពុជាយើងសម័យពីដើមនៅខែត្រកំពង់សោម (ស្រុកកំពង់សោមខែត្រកោះកុងសម័យបច្ចុប្បន្ន) មានហ្វូងហង្សហើរមកចុះលេងទឹកម្តងៗដែរ ប៉ុន្តែក្នុងសម័យបច្ចុប្បន្ននេះ ពុំដែលបានឮគេនិយាយថាមានហង្សទេ ។ ហង្ស នេះបើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ហង់សៈ ដូចជា ហង្សគតិ ដំណើរនៃហង្ស ដែលមានលំនាំដំណើរស្រដៀងនឹងហង្ស ។ ហង្សគាមិនី ស្រ្តីដែលមានលំនាំដំណើរស្រដៀងនឹងហង្ស ។ ហង្សនាទ សម្រែកហង្ស ។ហង្សពាហៈ –ពាហនៈ ឬ–រថ ដែលមានហង្សជាជំនិះ (ព្រះព្រហ្ម) ។ ហង្សមាលា ហ្វូងហង្ស (ប្រើជា ហង្សនិករ ក៏បាន) ។ ហង្សរាជ ស្តេចហង្ស ឬហង្សជាស្តេចនៃបក្សី (រាជហង្ស) ។ ហង្សសេត ឬ ហង្សស្វេត សដូចសម្បុរស្លាបហង្ស ។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖