អារាម
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ប្រទេសឬទីដែលនាំទឹកចិត្តឲ្យរីករាយសប្បាយ គឺ សួន, សួនច្បារ; អាវាសដែលមានសួនច្បារនិងកុដិលំនៅនៃពួកបព្វជិត ។ ខ្មែរហៅចំពោះតែទីវត្តរបស់បព្វជិតថា អារាម ឬ វត្តអារាម ( ទីវត្តបានជាហៅ អារាម ព្រោះកាលពីក្នុងសម័យបុរាណព្រេងនាយ គេច្រើនយកសួនច្បារឬឱទ្យានធ្វើជាទីអាវាសសម្រាប់ពួកបព្វជិត ដូចយ៉ាងវត្ត វេឡុវ័ន (ក្នុងពុទ្ធកាល) ជាដើម; ឬពុំនោះក្នុងទីវត្តទាំងពួង គេដាំដើមឈើតូចធំមានរបៀបជាសួនច្បារឬជាឧទ្យាន ជាទីសប្បាយប្លែកជាងភូមិលំនៅរបស់ពួកគ្រហស្ថ, ដោយហេតុនេះទើបហៅថា អារាម “សួន” ឬ “ទីនាំទឹកចិត្តឲ្យរីករាយសប្បាយ, ទីសប្បាយប្លែកជាងភូមិគ្រហស្ថ”) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ.— រ៉ាម៉ៈ, ដូចជា អារាមករ ឬ —ការ អ្នកសាងសួន ឬអ្នកសាងវត្ត (បើស្ត្រីជា អារាមការិកា) ។ អារាមចេតិយ ឬ —ថូប,— ស្ដូប ចេតិយឬស្ដូបក្នុងអារាម ។ អារាមនាយក ឬ អារាមាធិបតី (—ម៉ាធិប៉ៈដី) ចាងហ្វាងសួន (បើស្ត្រីជា អារាមនាយិកា ) ។ អារាមបាល អ្នករក្សាអារាម គឺអ្នកថែសួនឬអ្នកថែវត្ត (បើស្ត្រីជា អារាមបាលី ឬ អារាមបាលិកា អ. ថ. —ប៉ា—) ។ អារាមបុស្ស— ( —បុស) ឬ —បុប្ផា ផ្កាក្នុងសួនឬក្នុងវត្ដ ។ អារាមព្រឹក្ស ឈើក្នុងសួនឬក្នុងវត្ត ។ អារាមភូមិ ទីសួន ឬទីវត្ត ។ អារាមវត្ថុ របស់ឬអ្វីៗមានដើមឈើជាដើមដែលមាននៅក្នុងវត្ត (ព. វិ. ពុ. ) ។ អារាមវប្បកម្ម (—វ៉ាប់-ប៉ៈ-កាំ) ការដាំសួនច្បារ, សិល្បៈខាងសួនច្បារ ។ អារាមវប្បករ (—ក) អ្នកដាំសួនច្បារ, អ្នកប្រកបកិច្ចការខាងការដាំឈើសម្រាប់សួនច្បារ (បើស្ត្រីជា អារាមវប្បការិកា ) ។ អារាមាធិការ (—ម៉ា—) ចៅអធិការវត្ត ( ហៅ អាវាសាធិការ ក៏បាន ) ។ ព. កា. ថា : អារាមាធិការ ចេះធម៌អាថ៌អ្នកគ្រប់គ្រង ទើបត្រូវតាមទំនង នាយកៈ-ធម៌ប្រាំមួយ ។ បើខ្វះធម៌ទាំងនោះ ច្រើនមានមោះហ្មងឲ្យព្រួយ ឥតមានអ្នកណាជួយ ត្រូវតែខ្លួនជួយខ្លួនឯង ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖