អារ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាត់, បំបែក, ច្រៀក, កាត់ផ្ដាច់, តម្រឹមដោយរណារ។
ឧទាហរណ៍៖ អារឈើ, អាររម្លំ, អារបំបែក, អារច្រៀក, អារផ្ដាច់, អារតម្រឹម ។
កាត់ពន្លះ, លឿយកាត់ផ្ដាច់ ដោយសស្ត្រាមានកាំបិតជាដើម (រុញទាញៗដូចជាកាត់ដោយរណារ)។
ឧទាហរណ៍៖ អារពន្លះស្បែក ។
អារកាត់ (ព. ប្រ. ) សម្រេចសេចក្ដីដោយកាត់ប្រមាណ, ដោយស្មាន។
ឧទាហរណ៍៖ ខ្ញុំមិនហ៊ានអារកាត់សេចក្ដីនេះទេ ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកាត់ផ្ដាច់ប្រយោជន៍ដែលខ្លួនត្រូវបាន គឺប្រយោជន៍ខាងការបន្តពូជពង្ស និងមាតាបិតុបដ្ឋាន ។ អារ នេះជាពាក្យហៅគូស្វាមីភរិយាដែលឥតកូន គឺដែលមិនធ្លាប់មានកូនសោះ, ហៅថា ស្រីអារ, ប្រុសអារ, អារទាំងពីរនាក់ប្ដីប្រពន្ធ, មេគោអារ (ស្រីអារ ព. ខ្ព. ថា វញ្ឈា) ។ ទ្រព្យអារទ្រព្យផុត ទ្រព្យសម្បត្តិរបស់គូស្វាមីភរិយាទាំងពីរនាក់ដែលអារឥតកូន ហើយអ្នកទាំងពីរនោះឥតបានប្រគល់ឲ្យដល់ញាតិឬដល់បុគ្គលណាមួយសោះឡើយ, លុះឥតអំពីអ្នកទាំងពីរនាក់នោះទៅ, ទ្រព្យសម្បត្តិនោះត្រូវបានជាប្រយោជន៍នៃឃ្លាំងព្រះរាជទ្រព្យ ឬជាប្រយោជន៍ឃ្លាំងរបស់រាជការ គឺត្រូវទុកជាសម្បត្តិរបស់ប្រទេសជាតិតទៅ
ឧទាហរណ៍៖ ស្រែនិងចម្ការនោះជាទ្រព្យអារទ្រព្យផុតនៃតា “ក.” យាយ “ច.” ។
ពាក្យជាគុណបទនេះ កាលពីដើម អ្នកសរសេរតាមទម្លាប់រៀងខ្លួន គឺសរសេរជា អា ក៏មាន ជា អារ ក៏មាន, តាំងពីនេះតទៅគួរសរសេរជា អារ ចុះ ព្រោះមានអត្ថន័យសមជាង អា ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖