អវគ្រហៈ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អវគ្រហ; បា. អវគ្គហ ) គ្រឿងជំទាស់, គ្រឿងរារាំង, ហេតុដែលនាំឲ្យទើសទាក់, ឧបសគ្គ
ឧទាហរណ៍៖ ទៅមកពុំបាន ព្រោះមានអវគ្រហៈ ( ប្រើជា អវគ្រោះ ក៏បាន)។
ក្នុងវេយ្យាករណ៍សំស្ក្រឹត ប្រើជាឈ្មោះវណ្ណយុត្តមួយយ៉ាង មានសណ្ឋានស្រដៀងនឹងរាងដងកណ្ដៀវខ្មែរ (s) នេះ (ហៅថា អវគ្រហៈ “វណ្ណយុត្តជាគ្រឿងធ្វើស្រៈ អៈ ឲ្យខ្ចាត់ចេញ”), សម្រាប់ប្រើតបទសន្ធិជាជំនួសស្រៈ អ, មានវិធីប្រើដូចគ្នានឹង អាប៉ុស្ត្រុហ្វិ៍ Apostrophe បារាំងសែស ( ‘ ) នេះ, ប្រើចំពោះតែភាសាសំស្រ្កឹត, ដូចជា សោអបិ > សោ s បិ, សោ អហំ > សោ s ហំ, តេ អបិ > តេ s បិ ជាដើម; បើភាសាសំស្រ្កឹតដែលសរសេរជាអក្សរបារាំង ប្រើជា So’pi, so’ham, te’pi ។ ខាងភាសាបាលី មិនមានវណ្ណយុត្តនេះឡើយ, ប៉ុន្តែក្នុងវេយ្យាករណ៍បាលី បើត្រូវការប្រើ ( ‘ ) នេះ (តាមសម័យនិយម) ជា សោ ‘ បិ, សោ ‘ ហំ, តេ ‘ បិ . . . ក៏បាន ( ដើម្បីឲ្យស្រឡះភ្នែក ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖