Posted on Leave a comment

តើពាក្យ «អំពៅ» មានន័យដូចម្ដេច ?


អំពៅ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះដំណាំពួកមួយ, ដើមមានថ្នាំងដូចឫស្សី, សាច់ជ្រួតជ្រាបពេញដោយទឹកមានរសផ្អែម សម្រាប់ប្រើការយកមកទំពាជញ្ជក់យកទឹកផ្អែម, គាបយកទឹក ឬរម្ងាស់ទឹកធ្វើស្ករ ។ អំពៅមានច្រើនប្រភេទគឺ អំពៅកែវ, អំពៅក្ដាម, អំពៅខ្មៅ, អំពៅដំឡាន់, អំពៅត្រែង, អំពៅស្ករ ជាដើម។
ឧទាហរណ៍៖ អំពៅជាដំណាំមានប្រយោជន៍សំខាន់មួយយ៉ាងក្នុងសកលលោក ។ ព. ទ. បុ. អំពៅជិតដៃដំរី ស្ត្រីជិតបុរស ឬក្រមុំជិតកំលោះ ។ អំពៅទោះចូលឃ្នាបមិនលះសភាពផ្អែម ធម្មតាបណ្ឌិតសប្បុរសទោះជាប់ឃុំខាំងឬជាប់កុនជាប់ចំណោម ក៏មិនលះសុចរិតធម៌ឡើយ ។ ព. កា. ប្រៀបប្រដូចនឹង អំពៅ ថា : អំពៅទោះនៅក្នុងការគាប មិនលះសភាពរសជាតិផ្អែម បណ្ឌិតគំនិតស្រួចរលែម ទោះមានទុក្ខថែមផ្ទួនៗក្ដី ។ នៅតែប្រព្រឹត្តធម៌សុចរិត មិនស្បិតនឹងកម្មមិនគប្បី ទោះគេគំរាមឲ្យស្រដី ស៊ូកាន់សច្ចៈមិនឲ្យល្អៀង ។

                     ឈ្មោះតិណជាតិធាតុរឹង កំពស់ ១-៣ ម ដើមកំណើតនៅប្រទេសឥណ្ឌា ឬឥណ្ឌូណេស៊ី គេដាំជាដំណាំគ្រប់ប្រទេសក្រៅសកលលោក។ ក្នុងស្រុកខ្មែរ គេដាំអំពៅរប៉ាត់រប៉ាយពាសពេញប្រទេសកន្លែងជិតទឹក។ ដើមអំពៅ មានជាតិស្ករច្រើនណាស់។ គេដាក់លក់ទាំងមូល ឬកាត់ជាកង់ៗ ពេលខ្លះបកសំបកហើយស្រេច។ មានពូជបង្កាត់ខ្លះ ដើមពណ៌ខ្មៅ ឬស្វាយ គេប្រើធ្វើថ្នាំរម្ងាប់ជំងឺផ្សេងៗ។ ថ្នាំងវាសម្រាប់ព្យាបាលជំងឺរាក់ធ្មេញ កាកវាគេដុតយកផេះលាយជាមួយប្រេងល្ង ធ្វើថ្នាំលាបលើកមរមាស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply