អាមេណ្ឌិត
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ; សំ. អាម្រេឌិត) ដែលផ្ទួនពីរដង, ដែលផ្ទួនៗ, ថែមៗ, ដែលថាដដែលៗ, ច្រំដែល (ប្រើចំពោះតែសម្ដី : ពាក្យថា ផ្សេងៗ, ទីទៃៗ, តូចៗ, ធំៗ, កុំៗ, ទេៗ ជាដើមជាសម្ដី អាមេណ្ឌិត) ។ ប្រើជា ន. ក៏បាន “ពាក្យផ្ទួន” (ដូចគ្នានឹង អាមេណ្ឌន) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. —មេន-ឌិតៈ, ដូចជា អាមេណ្ឌិតពាក្យ ឬ— វាចា, —វាទ ពាក្យផ្ទួន, សម្ដីថែមៗ ដូចយ៉ាង ទៅៗ!, កុំៗ, បងៗ ជាដើម (ហៅ អនុលាប ក៏បាន) ។ អាមេណ្ឌិតលេខ ឬ អាមេណ្ឌិតសញ្ញា លេខផ្ទួនឬគ្រឿងសម្គាល់ពាក្យផ្ទួន ។ ខ្មែរប្រើជាឈ្មោះវណ្ណយុត្តមួយប្រភេទ មានសណ្ឋានខាងក្បាលឬខាងលើជាលេខ ២ ប៉ុន្តែខាងកន្ទុយឬខាងក្រោមទាញចុះ (ៗ) នេះសម្រាប់សរសេររៀងពីខាងមុខពាក្យដែលត្រូវថា ផ្ទួន, ដូចជា ផ្សេងៗ, ទីទៃៗ, បងៗ, ប្អូនៗ ជាដើម, ប៉ុន្តែពាក្យ បា. ដូចយ៉ាង អាបោ អាបោ ជាដើមកុំប្រើ អាបោៗ ត្រូវប្រើ អាបោ អាបោ តាមរូបដើម (ហៅ លេខទោ ក៏បាន ។ ម. ព. វណ្ណយុត្ត ទៀតផង) ។ អាមេណ្ឌិតវាទី អ្នកដែលច្រើនតែនិយាយផ្ទួនៗ, ដូចជា លោកៗ, អ្នកៗ, តាៗ, យាយៗ ជាដើម (បើស្ត្រីជា អាមេណ្ឌិតវាទិនី) ។ អាមេណ្ឌិតសព្ទ សព្ទផ្ទួនៗ, ដូចជា បា. អាបោ អាបោ “ទឹកៗ”; ភិយ្យោ ភិយ្យោ, សំ. ភូយស៑ ភូយស៑ “ច្រើនៗ (ច្រើនក្រៃលែង)” ជាដើម; ខ្មែរដូចជា ផ្សេងៗ, ទីទៃៗ; ច្រើនៗ; តិចៗ; ដដែលៗ ជាដើម ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖