ស្វាយ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើដំណាំដើមធំ ផ្លែកាលនៅខ្ចីឬចាស់ ច្រើនតែជូរ លុះដល់ទុំច្រើនតែផ្អែម សម្រាប់ប្រើបរិភោគបានតាមការ, មានច្រើនប្រភេទស្ទើររាប់ឈ្មោះពុំអស់។
ឧទាហរណ៍៖ ស្វាយកែវ, ស្វាយក្បាលដំរី, ស្វាយខ្ទិះ, ស្វាយចេក, ស្វាយទុរេន, ស្វាយពងត្រង, ស្វាយពុំសែន, ស្វាយមាស, ស្វាយមីង, ស្វាយស។ល។
ឈ្មោះរោគឆ្លង កើតអំពីការឆ្លងដោយរួមបវេណីនៃបុរសស្ត្រី។
ឧទាហរណ៍៖ កើតស្វាយ។
រោគស្វាយមាន ២ យ៉ាងគឺ ស្វាយក្រាប់ ស្វាយដែលក្រាប់នៅតែខាងក្នុងមិនបែកចេញមកក្រៅ; ស្វាយបែក ស្វាយដែលបែកចេញជាដំបៅ ។
ដំណាំមួយប្រភេទកំពស់ ២-២០ ម មានដើមកំណើតក្នុងទ្វីបអាស៊ី គេដាំនៅគ្រប់ប្រទេសក្ដៅក្នុងសកលលោក។ ស្លឹក និងផ្កាខ្ចីៗ ប្រើជាបន្លែអន្លក់បាន ។ ផ្លែទុំ តែងមានលក់ក្នុងផ្សារ ។ ខ្មែរនិយមប្រើផ្លែទុំធ្វើដំណាប់ ដោយយកសាច់ស្វាយដាក់ហាលថ្ងៃលើស្លឹកចារ ។ ដំណាប់ស្វាយ ជាអាហារការពារជំងឺរាក់ធ្មេញ។ ឈើស្វាយ ប្រើធ្វើជារបស់ប្រើប្រាស់ បានគ្រប់យ៉ាង ។ សំបកមានសារជាតិពណ៌លឿង ដែលអាចធ្វើសំពត់ ឬ កន្ទេលពណ៌ខៀវឲ្យទៅជាបៃតងវិញ ។ គ្រូថ្នាំបុរាណប្រើសំបក និងឫសស្វាយ សំរាប់ព្យាបាលរោគផ្សេងៗដូចជា រាគមួល សន្លាក់ឆ្អឹង រោគស្វាយ ប្រមេះ ។ល។ មានស្វាយបង្កាត់ច្រើនមុខណាស់ ដូចជា ស្វាយកែវ ខិ្ទះ ទុរេន ពុំសែន ។ល។ ស្វាយដែលមិនបង្កាត់ គឺស្វាយក្បាលដំរី ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានព័ណ៌ដូចសម្បុរសាច់ដើមលំចង់ ឬដូចសម្បុរគ្រាប់មាក់ប្រាងខ្ចី ។
ឧទាហរណ៍៖ ព័ណ៌ស្វាយ, ល័ក្តស្វាយ។
ស្វាយបបូរមាត់ បបូរមាត់ឡើងសម្បុរស្ទើរស្វាយ ។ ភ័យស្វាយមុខ ភ័យខ្លាំងឡើងទឹកមុខខ្មៅស្វាយ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖