Posted on Leave a comment

តើពាក្យ «អាចរិយ» មានន័យដូចម្ដេច ?


អាចរិយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. អាចាយ៌, ខ្មែរសរសេរសម្រួលជា អាចារ្យ ) អ្នកប្រដៅឬហាត់មារយាទ; អ្នកប្រព្រឹត្តល្អ, អ្នកកាន់ត្រឹមត្រូវ, អ្នកត្រឹមត្រូវ; អ្នកដែលសិស្សត្រូវគោរព, អ្នកធ្វើប្រយោជន៍ដល់សិស្ស, អ្នកបង្រៀនចំណេះគេ, គ្រូ, គ្រូបង្រៀន (ម. ព. អាចារ្យ ទៀតផង) ។ អាចរិយកតញ្ញូ អ្នកដឹងគុណគ្រូ ។ អាចរិយគារវៈ (––រៈវៈ) ឬ ––គោរព ការគោរពគ្រូ។
ឧទាហរណ៍៖ ពួកសិស្សត្រូវមានអាចរិយគារវៈគ្រប់វេលារៀន ។

                     អាចរិយបរម្បរា (––ប៉ៈរ៉័ម-ប៉ៈរ៉ា) អាចារ្យតៗគ្នាមក, អាចារ្យច្រើនតំណ។
ឧទាហរណ៍៖ លទ្ធិរបស់អាចរិយបរម្បរា ។

                     អាចរិយបូជក ឬ ––បូជកៈ (––បូជក់ ឬ ––ប៉ូជៈកៈ) អ្នកបូជាអាចារ្យ គឺអ្នកដែលមិនភ្លេចគុណគ្រូ ហើយតែងតែបាននេះបាននោះ យកទៅប្រគេនឬជូនគ្រូជាញឹកញយ (បើស្ត្រីជា អាចរិយបូជិកា) ។ អាចរិយបូជា ការប្រគេនឬជូនអ្វីៗដល់គ្រូ; គ្រឿងបូជាអាចារ្យ ។ អាចរិយប្បាចារ្យ (–យ៉័ប-ប៉ាចា ; បា. អាចរិយប្បាចរិយ < អាចរិយ + ប +អាចរិយ; សំ. អាចាយ៌ប្រាចាយ៍ < អាចាយ៍ + ប្រ + អាចាយ៌) អាចារ្យដែលជាប្រធានឬជាប្រមុខរបស់អាចារ្យ គឺអាចារ្យរបស់អាចារ្យ ឬគ្រូរបស់គ្រូ។
ឧទាហរណ៍៖ ឱវាទនេះជារបស់អាចរិយប្បាចារ្យច្រើនតំណមកហើយ ។

                     អាចរិយព្យាករណ៍ ទំនាយគ្រូ ។ អាចរិយភាគ ចំណែកដែលត្រូវបានអាចារ្យ, រង្វាន់គ្រូ ។ អាចរិយភាព ភាពនៃអាចារ្យ, បែបភាពឬបែបបទរបស់អាចារ្យ ឬសម្រាប់អាចារ្យ ។ អាចរិយមត្ត (—ម៉ាត់) អ្នកដែលល្មមធ្វើជាគ្រូគេបាន ។ ព. វិ. ពុ. ភិក្ខុដែលមានវស្សានិងចំណេះវិជ្ជាល្មមធ្វើជាគ្រូគេបាន (តាមពុទ្ធានុញ្ញាត) ។ អាចរិយវត្ត វត្តប្រតិបត្តិដែលសិស្សត្រូវធ្វើចំពោះគ្រូ ។ អាចរិយវាទ វាទៈរបស់អាចារ្យ។
ឧទាហរណ៍៖ ធម៌វិន័យខាងពួកពុទ្ធសាសនិកជនមហាយានិកជា “អាចរិយវាទ” (ព្រោះប្រកាន់តាមវាទៈនៃអាចារ្យរបស់ខ្លួនៗ), ខាងហីនយានិកជា “ថេរវាទ” (ព្រោះប្រកាន់តាមបែបបឋមសង្គាយនា) ។

                      អាចរិយវាទី អ្នកដែលច្រើនតែពោលអាងវាទៈរបស់គ្រូ។
ឧទាហរណ៍៖ ពួកពុទ្ធសាសនិកខាងមហាយានជា “អាចរិយវាទី”, ខាងហីនយានជា “ថេរវាទី” ។ បើស្ត្រីជា អាចរិយវាទិនី ។

                     អាចរិយុបជ្ឈាយ៍ អាចារ្យនិងឧបជ្ឈាយ៍ ។ អាចរិយោវាទ ឱវាទនៃអាចារ្យ, ដំបូន្មានគ្រូ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply