អភិ
👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( សំ. បា. ) និបាតសព្ទឬឧបសគ្គសព្ទសម្រាប់ប្រើជាបុព្វបទ រៀងភ្ជាប់ពីខាងដើមសព្ទដទៃ មានសេចក្ដីថា “ក្រៃ, ក្រៃលែង, ក្រៃពេក, ពេកក្រៃ; ណាស់; លើសលែង; ឆ្ពោះ, ចំពោះ, ឆ្ពោះត្រង់; សង្កត់; គ្របពីលើ; . . . “; ឬកាលបើរៀងភ្ជាប់ជាមួយនឹងសព្ទណា អាចបង្វែរសព្ទនោះឲ្យងាកសេចក្ដីប្លែកពីប្រក្រតីដើមក៏មាន ដូចជា ភូ “កើត; មាន”, អភិ-ភូ “គ្របសង្កត់” ជាដើម ។ អភិក្កន្តព័ណ៌ ឬ —វណ្ណ ( អៈភិក-ក័ន-តៈ—) ឬ អភិក្កាន្តព័ណ៌ ( —កាន-តៈ— ) ព័ណ៌ឬសម្បុរល្អ; ដែលមានព័ណ៌ឬសម្បុរល្អ ។ អភិក្រម ( —ក្រំ ) ការឈានចូល, ការចូលជិត; ការរុករានចូល, ការបុករុកចូល, ដំណើររឹតឡើងៗ : ជំងឺអភិក្រម ជំងឺរឹត, ឈឺខ្លាំង, ឈឺធ្ងន់ ។ អភិក្រោធ ក្រោធខ្លំាង ( វេវ. អភិរោធ ) ។ អភិខ្យា ឈ្មោះ; ការឲ្យឈ្មោះ ។ អភិគម ឬ —គមន៍ ( —គំ ) ការប្រសព្វចូល; ការប្រសព្វមុខគ្នា; ការចួបគ្នា; ការរួបរួមគ្នា; ការភប់ប្រសព្វ : ទន្លេអភិគម ទន្លេប្រសព្វមុខ ។ អភិគោត្ត ឬ —គោត្រ ឧត្តមគោត្រ ( ត្រកូលខ្ពស់ ) ។ អភិឃាត ការចោមវាយ; ការរុករានចូលវាយ; ការវាយសំពង : ធ្វើអភិឃាត ។ ប្រើជា កិ. ក៏បាន : បានអភិឃាតគ្នា បានវាយសំពងគ្នាទៅវិញទៅមក ។ អភិច្ឆា ( បា. < អភិ + ឥច្ឆា “ការចង់បាន” ) ការចង់បានណាស់, ការចង់បានអន្ទះសាខ្វារ-ក; ការចង់បានហួសហេតុហួសទំនង; សេចក្ដីច្រណែន ។ អភិជន ( —ជន់ ) មនុស្សខ្ពង់ខ្ពស់; ជាតិ; វង្ស, ត្រកូល; ជាតិភូមិ ។ អភិជ័យ ជម្នះយ៉ាងសម្បើម ។ អភិជាត មានត្រកូល, មានពូជ; មានប្រាជ្ញា, ឈ្លាសវៃ ( បើស្ត្រីជា អភិជាតា ) ។ អភិជិត ដែលមានជម្នះយ៉ាងសម្បើម : កងទ័ពអភិជិត ។ អភិជេដ្ឋ ដែលជាច្បងឬជាចម្បងជាងគេ ( បើស្ត្រីជា អភិជេដ្ឋា ) ។ អភិញ្ញាត ដែលប្រាកដ; ដែលចេះចាំស្ទាត់ប្រាកដ; ដែលស្គាល់ជាក់ឬដឹងច្បាស់ : សាក្សីអភិញ្ញាត ឬ អភិញ្ញាតសាក្សី ( —តៈ— ) សាក្សីដែលបានឃើញឬដឹងឮប្រាកដ ។ អភិញ្ញាតការណ៍ ( —តៈ— ) ហេតុប្រាកដ, ហេតុដែលគេដឹងជាក់ ។ អភិញ្ញាតជន ជនដែលមានគេស្គាល់ច្រើន ។ អភិញ្ញាតធម៌ ( —តៈធ័រ ) ធម៌ប្រាកដ; អ្នកដែលគេចេះធម៌ប្រាកដ ។ អភិតរុណ ( —តៈរុន ) ក្មេងណាស់; ខ្ចីណាស់ ( ឥត្ថី. អភិតរុណី ) ។ អភិធាវ័ន ការស្ទុះរត់; ការរត់ដេញតាម, ការរត់ដេញប្រកិត ។ អភិធេយ្យ ឬ —ធៃយ ( —ធៃ ) ឈ្មោះ; ពាក្យជាគ្រឿងសម្គាល់ ( រ. ស. ប្រើជា នាមាភិធេយ្យ ឬ —ធៃយ ក៏មាន : ព្រះនាមាភិធេយ្យ ព្រះនាមក្សត្រិយ៍; ព្រះបរមនាមាភិធេយ្យ ព្រះបរមនាមក្សត្រិយ៍ទ្រង់រាជ្យឬឋានន្តរដែលទ្រង់ប្រោសព្រះរាជទាន ) ។ អភិនន្ទ ( —នន់ ) ត្រេកអរខ្លំាង ។ អភិនន្ទន៍ ( —នន់ ) អំណរខ្លាំង ។ អភិនន្ទនភាព ( —នន់-ទៈនៈភាប ) ភាពឬភាវៈនៃអំណរខ្លំាង ។ អភិនន្ទនាការ ( —នន់-ទៈ— ) អាការអភិនន្ទន៍ ។ អភិនព ( —នប់ ) គុ. ( បា. អភិនវ ) ថ្មីណាស់, ថ្មីសន្លាង, ថ្មីចែស : របស់អភិនព ។ អភិនវកម្ម ( —នៈវៈក័ម ) ការដែលទើបបង្កើតថ្មី ។ អភិបូជា បូជាចំពោះ, ការថ្វាយឬជូនគ្រឿងសក្ការៈដោយគោរព ។ អភិមរ កាប់សម្លាប់; ទ្រុស្តមិត្រ; ការកាប់សម្លាប់; ការទ្រុស្តមិត្រ; សង្គ្រាម ។ អភិមាន សេចក្ដីប្រកាន់ហួសពេក; ការកាន់ខ្លួន; សេចក្ដីព្រហើន; សេចក្ដីមើលងាយគេ ។ អភិមុខ ប្រមុខ, ប្រធាន; អ្នកនំាមុខគេ, អ្នកដែលជាមេគេ ។ កិ វិ. ចំមុខ, ចំពោះមុខ ។ ប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃក៏បាន, ដូចជា កម្មាភិមុខ អ្នកដែលជាប្រធាននៃកិច្ចការ ( មេការ ) ។ សេនាភិមុខ ឬ អគ្គសេនានាយក អ្នកដែលជាប្រធាននៃសេនា ( មេទ័ពធំ; បារ. Maréchal ) ។ អភិយោគ ការព្យាយាមខ្លាំង, ការខំប្រឹងពេញកម្លាំង : ធ្វើការដោយអភិយោគ ។ អភិរក្ខ ឬ —រក្ស ( —រ័ក ) រក្សាដោយប្រយ័ត្ន; ការរក្សាដោយប្រយ័ត្ន : ធ្វើអភិរក្ស ( ន. ប្រើជា អភិរក្ខា ឬ —រក្សា ក៏បាន ) ។ អភិរតិ ឬ —រ័តិ ( —រៈតិ ឬ —រ័ត ) សេចក្ដីរីករាយក្រៃពេក; តម្រេកខ្លំាង ។ អភិរូប មានរូបល្អ, មានលម្អ ( បើស្ត្រីជា អភិរូបា អ. ថ. —ប៉ា ) ។ អភិរោធ ( —រោត ) ក្រោធខ្លាំង ។ អភិលាប ពាក្យ, ពាក្យពេចន៍; សត្យាធិស្ឋាន ។ អភិលាស សេចក្ដីប្រាថ្នា; អភិជ្ឈា ។ អភិលាសក ( —សក់ ) អ្នកដែលមានអភិលាស ( បើស្ត្រីជា អភិលាសិកា ) ។ អភិសន្ដាប ( —សន់-ដាប ) កម្ដៅខ្លាំង; សេចក្ដីក្ដៅក្រហាយខ្លាំង; សេចក្ដីនឿយពន់ពេក; ការច្បាំងគ្នា, សង្គ្រាម ។ អភិសាប ឬ —សាបន៍ ការស្បថបំពាន; ការដាក់សម្បថ គឺការពោលពាក្យសច្ចាប្រណិធានដាក់សម្បថឲ្យធ្លាក់ទុក្ខទោសទៅលើគេ ។ អភិសារ ការបានចួបឬបានប្រទះ, ការពើបពះ ។ អភិសិទ្ធិ ( —សិត ) សេចក្ដីសម្រេចសព្វគ្រប់ឬដាច់ខាត ។ អភិហារ ការដណ្ដើមឬឆក់យកអីវ៉ាន់; ការតស៊ូពេញកម្លាំង ។ អភិហារិន ឬ —ហារី ចោរអ្នកដណ្ដើមឬឆក់យកអីវ៉ាន់ ( បើចោរស្ត្រីជា អភិហារិនី )។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖