Posted on Leave a comment

តើពាក្យ «ស្រៈ» មានន័យដូចម្ដេច ?


ស្រៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សរ; សំ. ស្វរ ) អក្សរដែលអាចបញ្ចេញសំឡេងខ្លួនឯងបានផង អាចនាំព្យញ្ជនៈឲ្យចេញសំឡេងបាន មានសូរឮតាមរំពងរបស់ព្យញ្ជនៈផង ។ ស្រៈសម្រាប់ប្រើក្នុងភាសាបាលី មាន ៨ តួគឺ អ អា, ឥ ឦ, ឧ ឩ, ឯ ឱ ។ សម្រាប់ប្រើក្នុងភាសាសំស្ក្រឹតមាន ១៣ តួគឺ អ អា, ឥ ឦ, ឧ ឩ, ឫ ឬ, ឭ, ឯ ឰ, ឱ ឳ ; ថែមស្រៈ ឮ មួយដោយឡែកមកទៀតជា ១៤ តួ ។ សម្រាប់ប្រើក្នុងភាសាខ្មែរ ( សម័យបច្ចុប្បន្ននេះ ), រាប់ស្រៈផ្សំជាមួយនឹងនិគ្គហិតនិងវិសជ៌នីយផង, មាន ២១ តួគឺ អ អា អិ អី អឹ អឺ អុ អូ អួ អើ អឿ អៀ អេ អែ អៃ អោ អៅ អុំ អំ អាំ អះ ; រាប់ទាំង ឫ ឬ ឭ ឮ និងស្រៈ ឰ, ឪ, ឳ ផង ជា ២៨ តួ ។ ស្រៈទាំងនេះ, លើកតែ ឫ ឬ ឭ ឮ និង ឪ ចេញ, ចែកជា ២ យ៉ាងគឺ ស្រៈសុទ្ធដែលចេញសំឡេងតាមទំនើងខ្លួនឯង ហៅ ស្រៈពេញតួ (ត្រូវសរសេរពេញតួ) : អ អា ឥ ឦ ឧ ឪ ឬ ឩ ឯ ឰ ឱ ឳ ; អ អា ។ល។ អុំ អំ អាំ អះ; ( ចំពោះស្រៈ ឧ បុរាណសរសេរដាក់សញ្ញាត្រីសព្ទ ( ៊ ) ពីលើជា ឧ៊ អ. ថ. អុក, ប៉ុន្តែតមក ឈប់ប្រើសញ្ញានេះ នៅតែត្រឹម ឧ; មើលក្នុង និទាន Introduction ផង ) ។ ស្រៈមិនពេញតួដែលប្រើផ្សំជាមួយនឹងព្យញ្ជនៈហៅ ស្រៈផ្សំ ត្រូវសរសេរគំនូសដូច្នេះ | ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ, ផ្សំជា ក កា កិ កី កឹ កឺ ។ល។ កុំ កំ កាំ កះ ; ឬ ផ្សំជាមួយនឹងស្រៈ អ ពេញតួជា អ អា អិ អី អឹ អឺ ។ល។ អុំ អំ អាំ អះ ផងក៏បាន ។ ស្រៈផ្សំទាំង ២១ តួនេះ កាលបើគ្រូបង្រៀនសិស្សឲ្យរៀនផ្សំជាមួយនឹងព្យញ្ជនៈ អឃោសៈ ត្រូវបង្គាប់សិស្សឲ្យអានជាសូរសំឡេងតូចថា ក ស្រៈ អ ក, ក ស្រៈ អា កា, ក ស្រៈ អិ កិ, ក ស្រៈ អី កី, ក ស្រៈ អឹ កឹ, ក ស្រៈ អឺ កឺ ។ល។ ក ស្រៈ អុំ កុំ, ក ស្រៈ អំ កំ, ក ស្រៈ អាំ កាំ, ក ស្រៈ អះ កះ ( ត្រូវឲ្យសិស្សសរសេរស្រៈជា | ា ិ ី ឹ ឺ ។ល។ ុំ ំ ាំ ះ ) ។ បើផ្សំជាមួយនឹងព្យញ្ជនៈ ឃោសៈ ត្រូវបង្គាប់សិស្សឲ្យអានជាសូរសំឡេងធំដូចជាមានសញ្ញាត្រីស័ព្ទ ( ៊ ) នេះនៅពីលើ ប៉ុន្តែពុំត្រូវឲ្យប្រើត្រីស័ព្ទផ្សំជាមួយផងទេ គ្រាន់តែឲ្យសិស្សអានបញ្ចេញសំឡេងឲ្យឮធំប៉ុនគ្នានឹងសំឡេងព្យញ្ជនៈ ឃោសៈ ប៉ុណ្ណោះ គឺត្រូវឲ្យអានផ្សំថា គ ស្រៈ អ៊ គ, គ ស្រៈ អ៊ា គា, គ ស្រៈ អ៊‍ិ គិ, គ ស្រៈ អ៊‍ី គី, គ ស្រៈ អ៊‍ឹ គឹ, គ ស្រៈ អ៊‍ឺ គឺ, ។ល។ គ ស្រៈ អ៊ុំ គុំ, គ ស្រៈ អ៊ំ គំ , គ ស្រៈ អ៊‍ាំ គាំ, គ ស្រៈ អ៊ះ គះ ( ត្រូវឲ្យសិស្សសរសេរស្រៈជា | ា ិ ី ឹ ឺ ។ល។ ុំ ំ ាំ ះ មិនត្រូវឲ្យដាក់ត្រីស័ព្ទផ្សំផងទេ ) ។ គ្រូបង្រៀនសិស្សឲ្យផ្សំស្រៈជាមួយនឹងព្យញ្ជនៈតាមសំឡេងតូចធំបែបនេះ ទើបត្រឹមត្រូវតាមរបៀបការសិក្សាអក្សរខ្មែរតាំងពីក្នុងបុរាណកាលរៀងមក; ទាំងសិស្សសោត ក៏អាចចេះអក្សរខ្មែរទៀងទាត់ច្បាស់លាស់ផង ។ ត្រង់ព្យញ្ជនៈឃោសៈគ្រប់តួ គ្រូគួរប្រយ័ត្នកុំឲ្យសិស្សអានល្អៀងសំឡេង ត្រង់បែបផ្សំជាមួយនឹងស្រៈសំឡេងធំ ៥ តួគឺ អ៊ា អៀ អ៊ុំ អ៊ំ អ៊ាំ ( គា គៀ គុំ គំ គាំ, ទា ទៀ ទុំ ទំ ទាំ, នា នៀ នុំ នំ នាំ . . . នេះ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply