Posted on Leave a comment

តើពាក្យ «ហ» មានន័យដូចម្ដេច ?



មានន័យថា ព្យញ្ជនៈ​ទី ៣១ តាម​លំដាប់​ពួក​ព្យញ្ជនៈ ៣៣ តួ ជា​ព្យញ្ជនៈ​ទី​៦ ក្នុង​សេស​វគ្គ​ឬ​អ​វគ្គ​សម្រាប់​ប្រើ​ក្នុង​ភាសា​សំស្រ្កឹត បាលី​និង​ភាសា​ខ្មែរ ជា​កណ្ឋជៈ​មាន​សំឡេង​កើង​ក្នុង​ក ។ តាម​របៀប​ព្យញ្ជនៈ​សម្រាប់​ភាសា​សំស្រ្កឹត​ជា​ព្យញ្ជនៈ​ទី​៨ ក្នុង​អ​វគ្គ ។ តួ ហ នេះ​ខ្មែរ​ប្រើ​សំឡេង​ជា​ពីរ​គឺ ហ និង ហ៊ ។ ខ្មែរ​ប្រើ​ផ្សំ ហ រួម​ជា​មួយ​នឹង​ព្យញ្ជនៈ​ឯ​ទៀត​បាន​តាម​គួរ​ដល់​ការ​ផ្សំ​ប្រើ​គឺ ណ ន ម ល វ ផ្សំ​ជា ណ្ហ ហ្ន ហ្ម ល្ហ ហ្ល ហ្វ ។ ណ្ហ និង ល្ហ ចេញ​សំឡេង​ជា​មួយ​នឹង ណ ល ដូច​ជា ណ្ហើយ ណ្ហើយ​ចុះ; ផ្លែ​ល្ហុង ស្វាយ​ល្ហួត ជាដើម ។ ហ្ន គ្រាន់​តែ​នាំ​តួ ន. ឲ្យ​មាន​សំឡេង​ខ្ពស់​ខុស​ពី​ប្រក្រតី​ដើម : អ្វី​ហ្ន ! អ្នក​ណា​ហ្ន ! ។ កាល​បើ​ឲ្យ ហ្ន មាន​សំឡេង​ខ្ពស់​ស្រួច​ឡើង​ទៀត ត្រូវ​ដាក់​កាកបាទ (+) នេះ​ពី​លើ​ផង : អ្វី​ហ្ន៎ ! អើ​ហ្ន៎ ! ល្អ​ណាស់​ហ្ន៎ ។ ហ្នឹង​ហើយ មិន​មែន​ហ្នឹង​ទេ មាន​សំឡេង​ចុះ​ក្រោម​មក​ខាង​បំពង់​ក ។ ហ្ម មិន​ប្រើ​សំឡេង​ខ្ពស់​ទេ គ្រាន់​តែ​នាំ ម ឲ្យ​មាន​សំឡេង​ជា ម៉ មិន​បាច់​ដាក់​មូសិកទន្ត (៉) នេះ​ប៉ុណ្ណោះ ដូច​ជា ទេព្យ​ហ្ម ហ្ម​ដំរី ចុតហ្មាយ ហ្មត់ចត់ ជាដើម ។ ហ្ល ក៏​ដែរ គ្រាន់​តែ​នាំ ល ឲ្យ​ជា ល៉ ប៉ុណ្ណោះ ដូច​ជា ហ្លួង ទាំងហ្លាយ… ។ ហ្វ មាន​សំឡេង​ដូច​អក្សរ F បារាំងសែស ដូច​ជា ហ្វឹកហ្វឺន ហ្វឹក​ហាត់ ហ្វូង​គោ…; ឬ​ភាសា​បរទេស ដូច​ជា ហ្រ្វង្ក Franc (ប្រាក់​ហ្រ្វង្ក) អាហ្រ្វិគ Afrique… ។ ហ អាច​ឲ្យ​ប្រើ​ដាក់​ពី​លើ​ឬ​ដាក់​ពី​ក្រោម​តួ​អក្សរ​ឯ​ទៀត បំបែរ​សំឡេង​ក៏​បានាំ ដូច​ជា អ្ហ អ៊្ហ ។
ឧទាហរណ៍៖ នែ​អ្ហឺ​ ប្រយ័ត្ន​ភ្លើង​អ្ហឺ !; អា​អ្ហែង (អា​ឯង); អ្ហែៈ អីអ៊‌ីចុះ ! (នែៈ អឹអ៊‌ឹចុះ); មិន​ទៅ​ទេ​អ្ហ៊ៃ ? (មិន​ទៅ​ទេ​ឬ ?) … ។ ផ្សំ​ជា​មួយ​នឹង​អក្សរ​ឯ​ទៀត​ក្រៅ​ពី​ខាង​លើ​នេះ​ក៏​បាន ដូច​ជា ស្ហែហ្វ chef “នាយ” ម៉ាស៊្ហ‌ីន Machine “គ្រឿង​យន្ត”; គ្ហារ ឬ ហ៊្គារ Gare “ស្ថានីយ៍​អយស្ម័យយាន (រ៉ា)”; គ្ហោម ឬ ហ្គោម Gomme “ជ័រ​លុប”… ។ បុរស​ឈ្មោះ ហ្សង់ Jean; ស្រ្តី​ឈ្មោះ ហ្សាន់ Jeanne, ហ្សានដារក៍ Jeanne D’arc ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply