អាយតនៈ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាយតន) លំនៅ; អណ្ដូង; សមោសរណដ្ឋាន; សញ្ជាតិប្រទេស ឬជាតិភូមិ; ហេតុឬការណ៍ ។ ព. ពុ. ភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, មនោ ទាំង ៦ នេះហៅថា អាយតនៈ ខាងក្នុង (ហៅឲ្យពេញថា ចក្ខ្វាយតនៈ, សោតាយតនៈ, ឃានាយតនៈ, ជិវ្ហាយតនៈ, កាយាយតនៈ, មនាយតនៈ) ព្រោះជាលំនៅនៃអារម្មណ៍, ជាអណ្ដូងរបស់អារម្មណ៍, ជាទីប្រជុំនៃអារម្មណ៍, ជាជាតិភូមិនៃអារម្មណ៍, ជាហេតុរបស់អារម្មណ៍ ។ រូប, សំឡេង, ក្លិន, រស, ផោដ្ឋព្វៈ, សភាវធម៌ ទាំង ៦ នេះ ហៅថា អាយតនៈខាងក្រៅ (ហៅឲ្យពេញថា រូបាយតនៈ, សទ្ទាយតនៈ, គន្ធាយតនៈ, រសាយតនៈ, ផោដ្ឋព្វាយតនៈ, ធម្មាយតនៈ), ព្រោះជាអារម្មណ៍របស់អាយតនៈខាងក្នុងតាមមុខឬតាមនាទី, តាមកន្លែងរាល់ខ្លួន ។ អាយតនៈ សព្ទនេះ ប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃតាមគួរដល់ការប្រកប, ដូចជា ទេវាយតនៈ លំនៅរបស់ទេវតា (អាស្រមបង់បត់, មន្ទីរធំតូចដែលគេធ្វើចំពោះជាលំនៅនៃទេវតា, ដើមឈើធំឬទីណាមួយដែលជាចេតិយដ្ឋានរបស់ប្រជុំជន ដោយគេសន្មតជឿកាន់ថាជាលំនៅនៃទេវតា ក៏ហៅ ទេវាយតនៈ ដែរ) ។ ឥស្សរាយតនៈ លំនៅរបស់ឥស្សរជន ។ សុវណ្ណាយតនៈ កន្លែងកើតមាសឬអណ្ដូងមាស ។ រតនាយតនៈ អណ្ដូងរតនវត្ថុ, អណ្ដូងត្បូង ។ សកុណាយតនៈ សមោសរណដ្ឋាននៃហ្វូងបក្សី ។ អស្សាយតនៈ សញ្ជាតិប្រទេសឬជាតិភូមិនៃហ្វូងសេះ (ប្រទេសដើមកំណើតសេះ) ។ គវាយតនៈ សញ្ជាតិប្រទេសនៃហ្វូងគោ ។ មុត្តាយតនៈ ហេតុឬការណ៍ដែលនាំឲ្យរួច (ចាកទុក្ខ) ។ ល ។ ព. វ. អាយតនៈ នេះចួនកាលគ្រាន់តែភ្ជាប់មកសម្រួលមាត់ឥតប្រែថាជាអ្វីក៏មាន (ហៅថា បទបូរណៈ ឬ សកត្ថ), ដូចជា កម្មាយតនៈ ការងារ, កិច្ចការ, របរ; អំពើ (ដូចគ្នានឹង កម្ម ទទេដែរ); សិប្បាយតនៈ សិប្បៈឬសិល្បៈ, សិល្ប៍ (ដូចគ្នានឹង សិប្ប ទទេដែរ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖