អស្វ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ក្ល. ឬ បា. ; សំ. អឝ្វ) សេះ ។ អស្វកុដី ឬ អស្សកុដិ រោងសេះ (វេវ. អស្វសាលា ឬ អស្ស––) ។ អស្វកោវិទ ឬ អស្ស––អ្នកដែលស្ទាត់ជំនាញខាងសេះ គឺអ្នកដែលប៉ិនប្រសប់ខាងបង្ហាត់សេះ, ប្រើសេះ, ជិះសេះ។ អស្វឃោសៈ (សំ. អឝ្វឃោឞ; បា. អស្សឃោស) សម្រែកសេះ ។ នាមបព្វជិតពុទ្ធសាសនិក ១ រូបខាងពួកមហាយាន ជាអ្នកប្រាជ្ញមាននាមល្បីល្បាញក្នុងប្រទេសឥណ្ឌាប៉ែកខាងលិច (ក្នុងបុរាណសម័យ) បានតែងគម្ពីរពុទ្ធសាសនាជាភាសាសំស្រ្កឹតច្រើនគម្ពីរ មានគម្ពីរ ពុទ្ធចរិត ជាដើម… ។ អស្វជពន៍, អស្ស–– (––ជប់) ឬ អស្វជវ័ន, អស្ស–– ល្បឿនសេះ ។ អស្វតរ ឬ អស្ស— ( —ដរ) សេះល្អ; សេះលឿន ។ អស្វទូត ឬ អស្ស–– អ្នកជិះសេះនាំសំបុត្រឬនាំដំណឹងទៅមក ។ អស្វធន ឬ អស្ស–– សេះជាទ្រព្យ; អ្នកដែលមានសេះជាទ្រព្យ គឺអ្នកដែលមានសេះជារបរ ។ អស្វនាយ អ្នកបរសេះ ។ អស្វបតី ឬ អស្ស–– (––ប៉ៈដី) ម្ចាស់សេះ; អ្នកត្រួតត្រាខាងការរក្សាសេះ (នៃព្រះរាជាជាដើម) ។ អស្វបាល ឬ អស្ស–– អ្នករក្សាសេះ; គង្វាលសេះ ។ អស្វបោសក ឬ អស្ស–– (––ប៉ោសៈកៈ ឬ ––ប៉ោសក់) អ្នកចិញ្ចឹមសេះ (បើស្ត្រីជា —បោសិកា) ។ អស្វពាណិជ្ជ ឬ អស្ស–– (––និច) ឈ្មួញសេះ ។ អស្វពាណិជ្ជ, -ពាណិជ្យ ឬ អស្ស–– (––និច) ជំនួញសេះ ។ អស្វពាហ៍ ឬ អស្ស–– ពាហនៈសេះ ឬសេះជាពាហនៈ (ខ្មែរប្រើក្លាយជា អស្សុពាហ៍ ក៏មាន, គួរលើកលែងប្រើ) ។ អស្វពេទ្យ ឬ អស្ស–– (សំ. អឝ្វវៃទ្យ ; បា. អស្សវេជ្ជ) ពេទ្យព្យាបាលសេះ, ពេទ្យសេះ (ហៅដោយរួបរួមថា បសុពេទ្យ “ពេទ្យព្យាបាលសត្វចិញ្ចឹម ឬពេទ្យសត្វ” ក៏បាន) ។ អស្វភារៈ ឬ អស្ស–– អ្វីៗជាគ្រឿងធ្ងន់ដែលដឹកនាំទៅមកដោយខ្នងសេះ ។ អស្វមេធ ឬ អស្ស–– ឈ្មោះពិធីមហាយញ្ញមួយយ៉ាងគេលែងសេះសមួយឲ្យចេញដើរទៅ, មានព្យុហយាត្រាតាមទៅជាមួយផង សំដៅទៅត្រង់ប្រទេសឬក្រុងដែលគេត្រូវការយកជាចំណុះ…, ចេញទៅពេញមួយឆ្នាំតាមកាលកំណត់នៃយញ្ញពិធីនោះ…, លុះដល់ត្រឡប់មកវិញ (ក្នុងខែថ្ងៃត្រូវនឹងខែថ្ងៃ កាលដែលចេញទៅ) គេពិឃាតសេះសនោះធ្វើបូជាយញ្ញ (ជាព្រះរាជពិធីប្រកាសមហាតេជានុភាព យកប្រទេសឯទៀតៗជាចំណុះ នៃព្រះរាជាក្នុងប្រទេសឥណ្ឌាសម័យបុរាណ ដែលប្រតិបត្តិជឿកាន់តាមលទ្ធិព្រាហ្មណ៍, មានតំណាលតែក្នុងរឿងរ៉ាវពីព្រេងនាយ) ។ អស្វយាត្រា ឬ អស្ស––យាត្រាដោយសេះ; ដំណើរទៅដោយសេះ ។ អស្វយាន ឬ អស្ស–– យានសេះ ។ អស្វយុគ ឬ អស្ស–– សេះមួយគូឬសេះមួយនឹម ។ អស្វយុទ្ធ ឬ អស្ស–– ការប្រយុទ្ធគ្នានៃសេះនិងសេះ (សេះប្រខាំគ្នា); ការច្បាំងគ្នាដោយកងទ័ពសេះ, ចម្បាំងទ័ពសេះ ។ អស្វរ័ត្ន ឬ អស្សរ័តន៍ សេះរ័ត្ន (សេះកែវ សម្រាប់ព្រះរាជាចក្រពត្តិ) ។ អស្វរថ ឬ អស្ស–– រថទឹមសេះ (រទេះសេះ) ។ អស្វរាជ ឬ អស្ស–– ស្ដេចសេះ គឺសេះដែលមានអានុភាពជាងអស់សេះ ឬសេះព្រះទីន័ងនៃព្រះរាជា, សេះមង្គល ។ អស្វឫទ្ធិ , អស្ស–– ឬ អស្វរឹទ្ធិ, អស្ស–– ឫទ្ធិនៃសេះ ។ ពាក្យនេះខ្មែរសន្មតប្រើតាមសម័យនិយមហៅគ្រឿងឥស្សរិយាភរណៈ ឬគ្រឿងឥស្សរិយយសដែលបារាំងសែសហៅ សឺវ៉ាលីយេរ (Chevalier)
ឧទាហរណ៍៖ គ្រឿងឥស្សរិយយសអស្សឫទ្ធិ ឬ មេដាយអស្សឫទ្ធិ (ហៅឥស្សរិយាភរណៈអស្សឫទ្ធិ ក៏បាន)។
អស្វសាទិន (សំ. អឝ្វសាទិន៑) ទាហានសេះ; អ្នកជិះសេះ ។ អស្វសាលា ឬ អស្ស–– (សំ. អឝ្វឝាលា; បា. អស្សសាលា) រោងសេះ (វេវ. អស្វកុដី ឬ អស្សកុដិ) ។ អស្វសាវ (សំ. អឝ្វឝាវ) កូនសេះ ។ អស្វសិល្ប ឬ អស្សសិប្បៈ សិល្បសាស្ត្រខាងសេះ ។ អស្វសូត ឬ អស្ស- សារថី, អ្នកបររថសេះ ។ អស្វាជានេយ្យ ឬ អស្សា–– (អ. ថ. ––នៃ; សំ. អឝ្វ + អាជានេយ; បា. អស្ស + អាជានេយ្យ ឬ អាជានីយ) សេះអាជានេយ្យ (សេះដែលមានល្បឿនលឿនឆាប់ទាន់ចិត្ត) ។ អស្វានិក, អស្សា–– ឬ ––នីក (សំ. អឝ្វ, បា. អស្ស + អនីក “កងទ័ព, ក្បួនទ័ព”) កងទ័ពសេះ, ក្បួនទ័ពសេះ (ម. ព. អនីកលក្ខណៈ ផង) ។ អស្វារោហៈ, អស្សា–– ឬ អស្វារោហ៍, អស្សា–– (សំ. អឝ្វ, បា. អស្ស + អារោហ “អ្នកជិះ”) អ្នកជិះសេះ, ជំនិះសេះ ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖