Posted on Leave a comment

តើពាក្យ «សុរា» មានន័យដូចម្ដេច ?


សុរា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ពហុ. < សុរ) ទេវតាទាំងឡាយ, ពួកទេវតា ។ សុរារក្ខក៍ (សុរ៉ារ័ក) ទេពតាអ្នករក្សាឋានលំនៅរបស់ខ្លួន មានខ្លោងទ្វារព្រះរាជវាំងជាដើម, ព្រមទាំងរក្សាមនុស្ស ជាម្ចាស់ទីនោះផង។
ឧទាហរណ៍៖ សុរារក្ខក៍នៅនាខ្លោងទ្វារព្រះរាជវាំង (ដូចគ្នានឹង អារក្ខកទេវតា ដែរ)។

                      ( សំ. បា. ) ទឹកស្រវឹងមានដើមកំណើតដំបូងបង្អស់ កើតអំពីព្រានព្រៃម្នាក់ឈ្មោះ សុរៈ ។ មានរឿងតំណាលក្នុងគម្ពីរជាតកខាងពុទ្ធសាសនាថា កាលពីបុរាណព្រេងនាយយូរអង្វែងហើយ មានព្រានព្រៃម្នាក់ឈ្មោះ សុរៈ ( ជាអ្នកមធ្យមប្រទេស ) បានឃើញពួកសត្វបក្សីមកប្រជុំគ្នាផឹកទឹកដែលដក់នៅប្រឡង់ប្រគាបឈើធំមួយក្នុងព្រៃ ហើយស្រវឹងធ្លាក់ចុះមកកកែ-កករល្ងីល្ងើហើរឡើងមិនរួច, ព្រាននឹកសង្ស័យក៏ពាក់បង្អោងឡើងទៅសង្កេតមើលឃើញទឹកមានគ្រាប់ឈើច្រើនប្រភេទ និងគ្រាប់ធញ្ញជាតិខ្លះត្រាំនៅក្នុងនោះ, គាត់កេវស្លឹកឈើដួសក្រេបផឹកល្បងមើល ក៏ព្រឺខ្លួនខ្ញាកៗ, លុះក្រេបផឹកថែមហើយថែមទៀតក៏ស្រវឹង នឹកចង់បរិភោគសាច់សត្វ, ចុះមកសម្លាប់បក្សីទាំងនោះអាំងបរិភោគ មានរសឆ្ងាញ់ ប្លែកជាងសព្វដង; . . . ដល់ថ្ងៃក្រោយ បាននាំតាបសមួយរូបឈ្មោះ វរុណៈ ឲ្យផឹកទឹកត្រាំនោះល្បងមើល, វរុណៈក៏ស្រវឹងនឹកចង់បរិភោគសាច់សត្វដែរ; ចាប់ដើមតាំងពីនោះមក វរុណៈនិងសុរៈចូលដៃគ្នាពេញទី ។ លុះចំណេរកាលតមក សុរៈនិងវរុណៈបាននាំយកទឹកត្រាំនោះមកផ្សាយក្នុងស្រុក ពួកមនុស្សក៏ចេះផ្សំគ្រឿងត្រាំធ្វើឲ្យកើតជាទឹកស្រវឹងហៅថា សុរា តាមឈ្មោះព្រានព្រៃដែលជាអ្នកនាំអាទិ៍មុនគេបង្អស់ អ្នកស្រុកខ្លះហៅថា វារុណី តាមឈ្មោះតាបសទ្រុស្តសីល ដែលជាបុរសទីពីរចូលដៃជាមួយនឹងព្រានព្រៃ ។ កាលជាន់នោះ ពួកមនុស្សចេះធ្វើសុរាឬវារុណីនេះត្រឹមតែទឹកត្រាំដោយគ្រឿងផ្សំផ្សេងៗ ( ជាមេរ័យ ) ប៉ុណ្ណោះ, សម្រាប់ពួកសេនាទាហានប្រើច្រើនជាងសាធារណជន; លុះចំណេរកាលតរៀងៗមកមនុស្សទាំងឡាយក្នុងសាកលលោកចេះតែបែកគំនិតធ្វើសុរាបានច្រើនបែបឡើង, ដរាបដល់មកសម័យសព្វថ្ងៃនេះ សុរាក៏រឹងរឹតតែចម្រើនមានច្រើនយ៉ាងឡើងទៀត។ សុរាករណ្ឌក ( —កៈរ៉ន់-ឌៈកៈ ឬ —ឌក់ ) ដបដាក់សុរា, ដបស្រា ។ សុរាការ ឬ—ការកៈ អ្នកធ្វើសុរា, អ្នកបិតស្រា ( បើស្ត្រីជា សុរាការិកា ) ។ សុរាគ្រឹះ ឬ សុរាគារ ( សំ. បា. < សុរា + អគារ “ផ្ទះ; រោង” ) ផ្ទះឬរោងលក់សុរា; រោងបិតស្រា ។ សុរាចាដិ ( —ចា-ដិ ឬ —ចាត ) ពាងឬឪទឹនដាក់សុរា ។ សុរាជីព ឬ —ជីវៈ ( សំ. បា. < សុរា + អាជីវ ) ការចិញ្ចឹមជីវិតដោយរបរបិតសុរាឬ លក់សុរា ។ សុរាជីវិន ឬ —ជីវី អ្នកធ្វើរបរបិតសុរាឬលក់សុរា ( បើស្រ្តីជា សុរាជីវិនី ) ។ សុរាទាន ការឲ្យសុរា ( ជាទាន; ព. ពុ. ថាឥតបានបុណ្យ ) ។ សុរាទោស ទោសកើតអំពីផឹកសុរា ។ សុរាបាន ការផឹកសុរា ។ សុរាបានក (—ប៉ាន៉ៈកៈ ឬ —ប៉ាន៉ក់ ) អ្នកផឹកសុរា ( បើស្ត្រីជា សុរាបានិកា ) ។ សុរាបានដ្ឋាន ( —ប៉ានុ័ត-ឋាន ) ទីសម្រាប់ផឹកសុរា, ទីប្រជុំផឹកស្រា ។ សុរាភាជនៈ ឬ —ភាជន៍ ប្រដាប់ដាក់សុរា (មានដប, ពាង, ធុង ជាដើម) ។ សុរាមត្ត ( —មុ័ត ) ដែលស្រវឹងស្រា; អ្នកស្រវឹងស្រា ( បើស្រ្តីជា សុរាមត្តា ) ។ សុរាមទៈ ( —មៈទៈ ) ដំណើរស្រវឹងស្រា ។ សុរាមេរ័យ សុរានិងមេរ័យ ( ស្រាបិតនិងស្រាត្រាំ ) ។ សុរាសោណ្ឌ ( —សោន-ឌៈ ឬ —សោន ) អ្នកជាប់ស្រា, អ្នកញៀនស្រា; អ្នកលេងស៊ីផឹក; មនុស្សស្រវឹងខួប ។ ល ។ ( ព. កា. ប្រវត្តិសុរា )។
ឧទាហរណ៍៖ ប្រភពសុរា ក្នុងដើមកល្បា កើតពីព្រានសូរ ហើយនិងវរុណ តាបសទ្រុស្ដស្មូរ គាត់អនុកូល ព្រមគ្នាបង្កើត ។ ដើមជាមេរ័យ លុះកាលយូរក្រៃ ទើបបែកកំណើត ផ្សេងៗអនេក ប្លែកៗជួឆើត ឯដើមកំណើត កើតពីមេរ័យ ។ ឯទឹកត្នោតជូរ កើតពីឈ្មោះស៊ូរ គាត់លៃកែខៃ យកឫសនេះនោះ មកផ្សំកាឡៃ ទឹកត្នោតត្រងថ្ងៃ ជាទឹកត្នោតជូរ ។ ចំណេរកាលមក មានមនុស្សរាប់រក យកបែបឈ្មោះស៊ូរ លៃលកថែមទៀត អស់កាលពុំយូរ ទើបទឹកត្នោតជូរ កើតមានច្រើនបែប។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply